Friday, November 15, 2024
Homeបរិយាយលិច​ទាំង​ជង់ លង់​ទាំង​កុក

លិច​ទាំង​ជង់ លង់​ទាំង​កុក

ស្របពេលដែលមានដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការកំពូល កោះហៅលោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ពាក់ព័ន្ធនឹងរឿង “កន្ទុយក្បិន” ក៏ស្រាប់តែបក្សប្រឆាំង ចេញសេចក្តីប្រកាសព័ត៌មានព្រមានធ្វើមហាបាតុកម្ម ការពារអភ័យឯកសិទ្ធិសភាលោកកឹម សុខា ហើយទន្ទឹមនោះ ក៏មានការភ្ញាក់ផ្អើលថា មានឧទ្ធម្ភាគចក្រ កាណូត រថយន្ត យោធា ហោះក្រឡឹង ក្រវែលទីស្នាក់ការធំរបស់បក្សប្រឆាំងនោះ ទោះបីមន្ត្រីរាជរដ្ឋាភិបាលអះអាងថា ជាការចល័តកម្លាំង ធម្មតា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែ ក៏ធ្វើឱ្យប្រជាពលរដ្ឋបារម្ភខ្លាចអាចនឹងឈានដល់ដំណាក់កាល “លិចទាំងជង់ លង់ទាំងកុក” ស្របតាមសុភាសិតខ្មែរ បើសិនជាភាគីទាំងសងខាងយកកំហឹងទល់កំហល់មកប្រើ ដែល “នគរធំ” សូមលើករឿង “ជង់ និងកុក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ប្រជាពលរដ្ឋខ្មែរ សឹងបានជ្រួតជ្រាបជាទូទៅ នូវសុភាសិតបុរាណថា “កុកភ្លេចជង់ តែជង់មិនភ្លេចកុក” ប៉ុន្តែ ពេលនេះ បើស្ថានការណ៍ទុំជោរឈានដល់ការប្រទូសរ៉ាយគ្នានោះ អាចនឹងដើរដល់ចំណុច “លិចទាំងជង់ លង់ទាំងកុក” មិនខានឡើយ។ “ជង់” គឺជាអន្ទាក់មួយប្រភេទអត់ដង តែមានជើងស្រួច បោះភ្ជាប់នឹងដី មានរំងកច្រើន ដោយគេដាក់វាពង្រាយតាមផ្លូវ ដែល សត្វស្លាបដើររកចំណី ដូចជាជង់ក្ងោក ជង់កុក ជង់មាន់ព្រៃ ជាដើម។ ជង់ ទាក់ជាប់តែជើងសត្វប៉ុណ្ណោះ ពីដើមសូម្បីក្មេង ឃ្វាលគោ ក៏ចេះដាក់ជង់ដែរ ដោយយកសរសៃជក់ត្នោតខ្មៅចាស់ ធ្វើរំងកចងភ្ជាប់នឹងជើងប្ញស្សី បោះជាប់នឹងដី ពង្រាយ តាមមាត់បឹង សម្រាប់ដាក់កុក និងពង្រាយតាមជើងភ្នំដាក់ក្ងោក ឬមាន់ព្រៃ។ ដោយឡែក “កុក” គឺជាបក្សីមួយប្រភេទ ស៊ីត្រីជាអាហារ មានច្រើនពូជ ដូចជា កុកសាប់ កុកស កុកគ្រោង ជាដើម។ ធម្មតាសត្វតិរច្ឆាន វាគ្មានប្រាជ្ញាមើលស្គាល់ជង់ អន្ទាក់អ្វីទេ ឬថា ភ្លេចស្មារតីដើររកចំណីមិនប្រយ័ត្ន ក៏ជាប់ជង់ ក្លាយជាម្ហូបក្លែមសម្រាប់អ្នកផឹកស្រា។ សាច់កុកស្អាតណាស់ ព្រោះវាស៊ីមច្ឆជាតិ រហូតមានទំនុកច្រៀងប្រពៃណី១បទថា “បើស្រីស្លកុក ស្លនឹងទឹកថ្លា ដ្បិតកុកវាថា សាច់វាស្អាតណាស់”។ ការបកស្រាយខាងលើនេះ សំដៅដល់ “កុកភ្លេចជង់ តែជង់មិនភ្លេចកុក” ប៉ុន្តែ បើបរិយាយដល់ប្រធានបទ “លិចទាំងជង់ លង់ទាំងកុក” គឺសំដៅដល់រដូវទឹកឡើង ធ្វើឱ្យផ្ទៃបឹងមានទឹកបែកវាលល្ហល្ហាច។ ឧបមាថា មានក្មេងគង្វាលដាក់ជង់ជាប់កុក តែក្មេងនោះមិនបានទៅដោះ លុះទឹកបឹងឡើងខ្លាំង ត្រូវលិចទាំងជង់ លង់ទាំងកុកនោះងាប់អសារបង់។

យ៉ាងណាមិញ ករណីតុលាការកំពូលចេញដីកាកោះបង្គាប់ឱ្យលោកកឹម សុខា ចូលសវនាការថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៦ បានទាំងចាត់សមត្ថកិច្ចយកដីកាទៅបិទនៅមុខផ្ទះជនជាប់ចោទផងនោះ ចាត់ទុកថាជា “ជង់ ដែលដាក់តាមមាត់បឹងឱ្យ ជាប់ជើងកុក”។ រីឯករណីគណៈកម្មាធិការអចិន្ត្រៃយ៍បក្សប្រឆាំង កោះប្រជុំ ចោទប្រកាន់ថា បក្សកាន់អំណាច បានប្រើប្រាស់ ប្រព័ន្ធតុលាការបំពានរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងបំបិទសិទ្ធិនយោបាយរបស់លោកសម រង្ស៊ី និងលោកកឹម សុខា នោះ ចាត់ទុកថា លោកទាំងពីរនេះជា “កុក ប្រឈមមុខនឹងការជាប់ជង់”។ ចំណែករឿងបក្សប្រឆាំង ព្រមានធ្វើមហាបាតុកម្ម ស្រាប់តែផ្អើលរឿងមានក្បួនរថយន្តយោធា ឧទ្ធម្ភាគចក្រ និងកាណូត បើកបរកាត់តាមផ្លូវ និងក្រវែលពីលើទីស្នាក់ការកណ្តាល បក្សប្រឆាំងនោះ បើភាគីម្ខាងៗខ្វះភាពអត់ធ្មត់ ឈានដល់ការប៉ះទង្គិច អាចចាត់ទុកថា “រដូវទឹកឡើងធ្វើឱ្យផ្ទៃទឹកបឹងបែក វាលល្ហល្ហាច”។ ដូច្នេះ បើឈានដល់ស្ថានភាពបែបនេះ នឹងប៉ះពាល់ទាំងកុក ទាំងជង់ ទាំងក្មេងគង្វាលដាក់ជង់ លិចលង់     ទាំងអស់គ្នាមិនខានឡើយ។

សូមរំព្ញកថា បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចឪ ព្រះបរមរតនកោដ្ឋ នាថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏មានប្រជាពលរដ្ឋ គ្រប់តំបន់ជនបទ ក្រោកឡើងតវ៉ាប្រឆាំងរបបលន់ នល់។ ជំនាន់នោះ ក៏មានហ្វូងបាតុករនៅខេត្តកំពង់ចាម បះបោរចាប់ តំណាងរាស្ត្រ២នាក់ ក្នុងនោះមានឈ្មោះលន់ និល ជាប្អូនប្រុសបង្កើតរបស់លោកលន់ នល់ ត្រូវបាតុករចាប់វះពោះយកថ្លើម ធ្វើម្ហូប។ បាតុករទាំងនោះ បាននាំគ្នាឡើងរថយន្តមកភ្នំពេញ បន្តការតវ៉ាទៀត ប៉ុន្តែ ត្រូវបានពួកយោធាស្មោះត្រង់នឹង លោកលន់ នល់ បាញ់សម្លាប់យ៉ាងរង្គាល នៅជិតគល់ស្ពានជ្រោយចង្វា។ តាំងពីពេលនោះមក សង្គ្រាមឈាមដាបធរណី ក៏ ឆាបឆេះសន្ធោសន្ធៅ ខ្ទេចខ្ទាំមាតុភូមិ “លិចទាំងជង់ លង់ទាំងកុក” ព្រោះតែភាគីម្ខាងៗ អាងកំហឹងទល់កំហល់ ដោយហេតុ ថា ភាគីក្នុងស្រុកមាននិន្នាការស្តាំនិយម ស្និទ្ធអាមេរិក ឯភាគីខាងព្រៃ ត្រូវខ្មែរក្រហមឆ្វេងនិយម ស្និទ្ធចិន និងវៀតណាម ឱបក្តាប់កម្លាំងទ័ព។

ដូច្នេះយើងឃើញថា បើអ្នកនយោបាយខ្មែរ ខ្វះភាពអត់ធ្មត់ដូចសម័យលន់ នល់ តើស្ថានការណ៍នឹងក្លាយជាយ៉ាងណា បើអ្នកចេះដឹងសុទ្ធតែមានសញ្ញាបត្របណ្ឌិត បកស្រាយច្បាប់រដ្ឋធម្មនុញ្ញមាត្រា៨០ បានពីរបីច្រកយ៉ាងនេះ? ការមិនឯកភាព ផ្នែកច្បាប់ បានត្រឹមនាំអរិភាពរវាងខ្មែរនិងខ្មែរ មើលមុខគ្នាមិនត្រង់ បំភ្លេចចោលអស់រលីង នូវ “វប្បធម៌សន្ទនា” ដែលជា គ្រឹះនៃសន្តិភាព និងអភិវឌ្ឍន៍។

ឧបមាថា តុលាការអនុវត្តនីតិវិធីបង្គាប់ឱ្យចាប់ខ្លួនមេបក្សប្រឆាំង និងតម្រូវឱ្យកងកម្លាំងប្រដាប់អាវុធ ចាត់វិធានការ ឱ្យមានប្រសិទ្ធភាព ខណៈដែលបក្សប្រឆាំងកៀងគរមនុស្សរាប់ពាន់នាក់ មកធ្វើរបាំងការពារលោកកឹម សុខា នោះ តើនរណា អាចទាយត្រូវថា ស្ថានការណ៍អាចនឹងមានលក្ខណៈស្រដៀងការបង្ក្រាបរបស់ទាហានលន់ នល់ ទៅលើបាតុករ កាលពីឆ្នាំ ១៩៧០? កាលហែសពលោកបណ្ឌិតកែម ឡី សាលារាជធានីបានកំណត់ចំនួនមនុស្សមិនឱ្យដើរហែតាមដងផ្លូវ ដោយឱ្យ ជិះរថយន្ត តែមានឯណា! មនុស្សមិនដឹងជាមកពីណាទេ ឡើងខ្នាប់ដូចស្រមោច រហូតដល់មានការផ្សព្វផ្សាយពីគណៈ- កម្មការបុណ្យសពថា មានមនុស្ស២លាននាក់ចូលរួមហែសព ដែលជាករណីសម្រាប់ពិចារណា។ បើបក្សប្រឆាំង បំផុសអ្នក គាំទ្រធ្វើមហាបាតុកម្មមែននោះ ជាផលវិបាកធ្ងន់ធ្ងរណាស់ ដែលអាចប្រឈមមុខនឹងកងប្រដាប់អាវុធ គួរតែអ្នកនយោបាយ ខ្មែរគ្រប់និន្នាការ រកមធ្យោបាយយ៉ាងណាបញ្ចៀសស្ថានការណ៍នេះឱ្យបាន។

រដ្ឋប្រហារមិនបានសម្រេចនៅប្រទេសទួរគី យើងឃើញរដ្ឋាភិបាលលោកអេដូហ្គែន បង្ក្រាបអ្នកប្រឆាំងរាប់ម៉ឺននាក់ រហូតរាលដាលដល់កម្ពុជា ដោយសុំឱ្យបិទសាលាហ្សាម៉ាន់ បណ្តាលឱ្យមតិសាកលលោកមិនពេញចិត្ត ព្រោះរឿងទួរគី ឯណោះ សោះ ទៅក្តៅរាលដាលដល់ប្រទេសដទៃ។ យ៉ាងណាមិញ ស្ថានការណ៍នៅកម្ពុជា បើគ្រប់គ្រងមិនបាន អាចធ្វើឱ្យរាលដាលដល់ក្រៅប្រទេសនោះ មិនខុសពីសុភាសិត “លិចទាំងជង់ លង់ទាំងកុក”។ ក្នុងកាលៈទេសៈបែបនេះ ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់សុខសន្តិភាព មិនចង់ឃើញបាតុកម្ម មិនចង់ឃើញការបង្ក្រាបបែបហិង្សានោះទេ ព្រោះជម្លោះខ្មែរគ្នាឯង វាទៅ ចំណេញឯប្រទេសជិតខាងឯណោះ ខណៈដែលការចរចារឿងព្រំប្រទល់ដែនកម្ពុជា-វៀតណាម នៅជាប់គាំង ដោះស្រាយមិន ទាន់ចេញ។

អ្នកនយោបាយខ្មែរ គួរតែស្រុះស្រួលធ្វើការរួមគ្នាល្អជាង ព្រោះថា ទោះជាប្រឹងយកឈ្នះគ្នាតាមយុទ្ធសាស្ត្រប្លែកៗយ៉ាង ណាក្តី ក៏អាស្រ័យលើប្រជាពលរដ្ឋជាអ្នកផ្តល់តម្លៃ ដាក់ពិន្ទុឯណោះទេ។ អ្នកនយោបាយល្អឬអាក្រក់ យុត្តិធម៌ឬអយុត្តិធម៌ ស្អាតស្អំ ឬពុករលួយ ពុំមែនឋិតនៅលើអ្នកនយោបាយខ្លួនឯងអួតអាងលើកយីហោ “អង្គុយលើចង្អេរលើកខ្លួនឯង” នោះទេ គឺជាប្រជាពលរដ្ឋតាមដានមើលឃើញច្បាស់។ អ្នកនយោបាយក៏មិនគួរធ្វើដូចជង់ និងកុកនោះទេ ព្រោះវត្ថុឥតវិញ្ញាណ និង សត្វស្លាបមានជីវិតនោះ ជាគូសត្រូវនឹងគ្នា។

សរុបទៅ “លិចទាំងជង់ លង់ទាំងកុក” វាមានន័យមិនដូច “កុកភ្លេចជង់ តែជង់មិនភ្លេចកុក”។ សព្វថ្ងៃអ្នកវិភាគមើល ឃើញថា កុកសម រង្ស៊ី និងកុកកឹម សុខា កំពុងប្រយ័ត្នខ្លាចជាប់ជង់ ឬថានៅតែមិនភ្លេចជង់ កំពុងតែកៀងគរអ្នកគាំទ្រ ឱ្យដោះជង់នោះចេញពីមាត់បឹង។ បើសិនជាមានការចាប់ខ្លួន ហើយមានបាតុកម្មផ្ទុះឡើងនោះ មិនមែនជាបំណងប្រាថ្នារបស់ ប្រជាពលរដ្ឋស្រឡាញ់សុខសន្តិភាពនោះទេ។ ហេតុនេះបើអ្នកនយោបាយខ្មែរ អាណិតជាតិ អាណិតរាស្ត្រ គួរបោះបង់ចោល ការប្រឈមមុខដាក់គ្នាតាមកំហឹងទល់កំហល់ នាំគ្នាតម្កល់ផលប្រយោជន៍ជាតិជាធំវិញ។ “នគរធំ” ក៏សូមបួងសួងដល់វត្ថុស័ក្តិ- សិទ្ធិក្នុងលោក ជាពិសេសទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមលោកមេត្តាជួយបញ្ចៀសគ្រោះថ្នាក់កុំឱ្យកើតមានឡើង ដូច សម័យលន់ នល់ និងសូមឱ្យអ្នកនយោបាយស្រុះស្រួលគ្នាចាប់យកវប្បធម៌សន្ទនាមកប្រើវិញ ដើម្បីឱ្យប្រទេសជាតិរក្សាបាន នូវអភិវឌ្ឍន៍ និងស្ថិរភាពសង្គម៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES