Friday, April 19, 2024
Homeព័ត៌មានជាតិលោក​ផៃ ស៊ីផាន ប្រ​តិកម្ម​តប​ទៅ លោក​សម រង្ស៊ី

លោក​ផៃ ស៊ីផាន ប្រ​តិកម្ម​តប​ទៅ លោក​សម រង្ស៊ី

ភ្នំពេញ ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានចេញសេចក្តី ថ្លែងការណ៍ តាមបណ្តាញសង្គមហ្វេសប៊ុករបស់ លោក ប្រតិកម្មទៅនឹងលោកសម រង្ស៊ី ប្រធាន គណបក្សប្រឆាំង ដែលបានវាយប្រហារ និង ប្រមាថដល់រាជរដ្ឋាភិបាលកម្ពុជា។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៦ ថាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល គោរពជម្រាបជូនសាធារណជនចំពោះការវាយប្រហារ និងប្រមាថដល់ រាជរដ្ឋាភិបាល ដោយទណ្ឌិតសម រង្សី

ការប្រមាថ របស់ទណ្ឌិត សម រង្សី មកលើរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីយុត្តិធម៌ ព្រមជាមួយកងខេមរភូមិន្ទកម្ពុជា និងគណបក្ស ប្រជាជនកម្ពុជា គឺយើងខ្ញុំពុំអាចទទួលយក បាននូវពាក្យពាល ញុះញង់ និងបំផ្លាញសេចក្តី ថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ក៏ដូចជាប្រឌិតនូវហេតុផលថា ព្រួយបារម្ភស្លន់ស្លោ នឹងថាពេលបោះ ឆ្នោតមកដល់ថា នឹងចាញ់ឆ្នោត

នៅក្នុងចំណុចនេះ យើងខ្ញុំយល់ឃើញ ថា ជាពាក្យប្រឌិត ញុះញង់ និងយុទ្ធនាការ ឃោសនាដែលផ្ទុយនឹងច្បាប់នៃការបោះឆ្នោត អនុញ្ញាត ក៏ដូចជាបំពានដល់ការយល់ដឹង និង ទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល អាស្រ័យ ដោយសម រង្ស៊ី ជាទណ្ឌិតរួចស្រេចហើយ អស់ សង្ឃឹមប្រើប្រាស់ពាក្យឈ្នះអស់រយៈរាប់ អាណត្តិមកហើយ ក៏ប៉ុន្តែផ្ទុយទៅវិញ គឺប្រជាពលរដ្ឋខ្មែរភាគច្រើនគ្មានជំនឿលើបុគ្គលនេះ សោះ ទាំងឥរិយាបថមនុស្ស ខុសពីពាល ក៏ ដូចជាទិសដៅនៃការបង្កើតទុក្ខសោក ក៏ដូចជា យកភាពសុខសាន្តថ្លៃថ្នូររបស់ប្រជារាស្ត្រខ្មែរ ជាចំណាប់ខ្មាំង ដើម្បីមហិច្ឆតា អំណាចផ្ទាល់ ខ្លួន គឺមិនញញើត និងយកឈាមខ្មែរ ជាកំរាល ដើរទៅកាន់អំណាចនាយករដ្ឋមន្ត្រីផ្ទាល់ខ្លួននោះ ឡើយ។

ការលើកឡើងដោយប្រមាថថាមាន តែមនុស្សពាលមនុស្សតិរច្ឆានទេ ដែលប្រើ មធ្យោបាយបែបនេះមកសម្លុតប្រជាពលរដ្ឋខ្មែរ គ្នាឯងការលើកឡើងក្នុងភាពប្រមាថដល់រាល់ កងប្រដាប់អាវុធទូទាំងប្រទេសរួមជាមួយរាជរដ្ឋាភិបាលផងនោះ យើងក៏ពុំអាចទទួលយក បាន ហើយក៏សូមច្រានចោលនូវពាក្យពាល របស់ទណ្ឌិតសម រង្សី ក្នុងការលាបពណ៌បែប នេះ ជាមួយនឹងការញុះញង់ប្រជាពលរដ្ឋឱ្យ ប្រឆាំងនឹងដំណើរកិច្ចការរដ្ឋក្នុងលក្ខណៈសូមកុំ យកកងប្រដាប់អាវុធ មកលាយឡំនឹងនយោបាយផ្ទាល់ខ្លួន

កងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងគ្រប់ ស្ថាប័ននៃមុខសញ្ញាមានកាតព្វកិច្ចអនុវត្តការងារ របស់ខ្លួន តាមច្បាប់ដែលបានកំណត់ជាធរមាន ក្នុងកិច្ច បម្រើ និងការពារប្រជាពលរដ្ឋគ្រប់ និន្នាការ រួមជាមួយនិងស្ថាប័នរដ្ឋនៅក្នុងច្បាប់ ក៏ដូចជានៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាឆន្ទៈរួម របស់ប្រជាពលរដ្ឋ។ ជាមួយនេះដែរ កងប្រដាប់អាវុធមានកាតព្វកិច្ចផ្តល់និងគាំទ្ររាល់មធ្យោបាយរាប់ទាំងជីវិត ដើម្បីការងាររបស់រដ្ឋ និង គ្រប់ស្ថាប័នរដ្ឋដែលតម្រូវការ គ្រប់កាលៈទេសៈនោះ រាប់ទាំងការងារមនុស្សធម៌ និងកិច្ចធានានូវ ប្រសិទ្ធភាពក្នុងកិច្ចថែរក្សានិងការពារសណ្តាប់ធ្នាប់ក្នុងសង្គម ដោយមិនស្ថិតក្រោមសម្ពាធ ឬ កិច្ចជ្រៀតជ្រែកពីបុគ្គល ឬក្រុមណាមួយនោះ ឡើយ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មានសេរីភាពក្នុងការហ្វឹកហាត់ ឬ សាកល្បងសមត្ថភាព សេរីភាព និងសុពលភាព ក្នុងការហ្វឹកហាត់សាកល្បងសមត្ថភាពនៃកម្លាំង ចល័តរហ័សក្នុងការឆ្លើយតបនឹងសភាពការណ៍ ជាយថាហេតុណាមួយ។ ដូចអ្វីដែលជាការ ពិសោធន៍នៃកិច្ចប្រតិបត្តិការយោធារបស់ប្រជាជាតិនីមួយៗផងដែរ។ យើងខ្ញុំយល់ឃើញផង ដែរថា ទណ្ឌិតរូបនេះ ត្រូវមានកាតព្វកិច្ចគោរព នូវភាពសុខក្សេមក្សាន្ត និងសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋ រួមទាំងកងប្រដាប់អាវុធគ្រប់ អង្គភាព ដែលកំពុងដំណើរការរបស់ខ្លួននៅ ក្នុងបច្ចុប្បន្នកាលនេះ។ យើងមិនអនុញ្ញាតជា ដាច់ខាតក្នុងការយកស្ថាប័ននយោបាយ និង ចលនាមហាជន ជាទិសដៅនៃកិច្ចការពារអំពើ ខុសច្បាប់របស់បុគ្គលនេះ ក៏ដូចជាអ្នកដទៃ។ នីតិរដ្ឋ ជាគោលការណ៍ និងកាតព្វកិច្ចនៃកិច្ចការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលស្រប ច្បាប់ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្វាគមន៍ជានិច្ច នូវរាល់ការចូលរួមកសាងជាតិរបស់គណបក្ស សង្គ្រោះជាតិ ដោយឡែកបុគ្គលដែលជាប់ កាតព្វកិច្ច និងបន្ទុករបស់តុលាការកម្ពុជា

ប្រតិកម្មរបស់លោកផៃ ស៊ីផាន បានធ្វើ ឡើងក្រោយពេលដែលលោកសម រង្ស៊ី បាន លើកឡើងពីក្រៅប្រទេសមកថា តួនាទីកងកម្លាំងប្រដាប់អាវុធ គឺការពារទឹកដី ការពារ ព្រំដែន មិនត្រូវយកទាហានមកប្រើក្នុងរាជធានីភ្នំពេញ កណ្តាលស្រុក ដើម្បីបំភិតបំភ័យ ប្រជាពលរដ្ឋនោះទេ ។

លោកសម រង្ស៊ី បានមានប្រសាសន៍នៅ ពេលនោះថាខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស មានការភ្ញាក់ផ្អើលចំពោះសកម្មភាព យោធា ដែលក្រោមបញ្ជារដ្ឋាភិបាល ប្រើមធ្យោបាយដ៏ធំធេង មកព័ទ្ធជុំវិញទីស្នាក់ការគណបក្ស សង្គ្រោះជាតិនេះ គឺមានការភ្ញាក់ផ្អើល ហើយ ថ្កោលទោសទៀត ពីព្រោះមិនមែនជាតួនាទី កងទ័ពទេ។ តួនាទីកងកម្លាំងប្រដាប់អាវុធ តែ ការពារទឹកដីប្រទេសកម្ពុជា ទៅការពារព្រំដែន បរទេសមានបំណងលេបត្របាក់ទឹកដីយើង យើងត្រូវតែការពារ មិនត្រូវយកមធ្យោបាយ យកទាហានមកប្រើក្នុងទីក្រុងភ្នំពេញ កណ្តាល ស្រុក ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋទេ។ នេះ សបញ្ជាក់ឱ្យឃើញថាអ្នកកាន់អំណាចសព្វថ្ងៃ គឺព្រួយបារម្ភ ស្លន់ស្លោ ដឹងថាពេលចាញ់ឆ្នោត ជិតមកដល់ ថានឹងចាញ់ឆ្នោត ពីព្រោះប្រជាពលរដ្ឋទូទាំងប្រទេស ចង់ឱ្យមានការផ្លាស់ប្តូរ គេបោះឆ្នោតប្រឆាំងខ្លួន ហើយអត់មានការ ទប់ស្កាត់ប្រជាពលរដ្ឋ មានតែការបំភិតបំភ័យ មិនហ៊ានឱ្យមានការបោះឆ្នោតដោយសេរី ដោយ រលូន ដោយត្រជាក់ ចេះបង្កើតតែវិធានការក្តៅ ដែលខ្ញុំហៅថា មានតែមនុស្សពាល មនុស្ស តិរច្ឆានទេដែលប្រើមធ្យោបាយបែបនេះ មក សម្លុតប្រជាពលរដ្ឋខ្មែរគ្នាឯង

ជាមួយគ្នានោះដែរ លោកសម រង្ស៊ី ក៏ បានបញ្ជាក់ថា លោកមិនចូលមកបំភ្លឺតាមដីកា កោះរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុង សំណុំរឿងទាក់ទងនឹងការក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះទេ ព្រោះ យល់ថា នេះគ្រាន់តែជាមធ្យោបាយពាលរបស់ រាជរដ្ឋាភិបាលប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ទាក់ទងនឹងការចល័ត កម្លាំងទ័ពនៅរាជធានីភ្នំពេញនោះ សម្រាប់ គណបក្សនយោបាយមួយចំនួន ក៏មានការភ្ញាក់ផ្អើល និងបញ្ចោញប្រតិកម្ម។ ក្នុងនោះគណបក្ស អំណាចខ្មែរ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ ថា វាគឺជាការគំរាមកំហែងសតិអារម្មណ៍ និង មើលងាយអ្នកនយោបាយ ហើយក៏ជាការ រំលោភលើសិទ្ធិនយោបាយរបស់គណបក្ស នយោបាយផងដែរ ដែលមេបញ្ជាការកងទ័ព ប្រើយន្តហោះរបស់កងទ័ពជើងអាកាស ហោះ ឆ្វែលពីលើ និងប្រើអូប័រ ជើងទឹកបើកឆ្វែលពី ក្រោយទីស្នាក់ការគណបក្សសង្គ្រោះជាតិ

ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ នៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួង ការពារជាតិ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារថាអ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនអំពីការ ហោះហើរឧទ្ធម្ភាគចក្រយោធា និងការចល័ត កងទ័ពជើងទឹក និងជើងអាកាស កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦ របស់កងយោធពលខេមរភូមិន្ទ នៅលើតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការហ្វឹកហ្វឺន សាកល្បងសមត្ថភាពកម្លាំងចល័តរហ័សរបស់ ក្រសួងការពារជាតិ តែប៉ុណ្ណោះ។

ការហ្វឹកហ្វឺន ជាភារកិច្ចចាំបាច់ មិនអាច ខ្វះបានក្នុងការកសាងកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធការពារទឹកដី។ ប្រការនះ គួរតែត្រូវបានលើកទឹកចិត្តពីអ្នកនយោបាយដែលមានឆន្ទៈស្នេហាជាតិពិតប្រាកដ។ អ្នកនយោបាយមួយចំនួន ឃើញកងទ័ពប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បី ការពារជាតិមាតុភូមិ មិនជួយគាំទ្រលើកទឹកចិត្ត បែរជាចោទថា គំរាមកំហែង និងបំភិតបំភ័យ ខ្លួនទៅវិញ ប៉ុន្តែនៅពេលឃោសនាម្តងៗ អ្នកនយោបាយទាំងនោះ តែងតែអួតក្អេងក្អាងថា ពួកគេគឺជាអ្នកស្នេហាជាតិ និងការពារជាតិ តើពួកគេធ្វើនយោបាយដើម្បីអ្វី? នៅពេល ដែលឃើញកងទ័ពរបស់ខ្លួនមានការរីកចម្រើន បែរជាមិនគាំទ្រទៅវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមច្រាន ចោលនូវការចោទប្រកាន់ពីអ្នកនយោបាយទាំង នោះហើយនិងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះ ជនទាំងឡាយណាដែលមានចេតនាបង្ខូចកិត្តិយស កងយោធពលខេមរភូមិន្ទ ដែលកំពុងប្រកាន់ តួនាទីអព្យាក្រឹតរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់

ដោយ ៖ កុលបុត្រ

RELATED ARTICLES