យក់ ថិតរដ្ឋា ជាតារាចម្រៀងម្នាក់ដែលធ្លាប់ជិះរយន្តទំនើបៗជាច្រើនប្រភេទ តាំងពីនាងចូលប្រឡូកសិល្បៈ ដូចជា Camry, Mazda, Range Rover Mini និងចុងក្រោយ ជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា គឺ Range Rover 2016 តម្លៃជាង២០ម៉ឺនដុល្លារ និង Lexus LX 570 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។
ប៉ុន្តែយ៉ាងណា ជាទម្លាប់ អ្នកនាងយក់ ថិតរដ្ឋា មិនដែលចូលចិត្តអួតអាងរថយន្តទំនើបៗទាំងនោះ នៅតាមសារព័ត៌មាន ដូចតារាផ្សេងៗឡើយ ទើបធ្វើឱ្យអ្នកខ្លះបានមើលរំលងអ្នកនាងថិតរដ្ឋា ដែលជាតារាមានទ្រព្យស្តុកស្តម្ភម្នាក់ មានលុយមិនចាញ់ជំទាវនោះ។
ក្រៅពីលេងម៉ូដរថយន្ត គេក៏ដឹងដែរថា អ្នកនាងយក់ ថិតរដ្ឋា មានផ្ទះជាច្រើនកន្លែងទៀត ហេតុនេះហើយបានជាមហាជនយល់ថា ការបន្តប្រឡូកអាជីពសិល្បៈរបស់អ្នកនាងរដ្ឋា ទាំងច្រៀង និងថតកុន គឺគ្រាន់តែដើម្បីកុំឱ្យបាត់ឈ្មោះពីក្នុងសិល្បៈប៉ុណ្ណោះ។
អ្នកនាងយក់ ថិតរដ្ឋា ថ្លែងថា “រឿងផ្ទះហ្នឹង មានប៉ុន្មាន កន្លែងទេហ្នឹង ខ្ញុំមិនចាំដែរ។ ចំណែករឿងជិះឡានវិញ គឺខ្ញុំធ្លាប់ជិះផ្លាស់ប្តូរច្រើនមែន។ ចំពោះការងារសិល្បៈវិញ ពេលនេះ ខ្ញុំត្រៀមចេញបទចម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរ ៤បទ គឺជាបទ ប្រពៃណីយើង។
ដោយឡែក រឿងថតកុនវិញ ក្រោយថតរឿង “ចិញ្ចៀនខ្មោច” មក ខ្ញុំមិនទាន់ថតរឿងថ្មីទេ។ និយាយទៅ ខ្ញុំជាអ្នកចម្រៀងមានកុងត្រារបស់ថោន អ៊ីចឹង ថោន ក៏គាត់ធ្វើរឿងដែរ យើងមិនមែនចេះតែទៅថតរឿងឱ្យខាងក្រៅបានទេ។ មានដែរ គេហៅខ្ញុំថតរឿងថ្មី តែខ្ញុំមិនទទួលដោយសារថោន គាត់ធ្វើរឿងថ្មីដែរ អ៊ីចឹងខ្ញុំអាចថតរឿងថ្មីឱ្យថោន នាពេលខាងមុខនេះ”៕