ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យជាឃាតករម្នាក់ មានឈ្មោះម៉ូវ ម៉យ អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិបារ៉ាយក្រោម ឃុំបារ៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានធ្វើសកម្មភាពសម្លាប់មនុស្សម្នាក់ រួចព្យាយាមរត់គេចខ្លួនពីស្រុកកំណើត មកសម្ងំលាក់ខ្លួននៅខេត្តឧត្តរមានជ័យអស់រយៈពេល១០ឆ្នាំមកហើយនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងតាវឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងអធិការនគរបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងអធិការនគរបាលស្រុកកងមាស ខេត្តកំពង់ចាម ដោយអនុវត្តតាមដីការបង្គាប់ឱ្យចាប់ខ្លួន ពីបទ “ឃាតកម្មគិតទុកជាមុន”។

សមត្ថកិច្ចបានបន្តថា យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១១៣ព.ស ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្ត កំពង់ចាម ចេញដោយលោករៀល សុភិន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង បានបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះម៉ូវ ម៉យ ភេទប្រុស អាយុ៣៥ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តកាលពីថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅចំណុចភូមិបារ៉ាយក្រោម ឃុំបារ៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន។ បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានមូលដ្ឋាន បានប្រគល់ជនសង្ស័យជូនសមត្ថកិច្ចខេត្តកំពង់ចាម ដែលជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕