Thursday, April 25, 2024
Homeព័ត៌មានជាតិ១០ថ្ងៃទៅហើយ កូនស្រីមិនទាន់ត្រឡប់មកផ្ទះ មិនដឹងទៅដល់ទីណាទេ

១០ថ្ងៃទៅហើយ កូនស្រីមិនទាន់ត្រឡប់មកផ្ទះ មិនដឹងទៅដល់ទីណាទេ

ភ្នំពេញ៖ ករណីកូនស្រីបាត់ខ្លួន ឪពុកម្តាយតាមរកមិនឃើញ ក៏កាន់រូបថតមកប្តឹងសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះសុខ ស្រីតា អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ មានលំនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសឈ្មោះសុខ សំអូន អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប និងប្រពន្ធឈ្មោះឌិន សារ៉ន អាយុ៥២ឆ្នាំ មុខលក់បន្លែ ត្រូវជាឪពុក ម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ដែលបាត់ខ្លួននេះ គឺជាកូនពៅ ក្នុងចំណោមបងប្អូនចំនួន៤នាក់ ហើយ កូនស្រីនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩មកម៉្លេះ មិនដឹងថាមានមូលហេតុអ្វីឡើយ គឺរយៈពេល១០ថ្ងៃកន្លងមក ហើយ នៅតែរកមិនឃើញសោះ។

ឪពុកម្តាយយុវតីដែលបាត់ខ្លួន បន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កូនស្រីរបស់គាត់រូបនេះ បានទៅជួយ លក់បន្លែម្តាយ នៅផ្សារកាណាស៊ីធី លុះដល់វេលាល្ងាចថ្ងៃដដែល នាងបានសុំម្តាយត្រឡប់ទៅផ្ទះមុន ដើម្បីងូតទឹកតែមួយភ្លែតប៉ុណ្ណោះ ហើយ ក៏ស្រាប់តែបាត់រហូតតែម្តង។ ចំណែកពួកគាត់ជាឪពុកម្តាយ នឹកស្មានថាកូនស្រីកំពុងនៅផ្ទះ លុះក្រោយពីចប់ការលក់ដូរបន្លែនៅផ្សារ ត្រឡប់ទៅ ដល់ផ្ទះវិញ ទើបដឹងថាកូនស្រីបាត់ខ្លួន ក៏ធ្វើឱ្យកើតមានការផ្អើលឆោឡោតាមស្វែងរកគ្រប់ច្រកល្ហកដែរ តែរកមិនឃើញសោះ ទើបចុងក្រោយ នៅល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារតែពួកគាត់ជាឪពុកម្តាយអស់លទ្ធភាពក្នុងការស្វែងរកកូនស្រី ក៏សម្រេចចិត្តនាំគ្នាទៅប្តឹងសុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ព្រោះពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនស្រី ដោយមិនដឹងថានាងមានសុខទុក្ខ យ៉ាងណាឡើយ។ ម៉្យាងទៀត ប្រសិនបើបងប្អូនណា បានប្រទះឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ ឬនគរបាលប៉ុស្តិ៍ចោមចៅ ២ផង ហើយបើកូនស្រីបានដឹង សូមវិលត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយកំពុងរង់ចាំកូន និងមិនប្រកាន់ទោសអូសដំណើរអ្វីឡើយ៕

RELATED ARTICLES