តារាចម្រៀងសុខ ស្រីល័ក្ខណ៍ បានសម្រេចចិត្តដឹកដៃប្រុសកំពូលស្នេហ៍តន្ត្រីករ លោកអ៊ុក រួន ចូលរោងការដោយជោគជ័យ កាលពីថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ2019នេះ ដែលនៅពេលព្រឹករៀបចំតាមប្រពៃណីខ្មែរ នៅគេហដ្ឋានខាងស្រី ម្តុំអូរបែកក្អម និងពេលល្ងាចបានធ្វើពិធជប់លៀងបន្តនៅមជ្ឈមណ្ឌលវិមានពិភពថ្មី សែនសុខ អគារ B។

គេឃើញមានតារាសិល្បៈរួមអាជីពមួយចំនួន បានចូលរួមអបអរសាទរសុខ ស្រីល័ក្ខណ៍ និងស្វាមីរបស់នាងជាតន្ត្រីករ ក្រុមចចកសមុទ្រ លោកអ៊ុក រួន ដោយពួកគេជូនពរឱ្យអ្នកទាំង2 ស្រលាញ់គ្នាដល់ចាស់កោងខ្នងទៀតផង ខណៈដែលតារាចម្រៀងសុខ សីឡាលីន ត្រូវជាបងស្រីរបស់ស្រីល័ក្ខណ៍ វិញ រំភើបណាស់ដែលឃើញប្អូនស្រីរៀបការ តាមប្រពៃណីខ្មែរនៅពេលនេះ។ យ៉ាងណា សុខ សីឡាលីន ដែលគ្រប់គ្នាដឹងថា នាងធ្លាប់ជាសង្សាររបស់លោកអ៊ុក មិន្ទណារិទ្ធ ដែលជាបងប្រុសរបស់លោកអ៊ុក រួន និងជាបងប្រុសរបស់ប្អូនថ្លៃនាងនោះ ពេលនេះ លោកណារិទ្ធ បានរៀបការជាមួយអ្នកនាងលឹម ហួរ កាលពីថ្ងៃទី13 ខែធ្នូ ឆ្នាំ2018 ចោលសីឡាលីន ទៅហើយ។ អ្នកសិល្បៈដែលចូលរួមមង្គលការរបស់នាងសុខ ស្រីលក្ខណ៍ បានសួរសីឡាលីន ថា ពេលណាទើបរៀបការដូចប្អូនស្រី ? តែសីឡាលីន ថា អត់ទាន់ចង់រៀបការឡើយ។

សុខ ស្រីលក្ខណ៍ ជាអ្នកចម្រៀងដែលមាន កេរ្តិ៍ឈ្មោះមធ្យម ដោយទស្សនិកជនបានស្គាល់រូបនាង តាមរយៈការឡើងតាមឆាកតន្ត្រីនានា តែស្រីលក្ខណ៍ គ្មានទីតាំងឈរជើងនៅផលិតកម្មណាមួយដូចសីឡាលីន ឡើយ។

ទោះជាយ៉ាងណា ក្រោយពេលសុខ ស្រីលក្ខណ៍ រៀបការប្តីដោយជោគជ័យ គ្មានការប្រឆាំងពីម្តាយនាងដូចកាលសុខ សីឡាលីន ភ្ជាប់ស្នេហ៍ជាមួយលោកអ៊ុក មិន្ទណារិទ្ធ ឡើយ ហើយតាមក្រុមគ្រួសារបានឱ្យដឹងថា ស្រីល័ក្ខណ៍ គ្រោងយកកូនង៉ែតឆាប់ៗ និងបន្តឡើងច្រៀងតាមឆាកដូចមុនដដែល៕





