ស៊ឹម សូលិកា បានបញ្ចោញសារវាយប្រហារសាជាថ្មីយ៉ាងចាស់ដៃ និងធ្ងន់ធ្ងរបំផុត ទៅលើបុរសម្នាក់យ៉ាងស្ពឹកមុខតែម្តង ដែលអ្នកសិល្បៈជាច្រើនបានគិតថា បុរសដែលសូលិកា ព្រលះមិនឱ្យងើបមុខរួចនេះ គ្មានអ្នកណាក្រៅពីលោកទិត ថាវរិទ្ធ សង្សារនៅ សុនិតា ឡើយ ទោះជា សូលិកា មិនបានបញ្ជាក់ឈ្មោះប្រុសនោះឱ្យចំៗឈ្មោះក្តី។

ស៊ឹម សូលិកា បានថ្លែងសារព្រមានប្រុសដែលនាងចាត់ទុកថា ជាបុរសពូកែនិយាយដើមនាងប្រាប់គេឯងនោះ ដោយនាងថែមទាំងព្រមានថា បើប្រុសនោះមិនបញ្ឈប់ទង្វើរបស់ខ្លួនទេ គឺលើកក្រោយ នាងនឹងនិយាយឈ្មោះប្រុសនោះឱ្យចំ ហើយផ្ញើឱ្យបុរសអ្នកសិល្បៈជាច្រើននិយាយថា ពូកែតែតាមឈ្នានីសគេនោះមើលទៀតផង។

ស៊ឹម សូលិកា បានថ្លែងសារកាលពីថ្ងៃទី៩ ខែកុម្ភៈ ព្រមានបុរសម្នាក់ដែលគេយល់ថា ជាលោកទិត ថាវរិទ្ធ នោះថា “ពេលនេះ ម៉ោងនេះ ចង់និយាយប្រាប់ជាដំណឹងបន្ទាន់ ទៅដល់ពួកអាទឹកកកទាំងឡាយទាំងពួងផងវើយថា ត្រូវឈប់ត្រាវឆឹង ត្រាវស្ងោរ ត្រាវកូរ រឿងយើងតទៅទៀត ប្រយ័ត្នយើងចាប់ហែកមាត់វើយ ត្រូវនៅឱ្យស្ងៀមសន្សំសុខឭនៅ។ អាទឹកកក បើមិនបានផ្តល់ក្តីសុខឱ្យគេទេ កុំច្រណែនគេ បើស្អប់គេ កុំខំតាមដានរឿងគេ កុំសួរពីនេះ ពីនោះរឿងគេ កុំនិយាយបំផ្លាញគេទៀត ប្រយ័ត្នរលាយខ្លួន រលាយទាំងត្រកូល ពួកចោរ ស្រីរង្គសាល ប្រុសរង្គសាល កុំភ្លេចខ្លួន ភ្លេចសារជាតិដើម កុំគិតថា មនុស្សជុំវិញខ្លួនគេមិនដឹង មិនដែលស្គាល់សន្តានពួកឯងឱ្យសោះ យើងអស់ភាពអត់ធ្មត់ហើយ លើកក្រោយ យើងសរសេរចំឈ្មោះ ហើយ Tag ឱ្យទៀត ហើយបើបានជួបមុខនៅកន្លែងណា សួរសំណួរចម្លើយផ្ទាល់មាត់នៅទីនោះភ្លាមហ្មង ចាំសម្តីយើងផង លែងទ្រាំស្ងៀមហើយ កុំឱ្យពួកនេះបានចិត្តទៀត សាក្សីនៅរស់ទាំងអស់វើយ ប្រយ័ត្នអាម៉ាសមុខ ប្រាប់ឱ្យហើយ ជាតិនេះ ដើរបំផ្លាញគេឯងគ្រប់គ្នា កុំចេះតែម្នាក់ឯងពេក កុំល្អតែម្នាក់ឯង កុំស្អាតស្អំតែពូជឯងនោះ គេនៅស្ងៀម ព្រោះគេមិនចង់ធ្វើឬកថោក ដូចវើយ តែមើលយូរៗទៅបណ្តោយទៀតមិន បានទេ ត្រូវតែព្រមានខ្លះហើយ ខំសន្សំសុខ ទុកមុខរាប់គ្នាដែរ តែអាទឹកកកនេះមិនអាចដឹងខ្លួន កែសន្តានអាក្រក់ ល្បិចពិសពុលមាយាទថោក ខិលខូចស្លូត ឈ្នានីសគេឥតល្ហែ និយាយមើលគេគ្រប់គ្នា សូម្បីមនុស្សស្រីដែលខ្លួនឱបនៅដើមទ្រូងរាល់ថ្ងៃ ក៏មិនទុកកិត្តិយសឱ្យដែរ ម្នាក់នេះថោកទាបបំផុត បោកប្រាស់ក្មេងគ្រប់ជំនាន់ហ្មងហា៎។ គ្នាយើង បើនៅក្បែរជួយឱ្យគាត់មើលផង ហើយបើសាមីខ្លួនឹងហើយ មិនសុខចិត្ត ថាមិនពិត ឆាប់មកជួបខ្ញុំផ្ទាល់ កុំនិយាយក្រោយខ្នង មួលបង្កាច់បង្ខូចខ្ញុំទៀតឱ្យសោះ សូមជ្រាបជាដំណឹងចុងក្រោយ”។

ទោះជាយ៉ាងណា នៅពេលដែលអ្នកចូលទៅ Comment សួរ ស៊ឹម សូលិកា ថា តើបុរសដែលនាងថាថោកទាបបំផុត បោកក្មេងគ្រប់ជំនាន់នោះ ជាលោកទិត ថាវរិទ្ធ ឬយ៉ាងណានោះ សូលិកា មិនឆ្លើយឡើយ។

អ្នកយកព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺបន្ថែមពីស៊ឹម សូលិកា ដែលនាងថ្លែងសារវាយប្រហារបុរសម្នាក់យ៉ាងស្ពឹកមុខនេះដែរ ខណៈដែលលោកទិត ថាវរិទ្ធ សឹងគ្រប់ពេលនៅពេលដែលទូរស័ព្ទចូល ហើយដឹងថាជាអ្នកកាសែត លោកឆ្លើយថា “រវល់ប្រជុំ”រហូត។

មហាជនបានលើកឡើងថា ពេលនេះ សង្គ្រាមពាក្យសំដីស៊ឹម សូលិកា ពន្លះបុរសម្នាក់ដែលគេសង្ស័យថា ជាលោកទិត ថាវរិទ្ធ នោះ កាន់តែកក្រើកសារជាថ្មី ព្រោះថា សូលិកា បានលេងមួយក្បាច់ ក្រោយផ្តាច់ស្នេហ៍លោកថាវរិទ្ធ តាមរយៈការងាកទៅភ្ជាប់ស្នេហាជាមួយលោកអេង រិទ្ធី ធ្វើឱ្យលោកថាវរិទ្ធ កើតទុក្ខមិនសុខចិត្តបានភ្ជាប់ស្នេហ៍ជាមួយស្រីក្មេង នៅ សុនិតា ដើម្បីស្អំបេះដូងនិងបញ្ឈឺចិត្តសូលិកា តែពេលនេះធ្វើឱ្យចំណងស្នេហាតារា២គូនេះ កាន់តែច្របូកច្របល់ខ្លាំងឡើងៗ ព្រោះពួកគេកាច់កុងគ្នាផ្អើលអស់ទស្សនិកជនពេញផ្ទៃប្រទេស៕



