Friday, April 26, 2024
Homeព័ត៌មានជាតិឪពុកខឹងកូនស្រវឹងជេរម៉ៃ​ វ៉ៃសម្លាប់ ត្រូវតុលាការដោះលែង

ឪពុកខឹងកូនស្រវឹងជេរម៉ៃ​ វ៉ៃសម្លាប់ ត្រូវតុលាការដោះលែង

ខេត្តកណ្តាល៖ បុរសវ័យចំណាស់ ដែលជ្រុលដៃវាយសំពងកូនប្រុសបង្កើតរបស់ខ្លួន បណ្តាលឱ្យស្លាប់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះតែខឹងនឹងកូនប្រុសផឹកស្រាស្រវឹង ជេរម៉្រាយ រួចទាញដំបងវាយខ្លួនជាឪពុកទៀតនោះ ត្រូវបានលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឱ្យក្រៅឃុំជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

បុរសជាឪពុកដែលជ្រុលដៃវ៉ៃសម្លាប់កូនប្រុស និងត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំ មានឈ្មោះផង់ ជាង អាយុ៦៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។ ចំណែកជនរងគ្រោះជាកូនប្រុស ដែលបាត់បង់ជីវិត មានឈ្មោះផង់ បាន អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជាមួយគ្នា។

លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា ដោយយល់ឃើញថា ជនសង្ស័យជាឪពុក មានវ័យចំណាស់ ហើយចម្លើយរបស់ជនសង្ស័យដែលវាយកូនប្រុសបង្កើតខ្លួនឯង ពុំមានចេតនាសម្លាប់ ដោយគ្រាន់តែព្រមាន ហើយជនរងគ្រោះ ជាអ្នកបង្ករឿងជេរប្រមាថ និងវាយឪពុកម្តាយ បងប្អូនជាញឹកញាប់ និងជាយូរណាស់មកហើយ និងយោងតាមសាក្សីដែលជាបងប្អូនបង្កើត បងប្អូនសាច់ថ្លៃ និងម្តាយរបស់ជនរងគ្រោះ បានអះអាងថា ជនរងគ្រោះជាកូន ជាមនុស្សប្រមឹកស្រា តែងតែជេរមើលងាយ និងវាយឪពុកជារឿយៗ ទើបបានជាសម្រេចដោះលែងឱ្យជនសង្ស័យជាឪពុកនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។

តាមសម្តីស្ត្រីឈ្មោះផង់ ស្រីនាង ដែលត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ បានអះអាងថា បងប្រុសរបស់គាត់ (ជនរងគ្រោះ) ជាមនុស្ស ចូលចិត្តផឹកស្រាស្រវឹង និងរករឿងក្រុមគ្រួសារ ព្រមទាំងឪពុកម្តាយជារៀងរាល់ថ្ងៃ និងច្រើនឆ្នាំមកហើយ។ សូម្បីតែប្រពន្ធ ក៏មិនអាចរស់នៅ ជាមួយបានដែរ និងបានលែងលះគ្នាជាង២ឆ្នាំមកហើយ ហើយម្តាយក៏មិនហ៊ាននៅផ្ទះជាមួយដែរ គឺទៅនៅជាមួយកូនដទៃទៀត។ ដោយនៅក្នុង ផ្ទះកើតហេតុមានតែឪពុករបស់គាត់ (ជនសង្ស័យ) និងបងប្រុសប្រមឹក (ជនរងគ្រោះ) ព្រមទាំងក្មួយស្រីប៉ុណ្ណោះ ហើយឱ្យតែស្រវឹងស្រាម្តងៗ បងប្រុសរបស់គាត់ តែងរករឿងជេរប្រមាថ ប្រើអំពើហិង្សាទៅលើឪពុកជារឿយៗផងដែរ ហើយឪពុកតែងតែរត់គេចជានិច្ច និងពេលខ្លះ បង ប្រុសរបស់គាត់យកចានវាយក្បាលឪពុកថែមទៀតផង។

កូនស្រីរបស់ជនសង្ស័យ បានបញ្ជាក់ថា ឪពុករបស់គាត់ជាមនុស្សស្លូតណាស់ ហើយឪពុកវាយបងប្រុសរបស់គាត់នេះ ក៏មិនមានបំណង សម្លាប់ដែរ គ្រាន់តែព្រមានតែប៉ុណ្ណោះ ទើបបានជាពួកគាត់ជាកូនទាំង៤នាក់ និងកូនប្រសារ ព្រមទាំងម្តាយ នាំគ្នាមកអង្វរសុំឱ្យតុលាការ សម្រាលទោស និងធ្វើការលើកលែងទោស ហើយនៅពេលដែលតុលាការសម្រេចឱ្យឪពុកនៅក្រៅឃុំដូច្នេះ ពួកគាត់ពិតជាត្រេកអរ រកអ្វីមក ប្រៀបប្រដូចពុំបាននោះទេ ព្រោះឪពុករបស់គាត់កាន់តែចាស់ និងមានជំងឺថែមទៀតផង។

គួររំលឹកថា កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើងនៅ ចំណុចភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ដោយបុរសម្នាក់ក្រោយពីចូលរួមមង្គលការអ្នកភូមិផឹកស្រវឹងជោកជាំ ត្រឡប់មកវិញ ក៏ស្រែក ឡូឡាជេរម៉្រាយឪពុកបង្កើតរបស់ខ្លួនកប់ៗមាត់ លុះឪពុកចេញមកឃាត់ បែរជាកូនប្រុសទាញដំបងវាយបុរសជាឪពុកទៀត តែសំណាងល្អឪពុក គេចផុត រួចក៏ចូលទៅទាញដែក៤ជ្រុង មកវាយសំពងកូនប្រុសវិញ រហូតដល់បែកថ្ងាស បាក់ក្តោងច្រមុះ ស្លាប់ក្នុងថ្លុកឈាម។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់កូនប្រុសបង្កើតខ្លួនឯងប្រាកដមែន មូលហេតុដោយ សារតែខឹងនឹងជនរងគ្រោះផឹកស្រាស្រវឹង ស្រែកឡូឡាជេរម៉្រាយខ្លួនជាឪពុក និងថែមទាំងទាញដំបងវាយទៀត តែសំណាងល្អខ្លួនគេចផុត លុះ ឃើញឱកាសល្អ គ្រាដែលកូនប្រុសដេកលើអង្រឹងក្រោមផ្ទះ ខ្លួនក៏ទាញដែក៤ជ្រុង វាយសំពងកូនប្រុសរហូតដល់ស្លាប់តែម្តង៕

RELATED ARTICLES