តារាចម្រៀងផលិតកម្មថោន ម៉ៅ ហាជី ដែលធ្លាប់លេចឮថា មានប្រពន្ធនិងកូន២ ទាំងមិនទាន់រៀបការនោះ បែរជាអះអាងថា ខ្លួនមិនទាន់ចង់រៀបការឆាប់ៗនេះឡើយ ព្រោះចង់ទុកពេលវេលានេះ ជួយក្រុមគ្រួសារសិន ទើបមិនអាចធ្វើបានដូចនី រតនា ទេ។ ហាជី ថែមទាំងនិយាយបែបលាក់លៀមរឿងមាន ប្រពន្ធកូនទៀតផង ព្រោះថា រកអ្នកមិនទាន់បានត្រូវចិត្ត។
ម៉ៅ ហាជី អះអាងថា “ខ្ញុំមិនទាន់អាចរៀបការបានដូចនី រតនា ទេបង ! ព្រោះជាប់ជួយក្រុមគ្រួសារឱ្យបានគ្រាន់បើជាងនេះសិន ! រតនា ជាមិត្តភក្តិរបស់ខ្ញុំ អ៊ីចឹងឃើញគាត់ការ មានសុភមង្គល មានតែអបអរសាទរគាត់។ ចំណែកខ្ញុំវិញ អាចនិយាយបានថា ពេលណារកបានអ្នកត្រូវចិត្តហើយ ពេលហ្នឹងបានគិតគូរតាមក្រោយ តែឥឡូវមើលមិនទាន់ឃើញសោះ”។
ប្រភពបានឱ្យដឹងថា មិនថាតែអ្នកកាសែតទេ ដែលម៉ៅ ហាជី តែងលាក់លៀមរឿងមានប្រពន្ធកូននោះ សូម្បីតែអ្នកសិល្បៈដូចគ្នា ក៏អ្នកចម្រៀងរូបនេះមិនចង់ឱ្យគេដឹងរឿងមានប្រពន្ធកូននោះដែរ ព្រោះខ្លាចធ្លាក់កូដ។ ប៉ុន្តែយ៉ាងណា ហាជី មិនអាចបិទបាំងបានរហូតឡើយ ព្រោះមុននេះ មានដំណឹងថា ពេលបានល្បីឈ្មោះនេះ ហាជី ហាក់មិនសូវអើពើជាមួយប្រពន្ធកូនទៀតផង តែតារាថោន រូបនេះ តែងតែលាក់លៀមរឿងមានប្រពន្ធកូនជានិច្ច នៅពេលអ្នកកាសែតសម្ភាសន៍។
ម៉ៅ ហាជី អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ដោយឈានទៅផ្តាច់ព្រ័ត្រជាមួយ នី រនតា និងសៅ ឧត្តម តែហាជី មិនអាចយកឈ្នះរតនា ក្នុងការលើកពានឡើយ។ ហាជី មានរឿងចម្រូងចម្រាសប្តឹងផ្តល់ជាមួយផលិតកម្មរស្មីហង្សមាស ដោយរូបគេបានចាញ់ក្តីហង្សមាស ទាំង៣លើក គឺនៅសាលាដំបូងរាជធានីភ្នំពេញ, សាលាឧទ្ធរណ៍ និងតុលាការកំពូល។
ហាជី បានក្លាយទៅជាតារាចម្រៀងថោន ដែលមានភាពលេចធ្លោមធ្យម ហើយថ្មីៗនេះ ទើបវិលត្រឡប់មកពីច្រៀងសម្តែងនៅប្រទេសកូរ៉េ និងត្រៀមខ្លួនចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក នាពេលខាងមុខ ទៀតផង។
ហាជី បានឱ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ រូបគេមានបទប្រពៃណីខ្មែរ ៣បទ ក្នុងនោះក៏មានការចាប់ដៃគូជាមួយមាស សុខសោភា មួយបទផងដែរ៕