មាស សុខសោភា នៅឆ្នាំ២០១៩នេះ កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយបុរសកំពូលស្នេហ៍មកពីកាដាណា លោកគ្រូពេទ្យអ៊ឹត រ៉ាដា ខ្លាំងឡើងៗ ដែលធ្វើឱ្យគូស្នេហ៍តារាមួយចំនួនទៀតច្រណែនសោភា យ៉ាងខ្លាំង។ សោភា បានដឹកដៃលោករ៉ាដា ឈរឱ្យអ្នកកាសែតថតតាមចិត្តនៅក្នុងកម្មវិធីមង្គលការរបស់សុខ ស្រីល័ក្ខណ៍ កាលពីរាត្រីថ្ងៃទី១២ ខែកុម្ភៈ ដែលសកម្មភាពបែបនេះ គឺខុសគ្នាស្រឡះកាលពីប៉ុន្មានឆ្នាំមុន សោភា និងគូស្នេហ៍ តែងតែរត់គេចចេញពីហ្វូងអ្នកកាសែត និងបណ្តើរគ្នាភ្នែកនៅកញ្ចឹងកនោះ។
អ្នកសិល្បៈជាច្រើនបានសរសើរមាស សុខសោភា ថា នាងជាតារាចម្រៀងដែលជោគជ័យទាំងអាជីពចម្រៀង និងស្នេហា ពិសេសគឺការរក្សាចំណងស្នេហាឆ្លងទ្វីបជាមួយលោករ៉ាដា ១១ឆ្នាំបាននោះ មិនមែនជារឿងធម្មតាឡើយ បើទោះជាពួកគេមិនទាន់រៀបការជាមួយគ្នាតាមប្រពៃណីខ្មែរជាចំហក្តី។
មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ការដែលនាងមិនទាន់រៀបការ ព្រោះមិនទាន់ដល់ពេលវេលា មិនមែនមកពីខ្លាចធ្លាក់កូដនោះទេ ព្រោះពេលនេះ អ្នកណាក៏ដឹងថា នាងកំពុងតែនៅជាមួយអ្នកណាដែរ។ ប៉ុន្តែ សោភា ថា ទោះជាចូលឆ្នាំ២០១៩នេះទៅហើយក្តី ក៏នាងនៅតែមិនទាន់សម្រេចចិត្ត ឬហ៊ានកំណត់ការចូលរោងការជាក់លាក់ដែរ ព្រោះមិនទាន់រៀបចំ និងគិតគូរពីរឿងនេះទេ។
ការដែលមាស សុខសោភា កាន់តែបង្ហាញភាពស្អិតល្មួតជាមួយប្តីនៅពេលនេះ ដោយសារតែនាងលាងជម្រះចំពោះព័ត៌មានមួយចំនួនដែលថា ចំណងស្នេហារបស់នាងជាមួយលោកអ៊ឹត រ៉ាដា កំពុងរង្គោះរង្គើ ព្រោះថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះ អំឡុងពេលដែលនាងបានប្រារឰខួបគម្រប់អាយុ៣៦ឆ្នាំនេះ ស្វាមីរបស់នាងមិនបានមកចូលរួមឡើយ ទើបធ្វើឱ្យគេសង្ស័យថា ចំណងស្នេហារបស់នាងអាចនឹងមានការប្រែប្រួល ព្រោះសូម្បីតែថ្ងៃពិសេសរបស់នាង ក៏លោករ៉ាដា មិនអើពើនោះ។
ប៉ុន្តែពេលនេះអ្វីៗបញ្ជាក់ច្បាស់ហើយថា សោភា និងលោករ៉ាដា នៅតែជាគូស្នេហ៍ចិត្តមួយថ្លើមមួយដដែល ដោយសារតែលោកគ្រូពេទ្យមានធុរៈផ្ទាល់ខ្លួន ទើបមុននេះមិនបានចូលរួមខួបកំណើតបណ្តូលចិត្ត តែពេលនេះ ពួកគេបានវិលមកជួបជុំគ្នាវិញហើយ។
មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយបានប្រកាសរៀបការតាមប្រពៃណីខ្មែរឆ្នាំ២០០៩ ក្រោយពេលដែលរូបភាពស្នេហាស្រើបស្រាលរបស់ពួកេ គបានបែកធ្លាយកាលពីឆ្នាំ២០០៨។ តែរយៈពេល១០ឆ្នាំហើយ ដែលសោភា បានពន្យារពេលរៀបការ និងលែងហ៊ានកំណត់ពេលវេលាជាក់លាក់សាជាថ្មីទៀតហើយ ដែលការខ្លាចរឿងចូលរោងការនេះត្រូវបានមជ្ឈដ្ឋានមហាជនយល់ថា មកពីសោភា ខ្លាចរៀបការជាចំហទៅ អាជីពចម្រៀងរបស់នាងលែងសូវត្រូវប៉ាន់ដូចពេលនេះទៀត។
ប៉ុន្តែមាស សុខសោភា បញ្ជាក់ថា នាងធ្លាប់បានរៀបការតាមសាសនាគ្រឹះនៅប្រទេសកាណាដា ម្តងរួចទៅហើយ កាលពីឆ្នាំ២០០៨ ដោយគ្រាន់តែបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ ហេតុនេះហើយបានជាមិនទាន់ប្រញ៉ាប់រឿងរៀបការតាមប្រពៃណីខ្មែរ ក្រោយសាងស្នេហ៍ជាមួយលោករ៉ាដា ១១ឆ្នាំនេះ៕