Wednesday, November 20, 2024
Homeតារាខ្មែរផាន់ ផាត់ណា ពេញចិត្តប្រុសសង្ហាមង្គល

ផាន់ ផាត់ណា ពេញចិត្តប្រុសសង្ហាមង្គល

តារាសម្តែងស្រអែមស្រស់ ផាន់ ផាត់ណា ឆក់បានតំណែងជាតួឯកក្នុងរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយប៉ះជាមួយប្រុសរូបសង្ហ ាលោកហូ ប៉ូសេង ហៅសេង មង្គល តាមរយៈរឿង “រៃប្តូរទ្រនំ” ដែលបានធ្វើពិធីសែនក្រុងពលីកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

តាមអ្នកដឹកនាំសម្តែងរឿង “រៃប្តូរទ្រនំ”របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា រឿងនេះ កញ្ញាផាន់ ផាត់ណា សម្តែងជាតួឈ្មោះនីកា ជាស្រីស្អាតកូនស្រីច្បង ពោរពេញទៅដោយសមត្ថភាពរឹងមាំ។ នីកា ជាស្រីក្រមុំម្នាក់ព្រមលះបង់គ្រប់យ៉ាងដើម្បីឪពុកនិងប្អូន តែជ្រុលភ្លើតភ្លើន ធ្វើឱ្យនាងមានវប្បដិសារៈ។

ដោយឡែក សេង មង្គល ជាតួឯកឈ្មោះថានន្ទ វិញ ជាកំលោះជំនួញឈ្លាសវៃ ហើយរូបគេមានស្រីៗជាច្រើនប្រាថ្នាចង់បាន តែរូបគេបានពេញចិត្តនីកា ជាក្រមុំឆើតឆាយម្នាក់។

ផាន់ ផាត់ណា បានឱ្យដឹងថា នេះជាលើកទី២ ដែលនាងបានសម្តែងប៉ះជាមួយគូលោកសេង មង្គល ហើយនាងពេញចិត្តលោកមង្គល ណាស់ ព្រោះសុទ្ធតែជាអ្នកស្រលាញ់អាជីពសិល្បៈដូចគ្នា។  សម្រាប់រូបនាងរឿង “រៃប្តូរទ្រនំ” នេះជារឿងទី៣ហើយ ដែលនាងបានសម្តែងឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥។ រឿងនេះនាងមិនមានឈុតស្នេហាស្រើបស្រាលជាមួយលោកមង្គល ច្រើនទេ ហើយតាមរយៈការដឹកនាំរបស់ជនជាតិថៃ និងខ្មែរ សហការគ្នានេះ នាងជឿថា ភាពយន្តនេះនឹងត្រូវបានមហាជនគាំទ្រច្រើនជាមិនខាន។

ដោយឡែកលោក សេង មង្គល វិញ បានអះអាងដែរថា រឿងនេះជារឿងល្បីរបស់ថៃ ហេតុនេះហើយ ទាំងរូបលោក ក៏ដូចជាតារាសម្តែងដទៃទៀត មិនមានការព្រួយបារម្ភថា ខ្លាចលេងទៅមិនដល់ដូចតួថៃទេ ព្រោះយើងមានអ្នកដឹកនាំជួយហើយម្នាក់ៗយកមកបទពិសោធន៍ ហេតុនេះហើយ ទាំងតួសម្តែង និងអ្នកដឹកនាំប្រាកដជាចាប់ដៃគ្នាធ្វើឱ្យបានល្អ ចំពោះរឿងភាគមួយនេះជាមិនខាន។

លោកស៊ិន សុផាត ប្រធានគណៈកម្មាការត្រួតពិនិត្យកម្មវិធីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា រឿង “រៃប្តូរទ្រនំ” នេះ ឆ្លុះបញ្ចាំងពីការអប់រំ ឱ្យមនុស្សដើរផ្លូវត្រូវទៀងត្រង់ ចៀសវាងអំពើអបាយមុខ កុំកាច់កុងគ្នា ហើយដំណោះស្រាយក្នុងជីវិត គឺត្រូវតែបញ្ចប់ដោយសន្តិវិធី។

រឿងនេះជាភាពយន្តខ្មែរទី១៨ ហើយ ដែលទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានផលិតឡើង។ “រៃប្តូរទ្រនំ” មាន៣៥ភាគ ថតរយៈពេល៣ខែ ភាគច្រើនទីតាំងនៅភ្នំពេញ នឹងគ្រោងដាក់បញ្ចាំងនៅពាក់កណ្តាលឆ្នាំ២០១៩ ខាងមុខនេះហើយ៕

RELATED ARTICLES