ខេត្តឧត្តរមានជ័យ៖ យុវជនជាកម្មករយានដ្ឋានជួសជុលគ្រឿងយន្តម្នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីយកម៉ូទ័រទៅកាត់ធុងសាំង ចំណុះ២០០លីត្រ ដោយខុសបច្ចេកទេស បណ្តាលឱ្យធុងសាំងនោះផ្ទុះឡើង លាន់ឮកក្រើក ដូចគ្រាប់បែក និងបង្កឱ្យយុវជនជាកម្មកររូបនោះ រងរបួសយ៉ាងធ្ងន់។

ករណីផ្ទុះធុងសាំងនេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានជួសជុលគ្រឿងយន្ត របស់ឈ្មោះសួស សាវិន ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។
យុវជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះធុងសាំងខាងលើនេះ មានឈ្មោះឈុត ហៃ អាយុ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានយកម៉ូទ័រទៅកាត់ធុងសាំង ចំណុះ២០០លីត្រ (ធុងទទេគ្មានប្រេង)។ លុះពេលយកបំពង់ខ្យល់ទៅបាញ់ទម្លុះធុងសាំង ដោយមិនបានមួលគម្របធុងជាមុន ទើបបណ្តាលឱ្យធុងសាំងនោះ បានផ្ទុះឡើងលាន់លឺកក្រើក និងបង្កឱ្យយុវជនរងគ្រោះ រងរបួសធ្ងន់ត្រង់ជើងខាងឆ្វេង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ៕