ខណៈដែលមហាជនជាច្រើនមើលឃើញថា មាស សុខសោភា កំពុងល្បីល្បាញខ្លាំងនៅទ្រនំថោន នោះ ស្រាប់តែពេលថ្មីៗនេះ នៅក្នុងជំនួបផ្ទាល់ជាមួយអ្នកសារព័ត៌មាន “នគរធំ” តារាចម្រៀងល្បីល្បាញរូបនេះ បានសារភាពថា នាងកំពុងពិចារណាចូលផលិតកម្មធំហង្សមាស ហើយ។
ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់ រវាងអ្នកសារព័ត៌មាន “នគរធំ” និងមាស សុខសោភា ៖
នគរធំ ៖ មហាជនជាច្រើនកំពុងចាប់អារម្មណ៍ គឺព័ត៌មានថា មាស សុខសោភា នឹងទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស ក្នុងពេលឆាប់ៗខាងមុខនេះ តើរហូតមកដល់ពេលនេះ អាចបញ្ជាក់ច្បាស់ៗបានទេថា សោភា នឹងទៅចូលហង្សមាស មែន ឬ100% មិនទៅហង្សមាស ទេ?
សោភា ៖ ចំពោះរឿងចូលហង្សមាស នេះ ខ្ញុំកំពុងតែពិចារណាហើយ។ យើងត្រូវការពេលវេលាគិតឱ្យបានច្បាស់លាស់ជាមុនសិន។ ខ្ញុំមានមិត្តភក្តិនៅទីនោះ (ហង្សមាស) គាត់ចង់ឱ្យខ្ញុំទៅហ្នុងដែរ ព្រោះគាត់ចង់ឃើញសកម្មភាពថ្មីៗរបស់យើងនៅឆ្នាំថ្មីនេះ ហើយខ្ញុំគិតថា ហង្សមាស ពេលនេះ គាត់ក៏មានការងារសិល្បៈច្រើនដែរ។ ប៉ុន្តែខ្ញុំត្រូវការលក្ខខណ្ឌរបស់ខ្ញុំដែរ គឺដូចខ្ញុំធ្លាប់ប្រាប់អ៊ីចឹងថា ខ្ញុំត្រូវការសិទ្ធិសេរីភាព។ ខ្ញុំយល់ថា បើហង្សមាស គាត់ចង់បានខ្ញុំមែន គាត់នឹងយល់ស្របតាមសំណើរបស់យើង ដែលចង់បានជាមិនខាន។
នគរធំ ៖ តើពេលណាសោភា អាចបញ្ជាក់បានថា រឿងទៅហង្សមាស ក្លាយទៅជាការពិត?
សោភា ៖ ដូចខ្ញុំថាអ៊ីចឹង បើលក្ខខណ្ឌយើងទាំងសងខាងត្រូវគ្នាហើយនោះ ទើបត្រូវគ្នាបាន។ តែបើយើងមិនទាន់និយាយគ្នាច្បាស់លាស់ អ៊ីចឹងមិនទាន់កំណត់ពេលវេលាបានទេ។ ខ្ញុំមានមិត្តភក្តិនៅហ្នុង គេចង់ឱ្យខ្ញុំទៅហង្សមាស មែន តែសំខាន់នៅលើការសម្រេចចិត្តរបស់យើងទេ ហើយខ្ញុំមើលឃើញហង្សមាស គាត់រីកចម្រើនដែរពេលហ្នឹង។
នគរធំ ៖ សំណួរចុងក្រោយ ទាក់ទងការច្រៀងនៅរដូវក្តៅនេះវិញ សោភា ត្រូវបានគេប៉ាន់ប្រមាណថា រកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ក្នុង1ខែៗ ព្រោះច្រៀងតាម Concert មិនក្រោម20កម្មវិធីទេ ក្នុង1ខែ អ៊ីចឹងតើអាចប្រាប់បានទេថា រកប្រាក់ចំណូលបានក្នុង1ខែៗប៉ុន្មានដែរ?
សោភា ៖ នៅខែក្តៅហ្នឹង ខ្ញុំអាចប្រាប់បានថា ខ្ញុំជាប់ច្រៀងកម្មវិធីគេ យ៉ាងហោចណាស់ពី15ទៅ20កម្មវិធីដែរ ក្នុង1ខែៗ។ អ៊ីចឹងប្រាក់ចំណូលវិញ បានច្រើនដែរ តែខ្ញុំមិនអាចសន្និដ្ឋានថាបានប៉ុន្មានទេ ព្រោះអីមានកម្មវិធីខ្លះតូច ខ្លះធំ អ៊ីចឹងយើងមិនអាចយកបានតម្លៃស្មើគ្នាបានទេ។ ខ្ញុំក៏ឆ្លៀតច្រៀងតាមកម្មវិធីសប្បុរសធម៌នានា ដោយមិនយកលុយផងដែរ ឱ្យតែទាក់ទងការងារជួយសង្គម គឺមិនគិតលុយទេ”