Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិលោក​​​​គិត ម៉េង ជំរុញ​ការ​​ស្ថាបនា​​​រោង​ចក្រ​​​អគ្គីសនី​​ពី​​ធ្យូង​ថ្ម 

លោក​​​​គិត ម៉េង ជំរុញ​ការ​​ស្ថាបនា​​​រោង​ចក្រ​​​អគ្គីសនី​​ពី​​ធ្យូង​ថ្ម 

បន្ទាប់ពីមានការប្រកាសថានឹងមានការវិនិយោគរោងចក្រផលិតអគ្គីសនីថ្មីមួយដើរដោយថាមពលធ្យូងថ្មក្រោមការបណ្ដាក់ទុនរបស់ក្រុមហ៊ុន Royal Group ពេលនេះមានការបញ្ជាក់ថាលោកគិត ម៉េង ជាប្រធានក្រុមហ៊ុននឹងធ្វើការជំរុញគម្រោងមួយនេះអោយបានលេចឡើងលឿនបំផុត ដើម្បីអោយរោងចក្រអគ្គីសនីមួយនេះអាចដំណើរការបាននៅដើមឆ្នាំ២០១៧។ នេះជាដំណឹងសម្រាប់ស្រទាប់មហាជនដែលចង់បានកំណើនអគ្គីសនីសម្រាប់ការអភិវឌ្ឍន៍ទឹកដីខេត្តព្រះសីហនុ បើទោះជាវត្តមានរោងចក្រអគ្គីសនីអាចជាការប៉ះពាល់ដល់បរិស្ថានដោយសារតែចំហាយធ្យូងថ្ម។

Eco

យោងការទម្លាយចេញពីក្រុមហ៊ុន Royal Group  របស់អ្នកឧកញ៉ាគិត ម៉េង កាលពីថ្ងៃទី២៥ កក្កដា បានអះអាងថា ក្រោមហ៊ុនរបស់ខ្លួនកំពុងសស្រាក់សស្រាំលើគម្រោងបើកដំណើរសាងសង់រោងចក្រផលិតថាមពលអគ្គីសនីធំមួយ ដើម្បីអោយកម្ពុជាមានថាមពលអគ្គីសនីគ្រប់គ្រាន់នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំផ្លូវការរបស់ក្រុមហ៊ុនត្រូវគេឃើញលើកឡើងពីការវិនិយោគដ៏ធំមួយនេះ ដោយគ្រោងដំឡើងការផលិតរហូតដល់កម្លាំង ៤៥០មេហ្គាវ៉ាត់ ដើម្បីអោយខេត្តព្រះសីហនុ មានភ្លើងប្រើប្រាស់អោយត្រូវនឹងតម្រូវនៃភាពជាក់ស្ដែង និងអាចលក់ចេញមកកាន់បណ្ដាខេត្តជិតខាងទៀត ក្នុងការជួយជំរុញអោយផ្នែកនិរតីនៅក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ខ្ពស់។ កិច្ចប្រជុំនោះត្រូវបានទម្លាយថាមានការចូលរួមប្រជុំដោយមន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គីសនីកម្ពុជាផងដែរ ដោយភាពជាក់ស្ដែងគឺគម្រោងផ្លូវការមិនយូរទៀតទេ ដោយសារតែក្រុមហ៊ុនរបស់លោកគិត ម៉េង ចង់សម្រេចផែនការមួយនេះអោយបានឆាប់បំផុត។ ក្នុងពេលទម្លាយចេញព័ត៌មានភ្លាមៗគេមិនបានដឹងថារោងចក្រផលិតថាមពលអគ្គសនីដែលគ្រោងដំឡើងនោះ នឹងធ្វើអោយសម្រេចនៅខេត្តព្រះសីហនុអោយប្រាកដនៅពេលណានោះទេ គឺទើបតែមុននេះប៉ុណ្ណោះ ដែលមានការបញ្ជាក់ថាលោកគិត ម៉េង នឹងពន្លឿនអោយបានរួចរាល់មិនហួសពីដើមឆ្នាំ២០១៧។

នៅលើគេហទំព័ររបស់អាជ្ញាធរអគ្គីសនីកម្ពុជា បានដកស្រង់សម្ដីរបស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថា រោងម៉ាស៊ីនទី៣នៃរោងចក្រអគ្គីសនីដើរដោយធ្យូងថ្មរបស់លោកគិតម៉េង នឹងដាក់អោយដំណើរការនៅដើមឆ្នាំក្រោយ។ ផេកដដែលបន្តថា រោងចក្រនេះនឹងក្លាយជារោងចក្រទី៣ដែលបានផលិតអគ្គីសនីពីថាមពលធ្យូងថ្ម នៅ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានរោងចក្រអគ្គីសនីបែបនេះចំនួន២រួចមកហើយត្រូវបានដំណើរការ។ យ៉ាងណាមិញ ក្រុមហ៊ុនរបស់លោកគិត ម៉េង គឺជាអ្នកធ្វើការវិនិយោគលើគម្រោងសាងសង់ថាមពលអគ្គីសនីកម្លាំងធំជាងគេ ថ្វីដែលតែគម្រោងរបស់លោកទើបនឹងបានលេចឡើងក្រោយគេក្នុងចំណោមគម្រោងផលិតអគ្គីសនីពីធ្យូងថ្មនៅកម្ពុជា។ ទន្ទឹមនឹងការប្រកាសផ្លូវការ មន្ត្រីប្រចាំក្រុមហ៊ុន Royal Group ក៏បានប្រកាសថាលោកគិត ម៉េង បានជំរុញអោយមានការស្ថាបនាអោយបានលឿនបំផុត ដោយសារតែលោកចង់អោយរោងចក្ររបស់ខ្លួនលេងឡើងមុនការគម្រោងទុក។ លោកក៏ត្រូវគេដឹងថាបានទំនាក់ទំនងអោយអ្នកជំនាញពីខាងក្រៅប្រទេសចុះមកដំឡើងម៉ាស៊ីននៅក្នុងគម្រោងទាំងមូលអោយកាន់តែល្អផងដែរ។ អ៊ីចឹងហើយទើបគេយល់ថាមិនយូរទៀតទេ រោងចក្រផលិតអគ្គីសនីពីធ្យូងថ្មធំមួយនឹងលេចឡើងឆាប់ៗ។

Eco1

យោងតាមការសិក្សាការដុតធ្យូងថ្មីអោយក្លាយជាចំហេះ និងក្លាយជាថាមពលអគ្គីសនី នឹងបង្កអោយប៉ះពាល់ធ្ងន់ធ្ងរដល់ស្រទាប់អូសូន និងជាពិសេសគឺប៉ះពាល់ដល់ខ្យល់សម្រាប់ការដកដង្ហើមរបស់ពលរដ្ឋរស់នៅជុំវិញតែម្ដង។ ពាក់ព័ន្ធនឹងបញ្ហានេះ មានការបញ្ចេញរបាយការរណ៍មកហើយថាការផលិតថាមពលអគ្គីសនីពីការដុតធ្យូងថ្ម មានផលប៉ះពាល់ចំពោះកម្ពុជាច្រើនជាងផលចំណេញ ជាពិសេសសម្រាប់គម្រោងផលិតអគ្គីសនីដែលមានកម្លាំងខ្លាំងរហូតដល់ជាង៤០០មេហ្គាវ៉ាត់បែបនេះ។ នៅតាមប្រទេសទំនើបមានការរំលាយចោលនូវការផលិតបែបនេះអស់ច្រើនមកហើយ ដោយគេងាកទៅផលិតអគ្គីសនីពីកម្លាំងខ្យល់ និងពីចំហាយទឹកជាជំនួសវិញ។ យ៉ាងណាក៏ដោយគម្រោងមួយនេះ ត្រូវបានគេឃើញលេចឡើង ដោយការស្ថាបនាគម្រោងដ៏ធំរបស់លោកឧកញ៉ា គិត ម៉េងថែមមួយគម្រោងទៀតនេះ នឹងកាន់តែធ្វើអោយមានការចាប់អារម្មណ៍បន្ថែមទៀតចំពោះក្រុមអ្នកសិក្សាពីផលប៉ះពាល់បរិដ្ឋាន។ ប៉ុន្តែសម្រាប់ប្រទេសដែលខ្វះថាមពលអគ្គីសនី និងនៅមានគម្របព្រៃឈើក្រាស់ ការបង្កើតរោងចក្រផលិតអគ្គីសនីពីធ្យូងថ្មនៅតែមានការពេញនិយមនៅឡើយទេ ដោយសារតែគម្រោងនេះបើធៀបនឹងគម្រោងផ្សេងៗ គឺចំណាយទុនតិចជាង ហើយសម្រាប់ការផ្គត់ផ្គង់ថាមពលអគ្គីសអោយមានកម្លាំងវ៉ាត់ខ្លាំងក៏មិនមាននូវបញ្ហាចោទ ដោយសារតែធ្យូងថ្មសំបូរនៅតាមប្រទេសធំៗ ហើយតម្លៃក៏មិនចោទដូចវត្ថុធាតុដើមផ្សេងៗសម្រាប់យកមកផលិតថាមពលអគ្គីសនី។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកនៅលើទឹកដីខេត្តព្រះសីហនុ មានវត្តមានរោងចក្រអគ្គីសនីពីធ្យូងថ្មចំនួន២ទីតាំងមកហើយ បើទោះជារោងចក្រទាំងនោះ មានកម្រិតផលិតថាមពលអគ្គីសនីជាទ្រង់មិនទាន់កម្លាំងវ៉ាត់ច្រើននៅឡើយ។ រោងចក្រទាំងនោះរួមមាន រោងចក្រ CIIDG របស់លោកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាកម្ពុជា ដែលសហការជាមួយក្រុមហ៊ុនចិនឈ្មោះ ErdosHungjun Electric Powerមានកម្លាំង ២៧០មេហ្គាវ៉ាត់ និងរោងចក្រ Leader Universal Honding របស់ម៉ាឡេស៊ី ដែលមានកម្លាំង១០០មេហ្គាវ៉ាត់។ បើទោះជាចំហេះធ្យូងថ្ម ត្រូវបានគេអះអាងថាបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើម និងមានការបំពុលខ្យល់នៅក្នុងតំបន់ជំវិញ ប៉ុន្តែក្រុមអ្នកជំនាញបញ្ជាក់ថា ស្ថានភាពដែលបានប៉ះពាល់គឺនៅតិចជាងតម្រូវការថាមពលអគ្គីសនីនៅកម្ពុជានៅឡើយទេ ទើបរដ្ឋាភិបាលសម្រេចអោយមានការវិនិយោគ៕

ប៉េង លី

RELATED ARTICLES