ភ្នំពេញ ៖ ការប្រមូលពន្ឋរបស់អគ្គនាយកដ្ឋានពន្ឋដា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបានកំណើនលើសផែនការដែលបានដាក់ចេញដោយរដ្ឋាភិបាល បើទោះបី ជាកម្ពុជាខាតបង់ប្រាក់ចំណូលជាង២០០លានដុល្លារ ដោយសារការចូលសមាហរណកម្មអាស៊ានជាមួយប្រទេសក្នុងតំបន់ក្តី។
ឯកឧត្តមវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថារដ្ឋាភិបាលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គៀងគរចំណូលឲ្យបាន១៧.៥ភាគរយ នៃផលទុនជាតិសរុបនៅឆ្នាំ២០១៨ ប៉ុន្តែកម្ពុជាបានប្រមូលចំណូលបានលើសផែនការ ជាក់ស្តែងគិតត្រឹមឆ្នាំ២០១៥កន្លងមកនេះកម្ពុជាបានគៀងគរចំណូលពន្ឋបានរហូតលដល់១៨ភាគរយ។ឯកឧត្តមបន្តថា តាមរយៈការកែទម្រង់ការប្រមូលពន្ឋ បានធ្វើឲ្យប៉ះពាល់ដល់អ្នកមួយចំនួន ប៉ុន្តែយើងនៅ តែសម្រេចបាន ហើយរដ្ឋាភិបាលបាននិងកំពុងរៀបចំប្រព័ន្ឋពន្ឋដាថ្មីមួយនៅឆ្នាំ២០១៩ខាងមុខនេះ។
ឯកឧត្តមបន្តថា “ការចូលជាសមាជិកអាស៊ាន បានធ្វើឲ្យកម្ពុជាខាតបង់ប្រាក់ ពន្ឋ២០០លានដុល្លារអាមេរិក ប៉ុន្តែវាមិនចោទជាបញ្ហាធំដល់កម្ពុជានោះទេ ដោយសារក្រសួងបានត្រៀមខ្លួន និងចាត់ចែងការងារបានល្អ”។
ទោះជាយ៉ាងណា ឯកឧត្តមវង្សី វិស្សុតបានបង្ហើបឲ្យដឹងផងដែរថា រដ្ឋាភិបាលមានសម្ពាធថវិកាមួយចំនួន ទាក់ទងនឹងការដំឡើងប្រាក់ខែដល់មន្រ្តីរាជការ ប៉ុន្តែការបែងចែកផលបានដល់ដៃប្រជាពលរដ្ឋបានប្រសើរជាងមុន”។ឯកឧត្តមបានបន្តទៀតថា “ក្រសួងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អ គ្រប់គ្រងអតិថិផរណា និងអត្រាប្តូរប្រាក់មានស្ថិរភាពល្អ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំនើនដោយរឹងមាំ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជាត្រូវប្រុងប្រយ័ត្ន និងរឹតបន្តឹងខ្សែក្រវ៉ាត់ឲ្យបានល្អ។
ឯកឧត្តមវង្សី វិស្សុតបានបន្តថា ការប្រមូលពន្ឋបានល្អ មួយផ្នែកធំបានមកពីកិច្ចខិតខំប្រឹងប្រែង ក្នុងការកែទម្រង់ និងដាក់ចេញនូវយន្តសាស្រ្តគៀងគរចំណូលរបស់អគ្គនាយកដ្ឋានពន្ឋដា ក៏ដូចជាទំហំនៃការធ្វើពាណិជ្ជកម្ម និងសេវាកម្មនៅកម្ពុជាមានកំនើនខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកម៉ក់ វិចិត្រសក្កដាសេដ្ឋវិទូប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ចំណូលពីការប្រមូលពន្ឋរបស់យើងនឹងនៅឆ្នាំនេះ នឹងសម្រេចបានតាមផែនការ ដោយសារស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសអាជីវកម្មកាន់តែមានភាពល្អប្រសើរ និងអនុលោមតាមការបង់ពន្ឋ និងវប្បធ៌មនៃការបង់ពន្ឋរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការយល់ដឹងប្រសើរជាងមុន ដែលធ្វើឲ្យពន្ឋប្រមូលបានមានការកើនឡើងជាលំដាប់។
លោកបន្តថា ការប្រមូលពន្ឋរបស់រដ្ឋាភិបាលមិនត្រឹមកើនឡើងតែក្នុងស្រុកនោះទេ ជាក់ស្តែងការប្រមូលពន្ឋរបស់កម្ពុជា ទាក់ទងនឹងការធ្វើពាណិជ្ជកម្មអន្តរជាតិបានកើនឡើង១៦.២ភាគរយផងដែរនៅក្នុងឆមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
គង់ លាងហួរ