Saturday, April 20, 2024
Homeសេដ្ឋកិច្ចជាតិកម្ពុជា​គ្រោង​ដំឡើង​ប្រព័ន្ធ​ផលិត​អគ្គីសនី​ពីកាក​អំពៅ

កម្ពុជា​គ្រោង​ដំឡើង​ប្រព័ន្ធ​ផលិត​អគ្គីសនី​ពីកាក​អំពៅ

ក្នុងពេលដ៏ខ្លីខាងមុខប្រទេសកម្ពុជានឹងដំឡើងប្រព័ន្ធកែច្នៃជាថាមពលអគ្គីសនីពីការដុងកាកអំពៅធំមួយ បន្ទាប់ពីរោងចក្រស្ករសនៅក្នុងខេត្តព្រះវិហារមានលទ្ធផលបន្សល់នូវកាកអំពៅរហូតដល់២ម៉ឺនតោនជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ គេមិនទាន់ដឹងថារោងចក្រដែលគ្រោងនឹងដំឡើងនោះ តើនឹងត្រូវចាប់ផ្ដើមនៅពេលណាអោយប្រាកដនៅឡើយទេ ដោយកិច្ចការគម្រោងនេះស្ថិតនៅត្រឹមតែជាការជជែកគ្នាប៉ុណ្ណោះ។

mauritius_sugar-cane

យោងតាមតាមជជែកពិភាក្សារវាងក្រសួងរ៉ែ និងថាមពលកាលពីសប្ដាហ៍ គឺមិនយូរទៀតទេប្រទេសកម្ពុជានឹងមានរោងចក្រកែច្នៃថាមពលអគ្គីសនីធំមួយពីការដុតកាកអំពៅ ដែលរោងចក្រនេះនឹងគ្រោងដំឡើងដោយអគ្គីសនីកម្ពុជានៅខេត្តព្រះវិហារដោយផ្ទាល់។ នេះជាការវិវឌ្ឍន៍មួយថ្មី បន្ទាប់នៅក្រៅប្រទេសគេឃើញប្រព័ន្ធបំលែងថាមពលពីការដុតកាកអំពៅ ទទួលបានជោគជ័យក្នុងការផ្គត់ផ្គង់ចរន្តអគ្គីសនី ជំនួសអោយប្រេងឥន្ធនៈ និងទីតាំងដែលមិនអាចសាងសង់ជាទំនប់វារីអគ្គីសនីដើម្បីផ្គត់ផ្គង់ថាមពលអគ្កីសនីបាន។ ព័ត៌មានដែលបានទម្លាយចេញបានអះអាងថា កម្ពុជានឹងដំឡើងរោងចក្រផលិតថាមពលអគ្គីសនីពីការដុតកាកអំពៅក្នុងកម្រិត៤០មេហ្គាវ៉ាត់ ដោយសារតែបរិមាណដែលសល់ពីការធ្វើស្ករចំនួន២ម៉ឺនតោនក្នុងមួយថ្ងៃរបស់ក្រុមហ៊ុនធ្វើស្ករនៅខេត្តព្រះវិហារ នឹងអាចធ្វើការផលិតថាមពលក្នុងកម្រិតប៉ុណ្ណឹង។ គម្រោងនេះ ត្រូវគេឃើញមានការអបអរសារទរ ហើយក៏មានការចាប់ពេញចិត្តពីសំណាក់ក្រុមហ៊ុន RuiFeng (Cambodia) International Company Ltd, ដែលទើបនឹងបានដំណើរការផលិតករស្ករនៅខេត្តព្រះវិហារនោះផងដែរ បន្ទាប់ពីកាកសំណល់ដែលសល់ពីការធ្វើស្ករជារៀងរាល់ថ្ងៃ ត្រូវបានកំទេច ឬកប់ចោលដោយមិនមានប្រយោជន៍។ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរអគ្គីសនីកម្ពុជា គឺជាអ្នកចចារសុំទិញកាកសំណល់ទាំងនេះ ដើម្បីយកមកដុតហើយច្នៃជាថាមពលអគ្គីសនីដើម្បីផ្គត់ផ្គង់នៅក្នុងរោងចក្រនេះវិញ និងចែកចាយដល់តំបន់មួយចំនួននៅខេត្តព្រះវិហារ។ ទំហ៊ំអគ្គីសនីដែលផលិតបានរហូតដល់៤០មេហ្គាវ៉ាត់នេះ ត្រូវបានមន្ត្រីទម្លាយព័ត៌មានអះអាងថា នឹងជួយអោយមានការកាត់បន្ថយការផលិតអគ្គីសនីពីប្រេងឥន្ធនៈបានចំនួនធំនៅរដូវក្ដៅដែលមានបម្រើបម្រាស់ចរន្តអគ្គីសនីខ្លាំង ឬបើនៅតែរក្សាការផលិតថាមពលពីប្រេងឥន្ធនៈ ដោយមិនមានការកាត់បន្ថយ ក៏នឹងធ្វើអោយខេត្តព្រះវិហារមានចរន្តអគ្គីសនីតម្លៃទាបជាងបច្ចុប្បន្នដើម្បីប្រយោជន៍ខេត្តនេះទាំងមូល។ បើទោះមិនទាន់បញ្ជាក់អោយបានច្បាស់ថាគម្រោងដំឡើងប្រព័ន្ធផលិតថាមពលអគ្គីសនីពីកាកអំពៅនឹងត្រូវកំណត់ឡើងនៅពេលណា ប៉ុន្តែក្រោយកិច្ចចចារ ដែលខាងរោងចក្រស្ករសយល់ព្រមផ្គត់ផ្គង់កាកអំពៅអោយក្នុងមួយ២ម៉ឺនតោន គឺដំណើរការរោងចក្រនឹងកើតចាប់ៗក្នុងពេលដ៏ខ្លី។ មានការទម្លាយថាអាជ្ញាធរអគ្គីសនីកម្ពុជានឹងទទួលលើកិច្ចការនេះ ប៉ុន្តែរដ្ឋក៏អាចប្រគល់សិទ្ធិអោយក្រុមហ៊ុនណាមួយធ្វើការវិនិយោគលើគម្រោងនេះផងដែរ ដើម្បីអោយល្បឿននៃការវិនិយោគមានដំណើរការលឿន។

NyaSugar0403hs

មន្ត្រីអគ្គីសនីកម្ពុជាដែលទទួលបានការចចារលើកកិច្ចការនេះ បានអះអាងថាការផលិតថាមពលពីកាកអំពៅ នឹងជួយអោយប្រទេសកម្ពុជាទទួលផលច្រើន ទាំងបរិស្ថាន និងទាំងធ្វើអោយការផលិតថាមពលពីប្រេងឥន្ធនៈកាត់បន្ថយ។ ថាមពលនេះ ត្រូវបានគេប៉ាន់ស្មានថានឹងផ្គត់ផ្គង់ថាមពលអគ្គីសនីបានមួយចំនួនធំនៅរដូវប្រាំងដែលរោងចក្រស្ករសធ្វើការផលិតស្ករច្រើនៗជារៀងរាល់ថ្ងៃនោះ ហើយបើទោះជាក្នុងរដូវវស្សាមានការកាត់បន្ថយការផលិតក៏នឹងនៅតែធ្វើអោយដំណើរការដុតកាកអំពៅជាថាមពលអគ្គីសនីនៅបន្តដើម្បីជាប្រយោជន៍ទាំងមូល។ មន្ត្រីអគ្គីសនីកម្ពុជាបានអះអាងថាជាធម្មតារោងចក្រស្ករសគឺមានសកម្មភាពផលិតស្ករខ្លាំងតែក្នុងរដូវប្រាំងប៉ុណ្ណោះ  ដែលក្នុងមួយថ្ងៃគឺមានកាកអំពៅរហូតដល់២ម៉ឺនតោនសម្រាប់លក់អោយអគ្គីសនីកម្ពុជា។ ដោយឡែកសម្រាប់រដូវវស្សាសកម្មភាពផលិតនឹងអាចកាត់បន្ថយឬផ្អាកមិនទៀងទាត់។ ប៉ុន្តែមិនមានន័យរោងចក្រផលិតអគ្គីសនីពីកាកអំពៅនឹងត្រូវបាត់បង់សកម្មភាពនៅខែវស្សានោះទេ ដោយសារតែភាពជាក់ស្ដែង គឺកាកអំពៅដែលបានប្រមូលទិញនឹងត្រូវទុកប្រើនៅរដូវវស្សា ហើយការផលិតអគ្គីសនីពីកាកអំពៅទៀតសោតក៏នឹងមិនផលិតរហូតដល់៤០មេហ្គាវ៉ាត់ភ្លាមៗនោះដែរ គឺនឹងផលិតផ្អែកតាមតម្រូវការនៅក្នុងតំបន់ដែលត្រូវការផ្គត់ផ្គត់នោះតែប៉ុណ្ណោះ ទើបកាកអំពៅដែលប្រមូលក្នុងមួយថ្ងៃ២ម៉ឺនតោន នឹងត្រូវសល់ច្រើនសម្រាប់ផ្គត់ផ្គង់ខែវស្សាដែលមានការធ្លាក់ចុះកាកអំពៅសម្រាប់ផលិតជាថាមពលអគ្គីសនីនោះ។

bagasse04

គួរបញ្ជាក់ផងដែរថានេះជាគម្រោងលើកដំបូងនៅក្នុងប្រទេសកម្ពុជាដែលចេញមុខបង្កើតរោចចក្រ ឬប្រព័ន្ធថាមពលអគ្គីសនីដោយផ្ទាល់ពីអាជ្ញាធរអគ្គីសនីកម្ពុជា សម្រាប់ការកែច្នៃកាកអំពៅអោយក្លាយជាថាមពលអគ្គីសនី។ ការដាក់ចេញនូវផែនការនេះ គឺ បន្ទាប់ពីលើពិភពលោកគេគេមានការផលិតអគ្គីសនីបែបនេះយ៉ាងជោគជ័យយូរមកហើយ ក្នុងពេលអាជ្ញាធរអគ្គីសនីកម្ពជា ក៏កត់សម្គាល់ថារោងចក្រ ផលិតស្ករសនៅខេត្តព្រះវិហារ ក៏មានលទ្ធផលផ្គត់ផ្គង់កាកអំពៅរហូតដល់២ម៉ឺនក្នុងមួយថ្ងៃ។ មកទល់ពេលនេះ មានការបញ្ជាក់ថាគម្រោងបោះទុនស្ថិតក្នុងការអនុម័ត ដែលរដ្ឋអាចបោះកញ្ចប់ប្រាក់ផ្ទាល់ខ្លួនដំឡើងជារោងចក្រ ឬផ្ដល់សិទ្ធិអោយក្រុមហ៊ុនណាមួយដំឡើងប្រព័ន្ធកែច្នៃនោះ ដើម្បីអោយការផលិតថាមពលអគ្គីសនីពីកាកសំណល់លេចឡើងឆាប់៕

ដោយ ៖ ប៉េង លី

RELATED ARTICLES