Wednesday, April 24, 2024
Homeបរិយាយឃាត​កម្ម​កែម ឡី ល្បី​ដូច​អៀវ កើស

ឃាត​កម្ម​កែម ឡី ល្បី​ដូច​អៀវ កើស

ពិធីបុណ្យបញ្ចុះសពលោកបណ្ឌិតកែម ឡី បានបញ្ចប់ក្រោមបរិយាកាសក្តុកក្តួលរំជួលចិត្តពីសំណាក់អ្នកចូលរួម សូម្បី អន្តរជាតិ ក៏តាមដានហេតុការណ៍នេះដែរ។ ករណីឃាតកម្មបណ្ឌិតកែម ឡី ល្បីរន្ទឺដូចលោកអៀវ កើស អតីតមន្ត្រីជាន់ខ្ពស់ កម្ពុជា កាលពីឆ្នាំ១៩៥០ ធ្វើឱ្យផ្អើលពិភពលោកដូចគ្នា ដែល “នគរធំ” សូមលើកយកឃាតកម្មទាំងពីរនេះមកបរិយាយ ចែកជូនមិត្តអ្នកអាន ជាពិសេសយុវវ័យស្រករក្រោយ ឱ្យបានជ្រាបនៅពេលនេះ…។

ទោះបីជាពលរដ្ឋកម្ពុជា ភាគច្រើនកើតមិនទាន់សម័យកាលលោកអៀវ កើស ក៏ដឹងស្រពេចស្រពិលតាមរយៈឯកសារ នានា ក៏ដូចជាការរៀបរាប់របស់ចាស់ៗដែលមានវ័យចាប់ពី៧០ឆ្នាំឡើងទៅ។ លោកអៀវ កើស កើតនៅឆ្នាំ១៩០៥ ស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ជាកូនទោល មានឪពុកឈ្មោះអៀវ ហេង ម្តាយឈ្មោះអ្នកស្រីទឹក។ កាលនៅវ័យ កុមារ លោកបានចូលរៀននៅសាលាវត្តកណ្តាល និងសាលាបឋមសិក្សាក្រុងបាត់ដំបង បន្ទាប់មក ក៏ចូលរៀនបន្តនៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ លោកប្រឡងជាប់លេខ១ ត្រូវរាជការបញ្ជូនទៅរៀនយកសញ្ញាបត្រឧត្តមសិក្សា នៅក្រុងហាណូយ និងបន្តទៅរៀននៅប្រទេសបារាំង ចាប់យកឯកទេសខាងពាណិជ្ជកម្ម។ វិលមកស្រុកកំណើតវិញ នាទសវត្ស ឆ្នាំ១៩៤០ លោកអៀវ កើស បានរៀបការជាមួយភរិយាឈ្មោះគឹម សិរី ដោយបង្កើតបានកូន២នាក់ ក្នុងនោះមានលោក អៀវ ប៉ុណ្ណាការ អតីតប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ម្នាក់ដែរ។ នាឆ្នាំ១៩៤៥ លោកត្រូវ បានទទួលការតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច ប៉ុន្តែ លោកនិងភរិយា ក៏មានមុខរបរឯកជនជាម្ចាស់ ឱសថស្ថានមួយ និងកម្មន្តសាលធ្វើសាប៊ូ។ ឆ្នាំ១៩៤៦ លោកបានដឹកនាំ “គណបក្សប្រជាធិបតេយ្យ” បន្តមរតកពីព្រះអង្គ- ម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលសុគត ដើម្បីចូលរួមក្នុងការបោះឆ្នោត និងបានទទួលអាសនៈច្រើនជាងគេ។ នាឆ្នាំ១៩៤៧ ដល់ ១៩៤៩ លោកអៀវ កើស បានក្លាយជាប្រធានរដ្ឋសភា និងជាអ្នកតែងរដ្ឋធម្មនុញ្ញទី១ ឆ្នាំ១៩៤៧ ដាក់ប្រទេសកម្ពុជា ទៅ ក្នុង “របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ”។ លោកធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី បាន៨ថ្ងៃដែរ គិតពីថ្ងៃទី២០ កញ្ញា ដល់ថ្ងៃទី២៨ កញ្ញា ឆ្នាំ១៩៤៩ ខណៈដែលកម្ពុជា មានការព្យួររដ្ឋធម្មនុញ្ញ។ ជាអកុសល លោកត្រូវឃាតករអប្រិយគប់ គ្រាប់បែកធ្វើឃាត នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ ធ្វើឱ្យរញ្ជួយដល់ពិភពលោក។

ស្តីពីឃាតកម្មដ៏សាហាវនោះ លោកប៊ុណ្ណ ច័ន្ទម៉ុល អតីតអ្នកទោសនយោបាយគុកកោះត្រឡាច និងជាសហការីរបស់ លោកអៀវ កើស បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” ថា “លោកអៀវ កើស ប្រធានគណបក្សប្រជាធិបតេយ្យ ប្រធាន សភាជាតិ ត្រូវបានជនម្នាក់គប់គ្រាប់បែកធ្វើឃាតលោក នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ លេខ៦៧ ផ្លូវឧកញ៉ាផ្លុង កាច់ជ្រុងវិថីព្រះនរោត្តម សព្វថ្ងៃ ដែលកាលនោះមានលោកយ៉ែម សំបូរ ជានាយករដ្ឋមន្ត្រី។ នៅពេលគេសម្លាប់លោកអៀវ កើស បានសម្រេចហើយ គេបែរជាទៅចាប់សមាជិក “គណបក្សសេរីភាព” ម្នាក់ ឈ្មោះនូ យ៉ា នៅបឹងប្រយាប យកមក វាយសួរចម្លើយ ឱ្យឆ្លើយថា ខ្លួនពិតជាឃាតករធ្វើឃាតលោកអៀវ កើស។ កាលនោះអ្នកភ្នំពេញ ខ្សឹបខ្សៀវគ្នាថា “នយោបាយនេះឆើតណាស់ ទាត់មួយបានពីរតែម្តង” បានសេចក្តីថា គេសម្លាប់មេប្រជាធិបតេយ្យហើយ គេដដែលហ្នឹង ធ្វើឱ្យ ខាងគណបក្សសេរីភាព នោះជាប់រឿងរ៉ាវទៅដែរ (បក្សសេរីភាព មានទ្រង់នរិន្ទដេត ជាប្រធាន និងជាមិត្តភក្តិរបស់លោក អៀវ កើស)។ ពិធីបុណ្យសពលោកអៀវ កើស គគ្រឹកគគ្រេងសម្បើមណាស់ ដោយមានប្រជាពលរដ្ឋ មន្ត្រីរាជការរាប់ពាន់ នាក់ ចូលរួមហែសពនៅថ្ងៃទី២២ មករា ឆ្នាំ១៩៥០ (តម្កល់សពទុក១សប្តាហ៍) ដោយហែចេញពីគេហដ្ឋានសព នៅតីរវិថី ព្រះស៊ីសុវត្ថិ យកទៅធ្វើឈាបនកិច្ចនៅវត្តបទុមវតី…”។ លោកប៊ុណ្ណ ច័ន្ទម៉ុល បានសរសេរទៀតថា “លោកអៀវ កើស បាត់បង់ជីវិតទៅ តើស្មារតីស្រឡាញ់លទ្ធិប្រជាធិបតេយ្យ របស់រាស្ត្រខ្មែរចុះថយឬ? មិនមែនទេ! រាស្ត្រខ្មែរនៅតែមានស្មារតី ភ្លឺថ្លាឡើងមួយកម្រិតទៀត…”

បើយកករណីឃាតកម្មលោកអៀវ កើស មកប្រៀបធៀបនឹងឃាតកម្មបណ្ឌិតកែម ឡី យើងឃើញថា ប្រហាក់ប្រហែល គ្នា ប៉ុន្តែខុសត្រង់លោកអៀវ កើស ជានាហ្មឺនជាន់ខ្ពស់ ជាប្រធានគណបក្ស ឯលោកបណ្ឌិតកែម ឡី ជាអ្នកវិភាគសង្គម ពុំមែន ជាឥស្សរជន។ មរណភាពលោកអៀវ កើស ល្បីខ្ទរខ្ទារពេញពិភពលោក ដោយសារសម័យនោះ ចាប់ផ្តើមមានវិទ្យុផ្សាយ សំឡេង ប៉ុន្តែមិនទាន់មានទូរទស្សន៍ ឬហ្វេសប៊ុកដូចសព្វថ្ងៃនេះទេ។ អ្វីដែលមានលក្ខណៈស្រដៀងគ្នា គឺសមត្ថកិច្ចចាប់បាន ឃាតករឈ្មោះនូ យ៉ា សមាជិកគណបក្សសេរីភាព ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាធិបតេយ្យ ហើយអ្នកគោរព ស្រឡាញ់ លោកអៀវ កើស មិនព្រមជឿ ក៏ដូចសមត្ថកិច្ចចាប់បានឃាតករឈ្មោះជួប សម្លាប់ ដែលសារភាពថាជាអ្នកបាញ់សម្លាប់ លោកកែម ឡី ព្រោះរឿងជំពាក់លុយ៣០០០ដុល្លារមិនសង ហើយអ្នកគាំទ្រលោកបណ្ឌិតកែម ឡី មិនព្រមជឿ។ ទោះយ៉ាងណា សាធារណជនសង្កេតឃើញថា ការដង្ហែសពលោកបណ្ឌិតកែម ឡី ដែលអ្នករាយការណ៍ព័ត៌មានអះអាងថា មានចំនួន ដល់ទៅ២លាននាក់នោះ ខ្លាំងជាងការហែសពលោកអៀវ កើស ដែលមានអ្នកចូលរួមខ្ទង់ពាន់នាក់ប៉ុណ្ណោះ។ មានន័យថា មនុស្សសម័យនេះ បានឱ្យតម្លៃទៅលើការវិភាគសង្គមរបស់បណ្ឌិតកែម ឡី ដែលហ៊ាននិយាយពិត និយាយត្រង់ ប៉ុន្តែគោលជំហរបណ្ឌិតកែម ឡី ដើរតាមការត្រួសត្រាយមាគ៌ាប្រជាធិបតេយ្យ ពីលោកអៀវ កើស ដែលធ្លាប់ប្រឆាំងបារាំង។

ឃាតកម្មមនុស្សល្បីទាំងពីររូបនេះ ត្រូវបានអ្នកនយោបាយឆ្លើយដាក់គ្នា លាបពណ៌គ្នា ក្លាយជាវប្បធម៌ទៅហើយ ពោលគឺ ទោះបីជាសមត្ថកិច្ចរដ្ឋាភិបាល ដែលមានលោកយ៉ែម សំបូរ ជានាយករដ្ឋមន្ត្រី ចាប់បានឃាតករឈ្មោះនូ យ៉ា ក៏លោកប៊ុណ្ណ ច័ន្ទម៉ុល មិនព្រមជឿ ដោយលោកបានសរសេរថា ជាល្បិចពួកផ្តាច់ការ “ទាត់មួយត្រូវពីរ” បានន័យថា លោកប៊ុណ្ណ ច័ន្ទម៉ុល ក៏ដូចជា សមាជិកគណបក្សប្រជាធិបតេយ្យ ចោទប្រកាន់ថា រដ្ឋាភិបាលលោកយ៉ែម សំបូរ នៅពីក្រោយការសម្លាប់នោះ បានទាំងដៀមដាមដល់សម្តេចឪ ដែលកាលនោះ ជាព្រះមហាក្សត្រ ទៀតផង។ ចំណែកឃាតកម្មបណ្ឌិតកែម ឡី ត្រូវបាន លោកសម រង្ស៊ី មេបក្សប្រឆាំង ចោទប្រកាន់ថា រដ្ឋអំណាចនៅពីក្រោយការសម្លាប់នោះ ប៉ុន្តែ មន្ត្រីរាជរដ្ឋាភិបាល បាន ច្រានចោល និងសុំឱ្យលោកសម រង្ស៊ី បង្ហាញភ័ស្តុតាង។ រីឯអ្នកគាំទ្របក្សកាន់អំណាច សង្ស័យថា លោកសម រង្ស៊ី និង លោកកឹម សុខា នៅពីក្រោយឃាតករ ខណៈដែលអង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចជាអ្នកគាំទ្របក្សប្រឆាំង និងអន្តរជាតិខ្លះ ស្នើយ៉ាងទទូចឱ្យសមត្ថកិច្ចរាជរដ្ឋាភិបាល ចាប់ឃាតករពិត និងអ្នកនៅពីក្រោយមកកាត់ទោស ព្រោះពួកគេមិន ជឿឃាតករឈ្មោះជួប សម្លាប់ ដែលសមត្ថកិច្ចចាប់បាន។

ដូច្នេះយើងឃើញថា “ឃាតកម្មបណ្ឌិតកែម ឡី ល្បីរន្ទឺដូចលោកអៀវ កើស” ដែលបុព្វការីជននោះត្រូវគេសម្លាប់ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ១៩៥០ ដោយគ្រាប់បែក ចំណែកបច្ឆាជន ត្រូវគេសម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយគ្រាប់ កាំភ្លើង។

សរុបទៅ “ឃាតកម្មពីរនេះ តើឃាតករនិងអ្នកនៅពីក្រោយបានចំណេញអ្វីខ្លះ?” គឺចំណេញត្រង់ធ្វើឱ្យមានភាពក្តៅក្រហាយ កើតឡើង នាំឱ្យខ្មែរនិងខ្មែរមើលមុខគ្នាលែងត្រង់តែប៉ុណ្ណោះ។ ហេតុនេះគួរតែអ្នកនយោបាយគ្រប់និន្នាការ ក៏ដូចជាអ្នកគាំទ្រ នយោបាយដែលមាននិន្នាការ២ គឺ “ប្រឆាំង និងមិនប្រឆាំង” កុំលាបពណ៌គ្នា ដោយព្យាយាមលុបបំបាត់គំនុំសងសឹក យក ពុទ្ធភាសិត “ពៀររម្ងាប់ដោយការមិនចងពៀរ” មកអនុវត្ត ទើបមាតុភូមិកម្ពុជា មានឯកភាពជាតិ និងស្ថិរភាព មិនធ្លាក់ទៅ ក្នុងភាពជ្រួលច្របល់ ខ្វះសណ្តាប់ធ្នាប់៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES