ខេត្តសៀមរាប ៖ ស្ត្រីជើងល្អម្នាក់ បានទិញទំព័រហ្វេកប៊ុក ឈ្មោះលេងយ៉ាន់ឡាន Rim-CaR SHOP យកមកប្រើប្រាស់ និងបានធ្វើសកម្មភាពឆបោក តាមរយៈការបង្ហោះលក់យ៉ាន់ឡាន រួចតម្រូវឱ្យអ្នកទិញផ្ញើប្រាក់មកឱ្យខ្លួនមុន ចាប់ពី៥០ដុល្លារ ដល់២៤០ដុល្លារ តែតាមពិតគ្មានទំនិញប្រគល់ឱ្យភ្ញៀវនោះទេ ដោយស្ត្រីនេះ បានឆបោកជនរងគ្រោះ បានរាប់សិបនាក់ ក្នុងរយៈពេល២ឆ្នាំ (គិតចាប់តាំងពី ឆ្នាំ២០២៣) ទីបំផុតត្រូវអស់លក្ខណ៍ ដោយកម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប ស្រាវជ្រាវបង្ក្រាបបាន នាំយកមកចាត់ការតាមច្បាប់។

ស្ត្រីសង្ស័យដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះសៀង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀង សុគន្ធា នៅចំណុចហាងវីង ដកប្រាក់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ តាមអន ឡាញ តាមបណ្តឹងរបស់ជនរងគ្រោះ ថាមានជនសង្ស័យម្នាក់ ជាជនរកស៊ីឆបោកតាមអនឡាញ ដោយបានទិញទំព័រហ្វេសប៊ុក «លេងយ៉ាន់ឡាន Rim-CaR SHOP» ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឱ្យអតិថិជន។

ក្រោមវិធានការជំនាញ ជនសង្ស័យឈ្មោះសៀង សុគុន្ធា បានឆ្លើយសារភាពថា នៅក្នុងអំឡុងឆ្នាំ២០២៣ រូបខ្លួនបានទិញផេកហ្វេសប៊ុក ឈ្មោះ «លេងយ៉ាន់ឡាន Rim CaR Shop» ដើម្បីលក់សម្ភារៈតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឱ្យអ្នកបញ្ជាទិញនោះទេ រហូតដល់ឆ្នាំ២០២៥ សរុបមានអ្នកបញ្ជាទិញរាប់សិបនាក់ មិនចាំឈ្មោះ បានផ្ញើប្រាក់ដើម្បីបញ្ជាទិញសម្ភារៈរថយន្ត តាមទំព័រហ្វេសប៊ុក របស់ខ្លួន ប៉ុន្តែខ្លួនមិនបានផ្ញើទំនិញឱ្យទៅអតិថិជននោះឡើយ ដោយក្នុងអតិថិជនម្នាក់ (មួយគណនី) បានផ្ញើទឹកប្រាក់ចន្លោះពី ៥០ដុល្លារ ទៅ២៤០ ដុល្លារ ក្រោយពីរូបខ្លួនទទួលបានប្រាក់រួច ខ្លួនបានបិទលេខទំនាក់ទំនង និងមិនបានផ្ញើទំនិញទៅឱ្យអ្នកបញ្ជាទិញនោះទេ។ រហូតនៅថ្ងៃកើតហេតុ រូបខ្លួនបានទៅដកប្រាក់ដែលអតិថិជនផ្ញើមកនៅហាងវីង ១កន្លែង នៅទីតាំងខាងលើ ក៏ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប ចុះឃាត់ខ្លួនតែម្តង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕