Friday, April 26, 2024
Homeព័ត៌មានជាតិសាហាវណាស់ ​! ​ជិះ​ម៉ូតូ​ស្លាក​លេខ​នគរ​បាល ​ស្ពាយ​AK​ ​មក​រក​បាញ់​បោះ​ ផ្អើល​ហាង​ THE CORNER ​

សាហាវណាស់ ​! ​ជិះ​ម៉ូតូ​ស្លាក​លេខ​នគរ​បាល ​ស្ពាយ​AK​ ​មក​រក​បាញ់​បោះ​ ផ្អើល​ហាង​ THE CORNER ​

ភ្នំពេញ៖ មនុស្សមួយក្រុម មានទាំងនគរបាលស្លៀកឯកសណ្ឋាន ២នាក់ទៀត បានស្ពាយកាំភ្លើង AK ហើយស្រែកថា «អញមកពីអគ្គ…» មកគំរាមបាញ់រះទៅភ្ញៀវ ដែលជាគូជម្លោះនៅក្នុងហាងផឹកស៊ី ពេលរាត្រីយីហោ THE CORNER  ធ្វើឲ្យទាំងម្ចាស់ហាង និងភ្ញៀវ ព្រមទាំងប្រជាពលរដ្ឋនៅក្បែរហាង ភ័យឡើងព្រលឹងចុងសក់ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រា ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅយប់មិញនេះ ខណៈគាត់កំពុងស្ថិតនៅហាង THE CORNER ហូបអីជុំមិត្ដភិក្ក័ ស្រាប់តែមានជនទំនើងពីរនាក់ជិះម៉ូតូ ម៉ាកសេ១២៥ ស្លាកលេខ ភ្នំពេញ1AF-7604 បានមកផឹកក្នុងហាងខាងលើ ។ បន្ទាប់ពីផឹកស្រវឹងពួកគេក៏បញ្ចេញសកម្មភាពច្រងេងច្រងាង ធាក់តុកៅអី ស្រែកឡូឡា ចង់បង្កហិង្សាជាមួយភ្ញៀវ ដែលផឹកស៊ីក្បែរគ្នា ពេលនោះម្ចាស់ហាងក៏ទៅឃាត់និយាយ លួងលោមដើម្បីកុំឲ្យមានជម្លោះ រួចជនទាំងនោះក៏ជិះម៉ូតូចេញទៅ ។

 ប្រភពបន្ដថា មួយសន្ទុះក្រោយមកគេបាននាំបក្ខពួកជាប៉ូលិស មានទាំងឯកសណ្ឋាន  និងជិះម៉ូតូណៃហត ស្លាកលេខ នគរបាល 1-1637 មកស្រែកឡូឡាពេញមុខហាង រកវាយម្ចាស់ហាង និងដកកាំភ្លើងម៉ាក AK ពីបក្ខពួកបម្រុងបាញ់រះមកលើភ្ញៀវ ទេសចរណ៍នៅបរិវេណខាងក្រៅហាង  ថែមទាំងស្រែកថា «អញមកពីអគ្គ… ហ្ហែងឆាប់ហៅភ្ញៀវមកលត់ជង្គង់សុំទោសអញភ្លាម បើមិនចឹងទេអញបាញ់ងាប់ទាំងអស់ ហាងហ្ហែងនឹងបិតឆាប់ៗ…» ។ ភ្លាមនោះ ម្ចាស់ហាងខាងលើក៏ស្ទុះទៅសម្រួល និងនិយាយអង្វរ ជនពាក់អាវក្រឡាការ៉ូ ម្នាក់មិនស្គាល់អត្ដសញ្ញាណ តែជននោះមិនស្តាប់ទេ ហើយថែមទាំងរកវាយទៀតផង ធ្វើឲ្យផ្អើលមនុស្សចោម រោមមើលកាន់តែច្រើន ធ្វើឲ្យជនទំនើងទាំងនោះបាននាំគ្នាជិះម៉ូតូចេញទៅបាត់ ដោយបន្សល់ពាក្យគម្រាមថា «ចាំតិចទៀតអញមក, ប្រយ័ត្នខ្លួនពួកហ្ហែង..»

ជុំវិញហេតុការណ៍ខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបាននិយាយរិះគន់កងកម្លាំងនគរបាលដែលមានតួនាទីរក្សាសន្ដិសុខសង្គម បែបជាមកកាងឲ្យក្រុមក្មេងទំនើង និងរកបាញ់រះសម្លាប់មនុស្សក្នុងហាង យ៉ាងសាហាវ ទៅវិញ ។

ទាក់ទងនឹងករណីនេះ នគរធំ មិនទាន់ទទួលបានការបំភ្លឺណាមួយពីមន្រ្ដីនគរបាលនោះទេ គិតត្រឹមព្រឹកនេះ ៕

RELATED ARTICLES