
ភ្នំពេញ ៖ ទីប្រឹក្សានាយករដ្ឋមន្រ្តីកម្ពុជា បានប្រតិកម្មនឹងអ្នកនយោបាយជ្រុលនិយមថៃ សន្ធិ លឹមថងគុល ដែលបាននិយាយថា ប្រសិនបើខ្លួនឈ្នះឆ្នោត ដឹកនាំប្រទេស មានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជា ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុត ហើយអាចវាយយកដល់រាជធានីភ្នំពេញ ។ ទីប្រឹក្សានាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកបុគ្គលថៃជ្រុលនិយមនេះ មានចរិតពាលបាតផ្សារ វង្វេងប្រវត្តិសាស្រ្ត ចង់បានដីខ្មែរ ដោយគ្មានភាពអៀនខ្មាស ។
លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បុគ្គលឫស្យា ចរិតពាលបាតផ្សារ គួរឲ្យខ្ពើមរអើមបំផុត ! វាមានឈ្មោះសន្ធិ លឹមថងគុល ជាជនជាតិសៀម“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកជុំ កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ថា បុគ្គលជ្រុលនិយមថៃ សន្ធិ លឹមថងគុល នេះជាមនុស្សមានចរិតបាតផ្សារ គួរឲ្យខ្ពើមរអើម ហើយលោកសូមគាំទ្រសម្ដេចហ៊ុន សែន ដែលអំពាវនាវឲ្យជនរួមជាតិខ្មែរ ត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈដែលថៃ នៅតែចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីកម្ពុជា ។

លោកជុំ កុសល បានមានប្រសាសន៍ថា “ទី១ វាអស់សំណើចចំពោះបុគ្គលម្នាក់នេះ ដែលវាមានមហិច្ឆតាលោភលន់ហួសប្រមាណ ខុសកាល ខុសវេលា ខុសប្រវត្តិសាស្រ្ត គិតថា ខ្លួនឯងហ្នឹងកំពុងតែស្ថិតនៅក្នុងសម័យលង្វែក ដែលមើលឃើញកម្ពុជា ហ្នឹង វាផុយស្រួយ ងាយស្រួលនឹងវ៉ៃចូលណាស់ឬក៏យ៉ាងម៉េច? ចំណុចទី២ សបញ្ជាក់ឲ្យឃើញអំពីចរិត អំពីសន្ដាននៃបុគ្គលជ្រុលនិយម របស់សៀម មួយចំនួន ជាពិសេសចំពោះបុគ្គលសន្ធិ លឹមថងគុល នេះ គឺវាមានចរិតពាលបាតផ្សារ ខ្វះការទូត ក្នុងនាមជាអ្នកនយោបាយមួយ នឹកឃើញតាមអារម្មណ៍របស់ខ្លួននេះ និយាយស្ដីជាសាធារណៈ ប្រមាថកាតទានមកដល់ប្រទេសដែលជារដ្ឋអធិបតេយ្យមួយ ។ អាហ្នឹងបើនិយាយពីច្បាប់អន្តរជាតិ វាជាការបង្កការគំរាមកំហែងដល់អធិបតេយ្យនៃរដ្ឋមួយ វាមិនគប្បីនឹងកើតមានទេ។ ហើយចំណុចសំខាន់ទី៣ គឺបុគ្គលនេះ ចាត់ទុកសម្ដេចហ៊ុន សែន ជាសត្រូវ ដែលសម្ដេច លោកអត់បានមានទៅធ្វើទុក្ខបុកម្នេញអី ប៉ះពាល់ដល់បុគ្គលនេះទេ បែរជាទៅយកសម្ដេចហ៊ុន សែន ជាសត្រូវ ហើយបើកការវ៉ៃប្រហារបែបនេះ គឺខ្ញុំមើលឃើញ ខ្ញុំមិនចង់ដៀលទៅដល់សន្ដានជនជាតិសៀម ទេ ប៉ុន្តែសុំដៀលទៅលើបុគ្គលហ្នឹង និងអ្នកនយោបាយជ្រុលនិយមមួយចំនួនរបស់សៀម នោះ ដែលប្រមាថមកលើកម្ពុជា វាហួសហេតុពេក“ ។
លោកជុំ កុសល បានមានប្រសាសន៍បន្តថា “បើនិយាយបើការប៉ះពាល់ ចរិតពាលបាតផ្សារបែបនេះ ទី១ ធ្វើឲ្យពិភពលោក គេមើលសន្ដានអ្នកនយោបាយថៃ មួយចំនួន គឺវាជ្រុលនិយមហួសហេតុពេក ដែលបំពានកម្ពុជា ទាំងងងើល ។ ចំណុចទី២ វាកាន់តែធ្វើឲ្យបាក់មុខ បាក់មាត់ជាតិសាសន៍សៀម ខ្លួនឯងទៅវិញទេ ដែលធ្វើអ្វីមួយ គឺគិតថាខ្លួនឯងវាអស្ចារ្យ តែអត់បានមើលអំពីបរិស្ថាន អំពីច្បាប់អន្តរជាតិហ្នឹងវាយ៉ាងម៉េច ចរិតពួកនេះ វាគិតថា វាធ្វើអីបានស្រេចចិត្ត ។ បើសិនជាពិភពលោក ដូចសៀម មួយចំនួន ដែលវានឹកឃើញធ្វើអីស្រេចនឹងចិត្ត មកលើខ្មែរនោះ ប្រហែលជាពិភពលោកនេះ ពោរពេញទៅដោយអនាធិបតេយ្យហើយ ច្បាប់អន្តរជាតិ គេមានតើ! អាហ្នឹងចំណុចសំខាន់គឺអ៊ីចឹង ហើយទុកឲ្យវាបង្កើតបញ្ហាបានច្រើនទៅទៀតទៅ ដើម្បីឲ្យពិភពលោក គេកាន់តែមើលឃើញអំពីចំណុចអាក្រក់ៗរបស់សន្ដានពួកហ្នឹងតទៅទៀតចុះ ហើយខ្ញុំយល់ថា សម្រាប់រាជរដ្ឋាភិបាល ជាផ្លូវការ លោកមិនថ្កោលទោសទេ ពីព្រោះលោកយល់ថា លោកបែងចែកច្បាស់ ហើយចំពោះបុគ្គលសម្ដេចតេជោ លោកក៏មានការឆ្លើយតបនៅក្នុងកម្រិតរបស់លោកដែរ តែសម្រាប់ប្រជាជនកម្ពុជា ដែលគោរពស្រលាញ់ គាំទ្រថ្នាក់ដឹកនាំ គាំទ្រសម្ដេចតេជោ គឺលោកជះអារម្មណ៍ទៅលើពួកហ្នឹងវិញ ព្រោះជាសិទ្ធិរបស់លោក បូកទាំងខ្ញុំផងដែរ ដែលខ្ញុំមិនពេញចិត្តចំពោះបុគ្គលហ្នឹងនោះ“ ។
លោកជុំ កុសល បានមានប្រសាសន៍បន្តទៀតថា “យ៉ាងណា ជុំវិញសម្តេចតេជោ អំពាវនាវជនរួមជាតិ ត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈដែលថៃ នៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា នោះ ជាការពិតណាស់ សម្រាប់ខ្ញុំ គាំទ្រទាំងស្រុងតែម្ដង ចំពោះការលើកឡើងរបស់សម្ដេចតេជោ ពីព្រោះលោកយល់ច្បាស់អំពីភាពរឹងរូសរបស់ថៃ ព្រោះគេនៅតែប្រកាន់មួយថា គេប្រើប្រាស់ផែនទីឯកតោភាគីហ្នឹង គឺជាគោលរបស់គេ ។ អ៊ីចឹងការប្រើប្រាស់ផែនទីឯកតោភាគី ដែលគូសដោយអ្នកជំនាញអាមេរិក ហ្នឹងហើយ ដែលវាកើតរឿងតាំងពី២០០៨ មកដល់២០១១ ឥឡូវនេះ ពីថ្ងៃ២៨ ឧសភា មកដល់ពេលនេះទៀត គឺវាផ្ដើមពីអារឿងយកផែនទីហ្នឹង មកប្រើប្រាស់ខ្លួនឯង ហើយនយោបាយស្រុកថៃ កាលណាវាមានបញ្ហារវាងកងទ័ព ជាមួយរដ្ឋាភិបាល គឺវាយកបញ្ហាព្រំដែនហ្នឹង មកធ្វើទុក្ខបុកម្នេញជាមួយកម្ពុជា ។ អ៊ីចឹងប្រសាសន៍របស់សម្ដេច ឲ្យត្រៀម គឺត្រឹមត្រូវណាស់ ប្រសិនណាបើថៃ នៅប្រកាន់ជំហរបែបនេះ គឺទំនាស់បញ្ហាព្រំដែន វានៅតែជាបញ្ហា ហើយវាកាន់តែក្ដៅទៅៗ ។ អ៊ីចឹងជម្រើសរបស់កម្ពុជា យើងចាំតែទប់ យើងចាំតែរងគ្រោះ ដោយសារបញ្ហានយោបាយរបស់ថៃហ្នឹងឯង ។ បើយើងមិនសាមគ្គី យើងមិនពង្រឹងសមត្ថភាពយើងទេ ការដែលវាមើលងាយមកលើយើង គឺមានជាដរាប ហើយបើយើងពង្រឹងសមត្ថភាព យើងសាមគ្គីផ្ទៃក្នុង ឯកភាពជាតិបានល្អ នោះពួកជ្រុលនិយមមួយចំនួនតូចរបស់សៀម នោះ វាមិនហ៊ានប្រមាថនោះទេ ។ ជាក់ស្ដែង បើយើងប្រៀបធៀបពី២០០៨ មក២០១១ ហើយក្នុងបច្ចុប្បន្នកាលនេះ គឺភាពខ្លាចរអារបស់ជ្រុលនិយមសៀម ហ្នឹង គឺវាមានបែបខុសគ្នា វាខុសគ្នាត្រង់ថា កាលពី២០០៨ ដល់២០១១ វាមើលស្រាលយើងថា សុទ្ធតែប្រើអាវុធអេតចាយអីអ៊ីចឹងទៅ ប៉ុន្តែបច្ចុប្បន្ននេះ គឺវាមានអ្នកវិភាគក្នុងផ្លូវកណ្ដាលមួយចំនួន គេបានវិភាគវាយតម្លៃក្នុងកម្រិតអភិវឌ្ឍន៍របស់កម្ពុជាក្នុងកម្រិតណាខ្លះ តាំងពីសព្វាវុធ តាំងពីយុទ្ធសាស្រ្តដឹកនាំ តាំងពីកត្តាសេដ្ឋកិច្ច តាំងពីកត្តាជាតិនិយមរបស់កម្ពុជា គឺថៃ មិនអាចប៉ះបានទេ សុំគាំទ្រណាស់“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្ថែមថា “សម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលខ្ញុំមានមនសិការស្រលាញ់ជាតិ មានការឈឺចាប់ចំពោះការបំពានរបស់សៀមនេះ គឺខ្ញុំសូមសំណូមពរសាជាថ្មី ដល់ប្រជាពលរដ្ឋ ៖ ទី១ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទុកបញ្ហានិន្នាការមួយឡែកសិន នៅក្នុងដំណាក់កាលដែលបរទេសគេមើលងាយយើង ។ ទី២ សុំឲ្យមានទំនុកចិត្តដល់ថ្នាក់ដឹកនាំប្រទេសរបស់យើង ដែលលោកគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារបូរណភាពទឹកដី ការពារកិត្តិយស ការពារភាពថ្លៃថ្នូររបស់ប្រទេសជាតិ។ ហើយចុងក្រោយ ខ្ញុំសុំផ្ដាំថា ភូមិសាស្រ្តប្រទេសយើង ការជ្រើសរើសមេដឹកនាំប្រទេស ត្រូវតែជាមេដឹកនាំដែលមានសមត្ថភាពយោធាខ្ពស់ មិនអាចខ្វះបានទេ គឺជាក់ស្ដែង យើងឃើញតាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកសម្ដេចធិបតី លោកសុទ្ធតែមានសមត្ថភាពយោធា ហើយភាគីបច្ចាមិត្ត ក៏គេញញើតដែរ ។ អ៊ីចឹងតទៅមុខទៀត យើងត្រូវតែមានមេដឹកនាំយើងដែលមានសមត្ថភាពយោធា ដូចបច្ចុប្បន្ននេះ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកជុំ កុសល ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តីកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពីលោក សន្ធិ លឹមថងគុល ដែលជាជនជាតិថៃ ជ្រុលនិយម ក្រុមអាវលឿង កាលពីពេលថ្មីៗនេះ បានថ្លែងនៅពីមុខហ្វូងបាតុករថៃ ថា «បើអញមានអំណាច ថ្ងៃនេះអញនឹងទៅដណ្តើមយកខេត្តបាត់ដំបង សៀមរាប ស៊ីសាផុន ហើយថ្ងៃស្អែកទៀត អញនឹងទៅវ៉ៃយកខេត្តព្រះវិហារ បន្ទាប់មក អញនឹងបញ្ជូនកងទ័ពជើងទឹក ទៅវ៉ៃយកខេត្តកោះកុង ហើយចុងក្រោយ អញនឹងទៅវាយសង្រ្គប់យកទីក្រងភ្នំពេញ“ ។

ជុំវិញការថ្លែងប្រមាថរបស់បុគ្គលជ្រុលនិយមថៃ សន្ធិ លឹមថងគុល ខាងលើនេះ សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) អតីតនាយករដ្ឋមន្រ្តី ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មថា ថៃ នៅតែមានមហិច្ឆតាចង់លេបទឹកដីកម្ពុជា ដូច្នេះសម្តេច សូមប្រកាសអំពាវនាវឲ្យជនរួមជាតិខ្មែរ ទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ។
សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ថា “ថៃ នៅតែចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីកម្ពុជា !
អ្នកនយោបាយជ្រុលនិយមថៃ សន្ធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោត ដឹកនាំប្រទេស មានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជា ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគជ់ ហើយអាចរហូតដល់រាជធានីភ្នំពេញ ទៀតផង»។
សម្តេចហ៊ុន សែន បន្តថា «នេះជាសម្តីរបស់ សន្ធិ លឹមថងគុល ដែលនិយាយភាសាថៃ ៖ «អាហ៊ុន សែន មហាតេជោ អ្នកឯងសំណាងល្អ ដែលអញ សន្ធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភ័ណ អញនឹងដណ្តើមយកមក ហើយស្អែក អញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគជ់ទៀត ហើយអញសួរអ្ហែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។
សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយ ខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ ប្រឆាំង វ៉ៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា»។
សម្តេចហ៊ុន សែន បន្តទៀតថា «ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃ ឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែង តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែន ងាយនឹងកើតឡើង និងពិបាកចៀសផុត។
ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់បងប្អូនជនរួមជាតិកម្ពុជា ដើម្បីត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី“ ៕ កុលបុត្រ