Friday, April 26, 2024
Homeសេដ្ឋកិច្ចជាតិរដ្ឋមន្រ្តី​បីរូប​ផ្តោត​លើ​ការ​អភិ​វឌ្ឍន៍​ឆ្នេរ ខណៈ​វិស័យ​ឯក​ជន​ស្វាគមន៍

រដ្ឋមន្រ្តី​បីរូប​ផ្តោត​លើ​ការ​អភិ​វឌ្ឍន៍​ឆ្នេរ ខណៈ​វិស័យ​ឯក​ជន​ស្វាគមន៍

ការជួបប្រជុំម្តងហើយម្តងទៀតនៅតំបន់ឆ្នេរ ពិសេសក្នុងខេត្តព្រះសីហនុរបស់រដ្ឋមន្រ្តីបីរូបជារឿងកម្រកើតមានមួយនៅកម្ពុជា និងជាអ្វីដែលជាការដាក់ចេញនូវសកម្មភាពដែលផែនការច្បាស់លាស់ ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍តំបន់នេះមាននិរន្តរភាព ទាំងអាជីវកម្ម និងបរិស្ថាន។

រដ្ឋមន្រ្តីបីរូបរួមមាន ទេសរដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុន និងលោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥ បានជួបប្រជុំគ្នាម្តងទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារមួយចំនួនៅតំបន់ឆ្នេរ។ នេះជាកិច្ចប្រជុំលើកទី២ ដែលបាន ធ្វើចាប់ផ្តើមពីដើមឆ្នាំ២០១៦នេះ ដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញដែលបានក្លាយជាជំងឺរុំារ៉ៃអស់រយៈពេលជាយូរមកហើយ។

1

លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទថា កិច្ចប្រជុំរបស់រដ្ឋមន្រ្តីបីរូបខាងលើកាលពីពាក់កណ្តាលខែកក្កដានេះ បានពិនិត្យមើលលើបញ្ហាចំនួនបី ទី១ ពិនិត្យលើសំណើរសុំអភិវឌ្ឍន៍សណ្ឋាគារលំដាប់ផ្កាយប្រាំ របស់ក្រុមហ៊ុនRoyal Group និងដំណើរវិវត្តន៍នានានៅលើកោះនេះ ពិសេសការខ្វៀលដីជូនប្រជាពលរដ្ឋនៅលើកោះ រ៉ុង ទី២ ពិនិត្យរួមគ្នាលើសំណើររបស់សាលាខេត្តព្រះសីហនុ ទាក់ទងនឹងការចេញប័ណ្ណកម្មសិទ្ឋជូនប្រជាពលរដ្ឋរស់នៅតំបន់ពយកំពេញ និងទី៣ ពិនិត្យវឌ្ឍនភាពនៃការកែលំអរតំបន់ឆ្នេរ ពិសេសហាមឃាត់ និងតម្រូវឲ្យអាជ្ញាធរខេត្តចាត់វិធានការណ៍តឹងរ៉ឹងលើការសាងសង់សំណង់មិនរៀបរយនានា និងការយកដីតំបន់ឆ្នេរជាកម្មសិទ្ឋឯកជន។

លោកបន្តថា “បញ្ហាទី១និងទី២ មិនទាន់សម្រេចបែបណានៅឡើយទេ ដោយរដ្ឋមន្រ្តីទាំងបីរូប នឹងដាក់សំណើរឆ្លងសុំគោលការណ៍ ទៅសម្តេចតេជោនាយករដ្ឋមន្រ្តីជាអ្នកពិនិត្យ និងសម្រេច”។

2

លោកសេង ហួរលាងចៅសង្កាត់រងសង្កាត់កោះតូច នៃតំបន់កោះរ៉ុងបានថ្លែងថា ការសម្រេចនានាជាគោលការណ៍របស់គណៈកម្មាធិការថ្នាក់ជាតិ ដែលជាអ្នកមានសមត្ថកិច្ចធ្វើការងារនេះ ដោយលោកមិនអាចអត្ថាធិប្បាយអ្វីបាននោះទេ ប៉ុន្តែ ទាក់ទងនឹងការខ្វៀលដីរបស់រដ្ឋាភិបាលជូនប្រជាជននៅលើកោះ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ប៉ុន្តែប្រជាពលរដ្ឋមិនអាចគ្រប់គ្រងតំបន់ឆ្នេរជាកម្មសិទ្ឋឯកជនបាននោះទេ។

កោះរ៉ុងមានភូមិចំនួន៥ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន៦១៧គ្រួសារ និងមានប្រជាពលរដ្ឋសរុបចំនួន២៦៣១នាក់។

លោកយន្ត មីនអភិបាលខេត្តព្រះសីហនុបានថ្លែងថា អាជ្ញាធរខេត្តបាននិងកំពុងខិតខំបំពេញការងារជាបណ្តើរៗ ទាក់ទងនឹងការរៀបចំសាងសង់ខ្លោងទ្វារចូលតំបន់ឆ្នេរ ការងារកសាងហេដ្ឋារចនាសម្ព័ន្ឋ និងការរៀបចំសំំអាតតំបន់ឆ្នេរ និងការខ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់កោះរ៉ុង។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ពីការងារលំអិតនោះទេ ដោយលោកប្រាប់ថាជាប់រវល់ប្រជុំ។

លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា តំបន់ឆ្នេរពិតជាមានការប្រែប្រួលមួយចំនួន ដោយសារការរៀបចំតំបន់នេះធ្វើឡើងដោយមានផែនការច្បាស់លាស់ ក្រោមការដឹកនាំរបស់ឯកឧត្តមជា សុផារ៉ា ដែលធ្វើឲ្យតំបន់ឆ្នេរមានការប្រែប្រួលទាំងក្នុងទឹក និងលើគោក ពិសេសតំបន់ឆ្នេរអូឈើទាល ដែលបាននិងកំពុងរៀបចំបានកាន់តែល្អប្រសើរ។លោកបន្តថា នៅតាមកោះនានាមានការកែលំអរច្រើន ដោយសារមានការសាងសង់Resortឬរមណីយដ្ឋាននានាច្រើន។

លោកបន្តថា “ការចូលរួមរបស់ឯកឧត្តមសាយ សំអាល់ក្នុងពេលជាមួយគ្នានេះបានធ្វើឲ្យតំបន់ឆ្នេរមានការអភិវឌ្ឍទាំងអាជីវកម្ម និងនិរន្តរភាពបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ឋនានាមានការរៀបចំជាខ្នាតគំរូមួយ”។លោកបន្តថា “យើងសង្ឃឹមថាការគ្រប់គ្រងតំបន់ឆ្នេរមានភាពល្អប្រសើរជាងមុន ដោយសារការរៀបចំផែនការច្បាស់លាស់របស់រដ្ឋាភិបាល”។

ទោះជាយ៉ាងណាលោកហូ វណ្ឌីបានជំរុញឲ្យចាត់វិធានការណ៍បន្ថែមទៀតលើការសាងសង់សំណង់អាណាធិបតេយ្យ ពង្រឹងសេវាដឹកជញ្ជូនបន្ថែមទៀត ពិសេសអនាម័យនៅតាមឆ្នេរ ដែលមានប្រវែងប្រមាណ៤៥០គីឡូម៉ែត្រ ពិសេសកាកសំណល់នៅលើកោះនានាឲ្យបានកាន់តែល្អប្រសើរថែមទៀត។

លោកបន្តថា “ក្នុងនាមវិស័យឯកជន យើងស្វាគមន៍ចំពោះការវិវត្តន៍ល្អប្រសើរនេះ ព្រោះវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ”៕

ដោយ ៖ ស៊ីវ ម៉េង

RELATED ARTICLES