Tuesday, April 23, 2024
Homeកីឡាជាតិក្រុម​U-16​កម្ពុជា​ ឈ្នះ​លើ​ក្រុម​U​-16​ឡាវ​ ៣​-១​ក្នុង​​ថ្ងៃ​បើក​ឆាក​ពូល​B​

ក្រុម​U-16​កម្ពុជា​ ឈ្នះ​លើ​ក្រុម​U​-16​ឡាវ​ ៣​-១​ក្នុង​​ថ្ងៃ​បើក​ឆាក​ពូល​B​

ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះជម្រើសជាតិអាយុក្រោម១៦ឆ្នាំ(U-16កម្ពុជា) បាន យកឈ្នះលើក្រុមភ្ញៀវយុវជន អាយុក្រោម ១៦ឆ្នាំឡាវ ដោយលទ្ធផល ៣១ ហើយទទួលបាន៣ពិន្ទុពេញនៅលើទីលាន ពហុកីឡដ្ឋាន ជាតិក្នុងទឹកដីខ្លួនឯង នៅក្នុងការប្រកួតបើកឆាកពូលB នៃពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំប្រចាំតំបន់ អាស៊ាន AFFU16 Championship 2016 កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្រាប់ការប្រកួតបើកឆាកនេះ ក្រុមម្ចាស់ផ្ទះកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អហើយថែមទាំងមាន ឱកាសស៊ុតជាច្រើនលើក ទៀតផង ប៉ុន្ដែធ្វើមិនបានសម្រេច រហូតដល់នាទី៤២ទើប U16 កម្ពុជា បានទម្លាយសំណាញ់ទីរបស់ឡាវដោយកីឡាករលេខ៩ សៀង ចន្ធា និង៣នាទី ក្រោយមកដោយកីឡាករស៊ិន កក្កដា បានបំប៉ោងសំណាញ់ទី របស់ឡាវ១គ្រាប់ ទៀតដើម្បីចប់ការប្រកួតក្នុងតង់ទី១ ដោយក្រុមកម្ពុជានាំមុខក្រុមឡាវ ២០។ ការប្រកួតនៅតង់ទី២កីឡាករ សៀង ចាន់ធា ស៊ុតបាន១គ្រាប់ទៀតនៅនាទី៧០ ប៉ុន្តែត្រូវកីឡាករឡាវលេខ១៧ ស៊ុតឲ្យឡាវបាន១គ្រាប់វិញនៅចុងម៉ោងផងដែរ។ ចប់ការប្រកួតយុវជនកម្ពុជាឈ្នះយុវជនឡាវ ៣១។ ហើយជ័យជម្នះនេះបានធ្វើឲ្យក្រុម U-16កម្ពុជាឈរលេខ រៀងទី២ក្នុងពូល B ប៉ុន្ដែមាន ៣ពិន្ទុស្មើគ្នា ជាមួយក្រុមកំពូលតារាង គឺក្រុមU-16ទីម័រខាងកើតដែលបានយក ឈ្នះលើក្រុម U-16ប្រ៊ុយណេ ដោយ លទ្ធផល៣០នៅថ្ងៃដដែលនេះផងដែរ។

ជាមួយនឹងការទទួលជ័យជំនះលើក្រុមឡាវនេះ លោក Inoue Kazunori គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំបានលើកឡើងក្នុងសន្និសីទកាសែត ថា កម្ពុជាឲ្យឡាវទាត់ចូលទីមួយគ្រាប់ជាកំហុសរបស់លោក នៅក្នុងជំនួបបើកឆាកពានរង្វាន់ AFF U16 Championship 2016 ក្នុងពូល ដែល U16 កម្ពុជាឈ្នះឡាវ ៣១ នៅពហុកីឡដ្ឋានជាតិនេះ។

គ្រូបង្វឹកជប៉ុន ដែលបានឡើងកាន់តំណែងកាលពីខែកុម្ភៈ កន្លងទៅបានឲ្យដឹងទៀតថា ការបាត់បង់គ្រាប់បាល់មួយគ្រាប់ ដែលក្រុមភ្ញៀវរកបានជាកំហុសរបស់លោក។ លោកគិតថា ដៃគូឡាវប្រកួតជាមួយកម្ពុជាកាលពីយប់មិញ គ្មានសមត្ថភាពទាត់ចូលទីកម្ពុជាឡើយ ដូច្នេះហើយ ទើបលោកនៅតែបង្កើនការវាយសម្រុកដែលបង្កឲ្យមាន ចំណុចខ្វះខាតនៅតំបន់ការពារ រហូតដៃគូមានឱកាសរកបានមួយគ្រាប់វិញនោះ។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា នៅពេលក្រុមកម្ពុជា មានឱកាសត្រូវតែវាយលុក ប៉ុន្តែនៅពេលបាត់បាល់ត្រូវតែចុះការពារជាបន្ទាន់នេះជាទម្រង់លេងកាលពីយប់មិញ។ ក្នុងនោះដែរលោក ក៍បានបង្ហាញអារម្មណ៍ សោកស្ដាយផងដែរ សម្រាប់ការបាត់បង់មួយគ្រាប់ ដែលក្រុមយើងលេងមានប្រៀបយ៉ាងខ្លាំង លើគូប្រកួតនោះ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់AFF U16 Championship 2016 នៅពូលB កាលពីថ្ងៃទី១១ ខែកក្កដា នេះដែរ ការប្រកួតដែលលេងមុនគឺក្រុមជម្រើសជាតិ U16 ទីម័រខាងកើតបានលត់ក្រុម ជម្រើសជាតិU16 ក្រុមប្រ៊ុយណេ៣០ ហើយបានឈរលេខ១បណ្តោះអាសន្ន ក្នុងពូលនេះហើយក្រុម U16 កម្ពុជាឈរលេខ រៀងទី២៕

ដោយ៖ មរកត

RELATED ARTICLES