Friday, April 19, 2024
Homeព័ត៌មានជាតិភ្លើង​ប្រចណ្ឌ ប្តីទាញ​កាំបិត​ចាក់​ប្រពន្ធ ធ្លាយ​ភ្លៅ​សង​ខាង

ភ្លើង​ប្រចណ្ឌ ប្តីទាញ​កាំបិត​ចាក់​ប្រពន្ធ ធ្លាយ​ភ្លៅ​សង​ខាង

ខេត្តកំពង់ចាម ៖ បុរសជាប្តីម្នាក់ បន្ទាប់ពី ផឹកស្រាស្រវឹងជោក ផ្ទុះភ្លើងប្រចណ្ឌ បានរករឿង ឈ្លោះប្រកែកជាមួយប្រពន្ធ លុះខឹងប្រពន្ធតមាត់ ក៏ស្ទុះទៅទាញកាំបិតចិតត្នោតចុងស្រួច  ចាក់ប្រពន្ធទាំងកំរោល បណ្តាលឱ្យមុតធ្លាយភ្លៅ ទាំងសងខាង រងរបួសធ្ងន់ បន្ទាប់មកបុរសជាប្តី ចិត្តកំណាចបានរត់គេចខ្លួនបាត់។

ករណីប្តីផ្ទុះភ្លើងប្រចណ្ឌ ចាក់ប្រពន្ធរបួស ធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់  ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិប្រថង ឃុំ ទ្រាន ស្រុកកំពង់សៀម។

ជនដៃដល់ជាប្តីដែលចាក់ប្រពន្ធធ្លាយភ្លៅនោះ មានឈ្មោះយេន នឿន អាយុ៤៨ឆ្នាំ មុខរបរ កសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មាន ឈ្មោះឡេង យឿន អាយុ៥១ឆ្នាំ មុខរបរ កសិករ។ ក្រុមគ្រួសារមួយនេះមានលំនៅក្នុង  ភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ បានចេញទៅដេញគោបញ្ចូលក្រោល រួចក៏ឡើង ទៅលើផ្ទះ ដើម្បីរៀបចំដាំស្លនៅឯផ្ទះបាយ។ លុះបន្តិចក្រោយមក បុរសជាប្តីមិនដឹងជាទើប នឹងត្រឡប់មកពីផឹកនៅឯណា ស្ថិតក្នុងស្ថានភាពស្រវឹងជោក ដើររេពេញផ្លូវ បានត្រឡប់មក ដល់ផ្ទះវិញ រួចក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែក ជាមួយប្រពន្ធ ដោយសារតែរឿងប្រចណ្ឌប្រពន្ធ ជាមួយបុរសជាអ្នកជិតខាង។

ប្រភពដដែលបន្តថា ដោយសារតែទ្រាំនឹង ប្តីប្រមឹកចេះតែរករឿងប្រចណ្ឌមិនសមហេតុផលមិនឈប់ ទើបស្ត្រីរងគ្រោះជាប្រពន្ធបាន តបតទៅប្តី២៣ម៉ាត់ ស្រាប់តែធ្វើឱ្យប្តីកាន់តែ ច្រឡោតខឹង ក៏ស្ទុះទៅទាញកាំបិតចិតត្នោត ចុងស្រួចចាក់ប្រហារប្រពន្ធចំភ្លៅទាំងសងខាង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនដៃដល់ជាប្តីបានបោះ កាំបិតចោល រួចរត់គេចខ្លួនបាត់។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បី  សង្គ្រោះ។

លោកឯក ប៉ាន់ដន អធិការនគរបាលស្រុក កំពង់សៀម បានឱ្យដឹងថា ក្រោយពីទទួលបាន សេចក្តីរាយការណ៍ថា មានករណីប្តីចាក់ប្រពន្ធ  ឱ្យរងរបួសធ្ងន់ភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំង កើតហេតុដើម្បីជួយអន្តរាគមន៍ តែជនបង្កជាប្តី បានរត់គេចខ្លួនបាត់ទៅហើយ។ យ៉ាងណា ពេល  នេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ ខ្លួនជនដៃដល់រូបនោះ ដើម្បីយកមកចាត់ការ តាមច្បាប់៕

ដោយ ៖ សុភ័ណ្ឌ

RELATED ARTICLES