Saturday, April 20, 2024
Homeបរិយាយបណ្តា​សា មាន​ន័យ​យ៉ាង​ណា?

បណ្តា​សា មាន​ន័យ​យ៉ាង​ណា?

បន្ទាប់ពីមានការបាញ់ប្រហារលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីភ្លាម ក៏មានប្រជាពលរដ្ឋដែលបានទៅដល់ទី កើតហេតុ នាំគ្នាសម្រក់ទឹកភ្នែក និងដាក់បណ្តាសាឃាតករបាតដៃលោហិតនិងអ្នកបញ្ជា ឱ្យរលត់រលាយ។ នៅពេលថ្មីៗនេះ ទៀត ភរិយាសពលោកបណ្ឌិតកែម ឡី ក៏បានបញ្ចោញសារតាមហ្វេសប៊ុក បង្កប់ភ្លើងកំហឹងដាក់បណ្តាសាដល់អ្នកសម្លាប់ ស្វាមីគាត់ ឱ្យវិនាសអន្តរាយព្រាត់ប្រាសគ្រួសារ។ ការដាក់ទំនាយ ឬបណ្តាសា ជួនកាលមានប្រសិទ្ធភាពណាស់ ជួនកាលមិន បានផលអ្វីទេ ដែល “នគរធំ” សូមលើករឿង “បណ្តាសា មានន័យយ៉ាងណា?” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

យោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជជួន ណាត បានពន្យល់ពាក្យ “បណ្តាសា” ថា “ពាក្យផ្តន្ទា, ពាក្យ ជេរប្រទេច, ពាក្យសំបូងសង្រូងឱ្យគេវិនាសហិនហោច”។ មានន័យថា បណ្តាសា នឹងអាចកើតឡើងបាន លុះត្រាតែជន- រងគ្រោះត្រូវគេធ្វើបាបឱ្យរស់រងវេទនា ក៏ពុះពោរដោយភ្លើងកំហឹង ទ្រាំទ្រលែងបានក៏ហាមាត់ជេរប្រទេច ឬបន់ស្រន់ឱ្យ អ្នកធ្វើបាបខ្លួននោះវិនាសអន្តរាយ។ មានតែបុថុជ្ជនទេ ដែលមិនអាចទប់ទល់នឹងភ្លើងកំហឹងបាន ប៉ុន្តែ សម្រាប់អង្គអរហន្ត មានព្រះពុទ្ធបរមគ្រូ ជាដើម ដែលប្រកាន់ខ្ជាប់ធម៌ខន្តីនោះ ព្រះអង្គមិនដាក់បណ្តាសាសត្វលោកទេ សូម្បីទេវទត្ត ឬនាងចិញ្ចា តាមព្យាបាទឈ្នានីស ឬចង់ធ្វើគុត ក៏ព្រះបរមគ្រូមិនតបត។ នៅក្នុងធម៌ “ពុទ្ធជយមង្គល” បានតំណាលពីបុគ្គល៨រូប តាម ព្យាបាទព្រះអង្គ គឺមារាធិរាជ១, ចោរអង្គុលីមាល៍១, ដំរីនាឡាគិរី១, នាងចិញ្ចា១, នន្ទោបនន្ទនាគរាជ១, អាឡវកយក្ស១, សច្ចនិគ្រន្ថ១ និងពកាមហាព្រហ្ម១។ អ្នកទាំង៨រូបនេះ និងអ្នកបញ្ជានៅពីក្រោយ ព្យាយាមញុះញង់ អុជអាល និងធ្វើគុត ព្រះពុទ្ធអង្គ ប៉ុន្តែ ព្រះអង្គមិនដាក់បណ្តាសា ជេរប្រទេចអ្វីទេ ដោយគ្រាន់តែតបតដោយសន្តិវិធី មិនឱ្យគេវិនាសអន្តរាយ។ ផ្ទុយទៅវិញ នៅក្នុងព្រហ្មញ្ញសាសនា ឃើញមានតំណាលពីការដាក់បណ្តាសាតាមកំហឹងទល់កំហល់ ដូចជា តាបសឥសី បាន ដាក់បណ្តាសាឱ្យព្រះឥន្ទ្ររួញលិង្គ ដោយសារព្រះឥន្ទ្រ ខិលខូចទៅលួចរួមរ័កជាមួយប្រពន្ធតាឥសី។ រីឯ មតង្គឥសី ក៏បាន ដាក់បណ្តាសាស្វាពាលី ឱ្យត្រូវនឹងកាំសរព្រះរាម ដោយសារតាឥសី ក្រេវក្រោធនឹងពាលី កាត់ក្បាលក្របីទូភី គប់ផ្ទាំងថ្ម ដែលសន្ធប់គុហា យកផ្លូវចេញទៅក្រៅ ហើយក្បាលនិងឈាមក្របី ហូរទៅលិចអាស្រមមតង្គឥសី។ រីឯ រូបសំណាកព្រះ- គោនន្ទិ ក៏មានបារមីអាចដាក់បណ្តាសាបុរសម្នាក់ឱ្យឈរនឹងថ្កល់ដូចដុំថ្ម ដោយសារបុរសនោះចូលព្រះវិហារ មិនថ្វាយបង្គំ រូបសំណាកព្រះគោ ជាជំនិះព្រះឥសូរ។

ជាទូទៅ បណ្តាសា កើតឡើងចេញពីមាត់បុគ្គលជាបុថុជ្ជន សូម្បីក្នុង “បណ្តាំក្រមង៉ុយ” ក៏មានសរសេរពីបណ្តាសា ឬទំនាយ នេះដែរ ដូចល្បះ១ថា “បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ បម្រើមហាក្សត្រ ប្រយ័ត្នស្តេចទាយ ពាក្យពិតទំនាយ រលាយកេរ្តិ៍ឈ្មោះ។ ពាក្យស្តេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ…” គឺសំដៅដល់ការដាក់បណ្តាសានេះឯង ក្នុងករណី ស្តេចខ្ញាល់ ឬគ្រូខឹងសម្បានឹងសិស្ស។ តាមការកត់សម្គាល់ បណ្តាសាដែលឆុតបំផុត ឬថា “មានទឹកមាត់ប្រៃ” គឺបណ្តាសា ស្តេច ឪពុកម្តាយ គ្រូអាចារ្យ និងប្រជារាស្ត្រទាំងនគរ បើដាក់ទៅលើបុគ្គលណាហើយ បុគ្គលនោះត្រូវតែវិនាសអន្តរាយ។ ជាពិសេស ម្តាយដែលជាអ្នកមានគុណ បានបង្កើតកូនឱ្យស្គាល់ពន្លឺព្រះអាទិត្យ បើកូននោះធ្វើឱ្យម្តាយខឹងសម្បា ឈានដល់ ដាក់បណ្តាសានោះ កូនអកតញ្ញូ ចៀសវិនាសមិនរួចទេ។ ឧទាហរណ៍ កាលពីជំនាន់អាណានិគមបារាំង មានបុរសម្នាក់ឈ្មោះ ខៀវ មិនស្តាប់ដំបូន្មានម្តាយ ក៏រត់ទៅធ្វើចោរ ដោយទុកម្តាយមេម៉ាយឱ្យរស់ស្រេកឃ្លានម្នាក់ឯងក្នុងខ្ទម។ ថ្ងៃមួយ នាយ ខៀវ អើតទៅមើលម្តាយមួយភ្លែត ឮម៉ែត្អូញត្អែរឃ្លាននំអាកោ ធ្វើឱ្យមេចោរនោះខឹងសម្បា ក៏ទៅទិញនំអាកោបាន១ថង់ មកវាយបង្ខំម្តាយឱ្យហូប ដោយនិយាយសម្លុតថា “ម៉ែឯងពូកែឃ្លាននំអាកោ ឥឡូវស៊ីឱ្យអស់១ថង់ហ្នឹងទៅ!” ដូនចាស់ប្រឹង ហូបនំទាំងទឹកភ្នែក បានតែបីបួន ក៏លេបលែងរួច ត្រូវកូនអកតញ្ញូហែកមាត់បញ្ច្រក ទាល់តែដកដង្ហើមស្ទើរមិនរួច។ ម្តាយ អភ័ព្វទប់កំហឹងមិនបាន ក៏ដាក់បណ្តាសាកូនថា “ឱ្យអ្ហែងត្រូវគ្រាប់បារាំង ក្នុងពេលឆាប់ៗនេះ!” នាយខៀវ ឮបណ្តាសា ខឹង ណាស់ ក៏ធាក់ម្តាយ១ជើង រួចចាប់កាំភ្លើងស្ពាយចេញពីផ្ទះ ស្កាត់ទៅរកបក្ខពួកចេញប្លន់ ប៉ុន្តែ ដោយសារទឹកមាត់ប្រៃរបស់ ម្តាយ នាយខៀវ ត្រូវទាហានបារាំងបាញ់ស្លាប់ គ្រាន់តែចេញផុតពីខ្ទមម្តាយ បានប្រហែល៣០០ម៉ែត្រ ដែលរឿងនេះមាន ការនិយាយតៗគ្នារបស់អ្នកស្រុកនៅខេត្តតាកែវ ប៉ែកខាងត្បូង។

ដោយឡែក ប៉ុល ពត ក៏ត្រូវបណ្តាសាប្រជាពលរដ្ឋខ្មែរទាំងនគរ ដែលរស់វេទនាក្នុងរបបប្រល័យពូជសាសន៍ដែរ គឺកាល នោះ អ្នកណាក៏ជេរខ្សឹបដាក់បណ្តាសាអង្គការដែលមានប៉ុល ពត ជាក្បាលម៉ាស៊ីន ហើយទីបំផុត មេដឹកនាំរបបដ៏ព្រៃផ្សៃ នេះ បានត្រឹមប្រជាពលរដ្ឋកាត់ទោស និងស្លាប់ដោយគ្មានតម្លៃ ចោលឆ្អឹងកណ្តាលព្រៃនៅអន្លង់វែង។ ចំណែកពីឡុតអាមេរិក ដែលបានបើកយន្តហោះ ព២៦ ទម្លាក់គ្រាប់បែកបរមាណូ នៅប្រទេសជប៉ុន អំឡុងសង្គ្រាមលោកលើកទី២ បណ្តាលឱ្យប្រជាជន ជប៉ុន ស្លាប់រាប់សែននាក់នោះ ក៏ត្រូវបណ្តាសាជនជាតិជប៉ុន គឺមុនពេលអស់អាយុសង្ខារ អាកាសយានិកនោះវង្វេងវង្វាន់ ប្រកាច់ប្រកិនទទ្រាក់ទទ្រើត ស្រមៃឃើញខ្មោចដែលស្លាប់ដោយចំហាយវិទ្យុសកម្ម៘

ដូច្នេះយើងឃើញថា បណ្តាសាឪពុកម្តាយ និងប្រជារាស្ត្រ មានប្រសិទ្ធភាពណាស់ ធ្វើឱ្យអ្នកត្រូវបណ្តាសានោះស្លាប់ ទាន់ហន់ ឬមានជំងឺរ៉ាំរ៉ៃ វង្វេងវង្វាន់ស៊ីលាមកខ្លួនឯងក៏មានដែរ។ ឃាតករដៃដល់ត្រូវបណ្តាសាល្មមទេ ប៉ុន្តែ អ្នកនៅពីក្រោយ ឬបញ្ជាគេ ទទួលផលវិបាកធ្ងន់ធ្ងរណាស់ បើយោងតាមមាគ៌ាព្រះពុទ្ធសាសនា គឺ “បិទផ្លូវសួគ៌ ផ្លូវនិព្វាន” មានច្រកតែមួយគត់ គឺ “ឋាននរក”។ ឪពុកម្តាយដែលជេរដាក់បណ្តាសាកូនថា “អាព្រះធរណីស្រូប!”, “អាត្រូវគ្រាប់!”, “អារន្ទះបាញ់!”, “អាសំយុង ងងឹត!”, “អាអាយុខ្លី!” ធ្វើឱ្យកូននោះចៀសមិនរួចទេ ជួនកាលក៏ស្លាប់ទាន់ហន់ដូចមេចោរឈ្មោះខៀវ អ៊ីចឹង។

ករណីភរិយាសពលោកបណ្ឌិតកែម ឡី ដាក់បណ្តាសាតាមហ្វេសប៊ុក ដែលសរសេរថា “តើប្តីខ្ញុំធ្វើអីខុស បានជាមក សម្លាប់គាត់បែបនេះ? ចុះបើគេសម្លាប់អ្នកឱ្យព្រាត់ពីប្រពន្ធកូនវិញ តើអ្នកឯងឈឺចាប់អត់? ខ្ញុំសូមដាក់បណ្តាសាអ្នកដែល សម្លាប់ប្តីរបស់ខ្ញុំ ឱ្យវិនាសអន្តរាយព្រាត់ប្រាសចោលគ្រួសារ។ ខ្ញុំឈឺចាប់ខ្លាំងណាស់ គាត់ជាប្តីល្អ ជាប៉ាល្អសម្រាប់កូនៗរបស់ ខ្ញុំ”។ ដូច្នេះ តើបណ្តាសាស្ត្រីកម្សត់ម្នាក់នោះ មានប្រសិទ្ធភាពទេ? យើងអាចឆ្លើយបានថា លុះត្រាតែតាមដានមើលសិន ទើប ដឹងច្បាស់ ព្រោះបណ្តាសាមនុស្សសាមញ្ញ ពុំមែនជាតាបសឥសីនោះ ប្រសិទ្ធភាពនៅមានកម្រិត។ ប៉ុន្តែ បើមានប្រជារាស្ត្រ ទាំងនគរដែលឈឺចាប់នឹងករណីឃាតកម្ម ព្រួតគ្នាជួយដាក់បណ្តាសានោះ ឃាតករនិងអ្នកសមគំនិត គេចមិនរួចទេ ព្រោះ ទឹកមាត់ប្រជារាស្ត្រពូកែស័ក្តិសិទ្ធិណាស់ ជាក់ស្តែង ប៉ុល ពត ត្រូវទឹកមាត់បណ្តាសារាស្ត្រទាសករ បានជាត្រូវស្លាប់គ្មានតម្លៃ…។

កាលពីបុរាណ នាហ្មឺនសព្វមុខមន្ត្រី ដែលធ្វើការបម្រើរាជការក្នុងព្រះបរមរាជវាំង ខ្លាចបំផុតនូវព្រះបណ្តាសាព្រះ- មហាក្សត្រ។ រីឯសិស្សគណ ក៏ខ្លាចទំនាយគ្រូដែរ ព្រោះទំនាយលេខអត្តៈ ស្មើនឹងបណ្តាសា ដូចនេនទុំ ដែលស្លាប់ព្រោះស្រី ក៏ស្របទៅតាមទំនាយព្រះគ្រូចៅអធិការវត្តវិហារធំ ដែលជាព្រះឧបជ្ឈាយ៍។ ចំណែកកូនប្រុសស្រី ត្រូវតែខ្លាចបណ្តាសាឪពុក ម្តាយ ដោយកុំប្រព្រឹត្តអ្វីខុសដំបូន្មានឱ្យអ្នកមានគុណខឹងសម្បា ឈានដល់ការដាក់ទំនាយ ច្បាស់ជារងផលវិបាកចៀសមិន រួច។ ជួនកាលការដាក់បណ្តាសានោះ គេធ្វើវិធីឧបកិច្ច ដូចជា សិតរូបទីងមោងដុតចោល ឬបុកអំបិលម្ទេស គ្រវាសអង្ករ ជាដើម ខណៈដែលកំហឹងពុះពោរ តម្រូវឱ្យគេធ្វើយ៉ាងនេះ។

សរុបទៅ “បណ្តាសា” គឺជាទណ្ឌកម្មបែបប្រយោល ដែលភាគីរងគ្រោះផ្ចាលទៅលើអ្នកសាបព្រោះអំពើអាក្រក់។ ដូច “នគរធំ” លើកឡើងខាងលើរួចហើយថា ព្រះអរហន្ត មិនដាក់បណ្តាសាអ្នកប្រទូសរ៉ាយនឹងព្រះអង្គនោះទេ ប៉ុន្តែ មនុស្ស សម័យនេះ ទៅរកព្រះអរហន្តឯណាបាន? ដូច្នេះ ករណីភរិយាសពលោកបណ្ឌិតកែម ឡី ក៏ដូចប្រជាពលរដ្ឋអ្នកគាំទ្រលោក បណ្ឌិតកែម ឡី ដែលនាំគ្នាដាក់បណ្តាសាឃាតករ និងអ្នកនៅពីក្រោយឃាតកម្មនោះ គួរយើងរង់ចាំមើលសិន បើមានប្រសិទ្ធភាពឬយ៉ាងណានោះ គង់តែនឹងបានឃើញច្បាស់៕

ដោយ ៖ អាចារ្យថាំ

 

RELATED ARTICLES