Friday, April 26, 2024
Homeព័ត៌មានជាតិលោក​សម រង្ស៊ី ថា ផ្នូរ​សព​លោក​បណ្ឌិត កែម ឡី ក្លាយ​ជា​ទី​សក្ការៈ​សម្រាប់​ពលរដ្ឋ​ខ្មែរ

លោក​សម រង្ស៊ី ថា ផ្នូរ​សព​លោក​បណ្ឌិត កែម ឡី ក្លាយ​ជា​ទី​សក្ការៈ​សម្រាប់​ពលរដ្ឋ​ខ្មែរ

ភ្នំពេញ ៖ លោកសម រង្សីុ ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស បានលើកឡើងថា ផ្នូរសពលោក បណ្ឌិតកែម ឡី នៅទឹកដីស្រុកត្រាំកក់ ខេត្តតាកែវ កំពុងក្លាយជាទីសក្ការៈ សម្រាប់ប្រជាពលរដ្ឋខ្មែរ  ដែលនៅតែបន្តចូលមកគោរវិញ្ញាណក្ខន្ធលោក កែម ឡី ជាបន្តបន្ទាប់ បើទោះជាសពរបស់ លោកកែម ឡី ត្រូវបានបញ្ចុះ អស់រយៈពេល ជាង១ខែមកហើយក្តី។

លោកសម រង្សីុ បានសសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ថា អស់រយៈពេលជាង ១ខែហើយ ដែលប្រជាពលរដ្ឋមកពីមជ្ឈដ្ឋាន នានា បន្តទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅឯស្រុកកំណើតរបស់លោក ស្ថិត នៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ផ្នូរសពលោកបណ្ឌិតកែម ឡី បានក្លាយទៅជាកន្លែងសក្ការបូជា សម្រាប់ ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សេរីភាព និង យុត្តិធម៌ ហើយចាត់ទុកលោកបណ្ឌិតកែម ឡី ជាវីរបុរសជាតិ

គួររំព្ញកថា នៅប៉ុន្មានម៉ោងក្រោយកើត មានករណីបាញ់សម្លាប់លោកកែម ឡី នៅក្នុង ស្តារម៉ាតស្ថានីយប្រេងកាល់តិច (ស្តុបបូកគោកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក សម រង្សីុ ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ថា ខ្ញុំសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ថ្ងៃនេះ នៅទីក្រុងភ្នំពេញ។ លោកកែម ឡី ជាកូនខ្មែរ ដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុង ការទាមទារលិទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមានទេពកោសល្យ និងសក្តានុពល នយោបាយគួរឱ្យកត់សម្គាល់។ ដោយសារតែលោកជាគ្រោះថ្នាក់នយោបាយសម្រាប់ពួកគេម្ខាងទៀត បានជាពួកគេម្ខាងទៀតនោះ បានជួលឃាតករឱ្យសម្លាប់លោកកែម ឡី ដូចគេ បានជួលឃាតករ កាលពីអតីតកាលថ្មីៗនេះ ឱ្យសម្លាប់លោកជា វិជ្ជា និងលោកឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀត ដែលបាន ចេញមុខការពារផលប្រយោជន៍ប្រជារាស្ត្រ ខ្មែរ ដូចលោកកែម ឡី អញ្ចឹងដែរ។ ដូចចំពោះ ការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃ៣០ មីនា ១៩៩៧ នៅទីក្រុងភ្នំពេញ ហើយដូច ចំពោះការបាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយមក ជាបន្តបន្ទាប់នូវអ្នកប្រឆាំងដទៃទៀត ដែលហ៊ាន ទិតៀនរដ្ឋាភិបាលអ៊ីចឹងដែរ ការបាញ់សម្លាប់ លោកកែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយ ទៀត រៀបចំដោយរដ្ឋអំណាច

ពាក់ព័ន្ធការចោទប្រកាន់របស់លោកសម រង្សីុ ដែលថា ការបាញ់សម្លាប់លោកកែម ឡី ជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាចនេះ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកគី តិច មេធាវីតំណាងដោយ អាណត្តិបានដាក់ពាក្យប្តឹងលោកសម រង្សីុ ប្រធាន គណបក្សសង្គ្រោះជាតិ ស្នើសុំឱ្យតុលាការផ្តន្ទាទោសលោកសម រង្សីុ តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តតែ១០០រៀល (មួយរយរៀល) ប៉ុណ្ណោះ ដោយក្នុងពាក្យបណ្តឹងចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នោះ បានជម្រាបជូនលោកព្រះរាជាអាជ្ញានៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ថាក្នុងព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិតកែម ឡី បានធ្វើឱ្យមហាជនជាតិនិងអន្តរជាតិ ចាប់អារម្មណ៍ជាខ្លាំង ហើយគ្រប់គ្នាបានធ្វើការថ្កោលទោសចំពោះ ឧក្រិដ្ឋកម្មនេះ។ ភ្លាមៗក្រោយការបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី ឃាតករត្រូវបានចាប់ខ្លួន ជាក់ស្តែង និងត្រូវបានចាត់ការទៅតាមច្បាប់ រហូតត្រូវបានចោទប្រកាន់ និងបញ្ជូនខ្លួនទៅ តុលាការតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនល្មើស កំពុងស្ថិតក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន ហើយ សំណុំរឿងកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់សាលា ដំបូងរាជធានីភ្នំពេញ។ ដូចនេះការផ្សព្វផ្សាយ ជាសាធារណៈរបស់ឈ្មោះសម រង្សីុ ដោយចោទប្រកាន់មួលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹត ងងុលទៅលើរាជរដ្ឋាភិបាលកម្ពុជា ថា ជាអ្នករៀបចំពាក់ព័ន្ធឃាតកម្មលើលោកបណ្ឌិតកែម ឡី មិនត្រឹមតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆោះកំហឹងមហាជន ដែលអាចបង្កឱ្យមានចលាចលនៅ ក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធី របស់តុលាការទៀតផង…”

ជុំវិញបណ្តឹងខាងលើនេះ លោកសម រង្សីុ ត្រូវបានតុលាការកោះហៅឱ្យចូលខ្លួនមកបំភ្លឺ  នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ហើយលោកសម រង្សីុ បានសុំបំភ្លឺតាមអីុនធើរណេត តែត្រូវបានតុលាការបដិសេធ។

លោកសម រង្សីុ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ថាចំពោះបណ្តឹងលោកហ៊ុន សែន ពីបទបរិហារកេរ្តិ៍ ខ្ញុំនៅតែមានជំនឿថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី កាលពីថ្ងៃ១០ កក្កដា ២០១៦ ដូចដែលរដ្ឋាភិបាលដដែលនេះ ជាអ្នកនៅពីក្រោយខ្នងការវាយប្រហារដោយគ្រាប់ បែកដៃ ក្នុងឆ្នាំ១៩៩៧ ការបាញ់សម្លាប់លោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងការបាញ់សម្លាប់ លោកឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អ៊ីចឹងដែរ។

តុលាការហៅខ្ញុំឱ្យទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៩ សីហា ២០១៦ ខាង មុខនេះ។ ខ្ញុំយល់ព្រមផ្តល់ឱ្យតុលាការនូវហេតុផលទាំងឡាយ ដែលធ្វើឱ្យខ្ញុំជឿជាក់ថា រដ្ឋាភិបាលលោកហ៊ុន សែន ជាអ្នកនៅពីក្រោយ ខ្នងឃាតកម្មនយោបាយទាំងអស់ខាងលើនេះ។ ខ្ញុំយល់ព្រមទាក់ទងជាមួយតុលាការ តាមរយៈ ប្រព័ន្ធ អ៊ីនធើណេត (Internet)  គឺតាម Teleconference ដូចអ្វីដែលតុលាការខ្មែរក្រហម បានទាក់ទងថ្មីៗនេះ ជាមួយសាក្សីមួយចំនួន ដែលមិនស្ថិតនៅរាជធានីភ្នំពេញ។ ជាចុងក្រោយខ្ញុំមានសំណួរមួយទៅលោកហ៊ុន សែន ៖ ខ្ញុំចង់សួរគាត់ថា បន្ទាប់ពីគាត់ប្តឹងខ្ញុំហើយ ដោយឈរលើអ្វីដែលខ្ញុំបានបង្ហោះលើទំព័រ Facebook របស់ខ្ញុំ តើហេតុអ្វីបានជាគាត់មិនប្តឹងផងដែរ ប្រជាពលរដ្ឋជាង ១០០០០០ (ដប់មឺុន) នាក់ ជាអ្នកប្រើប្រាស់ Facebook ដែរ ដែលបានចូលចិត្ត(Like) និងយល់ស្របតាមអ្វីដែល ខ្ញុំបានអះអាងក្នុងរឿងនេះលើទំព័រ Facebook របស់ខ្ញុំ? សូមពិនិត្យមើលតួលេខ និងស្ថិតិរបស់ ក្រុមហ៊ុន Facebook ភ្ជាប់មកជាមួយនេះ

គួរបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករដៃឆៅម្នាក់បាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហា វិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែលលោក កំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់កាំភ្លើងឈ្មោះជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយ ពេលជនដៃដល់បានព្យាយាមរត់គេចខ្លួនដោយ ថ្មើរជើង រហូតមកដល់មុខផ្សារទំនើបអីុអន តាម ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ដោយដកហូតកាំភ្លើងខ្លី ម៉ាកឡុក១៩ ផលិតនៅប្រទេសចិន១ដើម ពណ៌ខ្មៅ និង បង់ចំនួន២។

ជនសង្ស័យជួប សម្លាប់ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទមនុស្សឃាតគិត ទុកជាមុន និងប្រើអាវុធដោយគ្មានការអនុញ្ញាតរួចត្រូវបានសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៦។ យ៉ាងណា ជុំវិញករណី ឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវរកអ្នកនៅពីក្រោយអំពើ ឃាតកម្មដ៏សាហាវនេះ ដើម្បីចាប់ខ្លួនយកមក ផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES