Wednesday, July 9, 2025
Homeតារាខ្មែរថុល សុភិទិ ហ៊ឺហាជិះ Rolls  Royce

ថុល សុភិទិ ហ៊ឺហាជិះ Rolls  Royce

ភ្នំពេញ ៖ តារាចម្រៀង ថុល សុភិទិ បានឡើងកូដមួយក្រឺតទៀត តាមរយៈការជិះរថយន្ដទំនើប ម៉ាក Rolls-Royce Cullinan ពណ៌ខ្មៅ ដ៏ថ្មីសន្លាង តម្លៃខ្ទង់លានដុល្លារ ពោលគឺតែ ១សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីលោកធ្វើខួបកំណើតឲ្យកំពូលស្នេហា អ្នកនាងឡុង ម៉ានីន គម្រប់អាយុ២៧ឆ្នាំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

ប្រភពបានឲ្យដឹងថា ភិទិ ចូលលុយគ្នាជាមួយសង្សារ ទិញរថយន្ដលំដាប់សេដ្ឋីនេះជិះ ដើម្បីបង្ហាញពីកម្រិត ជីវភាពរបស់ពួកគេកាន់តែធូធារ មុនពេលរៀបការ ។ យ៉ាងណា នេះមិនមែនជារថយន្ដដែលមានតម្លៃខ្ពស់ទី១ នោះទេ សម្រាប់ភិទិ ព្រោះកាលពីឆ្នាំមុន រូបគេនិងម្ចាស់ស្នេហ៍ ក៏ទិញរថយន្ដម៉ាកឡាបូហ្គីនី (Lamborghini) តម្លៃសែនដុល្លារផងដែរ។ ប្រភពថា នៅឆ្នាំ២០២៥ តារាចូលចិត្តលេងម៉ូដសាក់ លោកភិទិ និងសង្សារ អ្នកលក់ Online មានរថយន្ដដល់ទៅ ៤គ្រឿង ជិះឆ្លាស់គ្នា គឺ Rolls-Royce Cullinan, Lamborghini, Lexus និង Ford ។

ថុល សុភិទិ បានធ្វើខួបកំណើតឲ្យអនាគតប្រពន្ធ អ្នកនាងម៉ានីន កាលពីថ្ងៃទី២៦ ខែ មិថុនា ដែលនៅក្នុងពិធីជប់លៀងនោះ ភិទិ បានបំពាក់ចិញ្ចៀនគូស្នេហ៍ ដើម្បីសុំរៀបការជាមួយនាងទៀតផង។ តារា GenMusix រូបនេះ ក៏បង្ហាញអារម្មណ៍រំភើប នៅពេលដែលនាងម៉ានីន យល់ព្រមតាមសំណើខ្លួន ប៉ុន្ដែមិនបានសន្យាថា ពេលណា ទើបដឹកដៃគ្នាចូលរោងការឡើយ ។

គួរបញ្ជាក់ថា ថុល សុភិទិ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ តែត្រូវបានលីម តិចម៉េង ដណ្តើមពានបាត់ បានភ្ជាប់ស្នេហាជាមួយអ្នកមេម៉ាយរូបស្រស់កូន១ ឡុង ម៉ានីន កាលពីចុងឆ្នាំ២០២២ ហើយអ្វីដែលធ្វើអ្នកលក់ Online ពេញចិត្តលោកស្ដូកនោះ គឺកូនមន្រ្ដីធំផ្កាយ ២រូបនេះ ស្រលាញ់កូនស្រីនាង ដូចជាកូនបង្កើតដែរ ។ កាន់តែចាប់អារម្មណ៍នោះ កាលពីឆ្នាំមុន ភិទិ ថែមទាំងអង្គុយរួមតុជាមួយអតីតប្ដីនាងម៉ានីន ក្នុងមង្គលការមួយទៀតផង ដែលនេះបញ្ជាក់ថា លោកនិងអតីតប្ដីគូស្នេហ៍ រាប់អានគ្នាធម្មតា ។ ចំណែកម៉ានីន ហាក់ដូចជាមានក្ដីសុខខ្លាំងជាមួយតារាចម្រៀងរូបនេះ ព្រោះអាជីវកម្ម Online របស់នាងកាក់កបទៅមុខ ដោយសារភិទិ ក៏ធ្លាប់ជាអ្នកលក់ Online ម្នាក់ដែរ ។

 មានការកត់សម្គាល់ថា ថុល សុភិទិ ទោះជាមិនឈ្នះពាន តែមានទីផ្សារចម្រៀងល្អអំឡុងជ្រកនៅផលិតកម្មរស្មីហង្សមាស ។ ប៉ុន្ដែពេលថៅកែហង្សមាស រុញឲ្យភិទិ ទៅជ្រកនៅGenMusix គេឃើញតារាចម្រៀងរូបនេះ មិនសូវលេចធ្លោដូចមុនឡើយ តែបែរជាមកល្បីរន្ទឺរឿងស្នេហាទៅវិញ ។ យ៉ាងណា គេជឿថា ភិទិ អាចនឹងមានការប្រែប្រួលជាងនេះមិនខាន ប្រសិនបើចាប់ដៃជាមួយស្រីស្អាត SK ដែលជាគូស្នេហ៍របស់លោក Step ។ ប៉ុន្តែទោះជាមានដៃគូ ជាស្រីស្អាតយ៉ាងណា គេជឿថា ភិទិ នឹងមិនហ៊ានល្មើសបម្រាមសង្សារ ជាដាច់ខាត បើមិនចង់ប្រេះឆាស្នេហា ជាលើកទី២  ព្រោះម៉ានីន ធ្លាប់ព្រមានលោកម្ដង ហើយរឿងមិនថតឱបថើបបឺតមាត់តារាស្រី គឺលក្ខខណ្ឌនេះ តាំងពីមុនកូនមន្រ្ដីធំរូបនេះ ថើបបឺតមាត់នាងអ៊ីង អ៊ីង ដែលធ្វើឲ្យម៉ានីន ឆេះដុំ និងប្រកាសផ្ដាច់ស្នេហាម្ដងទៅហើយ មុនពេលវិលមកត្រូវរ៉ូវគ្នាជាថ្មី ហើយម្ដងនេះ ស្អិតល្មូតលើសដើម ។ មហាជនលើកឡើងថា ដើម្បីឲ្យស្នេហាលែងប្រឈមហានិភ័យ ទាល់តែភិទិ ប្រញាប់ដឹកដៃអ្នកមេម៉ាយរូបស្រស់ សាច់សខ្ចីរូបនេះ ក្រាបផ្ទឹម ទើបស្នេហាមានសុវត្ថិភាព ដែលពេលនោះ អ្នកលក់ Online រូបស្អាត នឹងទិញរថយន្ដថ្លៃៗ ឲ្យប្តីនាងជិះថែមទៀតជាមិនខាន ៕

RELATED ARTICLES