ខេត្តកណ្តាល ៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ចង់មានឆាប់ ក៏បែកគំនិតទាក់ទងទិញថ្នាំញៀនពីអ្នកជាប់គុក យកមកលក់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ធំ មានទម្ងន់សរុប ១៦៧,៤០ក្រាម។

ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២៥ នៅចំណុចក្នុងរោងស្នាក់នៅមួយកន្លែង ស្ថិតនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានឈ្មោះ ភន ចន្នី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះរុំ ហ៊ីម អាយុ២៥ឆ្នាំ មុខរបរមិន ពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធ មានលំនៅក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ចំពោះវត្ថុតាងដកហូត រួមមាន សារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន២កញ្ចប់ធំ ទម្ងន់សរុប ១៦៧,៤០ក្រាម។ ទូរស័ព្ទ ចំនួន២គ្រឿង (ម៉ាក Samsung)។ បញ្ជីកត់ត្រាលក់គ្រឿងញៀន ចំនួន១ក្បាល។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធថា មានការជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើភ្លាម លោកបានបញ្ជាកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ បានចុះទៅដល់ទីតាំងកើតហេតុ ដោយឃើញជនសង្ស័យប្រុសស្រី ទាំង២នាក់កំពុងអង្គុយនៅរោងមួយកន្លែង ក៏ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញថ្នាំញៀន ចំនួន២កញ្ចប់ធំ រួចក៏នាំខ្លួនជន សង្ស័យទាំង២នាក់ ទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ គឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទូរស័ព្ទទិញថ្នាំញៀន ពីឈ្មោះហាន (កំពុងជាប់ក្នុងពន្ធនាគារព្រៃស) ក្នុងតម្លៃ ១ពាន់ដុល្លារ ដោយវេរលុយទៅឱ្យមុន តាមរយៈ QR Cord ឈ្មោះ THIA CHORM រួចទើបឈ្មោះហាន បានឱ្យប្អូនរបស់គេ ឈ្មោះឆែប យកថ្នាំញៀនមកឱ្យខ្លួន ហើយខ្លួនក៏យកថ្នាំញៀននោះ មកលក់ឱ្យឈ្មោះសិត នៅម្តុំ ស្អាងភ្នំ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ កន្លងមកខ្លួនធ្លាប់ទូរសព្ទ័ទិញថ្នាំពីឈ្មោះ ហាន (ជាប់ក្នុងពន្ធនាគាព្រៃស) ចំនួន៥ទៅ៦ដង រួចមកហើយ។
លោកអធិការ បានបញ្ជាក់បន្ថែមថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នង ការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរង ទទួលបន្ទុកប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ក្រុមប្រឹក្សាឃុំ មេភូមិ បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញស្រុកស្អាង កម្លាំងប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនខេត្ត កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍ស្វាយរលំ ធ្វើការឆែកឆេរលំនៅឋានរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ដែលស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តា ល តែសមត្ថកិច្ចរកពុំឃើញវត្ថុតាងអ្វីបន្ថែមទៀតឡើយ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕