គោល​ដៅ​៥​ចំណុច លោក​សម រង្ស៊ី ថា បក្ស​ប្រឆាំង​នឹង​ធ្វើឱ្យ​បាន​សម្រេច

0
338

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានអះអាងថា គណបក្សប្រឆាំង នឹងធ្វើឱ្យបានសម្រេចនូវគោលដៅសំខាន់ៗចំនួន ៥ ដើម្បីសង្គ្រោះប្រទេសកម្ពុជា និងប៉ះប៉ូវសង ជូនប្រជាពលរដ្ឋវិញ នូវអ្វីដែលបានបាត់បង់ ប៉ុន្តែដើម្បីឱ្យសម្រេចគោលដៅទាំង៥នេះបាន លោកសម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលស្រលាញ់ជាតិ និងយុត្តិធម៌ ចូលរួមគាំទ្រ សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ។

លោកសម រង្ស៊ី បានបញ្ជាក់នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ថា ដោយសារតែរដ្ឋអំណាចសព្វថ្ងៃដែលមានបរទេសនៅពីក្រោយខ្នង បានលួច ប្លន់អ្វីៗទាំងអស់ពីប្រជារាស្ត្រខ្មែរ គោលដៅ របស់គណបក្សសង្គ្រោះជាតិ មាន៥ចំណុចដូច តទៅ 

ប្រគល់សងប្រទេសកម្ពុជា ជូនមក ប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដី តែមួយគត់។

ប្រគល់សងទ្រព្យសម្បត្តិ ជូនមកប្រទេស ជាតិវិញ ដូចជាព្រៃឈើ រ៉ែ ភ្នំ បឹងបួ ស្ទឹង ទន្លេ រហូតដល់ឆ្នេរសមុទ្រ និងកោះកណ្តាលសមុទ្រ ដើម្បីគ្រប់គ្រងឱ្យបម្រើផលប្រយោជន៍សាធារណៈ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជារាស្ត្រ។

ប្រគល់សងទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រ ជូនមកប្រជារាស្ត្រវិញ ដែលជាម្ចាស់ដើម និងម្ចាស់ពិត លើផ្ទះសម្បែង ដីធ្លី ស្រែចម្ការ របស់លោក។

ប្រគល់សងវាសនាប្រទេសកម្ពុជា ជូន មកប្រជារាស្ត្រខ្មែរវិញ ជាអ្នកសម្រេចក្នុង ឯករាជ្យដ៏ពេញលេញ។

បញ្ឈប់ការអភិវឌ្ឍក្លែងក្លាយដូចសព្វ ថ្ងៃ ដែលបម្រើតែផលប្រយោជន៍ក្រុមគ្រួសារ មេដឹកនាំពុករលួយ និងបក្ខពួកមួយក្តាប់តូច ហើយរៀបចំឱ្យមានការអភិវឌ្ឍពិតប្រាកដ ដែលបម្រើផលប្រយោជន៍ប្រជារាស្ត្រខ្មែរទាំង មូល។

ដូច្នេះសូមបងប្អូនជនរួមជាតិ ដែលជា អ្នកស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌គ្រប់ រូប មេត្តាគាំទ្រនិងចូលរួមសកម្មភាពគណបក្ស សង្គ្រោះជាតិ ដើម្បីឱ្យប្រជារាស្ត្រខ្មែរ បាន សម្រេចគោលដៅទាំង៥ចំណុចខាងលើនេះ

ក្រៅពីការលើកឡើងខាងលើ លោកសម រង្ស៊ី ក៏បានប្រកាសឱ្យដឹងតាមទំព័រហ្វេសប៊ុក របស់លោកថា គណបក្សសង្គ្រោះជាតិ ប្រចាំ ប្រទេសបារាំង នឹងប្រារឰពិធីជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមអធិបតីភាពរបស់លោក ជាប្រធានគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា អនុប្រធានគណបក្សតាមប្រព័ន្ធអ៊ីនធើរណេត (Skype) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៦ ចាប់ពីម៉ោង២រសៀលដល់ម៉ោង៦ល្ងាច។

ដោយឡែក នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងបន្តស្នាក់នៅលាក់ ខ្លួនទីស្នាក់ការកណ្តាលគណបក្ស ឯសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបញ្ចោញនូវ ទស្សនៈតាមទំព័រហ្វេសប៊ុករបស់លោក ក្រោម ប្រធានបទ គុណតម្លៃ មនុស្សគឺ ៖ សេចក្តី ថ្លៃថ្នូរ និងសម្បជញ្ញៈក្នុងន័យសំដៅដល់ការ ទាមទារសេរីភាព សម្រាប់ជីវភាពរស់នៅ។

លោកកឹម សុខា បានសរសេរថាមនុស្សយើងមានគុណតម្លៃពិសេស ខុស ពីសត្វដទៃ អាស្រ័យដោយមនុស្សមាន ៖ សេចក្តី ថ្លៃថ្នូរ និងសម្បជញ្ញៈ។

សេចក្តីថ្លៃថ្នូរ (សិទ្ធិដែលត្រូវទទួល បាន៖ មនុស្សយើង ទោះបីជាអ្នកធំឬអ្នកតូច អ្នកខ្លាំងឬអ្នកខ្សោយ អ្នកមានឬអ្នកក្រ អ្នកឈ្នះឬអ្នកចាញ់ក៏ដោយ ត្រូវតែទទួលបាន នូវសេចក្តីថ្លៃថ្នូរ គឺជាសិទ្ធិមូលដ្ឋាននៃការរស់នៅ ដែលមានជាអាទិ៍ ៖ ១ម្ហូបអាហារហូបចុកគ្រប់ គ្រាន់ ២លំនៅឋានរស់នៅសមរម្យ ៣ការងារ ធ្វើ សម្រាប់ជាមុខរបរចិញ្ចឹមជីវិត ៤សេវា សុខភាព និងទី៥សេវាអប់រំជាដើម។ មនុស្ស មិនត្រូវទទួលរងនូវការប្រមាថមើលងាយ បង្ខូច កេរ្តិ៍ឈ្មោះ និងបង្ខំឱ្យរស់ដូចសត្វនោះទេ។

ដូច្នេះខ្ញុំយល់ឃើញថា មនុស្សយើងគួរ មានឱកាសចូលរួមរៀបចំសង្គម ដើម្បីរស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូរទាំងអស់គ្នា។ មនុស្ស យើងគួរផ្តោតលើបញ្ហាសង្គម បញ្ហាប្រទេសជាតិ ជាធំ ដោយចៀសវាងទាំងសកម្មភាព ទាំងការ និយាយស្តីដែលជាការរំលោភបំពាន សម្លុតគំរាម កំហែង ជេរប្រមាថ បង្កាច់បង្ខូច បង្ក ជម្លោះតែរឿងបុគ្គលនោះទេ។ មនុស្សយើងមិនមែនចេះតែបង្កជម្លោះ ហើយមិនចេះរួមគ្នា ដោះស្រាយបញ្ហាដោយយោគយល់គ្នានោះ ឡើយ។

សម្បជញ្ញៈ (សេរីភាពដែលត្រូវទាមទារ៖ មនុស្សយើង ទោះបីជាអ្នកធំឬអ្នកតូច អ្នកខ្លាំងឬអ្នកខ្សោយ អ្នកមានឬអ្នកក្រ អ្នក ឈ្នះឬអ្នកចាញ់ក៏ដោយ ត្រូវមានសម្បជញ្ញៈ មានការភ្ញាក់រលឹក មានការពិចារណា មាន សេរីភាពសម្រាប់ខ្លួនគ្រប់ៗគ្នា។ មនុស្សមិន ត្រូវទទួលរងនូវការឃាត់ឃាំង រារាំង មិនឱ្យ មានការតវ៉ា ទាមទារបញ្ចោញមតិយោបល់ ខុសគ្នា ដើម្បីឱ្យខ្លួនរួចផុតពីការជិះជាន់ ការ ឈឺចាប់ ឬការកាប់សម្លាប់នោះឡើយ។ មនុស្ស មិនអាចទ្រាំឱ្យគេខ្ទប់ដង្ហើម បិទច្រមុះ ហើយ បិទមាត់ទៀតដោយមិនរើបម្រះសោះឡើយ។

ដូច្នេះខ្ញុំយល់ថា មនុស្សយើងត្រូវតែប្រើ សម្បជញ្ញៈរបស់ខ្លួន និងត្រូវតែគោរពសម្បជញ្ញៈអ្នកដទៃ ទើបយើងអាចទទួលបាននូវ សេចក្តីស្ងប់ សេចក្តីសុខ និងសេចក្តីចម្រើន ប្រកបដោយសុខដុមរមនាជាមួយគ្នានៅក្នុង សង្គមមនុស្ស ដែលជាសង្គមស៊ីវិល័យ ខុសពី សង្គមសត្វដទៃ