Monday, July 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបប៉ះនារីក្លាហាន ជិះដេញតាម ជាប់ខ្នោះ២

ឆក់កាបូបប៉ះនារីក្លាហាន ជិះដេញតាម ជាប់ខ្នោះ២

ខេត្តបន្ទាយមានជ័យ ៖ នារី២នាក់ (ជនជាតិឥណ្ឌូនេស៊ី ម្នាក់ ជនជាតិខ្មែរ ម្នាក់) កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ដោយក្នុងកាបូបមានលុយ ជាង៣០ម៉ឺនបាត និងទូរស័ព្ទ iPhone ២គ្រឿង លុះនារីរងគ្រោះទាំង ២នាក់ជិះម៉ូតូប្រដេញតាមនិងស្រែក “ចោរ!ៗ” ធ្វើឱ្យផ្អើលដល់កម្លាំងជំនាញអាវុធហត្ថកំពុងល្បាត ជួយប្រដេញតាមចាប់ក្របួចជាប់២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបរិវេណកាស៊ីណូហ្កែនទីន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យជាចោរឆក់កាបូបទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះជា រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះរដ្ឋា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាក្មេងទំនើង ក្នុងក្រុម CJ និងជាមុខសញ្ញាធ្លាប់កាប់ប្លន់ម៉ូតូផងដែរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យទាំង២នាក់ (ឈ្មោះជា រដ្ឋា និងឈ្មោះរដ្ឋា ឧត្តម) ជាសមាភាពក្មេងទំនើងក្រុម CJ ហើយក៏ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនៅក្រុងប៉ោយប៉ែត ផងដែរ។ ជាក់ស្តែង នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបរិវេណកាស៊ីណូហ្គែនទីន ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មាននារី២នាក់ (ជនជាតិឥណ្ឌូ ម្នាក់ និងខ្មែរ ម្នាក់) បានជិះម៉ូតូដេញតាមស្រែក “ចោរៗ ឆក់កាបូបខ្ញុំ ជួយចាប់ផង” ហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលកំពុងចេញល្បាត ប្រទះឃើញ ស្ទាក់ចាប់បាន២នាក់ និងម៉ូតូ ១គ្រឿង និងយកបានកាបូបមកវិញ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យបាន២នាក់និងម៉ូតូ ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព និងយកកាបូបបានមកវិញ ដោយមានលុយ ៣០៩ ០០០បាត និងទូរស័ព្ទ iPhone ២គ្រឿង (ប្រគល់ជូនម្ចាស់វិញ)។ ចំណែកជនសង្ស័យ ទាំង២នាក់ត្រូវបាននាំយកទៅសាកសួរ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេជាក្រុមក្មេងទំនើងបងធំក្រុម (CJ) ដែលធ្លាប់ធ្វើសកម្មភាពជាក្រុម កាប់ប្លន់យកម៉ូតូ និងទ្រព្យពលរដ្ឋក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកផ្សេងទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាសទោសតាមច្បាប់៕

RELATED ARTICLES