ភ្នំពេញ ៖ បុរសម្នាក់ ធ្លាប់បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ម្តងរួចមកហើយ តែសំណាងល្អ បានអ្នកជិតខាងឃើញ ក៏ជួយពន្លត់ទាន់ពេល រួចហើយបានរត់គេចបាត់មួយរយៈ លុះត្រឡប់មករស់នៅផ្ទះវិញ បានប៉ុន្មានថ្ងៃ ក៏ដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង រួចរត់គេចខ្លួនបាត់ម្តងទៀត។

ករណីដុតផ្ទះខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ជនបង្កហេតុ ត្រូវបានប្រជាពលរដ្ឋជិតខាងអះអាងថា គឺជាមនុស្សប្រុស មានសតិមិនប្រក្រតី។ ចំណែកផ្ទះដែលរងការខូចខាត ជាប្រភេទផ្ទះសង់ពីឈើលើ ថ្មក្រោម។

តាមប្រភពប្រជាពលរដ្ឋរស់នៅក្បែរខាង បានឱ្យដឹងថា បុរសខាងលើ រស់នៅក្នុងផ្ទះខាងលើនោះតែម្នាក់ឯង ដោយឪពុកម្តាយ ក្រុមគ្រួសារ បាននាំគ្នាទៅរស់នៅភ្នំពេញ។ កាលពីពេលកន្លងទៅ បុរសនេះធ្លាប់បានធ្វើ សកម្មភាពដុតផ្ទះខាងលើ ម្តងរួចមកហើយ ប៉ុន្តែបានពួកគាត់ជាអ្នកជិតខាងឃើញ នាំគ្នាជួយពន្លត់ទាន់ពេល។ ពេលនោះ បុរសខាងលើ បានរត់រួចគេចខ្លួនបាត់ លុះច្រើនខែក្រោយមក ទើបត្រលប់ចូលផ្ទះវិញ ទើបតែបានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏បានដុតផ្ទះម្តងទៀត បណ្តាលឱ្យឆេះហ្មត់តែម្តង។

ប្រភពដដែល បន្តថា នៅថ្ងៃកើតហេតុ ពួកគាត់មិនបានឃើញបុរសនោះដុតផ្ទះភ្លាមៗនោះទេ រហូតដល់ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ទើបបានដឹង ហើយពួកគាត់បានាំគ្នាយកទុយោទឹក ជួយបាញ់ពន្លត់ មិនតែប៉ុណ្ណោះមេឃក៏កំពុងភ្លៀងផងដែរ ប៉ុន្តែពន្លត់មិនឈ្នះ ខណៈនោះពួកគាត់ម្នាក់ៗបានត្រឹមតែឆោឡោ ហើយពេលភ្លើងកំពុងឆេះ និងកំពុងមានការភ្ញាក់ផ្អើលនោះ ស្រាប់តែបុរសនោះ បានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់មក ពួកគាត់បានរាយការណ៍ទៅកាន់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ហើយក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង របស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ បានចុះមកដល់បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅវេលាម៉ោង៤រសៀល ថ្ងៃដដែល ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយក៏មិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕
