Thursday, April 18, 2024
Homeព័ត៌មានជាតិប្រពន្ធ​ចោរ​ប្លន់​បាញ់​សម្លាប់​ខ្លួន ប្រាប់​ពីមូល​ហេតុ​ប្តី​ធ្វើ​ចោរ​ប្លន់

ប្រពន្ធ​ចោរ​ប្លន់​បាញ់​សម្លាប់​ខ្លួន ប្រាប់​ពីមូល​ហេតុ​ប្តី​ធ្វើ​ចោរ​ប្លន់

ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ ជាចោរប្លន់ដែលធ្វើសកម្មភាពប្លន់យ៉ាងសកម្ម នៅតាមបណ្តាខេត្ត-រាជធានី និងចុងក្រោយ បានធ្វើសកម្មភាព ប្លន់ទូរស័ព្ទពីហាងលក់ទូរស័ព្ទ មួយកន្លែង ប្រមូលបានទូរស័ព្ទដៃទំនើប៧គ្រឿង មានតម្លៃសរុបជិត៣ពាន់ដុល្លារ លុះសមត្ថកិច្ច ចុះព័ទ្ធចាប់ដល់បន្ទប់ជួល បានសម្រេចចិត្តបាញ់ សម្លាប់ខ្លួនក្នុងបន្ទប់ទឹកនោះ បានចេញមុខរៀប- រាប់បើកកកាយ ពីរឿងរ៉ាវជីវិតគ្រួសាររបស់ខ្លួន ដែលជួបប្រទះបញ្ហាជីវភាពលំបាកវេទនា រហូត ដល់ប្តីធ្លាក់ខ្លួនធ្វើជាចោរប្លន់។

តាមសម្តីស្ត្រីឈ្មោះមិន សុជាតា អាយុ ២៩ឆ្នាំ ត្រូវជាភរិយារបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា នាងមានស្រុកកំណើតនៅខេត្តពោធិ៍- សាត់ និងបានបម្រើការនៅក្នុងក្លឹបស្នូកឃឺរមួយ កន្លែង ឯខេត្តសៀមរាប ក្រោយមកក៏បានជួប នឹងបុរសឈ្មោះហេង សុខមាន (ជនសង្ស័យ ជាចោរប្លន់បាញ់សម្លាប់ខ្លួន) ដែលកាលនោះ ប្តី របស់នាង គឺជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone រួចក៏ត្រូវរ៉ូវរៀបការនឹងគ្នានៅអំឡុងឆ្នាំ ២០១១ ហើយនាំគ្នាមករួមរស់នៅ និងធ្វើការ នៅឯខេត្តសៀមរាបវិញ។ ក្រោយមកប្តីនាង បានប្រាប់ឱ្យនាងឈប់ធ្វើការ ដោយគេជាអ្នក ធានារ៉ាប់រងលើជីវភាពទាំងស្រុង។ តាំងពីចាប់ ដៃគ្នាជាប្តីប្រពន្ធ រហូតមកដល់សព្វថ្ងៃ ពួកនាង រួមរស់បង្កើតបានកូនស្រី៣នាក់ជាចំណងនិស្ស័យ។

PPP

នាងមិន សុជាតា បន្តថា ប្តីរបស់នាង ចេះភាសាចិន អង់គ្លេស និងជំនាញ IT ច្បាស់ ណាស់ តែធ្វើការទទួលបានប្រាក់ខែតែ១៦០ ដុល្លារប៉ុណ្ណោះ លុះប្តីសុំក្រុមហ៊ុនឡើងប្រាក់ខែ ក្រុមហ៊ុនមិនព្រមដំឡើងឱ្យសោះ និងថែមទាំង កាត់ប្រាក់ហូបប្រចាំថ្ងៃ និងថ្លៃសាំងរបស់ប្តីនាង ទៀត រហូតដល់ប្តីនាងទ្រាំធ្វើការតទៅទៀត លែងបាន ក៏សុំលាឈប់ទៅ។ បន្ទាប់មក នាង បានយកប្លង់ដីរបស់ម្តាយ ទៅដាក់បញ្ចាំនៅ ធនាគារមួយ ដោយទទួលបានប្រាក់១ពាន់ដុល្លារ យកទៅទិញម៉ូតូមួយគ្រឿង គ្រាន់ជិះធ្វើការ រកស៊ី តែមិនយូរប៉ុន្មានម៉ូតូនោះ ក៏ត្រូវចោរលួច បាត់ទៀត។ ក្រោយមកទៀត ប្តីនាងបានដើរ ដាក់ពាក្យធ្វើការនៅគ្រប់កន្លែងនៅក្នុងខេត្ត តែ គ្មានអ្នកណាទទួលឱ្យធ្វើការសោះ ទើបប្តីនាង ចេះតែស្កាត់ចេញរកការងារធ្វើ នៅតាមខេត្ត ផ្សេងទៀត ទីបំផុត ប្តីនាងក៏រកការងារបានធ្វើ ជាអ្នកគ្រប់គ្រងទូទៅនៅក្នុងភោជនីយដ្ឋាន និង ផ្ទះសំណាក់មួយកន្លែង ក្នុងទឹកដីខេត្តមណ្ឌល- គិរី។ ពេលនោះ នាងក៏ចេញទៅធ្វើការជាមួយ ប្តីដែរ ហើយប្រឹងប្រែងសន្សំប្រាក់ធីបដែល ភ្ញៀវផ្តល់ឱ្យ រហូតដល់មានលទ្ធភាពសងបំណុល ធនាគាររួច និងសល់ប្រាក់មួយចំនួនទៀត។ បន្ទាប់មក ពួកនាងបានខ្ចីប្រាក់ធនាគារបន្ថែម ទៀត ចំនួន៥ពាន់ដុល្លារ ដើម្បីបើកហាងលក់ គ្រឿងហូបចុកផ្ទាល់ខ្លួនមួយ តែដោយសារតែ ស្ទើរបទពិសោធន៍ ទើបមុខជំនួញមួយនេះត្រូវ បរាជ័យរហូតដល់ខាតបង់ប្រាក់ប្រមាណ៣ម៉ឺន ដុល្លារឯណោះ។

នាងមិន សុជាតា បានឱ្យដឹងទៀតថា ក្រោយពីការរកស៊ីខាតចុងខាតដើមអស់ ប្តីប្រពន្ធ នាងក៏ត្រឡប់មកខេត្តសៀមរាប ជាថ្មីម្តងទៀត ហើយប្តីនាងបានម៉ៅការសំណង់ពីក្រុមហ៊ុនចិន មួយ តែថៅកែចិននោះ បើកលុយឱ្យមិនគ្រប់ ទើបប្តីប្រពន្ធនាង បានចងការប្រាក់ពីធនាគារ ម្តងទៀត ចំនួន៣៥០០ដុល្លារ ដើម្បីបើកឱ្យ ថ្លៃកម្មករ។ បន្ទាប់មក ប្តីនាងក៏ចេញទៅម៉ៅការ សំណង់នៅខេត្តកោះកុងមួយកន្លែងទៀត លុះ ចប់ការងារនៅកោះកុង ប្តីនាងក៏បន្តម៉ៅការ នៅសំណង់វារីអគ្គិសនីខេត្តស្ទឹងត្រែង តែពេល ទៅដល់ ប្តីនាងចាញ់ទឹកដី ក៏ធ្លាក់ខ្លួនឈឺធ្ងន់ ដោយកើតមានជំងឺឈាមសស៊ីឈាមក្រហម ទើបនាងបានខ្ចីលុយធនាគារបន្ថែមទៀត ដើម្បី ព្យាបាលជំងឺប្តី ហើយក៏នាំគ្នាឡើងមកភ្នំពេញ ស្នាក់នៅផ្ទះសាច់ញាតិ ក្នុងខណ្ឌព្រែកព្នៅ ក្រោយ មកទៀត ទើបចេញមកជួលផ្ទះស្នាក់នៅក្នុង មួយខែ ៤០ដុល្លារ។

ស្ត្រីជាភរិយាជនសង្ស័យ បានរៀបរាប់ បន្ថែមថា នៅពេលរស់នៅផ្ទះជួលនោះ នាង នៅតែផ្ទះមើលថែកូនប៉ុណ្ណោះ ចំណែកប្តីប្រាប់ ថា គាត់បានទទួលម៉ៅការសំណង់ ជាមួយ ក្រុមហ៊ុនចិន នៅអូឡាំពិក ហើយប្តីនាងតែង ចេញទៅធ្វើការរៀងរាល់ព្រឹក និងត្រឡប់មក វិញនៅរាល់ល្ងាច ទៀងម៉ោងណាស់ មិនដែល ដាច់យប់ម្តងណាទេ។ អំឡុងពេលរស់នៅភ្នំពេញ នេះ ពួកនាងមានម៉ូតូមួយគ្រឿងម៉ាកស្មាស់ ស៊េរីឆ្នាំ២០១២ ហើយប្តីក៏បានយកទៅបញ្ចាំ បានប្រាក់៦០០ដុល្លារ ដើម្បីបង់ការប្រាក់ និង ឱ្យថ្លៃឈ្នួលផ្ទះអស់ដែរ។ ក្រោយបញ្ចាំម៉ូតូបាន ប៉ុន្មានថ្ងៃ ប្តីនាងបានបើកម៉ូតូចាស់មួយគ្រឿង ត្រឡប់មកផ្ទះវិញ លុះនាងសួរនាំថា បានម៉ូតូ នេះមកពីណា? ប្តីប្រាប់ថា គាត់ខ្ចីគេជិះជា បណ្តោះអាសន្នសិន។

ភរិយាជនសង្ស័យនោះ បញ្ជាក់ថា រហូត មកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ប្តីបាន យកលុយមកហុចឱ្យនាងចំនួន២០០ដុល្លារ ប្រាប់ ថាទុកសម្រាប់បង់ថ្លៃផ្ទះ និងសងការប្រាក់គេ លុះពេលនាងសាកសួរថា បានលុយពីណា? ប្តី នាងប្រាប់ថា ជាលុយប្រាក់ខែ ហើយនៅយប់ នោះ ប្តីនាងហាក់ចេះតែនិយាយស្តីប្លែកៗ ដោយ ប្រាប់ឱ្យនាងឱបគាត់ឱ្យណែន និងបានសួរនាង ថា បើអត់ពីគាត់ទៅ តើនាងចិញ្ចឹមកូនរស់ ទេ? បន្ទាប់មក ប្តីក៏យកកូនមកដាក់លើទ្រូងរួច និយាយផ្តាំកូនថា “បើអត់ពីប៉ាទៅ កូនត្រូវរក មនុស្សណាដែលល្អរស់នៅជាមួយគេ”។ ស្រាប់តែ ព្រឹកឡើង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅ ម៉ោងប្រមាណ៦ព្រឹក នាងបានឮសំឡេងគោះ ទ្វារ និងស្រែកខ្លាំងៗ លុះនាងចង់ទៅបើកទ្វារ បន្ទប់មើល តែប្តីចេះតែឱបនាងជាប់ និងប្រាប់ ថា កុំបើកទ្វារអ្វី ចំណែកខ្លួនប្តីរបស់នាងឡើង ញ័រចំប្រប់ដូចកូនសត្វ។ ភ្លាមនោះប្តីនាងបាន និយាយថា “ថ្ងៃនេះជាថ្ងៃអង្សារបស់បងហើយ!” តែនាងមិនបានចាប់អារម្មណ៍សម្តីរបស់ប្តីនោះ ទេ ដោយចេះតែប្រឹងផ្ទៀងស្តាប់សំឡេងនៅ ខាងក្រៅ លុះពេលកំពុងតែស្តាប់ ស្រាប់តែប្តី នាងបានក្រោកដើរចូលបន្ទប់ទឹក រួចក៏លាន់ឮ ស្នូរកាំភ្លើងមួយគ្រាប់ លុះនាងស្ទុះទៅមើល នៅក្នុងបន្ទប់ទឹក ក៏ឃើញប្តីអង្គុយស្លាប់ក្នុងថ្លុក ឈាមបាត់ទៅហើយ ទើបធ្វើឱ្យនាងតក់ស្លុត ខ្លាំងពេក ក៏ដួលទៅលើដី រួចក៏ប្រឹងលូនទៅបើក ទ្វារហៅគេឯងឱ្យជួយ ស្រាប់តែឃើញសមត្ថកិច្ច សម្រុកចូលពេញក្នុងបន្ទប់តែម្តង។

ស្ត្រីជាភរិយាជនសង្ស័យខាងលើនេះ បាន អះអាងថា នាងពិតជាមិនដែលដឹងសោះថា ប្តីនាងគឺជាចោរ ហើយក៏មិនធ្លាប់ដឹងថា ប្តីមាន កាំភ្លើងដែរ ហើយប្រសិនបើនាងដឹង ម៉្លេះនាង នឹងហាមប្តីមិនឱ្យជ្រុលផុងខ្លួនធ្វើរឿងទុច្ចរិត រហូតដល់បាញ់សម្លាប់ខ្លួន ទុកឱ្យនាងក្លាយជា ស្រីមេម៉ាយបែបនេះឡើយ។ ពេលនេះនាង ពិតជាមិនដឹងពឹងផ្អែកលើអ្វីនោះទេ ខណៈដែល ធ្លាក់ខ្លួនមេម៉ាយ និងត្រូវរ៉ាប់រងចិញ្ចឹមកូនស្រី តូចៗដល់ទៅ៣នាក់ ម៉្យាងជំពាក់បំណុលគេ សងមិនទាន់រួចនៅឡើយ។

បន្ទាប់ពីស្តាប់ការរៀបរាប់ពីជីវិតជូរចត់ របស់គ្រួសារជនសង្ស័យជាចោរប្លន់ ដែលបាញ់ សម្លាប់ខ្លួនចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី- ភ្នំពេញ បានសម្តែងនូវទឹកចិត្តអាណិតអាសូរ រួចក៏ជួយឧបត្ថម្ភប្រាក់ចំនួន៥លានរៀល និង គ្រឿងឧបភោគ-បរិភោគមួយចំនួន ទុកជាដើម ទុន និងដោះស្រាយជីវភាពបន្តទៅមុខទៀត។

គួររំឭកថា កាលពីវេលាម៉ោង១និង១០ នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះហេង សុខមាន ត្រូវជាប្តីនាង មិន សុជាតា បានធ្វើសកម្មភាពប្លន់ទូរស័ព្ទដៃ ទំនើបចំនួន៧គ្រឿង គិតជាទឹកប្រាក់ប្រមាណ ជិត៣ពាន់ដុល្លារ ពីហាងលក់ទូរស័ព្ទមួយកន្លែង យីហោ “លឹម ហាវ” មានទីតាំងនៅតាមបណ្តោយ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួល- គោក។

តាមប្រភពពីម្ចាស់ហាងលក់ទូរស័ព្ទយីហោ “លឹម ហាវ” បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ មានបុរសម្នាក់ មានស្ពាយកាបូបពណ៌ ខ្មៅ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-5094 បាន ចូលមកក្នុងហាងសួររកទិញទូរស័ព្ទ ដើម្បីយក ទៅលក់បន្ត ដោយត្រូវការទូរស័ព្ទម៉ាក iPhone 6s plus ៣គ្រឿង (ពណ៌ប្រផេះ២គ្រឿង, ពណ៌មាស១គ្រឿង) ម៉ាក SAMSUNG S6 edge ២គ្រឿង (ពណ៌ស១គ្រឿង, ពណ៌ខៀវ ១គ្រឿង) និងម៉ាក iPhone ៥ ពណ៌ស ២ គ្រឿង។ លុះចរចាតម្លៃត្រូវរ៉ូវអស់ហើយ គឺប្រមាណជិត៣ពាន់ដុល្លារ ជនសង្ស័យបានឱ្យ គាត់ច្រកទូរស័ព្ទទាំង៧គ្រឿងចូលថង់ ដើម្បីរៀបចំគិតលុយ ហើយជនសង្ស័យបានលូកដៃ ចូលកាបូប នឹកស្មានថាដកលុយឱ្យ តែតាមពិតជនសង្ស័យបានដកកាំភ្លើងខ្លីមួយដើម មក ភ្ជង់ប្លន់យកទូរស័ព្ទទៅអស់ រួចរត់ចេញមក ក្រៅ បម្រុងឡើងបើកម៉ូតូគេចខ្លួន តែត្រូវគាត់ ស្រែកឆោឡោ ថាចោរ!ៗ ក៏ត្រូវសមត្ថកិច្ចដែល កំពុងល្បាតក្បែរនោះប្រទះឃើញជួយអន្តរាគមន៍ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូចោល រត់គេចខ្លួន ទាំងមានកាន់កាំភ្លើងនៅជាប់នឹងដៃ  ភ្ជង់គេឯង ហើយក៏រត់សំដៅចូលទៅក្នុងផ្សារ នាគមាសបាត់ទៅ។

តាមប្រភពពីកម្លាំងអាវុធហត្ថ បានឱ្យដឹងថា ក្រោយពីកើតមានករណីប្លន់ហាងលក់ ទូរស័ព្ទខាងលើរួចមក កម្លាំងអាវុធហត្ថ បានធ្វើ ការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ទើប កំណត់ភិនភាគជនសង្ស័យ និងដឹងថាជនសង្ស័យ កំពុងស្នាក់នៅបន្ទប់ជួលរបស់ខ្លួនលេខ១២ ផ្ទះ លេខ ៧៧D ផ្លូវបេតុង ក្រុមទី១៤ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ។  បន្ទាប់មក កម្លាំង ជំនាញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌ ឫស្សីកែវ បានចុះធ្វើការឡោមព័ទ្ធបន្ទប់ជួល ខាងលើ តាំងពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មកម៉្លេះ ស្រាប់តែមក ដល់ព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅពេលដែលកម្លាំងអាវុធហត្ថ ត្រៀមសម្រុក ចូលទៅក្នុងបន្ទប់ ដើម្បីចាប់ខ្លួនជនសង្ស័យ ក៏ លាន់ឮសំឡេងផ្ទុះអាវុធមួយគ្រាប់ និងឃើញប្រពន្ធរបស់ជនសង្ស័យបានពកូនស្រីម្នាក់ អាយុ ៤ឆ្នាំ រត់ចេញពីក្នុងបន្ទប់ជួល ទើបកម្លាំងអាវុធហត្ថ បានស្ទុះចូលទៅមើល ក៏ប្រទះឃើញជនសង្ស័យស្លាប់បាត់ទៅហើយ ដោយស្ថិតក្នុងស្ថានភាពអង្គុយផ្អែកជញ្ជាំងក្នុងបន្ទប់ទឹក។

ប្រភពដដែលបញ្ជាក់ថា តាមការពិនិត្យ និងធ្វើកោសល្យវិច័យសព ឃើញថា ជនសង្ស័យ ពិតជាបានបាញ់សម្លាប់ខ្លួនប្រាកដមែន ដោយ ប្រើប្រាស់កាំភ្លើងម៉ាករ៉ូឡូ បាញ់ខ្លួនឯងមួយគ្រាប់ ចំសៀតផ្កាខាងស្តាំ ធ្លាយពីម្ខាងទៅម្ខាង បណ្តាល ឱ្យស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកតែម្តង ចំណែក កាំភ្លើង មាននៅសល់គ្រាប់មិនទាន់ផ្ទុះចំនួន៥ គ្រាប់។ តាមការស្រាវជ្រាវរបស់កម្លាំងអាវុធហត្ថ ជនសង្ស័យនោះ គឺជាមុខសញ្ញាប្លន់យ៉ាង សកម្មនៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន ដោយ ជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពប្លន់ទូមាស-ដូរ លុយ កន្លែងវីងវេរលុយ និងហាងលក់ទូរស័ព្ទ ជាដើម។ ជាក់ស្តែងជនសង្ស័យធ្លាប់ធ្វើសកម្មភាព ប្លន់ទូរស័ព្ទនៅហាងលក់ទូរស័ព្ទអាម៉ាហ្សូន ដែល មានទីតាំងនៅក្បែរផ្សារទួលគោក កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ផងដែរ ពោលគឺ មិនមែនទើបនឹងធ្វើសកម្មភាព តែមួយករណី ខាងលើនេះទេ។

ដោយឡែកអ្នករស់នៅក្បែរខាងបន្ទប់ជួល របស់ជនសង្ស័យបានឱ្យដឹងថា ជនសង្ស័យ និង ប្រពន្ធ ទើបនឹងមកជួលបន្ទប់ខាងលើនេះស្នាក់ នៅបានប្រមាណ៣ខែប៉ុណ្ណោះ ហើយពួកគាត់ ក៏មិនបានដឹងថា ជនសង្ស័យនេះប្រកបការងារ  រកស៊ីអ្វីឱ្យប្រាកដនោះទេ គ្រាន់តែព្រឹកព្រលឹម ឡើង ឃើញជនសង្ស័យស្លៀកពាក់តឺនុយស្អាតបាត និងមានស្ពាយកាបូបជាប់ខ្លួនដូចអ្នកធ្វើការ អ៊ីចឹង រួចក៏ជិះម៉ូតូចេញទៅបាត់ហើយ។ ចំណែក ប្រពន្ធនៅផ្ទះមើលកូន និងប្រាប់ថា ប្តីគាត់ជា អ្នកបកប្រែភាសាចិន តែតាមពិត ក្រោយពេល រឿងរ៉ាវបានបែកធ្លាយ ទើបដឹងថា ជនសង្ស័យ ជាចោរប្លន់សោះ។ លុះសមត្ថកិច្ចបើកប្រតិបត្តិការ ព័ទ្ធចាប់ខ្លួន ស្រាប់តែជនសង្ស័យដឹងខ្លួនមុន ក៏ សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង ចោលប្រពន្ធ កូន ដើម្បីគេចពីការទទួលខុសត្រូវចំពោះមុខ ច្បាប់តែម្តង៕

RELATED ARTICLES