Friday, April 26, 2024
Homeព័ត៌មានជាតិប្រាសាទ​អង្គរ​វត្ត​កម្ពុជា ជាប់​​លេខ១ គោល​​ដៅ​​ទេស​​ចរណ៍​​ពិភព​​លោក​​ស្រស់​​ស្អាត​​បំផុត​​ឆ្នាំ​​២០១៦

ប្រាសាទ​អង្គរ​វត្ត​កម្ពុជា ជាប់​​លេខ១ គោល​​ដៅ​​ទេស​​ចរណ៍​​ពិភព​​លោក​​ស្រស់​​ស្អាត​​បំផុត​​ឆ្នាំ​​២០១៦

 

ភ្នំពេញ ៖ ប្រាសាទអង្គរវត្តអច្ឆរិយវត្ថុរបស់ កម្ពុជា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាយនោះ នៅឆ្នាំ២០១៦ នេះ ត្រូវ បានជាប់ចំណាត់ថ្នាក់លេខ១ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតក្នុងចំណោមគោលដៅ ទេសចរណ៍ដ៏ស្រស់ស្អាតចំនួន៥០០កន្លែង នៅ ជុំវិញពិភពលោក។

cambodia_us_michelle_obama

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង ទេសចរណ៍ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ថា “ប្រាសាទអង្គវត្ត ជាប់ ចំណាត់ថ្នាក់លេខ១ នៅក្នុងបញ្ជី Lonely Planet  ឆ្នាំ២០១៦ នាពេលថ្មីៗនេះ ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតក្នុងចំណោមគោលដៅ ទេសចរណ៍ដ៏ស្រស់ស្អាត ចំនួន៥០០កន្លែង នៅ ជុំវិញពិភពលោក។ បន្ទាប់មក គឺមហាកំផែង ផ្កាថ្មសមុទ្ររបស់អូស្ត្រាលី ទទួលបានចំណាត់ ថ្នាក់លេខ២ និងទីក្រុងបុរាណMachu Picchu ប៉េរូ នៅទ្វីបអាមេរិកខាងត្បូង ជាប់ចំណាត់ថ្នាក់ លេខ៣ ជាដើម។

កាលពីឆ្នាំ២០១៥ ប្រាសាទអង្គរវត្តរបស់ កម្ពុជា ក៏បានទទួលពានរង្វាន់លេខ១ ជាប្រាសាទ លេចធ្លោជាងគេលើពិភពលោក នៅលើគេហ ទំព័រទេសចរណ៍ TripAdvisor ដ៏ល្បីល្បាញ ផងដែរ។ ចំណាត់ថ្នាក់នោះ បានធ្វើឱ្យប្រាសាទ អង្គរវត្តខ្មែរ បន្តនាំមុខប្រាសាទ Machu Picchu  របស់ប្រទេសប៉េរូ និងប្រាសាទ Taj Mahal  របស់ឥណ្ឌា ថែមទៀត”។

dara

ទាក់ទងទៅនឹងការជាប់ចំណាត់ថ្នាក់លេខ១ នេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជា បានសម្តែងនូវទឹកចិត្តរំភើបត្រេកអរ និង ថ្លែងអំណរគុណចំពោះ Lonely Planet ដែល បានផ្តល់តម្លៃដល់ប្រាសាទអង្គវត្តខ្មែរ។ លោក បញ្ជាក់ថា ការផ្តល់ចំណាត់ថ្នាក់នេះ ពិតជា ស័ក្តិសមចំពោះកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ប្រាសាទអង្គវត្ត និងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍វិស័យ  ទេសចរណ៍ ក៏ដូចជាថែរក្សាប្រាសាទនេះ។

គួររំព្ញកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះមានភ្ញៀវទេសចរជាតិអន្តរជាតិ ប្រមាណជិត២ម៉ឺននាក់ បាននាំគ្នាធ្វើ ដំណើរទៅទស្សនាបាតុភូតថ្ងៃរះចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត (Equinox) ដើម្បីឱ្យបាន ឃើញផ្ទាល់ភ្នែក និងផ្តិតយករូបភាពដ៏អច្ឆរិយ នេះ។

ang3

តាំងពីវេលាទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ភ្ញៀវទេសចរប្រុសស្រី ដែលបាន ដឹងអំពីព្រឹត្តិការណ៍សមរាត្រី ដែលព្រះអាទិត្យរះ ឡើងចំកំពូលកណ្តាលប្រាសាទអង្គវត្ត បានមក ជួបជុំគ្នា ដើម្បីគយគន់ពន្លឺព្រះអាទិត្យ ដោយ ផ្សារភ្ជាប់នឹងទិដ្ឋភាពប្រាង្គប្រាសាទអង្គរវត្ត យ៉ាងច្រើនណែនណាន់តាន់តាប់។ អ្នកប្រមាញ់ រូបថត ទាំងអ្នកមានអាជីពថតរូប និងអ្នកដែល ចូលចិត្តថតរូបធម្មតា សុទ្ធតែបានថតផ្តិតយក ទេសភាពដ៏អស្ចារ្យនេះ។ មិនតែប៉ុណ្ណោះអ្នកសារព័ត៌មានបណ្តាញទូរទស្សន៍ល្បីៗជាច្រើន ក្នុងស្រុកក៏បានមកជួបជុំគ្នា ដើម្បីបង្ហាញព្រឹត្តិការណ៍ដ៏កម្រនេះទៅកាន់មហាជនជាច្រើនទៀត ដែលនៅឆ្ងាយៗមិនអាចមកចូលរួមទស្សនា ដោយផ្ទាល់បានផងដែរ ដែលជាព្រឹត្តិការណ៍ មួយទៀត សាងភាពទាក់ទាញដល់ខ្សែភ្នែក ទេសចរគ្រប់ជាតិសាសន៍ ឱ្យចង់មកទស្សនា ប្រាសាទអង្គរវត្ត មិនជិនណាយ។

តាមការប៉ាន់ប្រមាណរបស់មន្ត្រីក្រីសួង ទេសចរណ៍ ព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត មានភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលរួមប្រមាណ ជិត២ម៉ឺននាក់។

ang

គួរបញ្ជាក់ដែរថា ជាការចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនៃបាតុភូតព្រះអាទិត្យ រះចំកំពូលប្រាសាទអង្គរវត្ត (EQUINOX) កាលពីថ្ងៃទី២៣ កញ្ញា ២០១៦កន្លងទៅ នៅ ខេត្តសៀមរាប ក្រសួងទេសចរណ៍បានប្រកាស រៀបចំកម្មវិធីប្រកួតប្រជែងថតរូបសែលហ៊ី អង្គរអច្ឆរិយ (Selfie Photo Contest) ដោយ អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ញើ រូប Selfie របស់ខ្លួនចូលរួមប្រកួតប្រជែង។

ជាលទ្ធផល ត្រូវបានក្រសួងទេសចរណ៍ ប្រកាសឱ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៦ ថា មានយុវជនយុវតីចំនួន៣នាក់ បាន ជាប់ចំណាត់ថ្នាក់ជ័យលាភីពីលេខ១ រហូតដល់ លេខ៣ ដែលក្នុងនោះរួមមាន ចំណាត់ថ្នាក់លេខ១ បានទៅលើរូបភាពរបស់លោកហ៊ូ សុខរ័ត្ននា (ទទួលបាន Likes ចំនួន ១៤៣៨០) ទទួល បានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២០០ដុល្លារ។ ចំណាត់ថ្នាក់លេខ២ បានទៅលើរូបភាពរបស់ កញ្ញាផា ច័ន្ទវិច្ឆិកា (ទទួលបាន Likes ចំនួន ១៤១៤៨) ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន១៥០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ បាន ទៅលើរូបភាពរបស់កញ្ញាលុច ពេជ្រលីតា (ទទួល បាន Likes ចំនួន ៩៧១៥) ទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តចំនួន១០០ដុល្លារ។

ang1

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាអច្ឆរិយវត្ថុដ៏ល្បីល្បាញ និងជាបេតិកភណ្ឌពិភពលោក បានទាក់ទាញចំណាប់អារម្មណ៍ របស់ទេសចរមកពីគ្រប់ទិសទីនៃពិភពលោក មកទស្សនា ក្នុងនោះ សូម្បីមនុស្សល្បីៗលើ ពិភពលោក និងថ្នាក់ដឹកនាំប្រទេសនានា នៅ ពេលមកទស្សនកិច្ចប្រទេសកម្ពុជា មិនរំលង ការទៅទស្សនាប្រាសាទអង្គរវត្ត នៅទឹកដីខេត្ត  សៀមរាប នៃកម្ពុជានោះទេ ដែលក្នុងនោះមាន ដូចជាលោកប៊ីល គ្លីនតុន អតីតប្រធានាធិបតី សហរដ្ឋអាមេរិក, លោកស្រីហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក, លោក ឌីមីទ្រី មេដវេដេវ នាយរដ្ឋមន្ត្រីរុស្ស៊ី, លោកស្រី មិឆែលល៍ អូបាម៉ា ភរិយាលោកបារ៉ាកខ៍ អូបាម៉ា ប្រធានាធិបតីអាមេរិក, តារាភាពយន្តអាមេរិក អែនចេលីណា ចូលី, ប៊ីយ៉នសេ, តារាក្រុម ភាពយន្តសិង្ហបុរី, កំពូលតារាបាល់ទាត់អង់គ្លេស ដេវីដ បេកខែម និងមនុស្សល្បីៗនៃពិភពលោក ជាច្រើនទៀត ដែលនេះសបញ្ជាក់យ៉ាងច្បាស់ ថា ប្រាសាទអង្គរវត្ត ពិតជាគោលដៅទេសចរណ៍ ដ៏ស្រស់ស្អាតទាក់ទាញបំផុតនៅលើពិភពលោក៕

maxresdefault

 

RELATED ARTICLES