Wednesday, April 24, 2024
Homeសេដ្ឋកិច្ចជាតិប៊ូឌីង ជិត​​​ដល់​​ថ្ងៃ​​​រំលាយ​​​​ជា​​​​អគារ​​​ពាណិជ្ជ​​កម្ម

ប៊ូឌីង ជិត​​​ដល់​​ថ្ងៃ​​​រំលាយ​​​​ជា​​​​អគារ​​​ពាណិជ្ជ​​កម្ម

បើទោះជាគ្មានការកំណត់ពីកាលបរិច្ឆេទច្បាស់លាស់ពីការរំលាយអាគារប៊ូឌីងដ៏ចាស់ទ្រុឌទ្រោមនៅថ្ងៃណាអោយប្រាកដ ប៉ុន្តែយោងតាមលទ្ធផលគឺអគារមួយនឹងត្រូវរំលាយមិនយូរទៀតទេ ដើម្បីយកទីតាំងសាងសង់ជាអគារពាណិជ្ជកម្មអន្តរជាតិអោយសមនឹងមុខមាត់រាជធានីភ្នំពេញ។ យ៉ាងណាមិញ គម្រោងអភិវឌ្ឍន៍អគារមួយនេះ ត្រូវបានបញ្ជាក់ថាមិនធ្វើអោយផ្ទុះទឹកភ្នែកពីក្រុមអ្នកជ្រកកោណក្នុងអគារនោះទ ទើបធ្វើអោយគេមើលឃើញពីភាពគ្មានចម្រូងចម្រាស់ក្នុងការរំលាយចោលអគារមួយនេះ។

លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅតែអះអាងថាគម្រោងរំលាយចោលអគារប៊ូឌីងមិនតម្រូវអោយបណ្ដេញប្រជាពលរដ្ឋដូចគ្នាគម្រោងអភិវឌ្ឍន៍មួយចំនួននោះទេ។ ផ្ទុយទៅវិញ លោកថាមិនខុសពីការចំណាយទុនសង់អគារថ្មីមួយ ដើម្បីប្រគល់អោយម្ចាស់បន្ទប់ដែលមានឈ្មោះស្រាប់បានរស់នៅអោយមានផាសុកភាពនោះទេ។ លោកថាសំណង់ប៊ូឌីងមិនអាចបន្តទុកក្នុងសភាពទ្រុឌទ្រមដូចអ្វីដែលបានឃើញនោះទេ ដោយសារតែភាពរឹងមាំ និងលំនឹងរបស់អគារត្រូវបានបាត់បង់ និងលែងមានសុវត្ថិភាពសម្រាប់ទ្រទម្ងន់សំណង់ទាំងមូលបានហើយ។

cam-photo-frontwhite

លោកថានៅផ្នែកខ្លះរបស់អគារមានការពុកផុយដោយមិនអាចជួសជុលបាន ហើយបើទោះជាមិនភ័យរឿងបាក់រលំ ក៏មិនអាចបន្តទុកបានដែរ ដោយសារតែសំណង់អគារមួយនេះមិនមានផាសុកភាព និងខ្វះអនាម័យដោយសារតែអ្នករស់នៅភាគច្រើនជាគ្រួសារអ្នកក្រ មិនមានលទ្ធភាពកែលម្អបន្ទប់រស់នៅរបស់ខ្លួនអោយមានអនាម័យដើម្បីសុវត្ថិភាពក្នុងការរស់នៅ។ លោកថាអគារប៊ូឌីង មិនគ្រាន់តែចាស់ទ្រុឌទ្រោមនៅសភាពខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែនៅផ្នែកខាងក្នុងក៏មានសភាពស្អុយឆ្អាបបង្កការប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅផងដែរ។ លោកថាវាដល់ពេលដែលអគារចំណាស់ នៅកណ្ដាលរាជធានីមួយនេះត្រូវតែកែលម្អថ្មី ដើម្បីប្រជាជនផង និងសោភ័ណ្ឌភាពរបស់ទីក្រុងផង។

លោកថាគម្រោងអភិវឌ្ឍន៍នឹងមានឆាប់ៗ បន្ទាប់ពីក្រសួង និងក្រុមហ៊ុន Arakawa  របស់ជប៉ុនព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការរំលាយចោលអគារចំណាស់នេះ ហើយសម្រេចសាងសង់ថ្មីអោយក្លាយជាសំណង់អគារពាណិជ្ជកម្មអោយសមនឹងតំបន់ដែលមានសេដ្ឋកិច្ចខ្លាំងក្លា។ លោកថាម្ចាស់បន្ទប់នៅក្នុងអគារប៊ូឌីងចាស់ នឹងទទួលបានបន្ទប់ថ្មីដែលមានលក្ខណៈផាសុកភាពនៅក្នុងអគារថ្មី ដោយគម្រោងអភិវឌ្ឍន៍នេះ នឹងធ្វើអោយចំណេញទាំងរដ្ឋ និងពលរដ្ឋដែលមានទីជម្រកក្នុងអគារ។

យោងតាមការបញ្ជាក់ ក្រុមហ៊ុនArakawa នឹងធ្វើការវិនិយោគចំនួន៨០លានក្នុងការរំលាយចោលអគារចាស់ ហើយរំលេចមកវិញនូវអគារថ្មីដែលអាចបម្រើជាអគារពាណិជ្ជកម្មទ្រង់ទ្រាយអន្តរជាតិបាន។ គម្រោងនេះនឹងចាប់ផ្ដើមឆាប់ៗបន្ទាប់ពីមានការសាទរពីអ្នករស់នៅប៊ូឌីងស្ទើរទាំងអស់ដែលចង់បានអគារថ្មី ហើយមានចំណែកបន្ទប់ពីគ្រួសាររបស់ពួកគេអោយមានកម្មសិទ្ធិដដែល។ ក្រុមហ៊ុនជប៉ុន នឹងសង់អគារថ្មីកម្ពស់២១ជាន់ ដោយបន្ទប់នីមួយៗមានទំហំធំជាងបច្ចុប្បន្នដើម្បីទុក៣ជាន់ចែកអោយម្ចាស់កម្មសិទ្ធិចាស់ និងជាន់បន្តបន្ទាប់រៀបចំជាខុនដូសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ និងទុកសម្រាប់ប្រើប្រាស់ជាការិយាល័យ និងជាទីតាំងប្រមូលផ្ដុំពាណិជ្ជកម្មសម្រាប់បម្រើអោយវិស័យទេសចរណ៍ និងអ្នកវិនិយោគនៅកម្ពុជា។ គម្រោងនឹងសម្រេចរំលាយអគារប៊ូឌីងនៅអំឡុងដ៏ខ្លីខាងមុខនេះ ដើម្បីអោយ៤ឆ្នាំក្រោយអ្នកប៊ូឌីងទទួលបានបន្ទប់ថ្មីរស់នៅ និងមានអគារកម្ពស់២១ជាន់ជំនួសអោយអគារចាស់ទ្រុឌទ្រមរាល់ថ្ងៃ។ ក្រុមអ្នករស់នៅក្នុងប៊ូឌីង ហាក់មានទំនុកចិត្តបន្ទាប់ពីលោកជា សុផារ៉ាចេញមុខអះអាង ក្នុងពេលដែលអ្នកភួមិក៏ទទួលបានលិខិតទទួលស្គាល់ជាផ្លូវការមួយក្នុងពេលខាងមុខ ដើម្បីបញ្ជាក់ថានឹងមានកម្មសិទ្ធិរបស់ខ្លួនគ្មានការប្រែប្រួល នៅពេលអគារថ្មីកម្ពស់២១ជាន់សាងសង់រួចរាល់។

លោកជា សុផារ៉ា បានអះអាងថាលោកនឹងធ្វើអោយអគារដ៏ចាស់មួយនេះទាក់ទាញអ្នកទេសចរណ៍ និងធ្វើអោយសោភណ្ឌភាពរាជធានីមានភាពស្រស់បំព្រង។ អ្វីដែលសំខាន់គឺលោកចង់ឃើញពលរដ្ឋដែលរស់នៅក្នុងប៊ូឌីងទទួលបានផ្ទះថ្មី និងបន្ទប់រស់នៅថ្មី ដែលមានលក្ខណៈទ្រុឌទ្រម និងប្រថុយប្រថានដោយអសុវត្ថិភាពដូចដែលបានឃើញ។ លោកថាត្រឹមតែ៤ឆ្នាំទៀតប៉ុណ្ណោះ អគារប៊ូឌីងដែលមានសភាពពុកផុយនឹងត្រូវបានក្មេងជំនាន់ក្រោយលែងស្គាល់  ហើយអគារពាណិជ្ជកម្ម និងស្នាក់នៅដ៏ទំនើប និងស៊ីវិល័យធំមួយនឹងត្រូវលេចឡើងជំនួស។ យ៉ាងណាមិញ លោកនឹងស្នើអោយមានការដោះស្រាយអោយពលរដ្ឋមានកន្លែងស្នាក់នៅប៉ុណ្ណោះអាសន្នក្នុងពេលវាយចោលអគារចាស់ និងសាងសង់អគារថ្មី ដើម្បីសម្រួលដល់ក្រុមប្រជាពលរដ្ឋកុំអោយមានជីវភាពកាន់តែពិបាកដោយសារតែការអភិវឌ្ឍន៍កែលម្អសោភ័ណ្ឌភាពទីក្រុង។ លោកថានឹងធ្វើអោយពលរដ្ឋជឿជាក់លើគម្រោងនេះ ដោយលោកបញ្ជាក់ថាពលរដ្ឋដែលមានឈ្មោះជាម្ចាស់កម្មសិទ្ធិក្នុងបន្ទប់អគារប៊ូឌីង នឹងមិនត្រូវបានបោះបង់ ឬបណ្ដេញចេញដោយមិនទទួលបានបន្ទប់ថ្មីនៅក្នុងអគារទំនើបថ្មីនោះឡើយ៕

ដោយ ៖ ប៉េង លី

 

RELATED ARTICLES