Friday, April 26, 2024
Homeបរិយាយបុណ្យ​វេរ​៧​ថ្ងៃ និង​១០០​ថ្ងៃ

បុណ្យ​វេរ​៧​ថ្ងៃ និង​១០០​ថ្ងៃ

ខណៈដែលពិធីបុណ្យ១០០ថ្ងៃ ជូនសពលោកបណ្ឌិតកែម ឡី កំពុងប្រព្រឹត្តទៅនៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បើសិនជាគណៈកម្មការបុណ្យ ឬអាចារ្យដឹកនាំបុណ្យ ចេះរបៀប បុរាណ និងរៀបចំធ្វើតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរនោះ អត់បញ្ហាទេ ប៉ុន្តែបើធ្វើឆ្គាំឆ្គងមាននយោបាយជ្រៀតជ្រែក អាច នឹងមានភាពតានតឹងជាមួយអាជ្ញាធរមានសមត្ថកិច្ចមិនខានឡើយ។ ក្នុងន័យចូលរួមចំណែកសម្របសម្រួលក្នុងពិធីបុណ្យ នេះ “នគរធំ” សូមលើកពី “របៀបធ្វើបុណ្យវេរ៧ថ្ងៃ និង១០០ថ្ងៃ” មកបរិយាយ ក៏ដូចជាជួយបញ្ជ្រាបការយល់ដឹងពីពិធី បុណ្យ តាមមាគ៌ាព្រះពុទ្ធសាសនា

ការស្លាប់របស់មនុស្សមានច្រើនប្រភេទ ដូចជា ចូលវ័យចាស់ជរាដល់កម្រិត ក៏រលេះរបេះអាយុសង្ខារ ដូចផ្លែស្វាយទុំ ដែលដាច់ជ្រុះពីសណ្តង់, ស្លាប់ដោយរោគាពាធ ខណៈដែលអាយុបុគ្គលមិនទាន់ដល់វ័យចាស់, ស្លាប់ដោយការធ្វើអត្តឃាត, ស្លាប់ដោយគេសម្លាប់ (ឃាតកម្ម) និងស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិ មានរន្ទះបាញ់ លង់ទឹកជាដើម។ សម័យនេះ មនុស្ស ឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ចាត់ទុកថា ជាគ្រោះថ្នាក់ធម្មជាតិដែរ ព្រោះរថយន្ត ម៉ូតូដែលបុកគ្នានោះ គ្មានចេតនា ប៉ុន្តែគ្រោះអកុសលវានាំឱ្យមានការប៉ះទង្គិច។

ជាទូទៅ មនុស្សស្លាប់ដោយគេសម្លាប់ ឬសម្លាប់ខ្លួនឯង មានចងក ឬលោតទឹកជាដើម ឈ្មោះថា ជា “ខ្មោចតាយហោង” គឺស្លាប់មិនតាមកាលកំណត់ មិនបានប្រុងប្រៀបទុកជាមុន។ តាមទំនៀមបុរាណ គេពុំអាចយកខ្មោចតាយហោង ទៅបូជា បានឡើយ ដោយយកទៅកប់ទុកសិន ចាំមានពេលវេលាល្អ ទើបគេគាស់យកឆ្អឹង ទៅធ្វើបុណ្យបូជាវិញ។ ប៉ុន្តែ សព្វថ្ងៃ ដោយសារគ្មានដីកប់ខ្មោច សម្រាប់ជនក្រីក្រ បើមានស្លាប់ដោយតាយហោង គេបូជាភ្លាមៗ និងរើសឆ្អឹងទៅធ្វើបុណ្យវេរ៧ថ្ងៃ ១០០ថ្ងៃ តាមលទ្ធភាព។

ដោយឡែក សពលោកបណ្ឌិតកែម ឡី គឺមានលក្ខណៈដូចលើកឡើងខាងលើ ព្រោះលោកស្លាប់ដោយការធ្វើឃាត ខណៈ ដែលរូបលោកគ្មានរោគាព្យាធិអ្វីសោះ។ យោងតាមរបៀបធ្វើបុណ្យវេរ៧ថ្ងៃ និង១០០ថ្ងៃ ដោយសារសពលោកបណ្ឌិត មាន ការគាំទ្រច្រើនទាំងស្មារតីនិងថវិកា ចាំបាច់ត្រូវតែរៀបចំឱ្យបានសមស្រប ដូចអ្វីដែលយើងលើកមកជូននៅពេលនេះ។ បន្ទាប់ពី រកទីតាំងបានស្រួល ដោយមានការអនុញ្ញាតពីអាជ្ញាធរ គេត្រូវសង់រោងបុណ្យឱ្យទូលាយ ដោយមានសង់រានទេវតាទាំង ១០ទិស តម្កល់ស្លាធម៌ បាយសី ទៀនធូប ភ្ញីផ្កា ទឹកអប់ លាជ ចេកទុំ មានឆត្របាំងពីលើផង។ ជាកិច្ចចាប់ផ្តើម អាចារ្យត្រូវ នាំសូត្របូជាក្រុងពលី ឯរណ្តាប់សម្រាប់ក្រុងពលី មានសំពត់សគង់ផ្នត់, អាវផ្នត់, ក្រាស, កញ្ចក់, ទឹកអប់ប្រេងម្សៅ, បាយ សម្ល, បង្អែម, ពែចែងពលី១, ពែច្រមុះជ្រូក១, ស្រូវ១កញ្ជើ, ជម៤, អង្ករ១ចាន, ទៀន១គូ, ស្លាត្រួយ២, ចេក១ស្និត, សំពត់ ស៥ហត្ថ, ប្រាក់១បាត។ កាលបើរៀបរណ្តាប់រួចរាល់ អាចារ្យត្រូវនាំធ្វើនៅវេលារសៀល ដោយសូត្រអញ្ជើញស្តេចក្រុងពលី និងអញ្ជើញទេវបុត្រទេពធីតា ឱ្យមកជួយកាន់ខ្នងរងមុខជំរុញពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយគ្មានឧបសគ្គ។ រីឯគាថា អញ្ជើញស្តេចក្រុងពលី មានសេចក្តីជាអាទិ៍ថា “បពិត្រយើងខ្ញុំក្រាបបង្គំវន្ទា ទើបអញ្ជើញស្តេចក្រុងពលី គម្តែងប្រឹថពី ឥសូរ ជម្ពូទ្វីបា…”។ ក្រោយពីថ្វាយក្រយាក្រុងពលី រួចរាល់ ត្រូវរៀបចំនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើន ព្រះបរិត្ត ទេសនា ទទួលភោជនាហារភ្ញៀវដែលអញ្ជើញមកពីទីជិតឆ្ងាយ៘

ការរៀបចំធ្វើបុណ្យវេរ៧ថ្ងៃ និង១០០ថ្ងៃ ខុសគ្នាបន្តិចបន្តួចទៅតាមតំបន់ ប៉ុន្តែ ចំណុចសំខាន់ មិនដែលកាត់ផ្តាច់ការ សែនក្រុងពលី និងវេរបាលីឧទ្ទិសកុសលនោះឡើយ។ តាមជំនឿបុរាណ មនុស្សដែលត្រូវគេធ្វើឃាត វិញ្ញាណក្ខន្ធតែងនៅ វិលវល់រកសុគតិភពមិនឃើញទេ សូម្បីព្រះសង្ឃមានឋានៈជាចៅអធិការ ឬជាសាវ័កព្រះ មុនពេលសុគត បើអារម្មណ៍រវើរវាយ ស្តាយទ្រព្យជាដើម ទៅរកភពថ្មីមិនឃើញទេ ជួនកាលព្រះសង្ឃ ចាប់កំណើតជាសត្វតិរច្ឆានក៏មានដែរ។ ឧទាហរណ៍ក្នុង រឿង “តិស្សត្ថេរ” បានតំណាលពីព្រះសង្ឃអង្គនេះ ស្រឡាញ់ស្បង់ចីវរណាស់ លុះមានទាយកប្រគេនចីវរថ្មី មិនទាន់បានគ្រង ដណ្តប់ផង ព្រះអង្គក៏សុគតទៅដោយថ្ពក់អារម្មណ៍ជាប់នឹងចីវរ។ ពេលនោះព្រលឹងព្រះតិស្សត្ថេរ បានទៅកើតជាចៃ រស់នៅ ក្នុងផ្នត់ចីវរថ្មីនោះ លុះមានភិក្ខុ២អង្គ បម្រុងច្រៀកចីវរនោះចែកគ្នា ស្រាប់តែចៃវារចុះឡើង ទោះជារលាស់យ៉ាងណាក៏ចៃ មិនព្រមចេញ។ សង្ឃសាវ័កទាំង២ឆ្ងល់ ក៏ទៅសួរព្រះពុទ្ធបរមគ្រូ ទើបព្រះអង្គមានពុទ្ធដីកាថា ចៃនោះ គឺព្រះតិស្សត្ថេរ ចាប់កំណើត ព្រោះស្តាយចីវររបស់ខ្លួន ទើបព្រះអង្គឱ្យយកចីវរនោះទៅប្រគេនដល់ព្រះសង្ឃអង្គណាដែលមានចីវរដាចខ្លាំង ជាងគេ ហើយឧទ្ទិសកុសលដល់ចៃ លុះគ្រប់៧ថ្ងៃ ចៃនោះងាប់ទៅ ក៏បានទៅកើតនៅព្រហ្មលោក។

ដូច្នេះ បើយកទ្រឹស្តីព្រះពុទ្ធសាសនា មកឆ្លុះមើលករណីឃាតកម្មលោកបណ្ឌិតកែម ឡី យើងអាចសន្និដ្ឋានបានថា ព្រលឹង លោកនៅតែវិលវល់ រកសុគតិភពមិនទាន់ឃើញទេ ដោយនៅអាល័យប្រពន្ធកូន ប៉ុន្តែ បើគណៈកម្មការបុណ្យ បានរៀបចំ ពិធីបុណ្យ៧ថ្ងៃ ១០០ថ្ងៃ ជូនលោក ស្របតាមប្រពៃណីសាសនានោះ វិញ្ញាណក្ខន្ធលោកអាចនឹងរកសុគតិភពឃើញ។ មាន ប្រជាពលរដ្ឋមួយចំនួន យល់ឃើញថា ព្រលឹងលោកបណ្ឌិតកែម ឡី នឹងតាមសងសឹកឃាតករ និងអ្នកនៅពីក្រោយឃាតករ ដូចរឿងក្នុងភាពយន្ត ប៉ុន្តែ បើយោងតាម “ទ្រឹស្តីកម្មផល” ព្រលឹងសព មិនអាចសងសឹកគេបានទេ ប៉ុន្តែ ឃាតករនោះនឹង រងកម្មពៀរដោយខ្លួនឯង។ តួយ៉ាង ព្រះបាទពិម្ពិសារ បានសោយព្រះទិវង្គត ដោយសារព្រះរាជបុត្រព្រះនាមអជាតសត្រូវ ចាប់យកទៅឃុំឃាំងធ្វើទារុណកម្មក្នុងពន្ធនាគារ។ ស្តេចបិតានោះ ពេលអស់ព្រះជន្មាយុ ក៏បានទៅកើតជាយក្សសេនាបតី របស់ព្រះបាទវេស្សវ័ណ នាឋានចត៉ាម្មហារាជិកា មិនបានមកសងសឹកនឹងរាជបុត្រអកតញ្ញូនោះទេ តែទីបំផុត បុត្រនិរគុណ នោះជំពាក់កម្មបិតា បានទៅរងទុក្ខវេទនា ហែលទឹកទង់ដែងក្នុងលោហកុម្ភីនរក ៦ម៉ឺនឆ្នាំ ទើបផុតកម្ម ទោះជាព្រះអង្គខំ ធ្វើបុណ្យយ៉ាងណាក៏បុណ្យជួយមិនបាន។

អ្វីដែលសំខាន់ សម្រាប់សពបណ្ឌិតកែម ឡី គឺការធ្វើបុណ្យ១០០ថ្ងៃ នេះហើយ ចាំបាច់ត្រូវតែធ្វើឱ្យបានសមរម្យតាម មាគ៌ាព្រះពុទ្ធសាសនា មិនត្រូវយកការសងសឹក និងនិន្នាការនយោបាយមកដាក់មុខ ព្រោះកាលលោកបណ្ឌិតកែម ឡី នៅ មានជីវិត លោកធ្វើតែការងារជួយសង្គម ដើម្បីអភិវឌ្ឍន៍ ដោយមិនប្រកាន់និន្នាការនយោបាយបក្សណាមួយឡើយ។ ដូច្នេះ អ្នកដែលគោរពស្រឡាញ់លោកបណ្ឌិតកែម ឡី គួរតែគោរពឧត្តមគតិរបស់លោក ដើម្បីឱ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត បានទៅ សោយសុខក្នុងសុគតិភពដោយភាពស្ងប់។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកនយោបាយគ្រប់និន្នាការ ក៏ដូចជាអាជ្ញាធរមាន សមត្ថកិច្ច ដែលម្នាក់ៗសុទ្ធតែបានសម្តែងការសោកស្តាយចំពោះការបាត់បង់អ្នកវិភាគសង្គមដ៏ល្បីល្បាញនោះ គួរតែចូលរួម អនុមោទនា បួងសួងឱ្យវិញ្ញាណក្ខន្ធសពបានស្គាល់សុគតិភព ប្រសើរជាងបាំងដៃមើល និងរង់ចាំតែចាប់កំហុសអ្នកមិនអនុវត្ត ច្បាប់។ ចំណែកគណៈកម្មការបុណ្យសព ត្រូវគោរពពាក្យសម្តីរបស់ខ្លួន ដែលព្រមព្រៀងជាមួយអាជ្ញាធររាជធានី មិនត្រូវ ធ្វើអ្វីឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ការហែរូបសំណាកចេញពីរាជធានី ឆ្ពោះទៅខេត្តតាកែវ បើខ្វះការយោគយល់គ្នា នោះ បានត្រឹមធ្វើឱ្យវិញ្ញាណក្ខន្ធសពកាន់តែវិលវល់ទ្វេឡើង បើសិនជាអ្នកចូលរួមក្នុងការហែក្បួនយកនយោបាយមកលាយឡំ ខណៈដែលសមត្ថកិច្ចចាំតែទប់ស្កាត់។

សរុបទៅ “ពិធីបុណ្យវេរ៧ថ្ងៃ និង១០០ថ្ងៃ” ចាំបាច់ត្រូវតែរៀបចំធ្វើតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងតាមមាគ៌ា ព្រះពុទ្ធសាសនា ចាប់ផ្តើមពីការសែនក្រុងពលី រហូតដល់វេរឧទ្ទិសកុសល។ គណៈកម្មការបុណ្យ មិនគួរថ្លែងការណ៍អ្វីពាក់ព័ន្ធ នឹងនយោបាយនោះទេ ដោយលើកឡើងតែពីគុណសម្បត្តិរបស់សព ជាពិសេសការសូត្រវិយោគកថា បង្កប់ខ្លឹមសារពុទ្ធនិយម។ ចំណែកអាជ្ញាធរ ក៏គួរជួយសម្រួលដល់ពិធីបុណ្យ ឱ្យប្រព្រឹត្តទៅដោយរលូនចប់ចុងចប់ដើម និងមានការយោគយល់ គ្នា បើសិនជាមានបុគ្គលមួយចំនួនមិនស្តាប់ការណែនាំដែលបានព្រមព្រៀងគ្នា។ បើទាំងអស់គ្នាអាចធ្វើយ៉ាងនេះបាន ធានាថា វិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី នឹងបានស្ងប់ ស្គាល់សុគតិភព ឯអ្នកនៅរស់ ក៏ “មិនខ្មាសអន្តរជាតិ” ខណៈដែលលោកស្រី រ៉ូណា ស៊្មីត អ្នករាយការណ៍ពិសេស អ..ប ផ្នែកសិទ្ធិមនុស្ស មកដល់ស្រុកខ្មែរ កំពុងតែបាំងដៃចាំមើល៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES