Thursday, April 25, 2024
Homeបរិយាយកុំយក​វិជ្ជា​ទៅ​ប្រកួត​នឹង​វាសនា

កុំយក​វិជ្ជា​ទៅ​ប្រកួត​នឹង​វាសនា

ព្រះឧត្តមមុនីអ៊ុម ស៊ូ អតីតអធិបតីរងក្រុមជំនុំបកប្រែព្រះត្រៃបិដក និងជាសមាជិកគណៈកម្មការរៀបរៀងវចនានុក្រម ខ្មែរ បានទុកព្រះបណ្តាំជាសុភាសិតបែបពុទ្ធនិយមថា “កុំយកវិជ្ជាទៅប្រកួតនឹងវាសនា” ប្រកបដោយខ្លឹមសារអប់រំជ្រាលជ្រៅ ណាស់។ ធម្មតាមនុស្សមានតែចំណេះវិជ្ជា ឬបានរៀនសូត្រចេះដឹងជ្រៅជ្រះ បើទៅប្រកួតប្រជែងដណ្តើមអំណាចដឹកនាំប្រទេស គឺមិនអាចយកប្រៀបលើមនុស្សមានបុណ្យវាសនាបានឡើយ ដែល“នគរធំ”សូមលើកប្រធានបទ “វិជ្ជា និងវាសនា” មក បរិយាយថ្ងៃនេះ

ពាក្យ “វិជ្ជា” មានន័យថា សេចក្តីដឹងច្បាស់ ការចេះដឹង ចំណេះ វេទមន្ត មន្តអាគម។ វិជ្ជា អាចកើតឡើងបានអាស្រ័យ ការរៀនសូត្រ សូម្បីសត្វពាហនៈ គោ ក្របី ដំរី សេះ ដែលមនុស្សផ្សាំងឱ្យចេះអូសនង្គ័លទឹមរទេះ ឬប្រើអូសឈើហុប ឱ្យ មនុស្សទាមក្បាលបាននោះ ឈ្មោះថាសត្វទាំងនោះ ទទួលបានវិជ្ជាពីមនុស្ស។ វិជ្ជា មានគុណតម្លៃខ្ពស់ណាស់ ចោរលួចមិន បានទេ ដូចឃ្លាឃ្លោងក្នុងមេសូត្ររត់មាត់ដែលសិស្សបឋមសិក្សា ធ្លាប់រៀនថា “ហៃសាធុជនទាំងអស់គ្នា ចំណេះវិជ្ជាទាំងសម្ទាយ មានគុណវិសេសធំទូលាយ ចូរយើងវេចស្ពាយកុំខ្លាចធ្ងន់។ មិនពិបាកទុកស្រណុកលាក់ ជាជាងមាសប្រាក់សព្វទ្រព្យធន មិន ខ្លាចចោរលួចឬចោរប្លន់ ទៅគ្រប់តំបន់គ្រាន់ជាស្បៀង។ ឥតកណ្តៀរកោរកណ្តុរកាត់ ចាយណាស់មិនបាត់មិនមានល្អៀង ប្រើ ច្រើកើតច្រើនចម្រើនទៀង ពីបច្នុប្បន្នរៀងទៅបរលោក”។

ដោយេឡែកពាក្យ “វាសនា” មានន័យថា ចរិយាឬចរិត ដែលអប់រំសន្សំទុក ឬកប់ទុកក្នុងចិត្ត ចរិយាដែលថ្នឹកស៊ប់ស៊ាំ ជាប់ជាទម្លាប់កែប្រែឬកម្ចាត់ចោលពុំបាន ឬព្រេងសំណាង សម្ពាយបុណ្យ នេះបើយោងតាមការពន្យល់ក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត។ មនុស្សមានវាសនា ឬសម្ពាយបុណ្យពីជាតិមុន ពុំសូវនឿយលំបាកក្នុងការរកស៊ីដូចគេទេ ដែល ជួនកាលភោគទ្រព្យហូរចូលដោយស្រួល ហើយមនុស្សមានវាសនាច្រើនតែកើតក្នុងរាជត្រកូល សេដ្ឋី គហបតី ទោះជាខ្ចាត់ព្រាត់ទៅរស់នៅក្នុងត្រកូលរាស្ត្រក្រីក្រ ក៏គង់បុណ្យវាសនារុញឱ្យឡើងទ្រនំវិញ។

តើ “កុំយកវិជ្ជា ទៅប្រកួតនឹងវាសនា” មានន័យដូចម្តេច? សំណួរនេះ យើងឃើញអក្សរសិល្ប៍បុរាណច្រើនណាស់ ដែល និយាយពីអ្នកមានចំណេះខ្ពស់ មិនអាចយកឈ្នះអ្នកមានបុណ្យវាសនាបាន ឧទាហរណ៍ រឿង “ចៅស្រទបចេក” ទោះជា ធ្លាក់ខ្លួនក្រីក្រតោកយ៉ាក ស្លៀកតែស្រទបចេក និងត្រូវគេប្រើឱ្យរែកនំអាកោដើរលក់ ក៏ចៅស្រទបចេក នៅតែបានឡើង សោយរាជ្យជាស្តេច ដោយអំណាចសម្ពាយបុណ្យ នេះឯង។ នៅក្នុងរឿង “ហ្មដំរី” ក៏បានតំណាលពីបុរសម្នាក់ មានចំណេះវិជ្ជាជ្រៅជ្រះ ចេះស្តាប់ភាសាសត្វ បានទៅដេកក្រោមដើមឈើ ក៏ឮមាន់ព្រៃ២ក្បាលនិយាយគ្នា។ មាន់ស និយាយអួតថា សាច់របស់វាពូកែស័ក្តិសិទ្ធិណាស់ បើជនណាបានបរិភោគ និងបានប្រាក់១ពាន់កហាបណៈភ្លាម។ ឯមាន់ខ្មៅអួតថា សាច់របស់ វាខ្លាំងជាងហ្នឹងទៅទៀត គឺបើបុរសណាបានបរិភោគក្បាលវានឹងបានសោយរាជ្យជាស្តេច បើស្រីណាបានបរិភោគសាច់ភ្លៅ នឹងបានជាអគ្គមហេសីស្តេច បើអ្នកបួសណាបានឆាន់សាច់ចំឡកវា នឹងក្លាយជាជីតុនព្រះមហាក្សត្រ។ បុរសចេះស្តាប់ភាសា សត្វនោះ ឮហើយត្រេកអរណាស់ ក៏ឡើងដើមឈើទៅចាប់មាន់ខ្មៅមួលកបោចស្ងោរ បម្រុងនឹងបរិភោគក្បាលមាន់ ដើម្បីឱ្យ ក្លាយជាស្តេច ប៉ុន្តែដោយសារបុរសនោះគ្មានវាសនា ក៏យកមាន់ស្ងោរដាក់ក្នុងភាជន៍ ដើរតាមឆ្នេរស្ទឹង រួចក៏ចុះងូតទឹកសម្អាត កាយ ដោយគិតថា ឡើងមកវិញចាំស៊ី។ ភាជន៍មាន់ស្ងោរ ដែលដាក់លើឆ្នេរខ្សាច់នោះ ស្រាប់តែមានរលកបោកបក់ នាំយក មាន់ស្ងោរអណ្តែតតាមខ្សែទឹកទៅក្រោម ទុកឱ្យបុរសមានវិជ្ជាបានត្រឹមសោកស្តាយតែប៉ុណ្ណោះ។ កាលនោះមានហ្មដំរីម្នាក់ កំពុងលាងដំរីព្រះរាជទ្រព្យខាងក្រោមខ្សែទឹក ឃើញភាជន៍មាន់ស្ងោរអណ្តែតមកក៏ចាប់យកបម្រុងនឹងបរិភោគ ក៏នឹកឃើញ ដល់តាបសមួយអង្គ ដែលខ្លួនធ្លាប់ទំនុកបម្រុង។ ហ្មដំរីនោះ  ក៏នាំប្រពន្ធយកមាន់ស្ងោរនោះទៅប្រគេនតាបស ដោយជ្រះថ្លា ឯតាបសនោះមានព្រះនេត្រទិព្វ ដឹងថាសាច់មាន់នេះពូកែស័ក្តិសិទ្ធិ ក៏បេះក្បាលមាន់ឱ្យហ្មដំរី បេះភ្លៅ១ ទៅឱ្យប្រពន្ធហ្មដំរី បរិភោគ ឯតាបសបេះយកសាច់ចំឡកមកឆាន់ រួចប្រាប់ហ្មដំរី ថា “ចូរអ្នកកុំប្រហែស នៅ៧ថ្ងៃទៀត អ្នកនឹងបានសោយរាជ្យ ជាព្រះមហាក្សត្រនគរនេះ”។ ហ្មដំរីនិងភរិយាមិនយល់ពាក្យតាបសនោះទេ ក៏ថ្វាយបង្គំលាមកផ្ទះវិញ លុះគ្រប់៧ថ្ងៃ ក៏មាន ស្តេចនគរចំណុះបះបោរលើកទ័ពមកឡោមព័ន្ធព្រះបរមរាជវាំង របស់ព្រះមហាក្សត្រជាធំ។ ពេលនោះ ព្រះមហាក្សត្រជាធំ បានត្រាស់បង្គាប់ហ្មដំរី ឱ្យក្លែងខ្លួនតែងកាយជាស្តេច ជិះដំរីទៅច្បាំង ដោយសារព្រះអង្គកំសាក។ ទោះយ៉ាងណា ក៏ស្តេច បានដើរបន្លំជាមួយកងសេនាឯទៀត ជាអកុសល ស្រាប់តែមាន ព្រួញមួយហើរមកត្រូវស្តេចសោយទិង្គតទៅ។ ហ្មដំរីដឹងថា ស្តេចសោយទិវង្គត ក៏ចាត់ចែងបញ្ជាទ័ពឱ្យវាយលុកទៅលើកងទ័ពបច្ចាមិត្ររហូតទទួលបានជ័យជម្នះ ទើបបង្គាប់ឱ្យលើក ព្រះសពស្តេចទៅធ្វើបុណ្យតាមប្រពៃណី។ ឯនាហ្មឺនសព្វមុខមន្ត្រីជំនុំគ្នាថា ព្រះមហាក្សត្រយើងគ្មានរាជបុត្របន្តពូជទេ តែមុនសោយទិវង្គត ព្រះអង្គបានព្រះរាជទានភេទជាស្តេច ទៅហ្មដំរី ទើបស្រុះស្រួលគ្នារៀបពិធីរាជាភិសេកហ្មដំរីឱ្យក្លាយជា ព្រះមហាក្សត្រ ឯប្រពន្ធហ្មដំរី បានឡើងជាព្រះអគ្គមហេសី ចំណែកតាបសព្រះនេត្រទិព្វ ក៏បានឡើងជាព្រះជីតុន។

រឿងនេះបង្ហាញថា អ្នកមានចំណេះរហូតចេះស្តាប់ភាសាសត្វ មិនអាចយកឈ្នះលើហ្មដំរី ដែលជាអ្នកមានបុណ្យវាសនា បានឡើយ ព្រោះវាសនា ឬព្រេងសំណាងបានកាន់អំណាច កើតឡើងព្រោះសម្ពាយបុណ្យ។ បើយករឿងជាតកនេះ មកប្រៀបធៀបនឹងបច្នុប្បន្នភាព យើងឃើញថា ប្រធានគណបក្សនីមួយៗសុទ្ធតែមានចំពោះវិជ្ជាជ្រៅជ្រះណាស់ ភាគច្រើនជាបណ្ឌិត វិទ្យាសាស្ត្រនយោបាយ ឬបណ្ឌិតសេដ្ឋកិច្ច។ ឆ្លងកាត់ការបោះឆ្នោត៥អាណត្តិកន្លងមកនេះ យើងឃើញអ្នកមានវិជ្ជាទាំងនោះ មិនអាចយកឈ្នះអ្នកមានវាសនា ហើយអ្នកមានវាសនានោះ ពុំដែលបានទៅរៀននៅស្រុកបារាំង ស្រុកអាមេរិក អ្វីទេ ដឹងអី! បោះឆ្នោតមិនដែលចាញ់។

សូមបញ្ជាក់ថា អំណាចកើតឡើងដោយកត្តាច្រើនយ៉ាង ដូចជា ១កើតឡើងដោយសម្ពាយបុណ្យ ដូចរឿង “ចៅស្រទប ចេក” ឬរឿង“ហ្មដំរី”។ ២កើតឡើងតាមពូជ ដូចជារជ្ជទាយាទ ត្រូវឡើងស្នងរាជ្យបន្តពីព្រះបិតា ក៏ដូចប្រទេសកូរ៉េខាងជើង ដែលតតំណែងពីឪពុកទៅកូន។ ៣កើតឡើងដោយរដ្ឋប្រហារ ដូចនៅប្រទេសថៃ ជាដើម។ ៤កើតឡើងដោយការជាប់ឆ្នោត តាមប្រជាធិបតេយ្យ សេរី ពុហបក្ស។ អំណាចដែលកើតឡើងទាំង៤យ៉ាងនេះ ក៏អាស្រ័យលើបុណ្យវាសនាផងដែរ ព្រោះបើ ត្រឹមតែមានវិជ្ជា បានរៀនផុតឧត្តមសិស្សា ទៅប្រកួតជាមួយអ្នកមានវាសនា មិនឈ្នះគេទេ។ ថ្មីៗនេះ ប្រធានសមាគមបញ្ញាជនកម្ពុជា បានសរសេរក្នុងហ្វេសប៊ុកថា “ជីវិតនយោបាយលោកសម រង្ស៊ី អភ័ព្វជាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ” បន្ទាប់ពីមើលឃើញលោកសម រង្ស៊ី ប្រកួតមិនឈ្នះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ សម្តេចក្រុមព្រះ ធ្លាប់កាន់តំណែង ជានាយករដ្ឋមន្ត្រីទី១ ជាប្រធានរដ្ឋសភា ចាត់ទុកថា ព្រះអង្គមានវាសនាខ្ពស់ ឯលោកសម រង្ស៊ី ប្រឹងប្រែងយកតំណែងនោះ គ្រប់អាណត្តិ តែមិនបានធ្វើនាយករដ្ឋមន្ត្រី។ ដូច្នេះ អាចថា មកពីលោកមានតែចំណេះវិជ្ជា ដោយគ្មានវាសនា ដូចអ្វីដែលសុភាសិតពុទ្ធនិយម ចង្អុលបង្ហាញស្រាប់។

សរុបទៅ “កុំយកវិជ្ជាទៅប្រកួតនឹងវាសនា” គ្រាន់តែជាការបកស្រាយទៅតាមបច្ចុប្បន្នភាពប៉ុណ្ណោះ គ្មានគោលបំណង បន្ទាបតម្លៃឥស្សរជនណាទេ។ ទោះយ៉ាងណា មនុស្សមានវិជ្ជា ចោរលួចប្លន់មិនបានទេ ដោយអាចយកវិជ្ជានេះទុកជាស្ពាន ឈានទៅប្រកួតយកអំណាចបាន ឬខំតស៊ូទៀតទៅ ក្រែងវាសនាមាន។ ឯអ្នកមានវាសនា បើធ្វេសប្រហែសមិនព្យាយាម អប់រំបន្ទំចិត្តឱ្យលុះក្នុងសីល សមាធិ បញ្ញា ឬបណ្តោយឱ្យលោភៈ ទោសៈ មោហៈ អូសទាញបាន អាចធ្វើឱ្យវាសនាមានកាល កំណត់ ដែលជាសភាវៈធម្មជាតិ តាក់តែងមក៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES