សេះ​ស្អប់​ដំរី ក្របី​ស្អប់​ដើម​ចេក

បើចាស់ៗមិនប្រាប់ យុវវ័យស្រករក្រោយនេះ ច្បាស់ជាមិនដឹងពីលក្ខណៈធម្មជាតិតម្រូវឱ្យ “សេះស្អប់ដំរី ក្របីស្អប់ដើម ចេក” នោះឡើយ ដោយហេតុថា សម័យនេះ មនុស្សគ្រប់ជាតិសាសន៍ប្រើប្រាស់គ្រឿងយន្តជាជំនិះ មិនជិះសេះ ដំរី រទេះ ក្របី រទេះគោ ទៀតទេ។ តាមពិត សេះនិងដំរី ស្អប់គ្នា និងខ្លាចគ្នាទៅវិញទៅមក ខណៈដែលក្របី ចងក្បែរដើមចេកមិនបាន ក៏មិនខុសពីអ្នកនយោបាយប្រកាន់និន្នាការ នៅជិតគ្នាមិនបានយូរយ៉ាងនោះដែរ ដែល “នគរធំ” សូមលើករឿង “សេះស្អប់ដំរី ក្របីស្អប់ដើមចេក” មកធ្វើជាប្រធានបទបរិយាយថ្ងៃនេះ

កាលពីសម័យអង្គរ លង្វែក ឧដុង្គ រហូតដល់ទសវត្សឆ្នាំ១៩៦០ នាសម័យសង្គមរាស្ត្រនិយម ប្រជាពលរដ្ឋខ្មែរ មិនទាន់ មានយានជំនិះបំពាក់គ្រឿងយន្តសម្បូរបែបដូចសព្វថ្ងៃនេះទេ គឺត្រូវពឹងផ្អែកលើសេះ ដំរី ទូក សំពៅ រទេះគោ រទេះក្របី ជាចាំបាច់។ ជាទូទៅ សេះ និងដំរី ជាពាហនៈសំខាន់ជាងគេ សម្រាប់ប្រើការជាលក្ខណៈឯកជនផង និងសម្រាប់ធ្វើសង្គ្រាម ផង ដែលគេប្រៀបធៀបកងទ័ពដំរីជំនាន់ដើម ទៅនឹងកងទ័ពរថក្រោះសម័យនេះ។ ក្នុងពេលធ្វើសង្គ្រាមម្តងៗ ត្រូវមាន កងទ័ពជើងគោក ក្រោមបញ្ជា “ឧកញ៉ាចក្រី” និងកងទ័ពជើងទឹក ក្រោមបញ្ជា “ឧកញ៉ាក្រឡាហោម”។ កងទ័ពជើងគោក ត្រូវបែងចែកជា៤ផ្នែកធំៗ ហៅថា “ចតុរង្គ” គឺទ័ពដំរី មាន “ឧកញ៉ាពិជ័យអធិបតីកុញ្ជរ” ជាមេបង្គាប់ការ។ ទ័ពសេះ មាន “ឧកញ៉ាតរង្គពិជ័យសេនា” ជាមេបង្គាប់ការ។ ទ័ពរថ មាន “ឧកញ៉ារាជសារថី” ជាមេបង្គាប់ការ និងទ័ពថ្មើរជើង មាន “ឧកញ៉ា ពិជ័យសង្គ្រាម” ជាមេបង្គាប់ការ។

យើងសូមបរិយាយតែកងទ័ពសេះ និងដំរី ប៉ុណ្ណោះ ដើម្បីឱ្យស្របនឹងប្រធានបទខាងលើ គឺកងទ័ពទាំងពីរផ្នែកនេះ ដាក់ នៅជិតគ្នាមិនបានទេ ដោយសារ “សេះខ្លាចដំរី ឯដំរីខ្លាចសេះ កើតជាការស្អប់គ្នា” ពេលឮដំរីសឹកស្រែកវូម! វូម! ច្បាស់ជា សេះផ្អើលដាច់ខ្សែ សណ្តកបង្គោលស្នឹងមិនខាន តែបើឮសេះកញ្ជ្រៀវ ហេ! ហេ! ច្បាស់ជាដំរីផ្អើលបោលបុកព្នៀត ឬផ្តាច់ ទន្លីង រត់ចូលព្រៃអស់មិនខានឡើយ។ ដូច្នេះ ពេលលើកទ័ពទៅច្បាំង គេរៀបទ័ពដំរីនៅជួរមុខ ឯទ័ពសេះ ដាក់ស្លាបស្តាំ ស្លាបឆ្វេង នៅឆ្ងាយពីទ័ពដំរី ល្មមមិនឮសម្រែកគ្នា។ រឿងសេះដំរីខ្លាចគ្នា ស្អប់គ្នាទៅវិញទៅមកនេះ យើងធ្លាប់ឃើញផ្ទាល់ កាលនៅវ័យកុមារ ខណៈដែលរទេះសេះបរតាមផ្លូវលំមួយ ក៏វាក់នឹងដំរីបរដឹកសំណាបមកពីផ្លូវម្ខាង ស្រាប់តែសេះផ្អើល ទាញ រទេះធ្លាក់ប្រឡាយ ចំណែកដំរីក៏ផ្អើលបោលទៅវាលស្រែ ទោះជាហ្មដំរីយកកង្វេរកាវស្លឹកត្រចៀកវាយ៉ាងណាក៏ទប់មិនឈ្នះ។

ដោយឡែក “ក្របីស្អប់ដើមចេក” មានរឿងតំណាលថា ដើមឡើយ ក្របីជាសត្វព្រៃ នៅបម្រើតាឥសី ក្នុងព្រៃហិមពាន្ត។ ថ្ងៃមួយ តាឥសីបានគង់លើខ្នងក្របី ចេញទៅបិណ្ឌបាតតាមស្រុកភូមិ លុះទៅដល់ស្រុក ក៏លែងក្របីឱ្យស៊ីស្មៅ។ ដល់ពេល វិលទៅព្រៃវិញ ក្របីរវល់ឆ្ងាញ់នឹងស្មៅទឹក ដោយវាមើលឃើញស្លឹកចេកទុំ មានពណ៌លឿងចាស់ដូចចីវរតាឥសី ទោះជា ឥសីរង់ចាំយ៉ាងណា ក៏ក្របីមិនព្រមឡើងពីទឹក។ ដោយខឹងសម្បា តាឥសី ក៏ដាក់បណ្តាសាឱ្យក្របីក្លាយជាអ្នកបម្រើមនុស្ស រួចព្រះអង្គនិមន្តទៅព្រៃវិញបាត់ទៅ។ ពេលក្របីស៊ីស្មៅឆ្អែត ក៏ឡើងពីបឹង ក៏បាត់ឥសី ឃើញតែដើមចេក ខឹងណាស់ ក៏វ័ធ ដើមចេកខ្ទេចខ្ទី និងត្រូវមនុស្សទាក់បានយកទៅផ្សាំងបំពាក់នឹមអូសនង្គ័លរទេះ តាំងពីពេលនោះមក។ ហេតុនេះហើយ ទើបក្របីឃើញដើមចេកមិនបាន ព្រោះតែគំនុំ។

បើយករឿង “សេះស្អប់ដំរី ក្របីស្អប់ដើមចេក” មកប្រៀបធៀបនឹងអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំង ឃើញថា ស្រដៀងគ្នាណាស់។ កន្លងមក ដោយសារនិន្នាការខុសគ្នា ធ្វើឱ្យអ្នកនយោបាយទាំងពីរបក្សនេះ មើលមុខគ្នាមិន ត្រង់ ទោះជាចាប់ដៃគ្នា ញញឹមដាក់គ្នា ក៏ជារបៀប “ញញឹមស្មើ សើចស្ទើរ សម្តីពីរោះ” ពោលគឺ ពួកគាត់និយាយរកគ្នា ពេល ឈរទល់មុខគ្នានោះពីរោះណាស់ លុះចេញផុតក៏ផ្លោងសម្តីដាក់គ្នាយ៉ាងសង្កៀរត្រចៀក។ បក្សកាន់អំណាច ប្រៀបបាននឹង ដំរី ឯបក្សប្រឆាំង ប្រៀបដូចសេះ ឬថា បក្សកាន់អំណាច ដូចក្របី ខណៈដែលបក្សប្រឆាំង ជាដើមចេក។ ចាប់តាំងពី បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ រួចមក អ្នកនយោបាយធំៗទាស់គ្នារហូត និងនាំអ្នកបម្រើនយោបាយ ក៏ដូច អ្នកគាំទ្រនយោបាយ ឱ្យមានទំនាស់តាមគ្នា។

ថ្មីៗនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចំអកឱ្យមេបក្សប្រឆាំង ពាក់ព័ន្ធនឹងពាក្យថា “ទិញមិនលក់ សម្លុតមិនខ្លាច” ប៉ុន្តែ អ្នកមិនខ្លាចនោះ រត់ចោលស្រុក និងសំងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្ស ដូចកណ្តុរខ្លាចឆ្មា។  បើយកពាក្យ នេះមកពិចារណា “ទិញមិនលក់” គឺមកពីមេបក្សប្រឆាំងមានថវិកាជំនួយពីក្រៅមិនខ្វះចាយ ចាំបាច់លក់ខ្លួនធ្វើអីទៀត? ព្រោះការលក់យកលុយនោះ ចាយមិនបានប៉ុន្មានក៏អស់ទៅ ប៉ុន្តែ បើដណ្តើមអំណាចដឹកនាំប្រទេសបាន នឹងបានលុយ បាន កិត្តិយសហួសពីសេចក្តីត្រូវការ។ ឯពាក្យថា “សម្លុតមិនខ្លាច” មិនខុសពីមនុស្សអួតថា “មិនចេះខ្លាចខ្មោចទេ” ប៉ុន្តែ ពេល គាត់ដើរទៅវាលកប់ខ្មោច ឬទីប៉ាឆា បើសិនជាមានខ្យល់បោកបក់បាក់មែកឈើប្រាវ! ច្បាស់ជាអ្នកមិនខ្លាចនោះ រត់ចោល គេឯងមិនខាន ដោយស្មានថាខ្មោចលង។

ដូច្នេះ ការឆ្លើយឆ្លងគ្នានេះ ចាត់ទុកថា សម្រែកវូម! វូម! របស់ដំរី និងសម្រែក ហេ! ហេ! របស់សេះ បានត្រឹម ធ្វើឱ្យផ្អើលគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ ស្ថានការណ៍បច្ចុប្បន្ននេះ បានធ្វើឱ្យអ្នកនយោបាយ “ប្រឆាំង និងមិនប្រឆាំង” ស្អប់ គ្នាកាន់តែខ្លាំង ជាពិសេស ករណីបាតុកម្មនៅប្រទេសអូស្ត្រាលី ប្រឆាំងដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត ត្រូវ មន្ត្រីបក្សកាន់អំណាចសង្ស័យថា មានការជំរុញពីមន្ត្រីបក្សប្រឆាំង។ ប្រឈមនឹងបញ្ហានេះ តំណាងរាស្ត្របក្សប្រឆាំង បាន ប្តូរគោលជំហរមិនហ៊ានចូលប្រជុំក្នុងរដ្ឋសភា ដោយបារម្ភពីអំពើហិង្សាកើតឡើង ដូចករណីលោកគង់ សភា និងលោកញ៉យ ចំរើន ដែលត្រូវបាតុករវាយបែកក្តោងច្រមុះ។

រវាង “ដំរី និងសេះ” បើប្រឡូកតតាំងគ្នា មិនឈ្នះដំរីសារនោះទេ ប៉ុន្តែ រវាង “ដំរីសារ និងអស្សតរ” គ្មានឱកាស ប្រយុទ្ធគ្នាតទល់នោះឡើយ គ្រាន់តែឮសម្រែក ក៏ស្ទុះចែកផ្លូវគ្នា ម្ខាងបោលធ្លាក់ប្រឡាយ ម្ខាងទៀតបោលសំដៅវាលស្រែ គ្មានបានចំណេញអ្វីទេ។ អ្នកនយោបាយខ្មែរ គួរយកគំរូតាមបេក្ខជនប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលណាត់ជួបតទល់គ្នាតាមទូរទស្សន៍ ឱ្យប្រជាពលរដ្ឋអាមេរិក បានឃើញ បានស្តាប់ ដើម្បីវាយតម្លៃផ្តល់ ពិន្ទុ។ តាមទម្លាប់ បេក្ខជនប្រធានាធិបតីអាមេរិក ទាស់ទែងគ្នាតែក្នុងពេលឃោសនាប៉ុណ្ណោះ លុះបោះឆ្នោតរួចរាល់ ក៏ចាប់ ដៃរាប់អានគ្នាធម្មតា គ្មានគំនុំគុំកួនអ្វីទេ។ អកុសលតែអ្នកនយោបាយខ្មែរ ទោះជាពេលឃោសនា ឬបោះឆ្នោតរួចរាល់ ក៏ នៅតែទាស់គ្នាគ្មានស្រាកស្រាន្ត ហើយបើត្រឹមទាស់តែអ្នកនយោបាយអត់បញ្ហាទេ តែវាទាស់ដល់ប្រជារាស្ត្រ អ្នកគាំទ្រនយោបាយឯណោះទៀត។ កាលសម័យប៉ុល ពត មនោគមន៍វិជ្ជានយោបាយ បានធ្វើឱ្យប្រជាជនមូលដ្ឋាន ឬ “អ្នកចាស់” ស្អប់ខ្ពើម ប្រជាជន ១៧មេសា ឬ “អ្នកថ្មី” តាមដាន បោសសម្អាតគ្នា ប្រែក្លាយមាតុភូមិកម្ពុជា ឱ្យទៅជាវាលពិឃាត។ ឥឡូវប្រជាពលរដ្ឋខ្មែរ កំពុងរស់ក្នុងសុខសន្តិភាព ត្រូវការរួបរួម សាមគ្គីគ្នា មិនចង់ក្លាយជាសេះ ដំរី ក្របី ដើមចេក នោះឡើយ។

សរុបទៅ “សេះស្អប់ដំរី ក្របីស្អប់ដើមចេក” គឺជាការពិត ពុំមែនបំផ្លើសនោះទេ។ ហេតុនេះ គួរតែអ្នកនយោបាយគ្រប់ និន្នាការ បន្ទន់ឥរិយាបថរាប់រកគ្នាជាភាតរៈល្អជាង ចៀសវាងទំនាស់ឈានដល់អំពើហិង្សា នាំឱ្យបាត់បង់ឯកភាពជាតិ។ ការ ផ្លោងពាក្យពេចន៍អសុរោះដាក់គ្នា មិនខុសពីសម្រែកសត្វសេះ និងដំរី នោះទេ ចំណែកក្របី ដែលមើលច្រឡំស្លឹក ចេកស្មាន ថា ចីវរតាឥសីនោះ ក៏មិនគួរចងគំនុំនឹងដើមចេកនោះដែរ។ លុះត្រាតែអ្នកនយោបាយចេះយោគយល់គ្នា ដើរតាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស ទើបធានាថា ប្រជារាស្ត្រនឹងមានភាពកក់ក្តៅ មិនព្រួយបារម្ភពីសេះតោងរទេះ ធ្លាក់ប្រឡាយ ឯដំរីបោលសំដៅវាលស្រែជាន់ខ្ទេចសន្ទូង ចំណែកដើមចេក នឹងបានលូតលាស់ មិនព្រួយនឹងស្នែងក្របី៕

ដោយ ៖ អាចារ្យថាំ