Saturday, April 20, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រ ក្នុង​ឱកាស​ព្រះ​រាជ​ពិធីគ្រង​រាជ ខួប​លើក​ទី១២

សម្តេច​ហ៊ុន សែន ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រ ក្នុង​ឱកាស​ព្រះ​រាជ​ពិធីគ្រង​រាជ ខួប​លើក​ទី១២

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយ លិខិតថ្វាយព្រះពរដល់ព្រះករុណាព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ព្រះរាជពិធីខួបលើកទី១២ នៃការគ្រងព្រះបរមរាជសម្បត្តិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦។

យោងតាមលិខិតថ្វាយព្រះពររបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា លេខ ១៩ ស..ខ ពធ ចុះ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដែលចុះ ហត្ថលេខា ដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង ឱកាសព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការ យាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹង ប្រព្រឹត្តទៅនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នោះ មានខ្លឹមសារ ដូចខាងក្រោម ៖

ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

នៅក្នុងវរោកាសដ៏មហានក្ខត្តប្ញក្សប្រសើរ ថ្លៃថ្លាពោរពេញដោយក្តីអភិរម្យសោមនស្ស រីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី១២ នៃ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្ត ទៅនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំង ប្រទេស សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវ មនោសញ្ចោតនាដ៏រំភើបរីករាយឥតឧបមា និង សូមចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ ទីឃាយុកោ ហោហិ បវរសួរស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយ កតញ្ញូកតវេទិតាធម៌ និងព្រះរាជមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ និងកិច្ចការបរទេស របស់ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ឆ្ពោះទៅកាន់ភាព ចម្រុងចម្រើនថ្កុំថ្កើងរុងរឿងជាមួយរាជរដ្ឋាភិបាល នាពេលកន្លងមក។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងវរោកាសដ៏មហា មង្គលាភិរម្យអភិសិរីភទ្រដ៏វិសេសថ្លៃថ្លានេះ ផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះ បរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាក្ខន្ធ អតីតព្រះមហាក្សត្រិយានីខ្មែគ្រប់ព្រះអង្គ ជាពិសេស បុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងទេវតា ថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោសព្រំនូវព្រះសព្ទសាធុការពរជ័យ គ្រប់ប្រការ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជា ម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្ត ចម្រើន រុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូមព្រះករុណាថ្លៃវិសេស ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ អភិវន្ទនកិច្ច និងព្រះសេយ្យភក្តីភាពដ៏ស្មោះស្ម័គ្រ បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦ គឺជាទិវាខួបលើកទី១២ នៃការឡើង គ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែល ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះរាជគោរមងារថា “ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី” ហើយសម្រេចយកថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការ ឡើង គ្រងព្រះបរមរាជសម្បត្តិ។ គឺថ្ងៃនេះ ហើយ ដែលប្រជារាស្ត្រខ្មែរគ្រប់រូប បានសម្តែងឆន្ទៈ និងមនោសញ្ចោតនារបស់ខ្លួន សប្បាយរីករាយ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហប្ញទ័យ ទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីជាម្លប់ ដ៏សុខក្សេមក្សាន្តត្រជាក់ត្រជុំរបស់មាតុភូមិ និង ប្រជារាស្ត្រខ្មែរជៅទីស្រលាញ់របស់ព្រះអង្គ៕

ដោយ ៖ ដារិទ្ធ

 

RELATED ARTICLES