Friday, April 26, 2024
Homeព័ត៌មានជាតិលោក​លឹម គាន​ហោ ដឹក​នាំ​កម្លាំង​​ទប់ ទំនប់​ស្ទឹង​ព្រែក​ត្នោត

លោក​លឹម គាន​ហោ ដឹក​នាំ​កម្លាំង​​ទប់ ទំនប់​ស្ទឹង​ព្រែក​ត្នោត

ភ្នំពេញ ៖ លោកលឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិតយម នៅព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំកម្លាំង អ្នកបច្ចេកទេសរបស់ក្រសួង រួមនិងកម្លាំងអាវុធហត្ថខណ្ឌដង្កោ ចុះអន្តរាគមន៍ទប់ទំនប់សណ្តរ ស្ទឹងព្រែកត្នោត ដែលបានបាក់កន្លងមក បង្កឱ្យ មានផលប៉ះពាល់ដល់សង្កាត់ចំនួន៤ និងធ្វើឱ្យ មានការជន់លិចផ្ទះប្រជាពលរដ្ឋ ដាច់ផ្លូវមិនអាច ឱ្យធ្វើចរាចរណ៍បានជាដើម។

ទាក់ទងទៅនឹងផលប៉ះពាល់នៅក្នុងទឹកដី ខណ្ឌដង្កោ ចំពោះការបាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៦ អាជ្ញាធរខណ្ឌដង្កោ បានសម្រេចផ្អាក ការធ្វើចរាចរណ៍ទាំងស្រុង (ទាំងម៉ូតូ និងរថយន្ត ធំតូច) លើកំណាត់ផ្លូវលេខ២១៧ ឬផ្លូវចំការដូង ដោយសារមូលហេតុ មានទឹកជន់លិច និង ហូរកាត់ផ្លូវយ៉ាងខ្លាំងចាប់ពីហួសផ្លូវកោងព្រែកជ្រៃ។

ជាមួយនេះអាជ្ញាធរខណ្ឌដង្កោ បានជូន ដំណឹងដល់ប្រជាពលរដ្ឋអ្នកដំណើរដែលមាន បំណងធ្វើដំណើរឆ្លងកាត់ផ្លូវចំការដូង លេខ២១៧ អាចធ្វើដំណើរតាមផ្លូវវៀងចាប់ពីរង្វង់មូលដី ក្រហម ឆ្ពោះទៅផ្លូវជាតិលេខ២ ហើយបត់ តាមវត្តព្រែកថ្លឹង បន្ទាប់មកបត់តាមផ្លូវទំនប់ ៧មករា ទើបមកដល់ផ្លូវលេខ២១៧ ឬផ្លូវចំការដូងវិញ។ ហើយកំណាត់ផ្លូវនេះ អាចនឹងបើក ឱ្យធ្វើចរាចរណ៍វិញ ដរាបណាទឹកស្រកអស់វិញ ជាមុនសិន។

ដោយឡែកអាជ្ញាធរជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១៦ថា ជំនន់ទឹកភ្លៀង បានបណ្តាល ឱ្យរាជធានីខេត្តចំនួន៤ រួមមានរាជធានីភ្នំពេញ  ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង ទទួលរងគ្រោះខ្លាំងជាងគេ។ ក្នុងនោះ នៅក្នុង ខេត្តកំពង់ស្ពឺ ជំនន់ទឹកភ្លៀងបណ្តាលឱ្យបាក់ ទំនប់ស្វាយ ស្ថិតក្នុងស្រុកគងពិសី បាក់ទំនប់ស្ទឹង ព្រែកត្នោត ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ះពាល់ស្រុកចំនួន៤ ក្នុងខេត្តស្វាយរៀង និង លិចផ្លូវក្នុងឃុំមួយចំនួន ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យោងតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញ ផ្សាយថ្ងៃទី១៨ តុលា ឆ្នាំ២០១៦ បានបញ្ជាក់ ឱ្យដឹងថា “ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាប ថា ៖ ដោយសារសម្ពាធទាប និងប្រព័ន្ធសម្ពាធ ទាបនៅបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ជាហេតុធ្វើឱ្យទឹកភ្លៀងនៅតែបន្តធ្លាក់ ក្នុងនោះ ៖

ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពង់ឆ្នាំង និងខេត្ត ប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់តិច។

ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ភ្នំពេញ និងខេត្តកំពង់ស្ពឺ អាច មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES