ម្តាយ​លោក​កែម ឡី ស្រក់​ទឹក​ភ្នែក​ជាថ្មី ពេល​ឃើញ​មុខ​កូន

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៦ អ្នកម្តាយរបស់លោកបណ្ឌិតកែម ឡី បានស្រក់ទឹកភ្នែក សង្វេគនឹកស្រណោះ អាឡោះអាល័យជាថ្មី នៅក្នុងពិធីបុណ្យ១០០ថ្ងៃ របស់ កូនប្រុស ដែលទិដ្ឋភាពបែបនេះបានកើតមាន ម្តងរួចហើយ កាលពីកូនប្រុសរបស់គាត់ (លោក បណ្ឌិតកែម ឡី) ទើបស្លាប់ថ្មីៗ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦។

ពិធីបុណ្យគម្រប់១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់ រយៈពេល៣ថ្ងៃ បានចាប់ផ្តើមប្រារឰធ្វើ កាលពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយនៅថ្ងៃ នោះ មានប្រជាពលរដ្ឋមកគ្រប់មជ្ឈដ្ឋាន បាន មកចូលរួមយ៉ាងច្រើនកុះករ ញ៉ាំងពិធីបុណ្យ ឱ្យមានភាពឧឡារិកទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

ចំពោះក្រុមគ្រួសារសព ក្រៅពីភរិយានិង កូនទាំង៥នាក់ ដែលស្ថិតនៅក្រៅប្រទេស មិន អាចមកចូលរួមបាននោះ ក៏មានវត្តមានបងប្អូន និងអ្នកម្តាយរបស់លោកបណ្ឌិតកែម ឡី ស្ថិត នៅក្នុងពិធីបុណ្យនេះ ដោយក្តីស្រងូតស្រងាត់ ក្រៀមក្រំ។ ក្នុងនោះមានការកត់សម្គាល់ឃើញ ថា អ្នកម្តាយរបស់លោកបណ្ឌិតកែម ឡី ពេល បានឃើញរូបថត រូបគំនូរ និងរូបសំណាកលោកបណ្ឌិតកែម ឡី ដែលត្រូវបានសាងសង់បានយ៉ាង ល្អដូចរូបពិតរបស់លោកបណ្ឌិតកែម ឡី ដោយ ជាងចម្លាក់សូនរូបដ៏ចំណាន គឺលោកសៀន កាម៉ង់ដង់ ត្រូវបានដាក់តាំងក្នុងរោងបុណ្យនោះ ធ្វើឱ្យគាត់ទទួលអារម្មណ៍សោកសង្រេងសាជា ថ្មីស្រក់ទឹកភ្នែកយំយែកនឹកអាណិតទៅដល់កូន ប្រុស ដែលត្រូវឃាតករបាញ់ប្រហារ ឆក់យក ជិវិតពិតស្រស់ៗ ទៅបន្សល់នូវតែរូបថត រូបសំណាកឥតវិញ្ញាណគួរឱ្យក្តុកក្តួលជាពន់ពេក។

kem-lay1

សមាជិកគណៈកម្មការបុណ្យ លោកមឿន តុលា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ថា មិនត្រឹមតែក្រុមគ្រួសារ លោកបណ្ឌិតកែម ឡី ទេ សូម្បីអ្នកចូលរួមពិធី បុណ្យមួយចំនួន ពេលដែលឃើញរូបគំនូរ និង រូបសំណាកលោកបណ្ឌិតកែម ឡី ក៏ទទួលអារម្មណ៍ សោកសង្រេង ស្រក់ទឹកភ្នែកស្តាយស្រណោះ លោកបណ្ឌិតកែម ឡី ដែរ។ លោកយល់ថា មកដល់ពេលនេះ អ្នកម្តាយរបស់លោកបណ្ឌិត កែម ឡី មិនទាន់ស្បើយពីសេចក្តីទុក្ខនៃការបាត់ បង់កូនប្រុសដ៏ស្រស់ញញឹមនៅឡើយទេ។

លោកមឿន តុលា មានប្រសាសន៍ថា  “សម្រាប់ម្តាយគាត់ តាំងពីកូនស្លាប់ទៅ មក ដល់ពេលនេះ គាត់នៅតែសោកសង្រេងនៅ ឡើយទេ អត់ទាន់បានធូរស្រាលទេ។ និយាយ ទៅ ទាំងម្តាយ ទាំងបងប្រុសគាត់ ទាំងប្អូនប្រុស គាត់អីហ្នឹង គឺសុទ្ធតែនៅសោកសង្រេង ដែល បានបាត់បង់កូន បាត់បង់បង បាត់បងប្អូនអីអ៊ីចឹង។ ហើយរួមជាមួយភរិយាគាត់ទៀតអ៊ីចឹងដែរ គ្រាន់តែឃើញរូបសំណាកលោកបណ្ឌិតពីចម្ងាយហ្នឹង គឺធ្វើឱ្យគាត់ស្រក់ទឹកភ្នែក។ អ៊ីចឹងសម្រាប់ក្រុមគ្រួសារ ជារួម គឺថានៅមិនទាន់មានអារម្មណ៍ ស្ងប់ស្ងាត់នៅឡើយទេ អារម្មណ៍គាត់នៅសោក សង្វេគនៅឡើយទេ ដែលបានបាត់បង់ប្តីបាត់បង់ឪពុក ហើយកូនក៏អ៊ីចឹង។ ចំពោះមិត្តភក្តិ ទាំងនៅពេលដែលមិនទាន់ឃើញអី វាមិនអីទេ ប៉ុន្តែពេលដែលឃើញទិដ្ឋភាពក្រុមគ្រួសារគាត់ ស្រក់ទឹកភ្នែកយើងជាមិត្តភក្តិហ្នឹងក៏ក្តុកក្តួលជា មួយគាត់ អ៊ីចឹងដែរ ប៉ុន្តែយើងចេះតែព្យាយាម ពន្យល់ បញ្ចុះបញ្ចូលគាត់ទៅឱ្យកាត់ចិត្ត ព្រោះ ជាធម្មតាទេ តែកាលណាបាត់បង់សមាជិកគ្រួសារ មួយ ហើយវាមិនអាចកាត់ចិត្តអីបានភ្លាមៗទេ”។

kem-lay

លោកមឿន តុលា មានប្រសាសន៍បន្តថា “តាមពិតទៅ មិនតែក្រុមគ្រួសារទេ ដែលឃើញ រូបសំណាករបស់លោកបណ្ឌិត សូម្បីតែអ្នក ចូលរួម មានក្មេងៗ យុវជន ហើយអ៊ំចាស់ៗ គាត់មកពីខេត្តហ្នឹង ដល់ពេលគាត់ឃើញរូបសំណាកលោកបណ្ឌិតហ្នឹង អ្នកខ្លះគាត់ស្រក់ទឹកភ្នែក ហើយជាពិសេស នៅកន្លែងដាក់តាំងហ្នឹង មានរូបថតមួយផ្ទាំង ដែលជាងគំនូរគាត់គូរ ហើយរៀបហ្នឹង គេគូរនៅពេលដែលលោកបណ្ឌិត ដេក ស្លាប់លើថ្លុកឈាមនៅក្នុងស្តារម៉ាតហ្នឹង គឺ ធ្វើឱ្យអ្នកចូលរួមមួយចំនួន ស្រក់ទឹកភ្នែក ហើយ គ្រវីក្បាលអីអ៊ីចឹងទៅ អាហ្នឹង គឺអ្វីដែលខ្ញុំមើល ឃើញហើយក៏មានអ្នកដែលសុំថតរូបសំណាក លោកបណ្ឌិត ដែលដាក់តាំងនៅក្នុងរោងហ្នឹង”។ ចំពោះទិដ្ឋភាពថ្ងៃទី១ នៃការប្រារឰពិធីបុណ្យ នោះ មានបរិកាសល្អ គួរឱ្យកត់សម្គាល់ ហើយ លោកសង្ឃឹមថា ពិធីបុណ្យរយៈពេល៤ថ្ងៃ ទាំង នៅរាជធានីភ្នំពេញ និងដង្ហែរូបសំណាកលោកបណ្ឌិតកែម ឡី ទៅខេត្តតាកែវ នឹងបញ្ចប់ទៅ ដោយជោគជ័យ បន្ទាប់ពីបានការយល់ព្រមពី រដ្ឋបាលរាជធានី ឱ្យប្រារឰពីធីនេះ នៅវត្តចាស់ រួចហើយ។

លោកមឿន តុលា មានប្រសាសន៍បន្ថែម ថា “សម្រាប់ខ្ញុំមើលឃើញ ទី១ មានប្រជាពលរដ្ឋមួយចំនួន គាត់មកនៅវត្តហ្នឹង ប្រហែល ជាប់២០០នាក់អ៊ីចឹងដែរ។ ទី១ មានប្រជាពលរដ្ឋខ្លះ គាត់មកពីបណ្តាខេត្តឆ្ងាយៗ ហើយ ទី៣ មានអ្នកនៅភ្នំពេញ ក៏គាត់ទៅជាបណ្តើរៗ អ៊ីចឹងដែរ ហើយមានអ្នកខ្លះពាក់អាវរូបលោកបណ្ឌិតកែម ឡី ហើយមានការលក់សៀវភៅ ដែលជាស្នាដៃ ឬក៏ចងក្រងដោយគំនិតរបស់គាត់ ហើយដូចជាមិនមានអីជាឧបសគ្គទេ មើលទៅ  ឃើញមានការធ្វើបុណ្យហ្នឹងដូចជាប្រព្រឹត្តទៅ ដោយរលួនហើយ ខ្ញុំមើលទៅ។ សម្រាប់ថ្ងៃនេះ ហើយសម្រាប់ខ្ញុំផ្ទាល់ ដែលបានចូលរួមជជែក ជាមួយសាលាក្រុងហ្នឹង យើងយល់គ្នាច្រើន ពាក់ព័ន្ធនឹងការធ្វើបុណ្យហ្នឹង។ សាលាក្រុងក៏បាន  យល់អំពីគោលបំណងរបស់គណៈកម្មការពិតប្រាកដ ហើយយើងក៏បានយល់អំពីអ្វីដែល សាលាក្រុងព្រួយបារម្ភ។ ខ្ញុំគិតថា សម្រាប់ពិធី បុណ្យ៣ទៅ៤ថ្ងៃនេះ នឹងមិនមានបញ្ហាទេ ហើយ សង្ឃឹមថា បងប្អូនជនរួមជាតិ ប្រជាពលរដ្ឋទូទៅ គ្រប់និន្នាការនយោបាយទាំងអស់ នឹងចូលរួម ឱ្យបានច្រើនកុះករ”៕

ដោយ ៖ កុលបុត្រ