Friday, April 26, 2024
Homeព័ត៌មានជាតិលោក​ស្រី​រ៉ូណា ស្មីុត ថា​កម្ពុជា ឈរ​លំដាប់​លេខ១ ផ្នែក​សេរី​ភាព​សារ​ព័ត៌​មាន

លោក​ស្រី​រ៉ូណា ស្មីុត ថា​កម្ពុជា ឈរ​លំដាប់​លេខ១ ផ្នែក​សេរី​ភាព​សារ​ព័ត៌​មាន

ភ្នំពេញ ៖ លោកស្រីរ៉ូណា ស្មីុត Rhona Smith អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា  បានធ្វើការវាយតម្លៃថា ប្រទេសកម្ពុជា កំពុង ឈរនៅក្នុងលំដាប់លេខ១ លើផ្នែកសេរីភាព សារព័ត៌មាន ធៀបនឹងបណ្តាប្រទេស ក្នុងតំបន់ អាស៊ាន តែយ៉ាងណា កម្ពុជាត្រូវបន្តពង្រឹងបន្ថែម ទៀត លើចំណុចមួយចំនួន ដែលនៅមិនទាន់ បានអនុវត្តបានល្អប្រសើរ។

លោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួប រវាងលោកស្រីរ៉ូណា ស្មីុត ជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ថា លោកស្រីរ៉ូណា ស្មីុត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា កម្ពុជាឈរ នៅលំដាប់លេខ១ផ្នែកសេរីភាពសារព័ត៌មានក្នុង ចំណោមបណ្តាប្រទេសអាស៊ាន ប៉ុន្តែលោកស្រី ចង់ឱ្យកម្ពុជាពង្រឹងបន្ថែមទៀត លើចំណុចមួយ ចំនួនដែលនៅមិនទាន់អនុវត្តបានល្អប្រសើរ។

ដោយឡែក យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ ស្តីពីជំនួបរវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង- ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Rhona Smith អ្នករាយការណ៍ ពិសេស អ-ស-ប អំពីសិទ្ធិមនុស្សនៅកម្ពុជា ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ ថា “នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០ៈ០០នាទី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ ចំពោះ ដំណើរទស្សនកិច្ចលើកទី៣ របស់លោកស្រីមក កាន់កម្ពុជា ហើយនិងជំនួបពិភាក្សាផ្លាស់ប្តូរ យោបល់ រវាងលោកស្រីជាមួយនឹងមន្ត្រីជាន់ ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមក្រសួង និងស្ថាប័នជំនាញនានា។

លោកស្រី Rhona Smith បានសម្តែង ការអបអរសាទរចំពោះការតែងតាំងឯកឧត្តម ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងបានសម្តែងនូវការ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ  របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ជាមួយនិងលោកស្រី ក៏ដូចជា ជាមួយ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ នៅភ្នំពេញ។ លោកស្រី Rhona Smith ក៏បានសម្តែងនូវអំណរគុណ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រសួងការបរទេស ដែលបានជួយសម្របសម្រួលរៀបចំ កម្មវិធីទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកស្រី Rhona Smith បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ក្នុង បរិយាកាសយោគយល់គ្នានិងគោរពគ្នាទៅវិញ ទៅមក ទៅលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងផ្នែក សិទ្ធិមនុស្ស ដូចជាការរីកចម្រើនៗផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការពង្រឹងនីតិរដ្ឋ សេរីភាពក្នុងការបញ្ចោញមតិ វប្បធម៌សន្ទនានា៘

នៅក្នុងការពិភាក្សានេះ លោកស្រី Rhona Smith បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីជំនួបនានារបស់លោកស្រី ជាមួយក្រសួង ពាក់ព័ន្ធមួយចំនួនរបស់កម្ពុជា ដោយមានការ ពិភាក្សាត្រង់ទៅត្រង់មក។ លោកស្រី ក៏បាន ទទួលស្គាល់និងសម្តែងការស្វាគមន៍ ចំពោះការ រីកចម្រើនក្នុងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កិច្ចសហប្រតិបត្តិការដ៏ល្អ  របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នអង្គ- ការសហប្រជាជាតិ លើការងារសិទ្ធិមនុស្ស ហើយលោកស្រីក៏បានលើកឡើងអំពីបញ្ហាមួយ ចំនួន ដែលជាការព្រួយបារម្ភរបស់លោកស្រី ក៏ដូចជារបស់អន្តរជាតិ”។

សេចក្តីជូនព័ត៌មានដដែល បានបន្តថា “ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី Rhona Smith អំពីជំហររបស់រាជរដ្ឋាភិបាល កម្ពុជា លើបញ្ហាសំខាន់ៗជាច្រើន ដូចជាការ គោរពសិទ្ធិមនុស្សនិងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ត្រូវផ្សារភ្ជាប់នឹងការពង្រឹងនីតិរដ្ឋ ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា កន្លងមក មានការ ប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស ដើម្បីបិទបាំងករណី បំពានច្បាប់ដែលជាការគំរាមកំហែងដល់នីតិរដ្ឋ នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានការខិតខំ ក្នុងការពង្រឹងនីតិរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គួរចៀសវាងផ្តោតតែទៅលើបញ្ហានយោបាយ តែគួរផ្តល់ការយកចិត្តទុកដាក់ផងដែរ ដល់ការ រីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច អប់រំ វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសិទ្ធិ របស់ស្ត្រី៘ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការរីកចម្រើនផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូន លោកស្រី Rhona Smith អំពីសារៈសំខាន់ នៃវប្បធម៌សន្ទនានៅកម្ពុជា ដែលសម្តេចអគ្គ- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី- កម្ពុជា ជាអ្នកផ្តួចផ្តើមឡើង បន្ទាប់ពីមានការ បោះឆ្នោតនៅក្នុងឆ្នាំ២០១៣ ដើម្បីចៀសវាង អំពើហិង្សា និងដើម្បីរក្សាបាននូវសន្តិភាព និង ស្ថិរភាពនយោបាយ។

រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល កម្ពុជា ក៏នៅតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការ ពង្រឹងនូវវប្បធម៌សន្ទនា រវាងបណ្តាគណបក្ស ដែលមានអាសនៈនៅក្នុងសភា។

នៅក្នុងការពង្រឹងសេរីភាពផ្នែកបញ្ចោញ មតិ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី ការរីកចម្រើនរបស់កម្ពុជា នៅក្នុងផ្នែកនេះ ដោយបានបញ្ជាក់ថា មានការទទួលស្គាល់ថា កម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ ក្នុង ចំណោមប្រទេសអាស៊ាន ដែលមានសេរីភាព សារព័ត៌មានល្អជាងគេ។

លោកស្រី Rhona Smith ក៏បានទទួល ស្គាល់ពីការរីកចម្រើនលើវិស័យផ្សេងៗជាច្រើន នៅកម្ពុជា និងការលើកឡើងថា នៅក្នុងចំណោម ប្រទេសអាស៊ាន កម្ពុជា ឈរក្នុងលេខរៀងទី១ ផ្នែកសេរីភាពសារព័ត៌មាន។ លោកស្រីក៏បាន មើលឃើញដែរថា កម្ពុជា បានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការលើកស្ទួយស្តង់ដារសិទ្ធិមនុស្ស របស់ខ្លួនដោយបានស្ម័គ្រចិត្តទទួលយកនូវកាតព្វកិច្ច និងអនុសាសន៍ជាច្រើន ក្នុងក្របខ័ណ្ឌ នៃសន្ធិសញ្ញាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកស្រី ចង់ឃើញកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងនេះ តទៅទៀត ទោះបីត្រូវប្រឈមមុខនឹងការទិ- តៀនក្តី។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះលោកស្រី Rhona Smith ក្នុងការខិតខំប្រឹងប្រែងរបស់លោកស្រី ដើម្បី ជួយដល់កម្ពុជា ក្នុងការពង្រឹងសិទ្ធិមនុស្ស ហើយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងថា នឹងរក្សា កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងលោកស្រី និងស្វាគមន៍ដំណើរទស្សនកិច្ចលើកក្រោយទៀត របស់លោកស្រី មកកាន់កម្ពុជា ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាសិទ្ធិមនុស្ស។

លោកស្រី Rhona Smith ក៏បានជម្រាប ជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីបំណងរបស់ លោកស្រីក្នុងការបន្តធ្វើការងារ និងសហប្រតិ- បត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហា សិទ្ធិមនុស្ស។ លោកស្រីបានបញ្ជាក់ថា នឹងបន្ត មកទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយរដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធមួយ ចំនួនទៀតលើបញ្ហានេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកស្រី Rhona Smith បានឯកភាពគ្នាឱ្យមានការជួបពិភាក្សា គ្នាដោយឡែក រវាងការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សនៅភ្នំពេញ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអំពីការបន្តសុពល- ភាពMouរបស់ការិយាល័យ និងក្រសួង។

ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា៕

ដោយ ៖ ដារិទ្ធ

 

RELATED ARTICLES