Friday, April 26, 2024
Homeព័ត៌មានជាតិបទ​បរិហារ​កេរ្តិ៍ មន្ត្រី អ.ស.ប ឱ្យ​ក្រសួង​យុត្តិ​ធម៌​កម្ពុជា ពិចារ​ណា​លុប​ចោល

បទ​បរិហារ​កេរ្តិ៍ មន្ត្រី អ.ស.ប ឱ្យ​ក្រសួង​យុត្តិ​ធម៌​កម្ពុជា ពិចារ​ណា​លុប​ចោល

ភ្នំពេញ ៖ អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ (..) ស្តីពីសិទ្ធិ មនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស៊្មីត កាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានធ្វើសន្និសីទ កាសែត និងចេញសេចក្តីថ្លែងការណ៍បិទបញ្ចប់ បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ដោយលោកស្រីបានលើកឡើងទាំងចំណុច វិជ្ជមាននិងអវិជ្ជមាន ក្នុងការអនុវត្តច្បាប់ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកស្រីបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តកែលម្អលើការលើកស្ទួយ និង គោរពសិទ្ធិមនុស្ស និងឱ្យក្រសួងយុត្តិធម៌កម្ពុជា គួរតែពិចារណាលុបចោលនូវបទល្មើសព្រហ្មទណ្ឌ “បរិហារកេរ្តិ៍” ដែលជាបទល្មើសកំពុងត្រូវបាន យកមកប្រើប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាននោះ។

ទោះយ៉ាងណា លោកស្រីរ៉ូណា ស៊្មីត បាន ធ្វើការវាយតម្លៃថា ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៦ នេះ ខុសគ្នាយ៉ាងខ្លាំង ពីប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១ (២៥ ឆ្នាំមុន) ដោយមានការ រីកចម្រើន និងអភិវឌ្ឍន៍ គួរឱ្យសាទរណាស់ ទោះបីជាមិនទាន់បានល្អ ឥតខ្ចោះក៏ដោយ។

ក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្ម នៅកម្ពុជា កម្រាស់១០ទំព័រ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នោះ លោកស្រីរ៉ូណា ស៊្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា “ឥឡូវនេះ ខ្ញុំបានបិទបញ្ចប់ បេសកកម្មលើកទីបីរបស់ខ្ញុំ មកកាន់ព្រះរាជាណាចក្រកម្ពុជាហើយ។ ការរកឃើញ និងអនុសាសន៍របស់ខ្ញុំ នឹងដាក់បញ្ចូលទៅក្នុងរបាយការណ៍ដែលខ្ញុំនឹងសរសេរបញ្ចប់ក្នុងខែឧសភា  ឆ្នាំ២០១៧ សម្រាប់ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ពិនិត្យពិចារណានៅក្នុងខែកញ្ញា ឆ្នាំ ២០១៧។ នៅចុងខែមុន ខ្ញុំបាននិយាយដល់ របាយការណ៍ស្នូលលើកទីមួយរបស់ខ្ញុំ ដែល បានដាក់ជូនក្រុមប្រឹក្សា។ ដោយសារថា របាយការណ៍នោះ ត្រូវបានបញ្ជូនក្នុងខែឧសភា ឆ្នាំ ២០១៦ ដូច្នេះខ្ញុំអាចធ្វើបច្ចុប្បន្នភាព ដល់ក្រុម ប្រឹក្សាសិទ្ធិមនុស្ស អំពីស្ថានការណ៍វិវឌ្ឍ តាំងពីខែមិថុនា មក។ មតិរបស់ខ្ញុំដែលបានលើកឡើងក្នុងរបាយការណ៍នោះ នៅតែបន្តលើកឡើងម្តងទៀតនៅថ្ងៃនេះ។

ខ្ញុំសូមអំណរគុណដល់រដ្ឋាភិបាល ដែល បានអញ្ជើញខ្ញុំមកធ្វើទស្សនកិច្ចនេះ និងឆន្ទៈ របស់រដ្ឋមន្ត្រីជាច្រើន ចង់ជួបជាមួយខ្ញុំ និង ពិភាក្សាដោយត្រង់ៗអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេស។ ខ្ញុំសូមអរគុណផងដែរ ដល់ បុគ្គលិកការិយាល័យ OHCHR នៅកម្ពុជា និងនៅក្រុងហ្សឺណែវ ចំពោះកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់របស់ពួកគេ គាំទ្រដល់ដំណើរ បេសកកម្មនេះ។ លើសពីនេះទៀត ខ្ញុំសូមសម្តែង នូវការកោតសរសើរដល់ដៃគូសន្ទនាទាំងអស់ ដែលមានឆន្ទៈចង់ជួបជាមួយខ្ញុំ និងចែករំលែក បទពិសោធន៍ ក្តីសង្ឃឹមនិងកង្វល់របស់ពួកគេ។

ក្នុងដំណើរទស្សនកិច្ចនេះ ខ្ញុំបានមានឯកសិទ្ធិជួបជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលរួមមានឯកឧត្តមប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម វង សួត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា។ ខ្ញុំបានជួបផងដែរ ជាមួយប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ឯកឧត្តមកឹម សុខា។

ខ្ញុំសូមសម្តែងកតញ្ញុតាដល់សមាជិកនៃ ប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា សហគមន៍ការទូត និងតំណាងតួអង្គសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត រាប់ទាំងវិស័យឯកជនផងដែរ ដែលបានចំណាយពេលវេលាចែករំលែកការយល់ដឹង និងព័ត៌មានជាមួយខ្ញុំ។ ម៉្យាងវិញទៀត ខ្ញុំបានទៅទស្សនាតាមមូលដ្ឋាន ផ្សេងៗក្នុងរាជធានីភ្នំពេញ និងនៅខេត្តកំពង់ស្ពឺ ហើយបានជួបជាមួយអាជ្ញាធរក្រុង និងអាជ្ញាធរ ខេត្ត និងបានជួបជាមួយសមាជិកក្រុមភាគតិចជាតិពន្ធុ និងជនជាតិដើមភាគតិច ព្រមទាំង សហគមន៍ដទៃផ្សេងទៀត។

មានព្រឹត្តិការណ៍ជាច្រើន ត្រូវបានប្រារឰ ឡើង ដើម្បីរំលឹកខួបលើកទីម្ភៃប្រាំ នៃការចុះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣  ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងទាំងនេះ បានរៀបចំបង្កើតគ្រឹះសម្រាប់កម្ពុជាសព្វថ្ងៃ នេះជារដ្ឋមួយដែលបានកសាងឡើងផ្អែកលើ សន្តិភាព និងស្ថិរភាពរឹងមាំ ក្លាយជាសមាជិក សកម្មរបស់អាស៊ាន អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត។ ផ្តើមចេញពី កិច្ចព្រមព្រៀងនេះ ការទទួលស្គាល់បទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ បានក្លាយជាផ្នែកសំខាន់ ចាំបាច់នៃអភិបាលកិច្ចកម្ពុជា។ មាត្រា៣ នៃ កិច្ចព្រមព្រៀងនេះ ដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ប្រកាសថា មនុស្សគ្រប់ រូបនៅក្នុងប្រទេសកម្ពុជា ត្រូវទទួលបានសិទ្ធិ និងសេរីភាព ដែលមានចែងក្នុងសេចក្តីប្រកាស ជាសាកល ស្តីពីសិទ្ធិមនុស្ស និងលិខិតូបករណ៍ សិទ្ធិមនុស្សពាក់ព័ន្ធដទៃទៀត។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ពង្រីកការប្តេជ្ញាចិត្តនេះ ចំពោះ សិទ្ធិមនុស្ស ដែលជាក់ស្តែង កម្ពុជា បានស្ម័គ្រ ចិត្តទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗ ជាច្រើន។ ការគោរពសិទ្ធិមនុស្ស គឺជាបញ្ហាកង្វល់ អន្តរជាតិ។ ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញពី វិបាកនៃសោកនាដកម្មទៅលើសិទ្ធិមនុស្ស ដោយសារតែសិទ្ធិមនុស្សមិនត្រូវបានគោរព ឱ្យបានគ្រប់គ្រាន់ និងការពារឱ្យបានមុតមាំ។ កម្ពុជា មិនត្រូវវិលត្រឡប់ទៅស្ថានភាពនៃសង្គ្រាម និងជម្លោះដែលនាំឱ្យបាត់បង់ជីវិតមនុស្សច្រើន ក្រៃលែង ការធ្វើឱ្យអន្តរាយដល់ការចិញ្ចឹមជីវិត និងការប៉ះទង្គិចផ្លូវចិត្ត ការដកហូតកម្មសិទ្ធិ និង ការធ្វើឱ្យប្រជាពលរដ្ឋជាច្រើននៃប្រទេសនេះ ត្រូវធ្វើចំណាកស្រុក។ ការគោរពសិទ្ធិមនុស្ស គឺជាផ្នែកសំខាន់ចាំបាច់នៃការធានាសន្តិភាព យូរអង្វែង។ សិទ្ធិមនុស្ស មិនគំរាមកំហែងដល់ សន្តិសុខជាតិទេ ហើយការឃ្លាំមើលសិទ្ធិមនុស្ស ទៀតសោត ក៏មិនគំរាមកំហែងដល់អធិបតេយ្យភាពដែរ។ ខ្ញុំមានសេចក្តីរីករាយ ដោយការយល់ដឹងរួមរបស់យើង អំពីសិទ្ធិមនុស្ស និងអធិបតេយ្យភាពជាតិ។ ខ្ញុំទទួលបានការលើកទឹកចិត្ត ជាខ្លាំងដោយសារថា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ យល់ស្របថា ការគោរពអធិបតេយ្យភាពជាតិ និងការគោរព សិទ្ធិមនុស្ស ត្រូវដើរទន្ទឹមគ្នា។

នៅក្នុងជំនួបប្រជុំរបស់ខ្ញុំជាមួយរដ្ឋមន្ត្រី នានា នៃរដ្ឋាភិបាល ខ្ញុំមានការចាប់អារម្មណ៍ ជាខ្លាំងអំពីឆន្ទៈរបស់ពួកគេ ដើម្បីធ្វើការលើ វិធានការកែលម្អស្ថានភាពសិទ្ធិមនុស្ស សម្រាប់ ប្រជាជនកម្ពុជាគ្រប់រូប។ ក្រសួងជាច្រើន នា បច្ចុប្បន្ននេះ បាននិងកំពុងធ្វើការលើការវិភាគ អំពីគោលដៅ និងសូចនាករសម្រាប់វាស់ស្នង់ ការរីកចម្រើននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការពង្រឹងការប្រមូលទិន្នន័យ ដែលអាចជឿទុកចិត្ត នឹងអាចឱ្យការវាស់ស្ទង់ អំពីការរីកចម្រើននេះបានកាន់តែច្បាស់ថែម ទៀត។ ខ្ញុំបានដឹងអំពីការងារលើកកម្ពស់សិទ្ធិ ជនពិការ ការពារកុមារ (ជាអាទិ៍ ច្បាប់យុត្តិធម៌ អនីតិជន ច្បាប់ស្មុំកូនក្នុងប្រទេស) ការពារ សហគមន៍ជនជាតិដើមភាគតិច និងក្រុមជនភាគតិចជាតិពន្ទុដទៃទៀត និងពង្រឹងការការពារ សិទ្ធិស្ត្រី។ កម្ពុជា បានបង្កើតផងដែរនូវភាពជា តំណាងរបស់ខ្លួននៅកីឡាប៉ារ៉ាអូឡាំពិក លើក ទី៣១។ ទាក់ទងនឹងសិទ្ធិស្ត្រីវិញ ខ្ញុំទទួលបាន ការលើកទឹកចិត្តដោយដឹងពីកិច្ចខិតខំប្រឹងប្រែង ដែលបាននិងកំពុងធ្វើដើម្បីបញ្ជ្រាបយេនឌ័រ និងការងារយេនឌ័រនៅតាមបណ្តាក្រសួងស្ថាប័ន នានា។ ខ្ញុំផ្តល់អនុសាសន៍យ៉ាងមុតមាំដល់រដ្ឋាភិបាល សូមឱ្យអនុម័តវិធីសាស្ត្រ ឬអភិក្រម ដែលមានការរួមបញ្ចូលពហុភ្នាក់ងារ និងអន្តរក្រសួង ដើម្បីជំរុញវឌ្ឍនភាពសិទ្ធិសេដ្ឋកិច្ច និង សង្គមកិច្ច។ ជាពិសេស ជនពិការស្ត្រី សិទ្ធិជនជាតិដើមភាគតិច និងសិទ្ធិក្រុមជនភាគតិចជាតិពន្ទុ ត្រូវតែមានភាពជាតំណាង មិនត្រឹមតែជាកម្មវត្ថុនៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏ ជាអ្នកចូលរួមចំណែកនិងជាអ្នកដឹកនាំដ៏សកម្មផងដែរ។

ខ្ញុំមានការខកចិត្តខ្លះដែរ ដែលរដ្ឋាភិបាល មានការយឺតយ៉ាវខ្លាំងក្នុងការធ្វើរបាយការណ៍ ទៅកាន់ស្ថាប័នសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។ ការចូលរួមជាមួយដំណើរការឃ្លាំ មើលអន្តរជាតិ ដែលកម្ពុជា បានទទួលយក គឺ ជាសូចនាករមួយដ៏សំខាន់ បង្ហាញថា កម្ពុជា មាន ឆន្ទៈធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស។ ការិយាល័យ OHCHR បានយល់ព្រមតាម សំណើរបស់គណៈកម្មាធិការនេះ ដើម្បីផ្តល់ ការបណ្តុះបណ្តាលបច្ចេកទេស ធ្វើរបាយការណ៍ ទាំងនេះ ដែលអាចជួយពង្រឹងសមត្ថភាពធ្វើ របាយការណ៍បាន។ ខ្ញុំផ្តល់អនុសាសន៍ដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមឱ្យសម្របសម្រួលជាមួយក្រសួង និងក្រុមប្រឹក្សាផ្សេងៗ ទៀត និងរៀបចំកាលវិភាគដ៏ទូលំទូលាយមួយ សម្រាប់ការធ្វើរបាយការណ៍ស្តីពីសន្ធិសញ្ញា សិទ្ធិមនុស្សទាំងអស់…”

ពាក់ព័ន្ធនីតិរដ្ឋ និងយុត្តិធម៌ លោកស្រី រ៉ូណា ស៊្មីត បានលើកឡើងថា “កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស បញ្ជាក់យ៉ាងច្បាស់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស និង ថា ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ នឹងត្រូវ បានពង្រឹងដើម្បីអនុវត្តសិទ្ធិទាំងនេះ។ មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ អំពីការទទួល យកការគោរពសិទ្ធិមនុស្ស និងធានាថា ច្បាប់ ត្រូវបានអនុវត្តដោយគ្មានការរើសអើងអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានឧទាហរណ៍ ជាច្រើន ដែលច្បាប់ត្រូវបានមើលឃើញថា កំពុងអនុវត្តដោយមានភាពរើសអើង ឬដោយ ហេតុផលនយោបាយ។ ពាក់ព័ន្ធទៅនឹងសំណុំរឿងក្តីរបស់មន្ត្រីអង្គការអាដហុក ចំនួន៥រូប ដែលកំពុងត្រូវបានឃុំខ្លួន ខ្ញុំបានលើកឡើងនៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថា ការចោទប្រកាន់ប្រឆាំងនឹងពួកគាត់ ត្រូវតែមានការបង្ហាញភ័ស្តុតាង ឬក៏ពួកគាត់គួរតែត្រូវបានដោះលែងភ្លាម ដោយត្រូវបិទសំណុំ រឿងនោះ។

ច្បាប់កម្ពុជាជាច្រើន ត្រូវបានព្រាងឡើង ដោយមានការសហការជាមួយប្រទេសម្ចាស់ជំនួយ និងក្រុមអ្នកជំនាញអន្តរជាតិផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ជាលទ្ធផល ច្បាប់នេះ ជាច្បាប់របស់កម្ពុជា។ វាសម្រាប់រដ្ឋាភិបាល កម្ពុជា ក្នុងការធានាច្បាប់ទាំងនោះត្រូវបាន អនុវត្តទៅតាមរបៀបមួយដែលស្របតាម បទដ្ឋានសិទ្ធិមនុស្ស ដែលបានផ្តល់សច្ចាប័ន។ ឧទាហរណ៍មួយ ដែលទាមទារឱ្យមានការបញ្ជាក់ បន្ថែម និងមានសារសំខាន់នោះ គឺច្បាប់ស្តីពី ភ័ស្តុតាង។ មាត្រាមួយចំនួន នៃក្រមនីតិវិធី ព្រហ្មទណ្ឌ បានយោងទៅលើលក្ខខណ្ឌតម្រូវដោយច្បាប់នៃការបង្ហាញភ័ស្តុតាង ឧទាហរណ៍ មាត្រា១១៨ មា១២៧ និងមាត្រា៣២១។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមានការលេចឡើងថា ចៅក្រមផ្សេងៗគ្នា បានអនុវត្តខុសៗ គ្នា នូវបទដ្ឋានបង្ហាញភ័ស្តុតាង។ បុគ្គលគ្រប់រូប ដែលរងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ មានសិទ្ធិដឹង និងតតាំងជាមួយនឹងភ័ស្តុតាងដែល បានលើកឡើង។ ខ្ញុំសូមជំរុញយ៉ាងមុតមាំឱ្យ ក្រសួងយុត្តិធម៌ ពិចារណាតាក់តែងគោលការណ៍ ណែនាំស្តីពីលក្ខខណ្ឌតម្រូវនៃការបង្ហាញភ័ស្តុតាង និងធានាថា ចៅក្រមទាំងអស់ ទទួលបាន នូវការបណ្តុះបណ្តាលអំពីបញ្ហានេះ។ ដើម្បីជួយ សម្រួលឱ្យមានការយល់ដឹងកាន់តែច្បាស់អំពី សេចក្តីសម្រេចរបស់តុលាការ ខ្ញុំសូមផ្តល់អនុសាសន៍ថា ក្រសួងយុត្តិធម៌ បង្កើនការបណ្តុះបណ្តាល ដែលស្ថិតនៅក្រោមរាជរដ្ឋាភិបាល សភាវិជ្ជាជីវៈតុលាការ និងតម្រូវឱ្យចៅក្រម ទាំងអស់ ធ្វើការផ្សព្វផ្សាយសំអាងហេតុផ្នែក ច្បាប់ ដែលបានប្រើប្រាស់នៅក្នុងសំណុំរឿងក្តី នីមួយៗ។

ខ្ញុំក៏សូមលើកឡើងនូវអនុសាសន៍របស់ ខ្ញុំជាថ្មីម្តងទៀត ក្រសួងយុត្តិធម៌ ត្រូវធានាថា នៅតាមតុលាការនីមួយៗ គួរដាក់បង្ហាញនូវ តារាងតម្លៃរឿងក្តីផ្លូវការ ព្រមទាំងតម្លៃស្រប ច្បាប់ផ្សេងទៀត ដែលត្រូវបានកំណត់។ ប្រសិន បើមានភ័ស្តុតាងលេចឡើងពីការយកកម្រៃ បន្ថែម ដើម្បីសម្រួលរឿងក្តី ការស៊ើបអង្កេត ឱ្យមានទណ្ឌកម្មវិន័យ ត្រូវតែអនុវត្ត…”

ជុំវិញការរៀបចំការបោះឆ្នោត លោកស្រី រ៉ូណា ស៊្មីត បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ នោះថា “ខ្ញុំបានតាមដានការរៀបចំការបោះ ឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិ ដែល នឹងធ្វើនៅពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំមាន សេចក្តីរីករាយដោយកត់សម្គាល់ឃើញថា ការ ចុះឈ្មោះអ្នកបោះឆ្នោត បាននិងកំពុងតែបន្ត ធ្វើហើយទំនងជាកំពុងដំណើរការយ៉ាងរលូន។ ចំពោះបុគ្គលឬក៏ក្រុមណាមួយដែលមានបណ្តឹង អាចដាក់បណ្តឹងនោះដោយផ្ទាល់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរកដំណោះ ស្រាយ។ ខ្ញុំនៅតែមានកង្វល់ថា ប្រជាពលរដ្ឋ មួយចំនួន ដែលរស់នៅក្នុងប្រទេសកម្ពុជា ពុំ ទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ នៅឡើយ ដើម្បីអាចឱ្យពួកគេអាចចុះឈ្មោះ បោះឆ្នោតបាន។ តួនាទីរបស់កម្មករចំណាកស្រុក ក៏នៅតែពុំទាន់ច្បាស់លាស់នៅឡើយ ប្រហែលជាត្រូវមានកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បី ធានាដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមាន សិទ្ធិអាចបោះឆ្នោតបាន។ ខ្ញុំមានកង្វល់ផងដែរ ថា អគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បច្ចុប្បន្នកំពុង ជាប់ឃុំនៅឡើយ និងរង់ចាំសវនាការលើបទចោទប្រកាន់ផ្សេងៗ និងត្រូវបានតុលាការកាត់ ទោសលើបទចោទដែលមិនជាប់ពាក់ព័ន្ធផង ដែរ។ មាត្រា៤នៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចែងពាក្យពេចន៍ក្នុងរដ្ឋធម្មនុញ្ញថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស។ មាត្រានេះ បានចែងថា ត្រូវតែមានការបោះឆ្នោតជាទៀតទាត់ និងពិតប្រាកដ ហើយមាត្រា នេះក៏បានចែងបន្ថែមទៀតថា សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ នឹងត្រូវ ធ្វើឡើងជាសាកល និងដោយស្មើភាពគ្នា។ តម្រូវការក្នុងនីតិវិធីបោះឆ្នោត ទាមទារឱ្យមានឱកាស ពេញលេញ និងយុត្តិធម៌ ដើម្បីរៀបចំ និងចូលរួមក្នុងដំណើរការបោះឆ្នោត។ ខ្ញុំក៏ត្រូវបានរំលឹក តាមរយៈខ្លឹមសារនៃឧបសម្ព័ន្ធទី៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលឆ្លុះបញ្ចាំងនៅក្នុង ច្បាប់កម្ពុជាផងដែរថា ជនគ្រប់រូបអាចចូលរួម ក្នុងដំណើរការបោះឆ្នោត ហើយសេរីភាពបញ្ចោញមតិ សេរីភាពក្នុងការជួបប្រជុំ និងសេរីភាព ក្នុងការដើរហើរ ត្រូវបានគោរពយ៉ាងពេញលេញ ដល់គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងការ ចូលរួមសម្តែងមតិលើវេទិកានយោបាយ ដោយ ស្មើភាពគ្នា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែបន្តការងារដ៏មានសារសំខាន់ របស់ខ្លួន ដើម្បីធានាឱ្យមានការចុះឈ្មោះបោះឆ្នោត ឱ្យបានពេញលេញ។ គ្រប់បណ្តឹងទាំងអស់ ត្រូវតែបានធ្វើការស៊ើបអង្កេតឱ្យបានឆាប់រហ័ស។ ការអប់រំអ្នកបោះឆ្នោត នឹងអនុញ្ញាតឱ្យអ្នកមាន សិទ្ធិបោះឆ្នោតអាចជ្រើសរើស បន្ទាប់ពីទទួល បានព័ត៌មានគ្រប់គ្រាន់ជាមុន”។

ដោយឡែកជុំវិញដំណើរវិវឌ្ឍថ្មីៗនៃស្ថានការណ៍នយោបាយនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត បានលើកឡើងថា “ខ្ញុំសោកស្តាយចំពោះ ការធ្លាក់ចុះនៃស្ថានភាពនយោបាយ ចាប់តាំងពីបេសកកម្មចុងក្រោយរបស់ខ្ញុំនៅក្នុងខែមីនា។ មានការខាតបង់យ៉ាងជ្រាលជ្រៅនៃការជឿ ទុកចិត្តរវាងគណបក្សនយោបាយធំទាំងពីរ។ ខ្ញុំសូមជំរុញភាគីទាំងពីរ តាមរយៈអន្តរការី ជាការ ចាំបាច់ ដើម្បីស្វែងរកឱកាសសម្រាប់ធ្វើការងារ ប្រកបដោយផលិតភាពជាមួយគ្នា។ ភាគីទាំងពីរបានជាប់ឆ្នោតនៅក្នុងឆ្នាំ២០១៣ ដើម្បី បម្រើប្រជាជនប្រទេសកម្ពុជា។ មនុស្សដែលសម នឹងទទួលបានការបោះឆ្នោតឱ្យនេះ គឺជាអ្នក ដែលប្រជាជនប្រគល់សិទ្ធិឱ្យបម្រើពួកគេ ប្រកប ដោយវិជ្ជាជីវៈ ដើម្បីឧត្តមប្រយោជន៍របស់ ប្រជាជន។

សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល អាចជួយរដ្ឋាភិបាលក្នុងការធានាថា ប្រទេស កម្ពុជា គឺជាប្រទេសមួយដែលឆ្លើយតបនឹងការ បំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ទោះបី ជាបំពេញលើសក្តី តាមរយៈការឃ្លាំមើលការ រំលោភសិទ្ធិមនុស្សជាក់ស្តែងនៅនឹងកន្លែង ជួយដល់ជនរងគ្រោះបន្តនីតិវិធីត្រឹមត្រូវតាម ច្បាប់ និងនាំយកបញ្ហាសំខាន់ៗទាំងនេះឱ្យរដ្ឋាភិបាលបានដឹង។ ចាប់តាំងពីពេលមានតំណាង ពិសេសរបស់អគ្គលេខាធិការប្រចាំប្រទេស កម្ពុជា ជាលើកដំបូងមក អង្គការសង្គមស៊ីវិល ដែលមានលក្ខណៈរស់រវើក បានក្លាយជានិមិត្តរូប នៃសង្គមកម្ពុជាសម័យទំនើប។ រដ្ឋាភិបាលបាន ចូលរួមជាមួយសង្គមស៊ីវិល ក្នុងបញ្ហាជាច្រើន រាប់ទាំងការតាក់តែងច្បាប់ និងគោលនយោបាយ អនុញ្ញាតឱ្យមានទស្សនៈផ្សេងៗគ្នាជា ច្រើនលើការតាក់តែងច្បាប់ និងគោលនយោបាយ ទាំងនោះ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស (មាត្រា៣ និងមាត្រា១៥ នៃកិច្ចព្រមព្រៀង ទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា) ចែងថា ប្រទេសកម្ពុជា សន្យាគាំទ្រដល់សិទ្ធិ របស់ពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីអនុវត្តសកម្មភាពដែលលើកស្ទួយ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ សង្គមស៊ីវិលក៏មាន ភារកិច្ចក្នុងការគោរពច្បាប់ប្រទេសកម្ពុជា និង គោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ។ គ្រាន់តែសកម្មភាពការពារសិទ្ធិមនុស្ស មិនគួរចាត់ជា រឿងនយោបាយនូវសកម្មភាពបែបនេះឡើយ។ ត្រូវគិតគួរជាពិសេសដល់អ្នកការពារសិទ្ធិមនុស្ស ជាស្ត្រី ដែលញឹកញយទទួលការគំរាមកំហែង និងផលវិបាកបន្ថែមចំពោះសន្តិសុខផ្ទាល់ខ្លួន និងគ្រួសាររបស់ពួកគាត់។ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសិទ្ធិមនុស្ស មិនមែនជាតួអង្គនយោបាយទេ។ រដ្ឋាភិបាលត្រូវគាំទ្រសកម្មភាព ទាំងនោះ ក្នុងបុព្វហេតុលើកស្ទួយ និងគោរព សិទ្ធិមនុស្ស។ ខ្ញុំចូលរួមជាមួយសមាជិកផ្សេង ទៀត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសង្គមស៊ីវិលនានា អំពាវនាវឱ្យមានការស៊ើបអង្កេត ឯករាជ្យមិនលម្អៀង និងតម្លាភាព លើករណី ឃាតកម្មលោកកែម ឡី។

អាជ្ញាធរគ្រប់ខេត្ត ត្រូវតែបានលើកទឹកចិត្តឱ្យអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយ សន្តិវិធី ដោយអនុលោមតាមគោលការណ៍ ណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធីនេះ។ ជាឧទាហរណ៏ ពុំតម្រូវឱ្យមាន ការអនុញ្ញាតតាមច្បាប់នោះទេ សម្រាប់សកម្មភាពអប់រំ និងការបណ្តុះបណ្តាលឡើយ។ ការ ធ្វើបាតុកម្មនិងការដង្ហែក្បួននានា គួរតែត្រូវបាន ជូនដំណឹង ដើម្បីធានាថាអាជ្ញាធរជួយសម្រួល ដល់សកម្មភាពនោះ ខណៈដែលធានាឱ្យការ រំខានដល់អ្នកដទៃមានកម្រិតតិចតួចបំផុត។ ការសន្មតជាមុននៅក្នុងច្បាប់ គឺថាការដង្ហែក្បួន និងការធ្វើបាតុកម្ម គួរតែប្រព្រឹត្តទៅបាន ដូច ដែលបានធ្វើរួចមកហើយ កាលពីចុងសប្តាហ៍នេះ ដោយមានការដង្ហែសម្រាប់គម្រប់ខួបមួយរយ ថ្ងៃរបស់សពលោកកែម ឡី។ រដ្ឋាភិបាល ត្រូវតែជួយគាំទ្រដល់ប្រជាជនកម្ពុជាគ្រប់រូប ក្នុង ការធ្វើសកម្មភាពលើកស្ទួយ និងគោរពសិទ្ធិមនុស្ស យ៉ាងហោចណាស់ក៏តាមរយៈការអនុវត្ត ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដែរ។ ក្រសួងយុត្តិធម៌ ក៏គួរពិចារណាលុបចោលបទល្មើសព្រហ្មទណ្ឌបរិហារកេរ្តិ៍ (មាត្រា ៣០៥៣០៦) និងការប្រមាថជាសាធារណៈ (មាត្រា ៣០៤) ចេញផងដែរ ដែលជាបទល្មើសដែល កំពុងត្រូវបានគេយកមកប្រើធ្វើជាសំអាងប្រឆាំង នឹងអ្នកការពារសិទ្ធិមនុស្ស។ ច្បាប់សិទ្ធិមនុស្ស អន្តរជាតិ តម្រូវថា បទល្មើសទាំងនេះជាបញ្ហារដ្ឋប្បវេណី ប្រសិនជាវាកើតមានឡើង។

ជាចុងបញ្ជប់នៃសេចក្តីថ្លែងការណ៍ដដែល នោះ លោកស្រីរ៉ូណា ស៊្មីត បានធ្វើការវាយតម្លៃ ថា“ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងុប៉ារីស បណ្តាគោលការណ៍បង្កើតរដ្ឋធម្មនុញ្ញបច្ចុប្បន្ន របស់កម្ពុជា ត្រូវបានព្រមព្រៀង។ ប្រទេស កម្ពុជាថ្មីមួយ គឺលទ្ធិប្រជាធិបិតេយ្យសេរី ដោយ មានប្រពន្ធ័តុលាការឯករាជ្យ អនុវត្តសិទ្ធិទាំង ឡាយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញថ្មី។ ពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវទទួលការគាំទ្រឱ្យវិលត្រឡប់មករស់នៅក្នុងប្រទេសខ្លួនវិញ។ អព្យាក្រឹត្យភាពផ្នែកនយោបាយ ត្រូវតែគោរព ដូច គ្នានេះដែរ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ទាំងអស់ ត្រូវបានទទួលយកដោយប្រទេសនេះ។ កម្ពុជា ក្នុងឆ្នាំ២០១៦នេះ គឺខុសគ្នាយ៉ាងខ្លាំង ពីប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១។ ការរីកចម្រើន និងការអភិវឌ្ឍន៏គួរឱ្យសាទរណាស់ ទោះជា យ៉ាងណា ក៏អាចមានទិដ្ឋភាពដែលមិនល្អឥតខ្ចោះនៃការរីចម្រើន និងការអភិវឌ្ឍនោះដែរ។ ដល់ពេលវេលាដែលរដ្ឋាភិបាល ត្រូវឈប់ស្តីបន្ទោស បញ្ហានានាដែលកើតមានក្នុងសតវត្ស មុន សម្រាប់ស្ថានភាពបច្ចុប្បន្ននេះហើយ។ កម្ពុជា បានទទួលកន្លែងរបស់ខ្លួននៅលើឆាក អន្តរជាតិ ជារដ្ឋអធិបតេយ្យសមភាពមួយហើយ ដូច្នេះរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវចំពោះ ការអនុវត្តឱ្យបានពេញលេញ នៅថ្នាក់ជាតិ ថ្នាក់ ខេត្ត និងថ្នាក់ឃុំសង្កាត់ នូវសិទ្ធិនិងសេរីភាព ទាំងអស់នោះ ដែលមានចែងនៅក្នុងសន្ធិសញ្ញា នានាដែលខ្លួនបានផ្តល់សច្ចាប័នដោយស្ម័គ្រចិត្ត។

ខ្ញុំបានយល់អំពីឆន្ទៈក្នុងចំណោមក្រសួង នានារបស់រាជរដ្ឋាភិបាល ក្នុងការធ្វើការឆ្ពោះ ទៅរកការធ្វើឱ្យប្រសើរឡើងដល់ស្ថានភាព សិទ្ធមនុស្សជាក់ស្តែង។ ហេតុនេះហើយ ខ្ញុំសូម អះអាងជាថ្មីនូវការសន្យារបស់ខ្ញុំ ក្នុងការជួយ ជ្រោមជ្រែងតាមរយៈការផ្តល់មតិយោបល់ ការឃ្លាំមើល និងការរាយការណ៍ពីស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា”៕

ដោយ ៖ ខៀវទុំ

RELATED ARTICLES