Friday, April 19, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ថា ប៉ៃ​លិន ពីមុន សមរ​ភូមិ​ក្តៅ ឥឡូវ​ជា​តំបន់​សន្តិ​ភាព​និង​អភិ​វឌ្ឍន៍

សម្តេច​ហ៊ុន សែន ថា ប៉ៃ​លិន ពីមុន សមរ​ភូមិ​ក្តៅ ឥឡូវ​ជា​តំបន់​សន្តិ​ភាព​និង​អភិ​វឌ្ឍន៍

ខេត្តប៉ៃលិន ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស ចុះមូលដ្ឋាននៅខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹង ថា កាលពីអតីតកាលខេត្តប៉ៃលិន គឺជាសមរភូមិ ក្តៅខ្លាំងបំផុត ក្នុងចំណោមសមរភូមិផ្សេងៗ ទៀត តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់ ដែល មានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនលើ គ្រប់វិស័យ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន សរសេរ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ថា “នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធក្នុងខេត្តប៉ៃលិន។

hun-sen3

ខេត្តប៉ៃលិន គឺជាខេត្តមួយដែលពីមុន គឺឺ ជាសមរភូមិក្តៅខ្លាំងបំផុត ក្នុងចំណោមសមរភូមិ ផ្សេងៗ តែបន្ទាប់ពីបានធ្វើសមាហរណកម្ម ក្រោមនយោបាយឈ្នះៗ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រែក្លាយតំបន់នេះ ជាតំបន់ដែល មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខ្វាត់ខ្វែងដែលបានផ្តល់នូវភាពងាយស្រួលដល់ បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅខេត្តនេះ ក៏ដូចជាប្រជាពលរដ្ឋខេត្តផ្សេងដែលឆ្លងកាត់ ខេត្តនេះ។

មុននឹងចាប់ផ្តើមដំណើរការកិច្ចប្រជុំមន្ត្រីរាជការខេត្តប៉ៃលិន សម្តេចនាយករដ្ឋមន្ត្រី បាន ថ្លែងសុន្ទរកថា រំលឹកខួបលើកទី២០ នៃសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ (២២ តុលា ១៩៩៦ ២២ តុលា ២០១៦)

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកដល់មន្ត្រី ទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជាចោរកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការ ប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ការផ្តល់នូវ  សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ ទាំងឡាយ និងសេវា សំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព មន្ត្រី ត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយ ត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្ត្រី ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការប្រមូល ពន្ធ ដើម្បីជំរុញការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ ដោយ យកចិត្តទុកដាក់។ ត្រូវយកចិត្តទុកដាក់ការពារ ធនធានព្រៃឈើ និងធនធានរ៉ែ ព្រមទាំង យកចិត្តទុកដាក់ថែទាំតំបន់ទេសចរណ៍មួយចំនួន។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយ ជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស និង មានប្រសិទ្ធភាព និងគ្រប់គ្រងអាជីវកម្មដីសម្បទានសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវ។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចេះ សហការគ្នាជាមួយអាជ្ញាធរថៃ ឱ្យបានល្អប្រសើរ ជាមួយគ្នា។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន កោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបាន រួមសហការគ្នា អភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេច ទៅបានដោយជោគជ័យ គឺអាស្រ័យដោយមាន ការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រកបដោយ មនសិការ និងឆន្ទៈល្អ មោះមុត និងការទទួល ខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ”។

ដោយឡែក នៅថ្ងៃដដែលនោះដែរ ទំព័រ ហ្វេសប៊ុកដដែលបានសរសេរបន្ថែមថា “នៅ ព្រឹកថ្ងៃទី១៩ ខែតុលា នេះ បន្ទាប់ពីបានចូលជួប សំណេះសំណាលជាមួយសិស្សានុសិស្ស ក្នុង “សាលាបឋមសិក្សាភ្នំកុយ” រួចមក សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះសួរសុខ ទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅ “វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ” បន្ត ទៀត ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស នៅទីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សប្បុរសជន បានផ្តល់ជូនជាវិទ្យាល័យថ្មី១ ព្រោះ សព្វថ្ងៃវិទ្យាល័យនេះ អាចលិចទឹក និងអាច មានគ្រោះថ្នាក់ដល់គ្រូនិងសិស្ស ដូច្នេះត្រូវប្តូរ ទៅទីតាំងផ្សេង ហើយយកទីតាំងនេះធ្វើជា ការិយាល័យអប់រំវិញ។ វិទ្យាល័យនេះ ផ្តល់ជូន អគាសិក្សា១ខ្នង ៣ជាន់ ៣០បន្ទប់ ផ្ទះស្នាក់នៅគ្រូ ១ខ្នង ២ជាន់ ១០បន្ទប់ ផ្ទះស្នាក់នៅសិស្ស ១ខ្នង ២ជាន់ ១០បន្ទប់ និងទីចាត់ការ១ខ្នង ៣បន្ទប់។

សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបណ្តោយឱ្យក្មួយៗនិងចៅៗ អត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗនិងចៅៗ ប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសឱ្យ ឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រលាញ់ក្មួយៗនិងចៅៗគ្រប់គ្នា”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES