Tuesday, April 16, 2024
Homeបរិយាយកុំភ្លេច! សោក​នាដ​កម្ម​ស្ពាន​ពេជ្រ

កុំភ្លេច! សោក​នាដ​កម្ម​ស្ពាន​ពេជ្រ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក បានចូលមកដល់ថ្ងៃនេះហើយ ជាមួយនឹងបរិយាកាស អំណោយផលល្អ គ្មានភ្លៀងមករំខាន មនុស្សរាប់សែននាក់នឹងមកចូលរួមសប្បាយក្នុងឱកាសដ៏មហាឡារិកនេះ ប៉ុន្តែ ក្តីសប្បាយ អាចក្លាយជាទុក្ខ បើសិនជាអាជ្ញាធរមានសមត្ថកិច្ចធ្វេសប្រហែសក្នុងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ អ្វី ដែលដក់ជាប់ក្នុងសតិអារម្មណ៍នោះ គឺ “កុំភ្លេច! សោកនាដកម្មស្ពានពេជ្រ” ទោះជាអតីតកាលកប់បាត់ស្រមោលទៅហើយ ក៏ អ្វីៗហាក់នៅថ្មីៗ ដែល “នគរធំ” សូមលើកមកបរិយាយថ្ងៃនេះ ក្នុងន័យដាស់ស្មារតីអ្នកទៅកម្សាន្តបុណ្យអុំទូក ឱ្យមានការ ប្រុងប្រយ័ត្ន…។

សូមរំព្ញកថា នៅថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ វេលាម៉ោង៩និង៣០នាទីយប់ ប្រជា- ពលរដ្ឋរាប់ម៉ឺននាក់ បានទៅកម្សាន្តនៅកោះពេជ្រ និងកកស្ទះនៅលើស្ពានពេជ្រ។ ពេលនោះ ឧប្បត្តិហេតុអកុសល បានកើតឡើង ដោយសារមនុស្សជាន់គ្នា ព្រោះគ្មានច្រកចេញ បណ្តាលឱ្យស្លាប់៣៥៣នាក់ រងរបួស៣៩៣នាក់ គួរឱ្យសង្វេគជាពន់ពេក។ គ្រួសារយោធាម្នាក់ នៅចោមចៅ រាជធានីភ្នំពេញ ត្រូវប្រពន្ធកូនស្លាប់ចោលអស់រលីង ទុកឱ្យប្តីរស់រងសោកាកំព្រាអនាថា អស់សង្ឃឹមក្នុងជីវិត។ កំលោះខ្មែរអ៊ិស្លាមម្នាក់ ដែលទៅសិក្សានៅប្រទេសម៉ាឡេស៊ី បានមកលេងស្រុកកំណើតនៅជ្រោយចង្វា ជួបសង្សារជាទីនឹករលឹក បណ្តើរគ្នាទៅកម្សាន្តបុណ្យអុំទូក ប៉ុន្តែ ជាអកុសល នារីជាទីស្រឡាញ់ ត្រូវអស់អាយុសង្ខារនៅលើ ស្ពានពេជ្រ ទុកឱ្យប្រុសថ្លៃយំសោកបោកខ្លួន ចង់ធ្វើអត្តឃាតទៅតាមជួបអូនសម្លាញ់ នៅភពថ្មីទៀត តែសាច់ញាតិឃាត់ជាប់។ ទោះបីជាសពជនរងគ្រោះម្នាក់ៗ បានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល និងក្រុមហ៊ុន ជាង១ម៉ឺនដុល្លារ ក៏ឪពុកម្តាយ ប្តីប្រពន្ធ ឬបងប្អូន មិនចង់បានប្រាក់នេះទេ ព្រោះទំហំនៃការសោកស្តាយមនុស្សជាទីស្រឡាញ់ដែលបាត់បង់ទៅ មានតម្លៃលើសមាសពេជ្រឆ្ងាយ ណាស់។

បន្ទាប់ពីសោកនាដកម្មកើតឡើង បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន បានទម្លាក់កំហុសទៅលើអាជ្ញាធរមាន សមត្ថកិច្ច ដែលខ្វះភាពប្រុងប្រយ័ត្ន និងរៀបចំសណ្តាប់ធ្នាប់សុវត្ថិភាពមិនបានល្អ បណ្តែតបណ្តោយឱ្យយានជំនិះ ចូលដល់ទីតាំង កម្សាន្ត នាំឱ្យស្ទះចរាចរណ៍។ ទោះយ៉ាងណា ក៏រដ្ឋាភិបាលបានទទួលស្គាល់កំហុសខ្លះៗដែរ បានទាំងចាត់ចែងដឹកជញ្ជូនសព ជនរងគ្រោះទៅស្រុកំណើត និងជួយព្យាបាលអ្នករបួសដោយយកចិត្តទុកដាក់។

សព្វថ្ងៃ ស្ពានដ៏ចង្រៃនោះ ត្រូវក្រុមហ៊ុនរុះរើចោលបាត់ស្រមោលទៅហើយ ដោយជំនួសមកវិញនូវស្ពាននាគ២ខ្សែ ដ៏ទូលាយ និងបន្សល់ទុកស្តូបអនុស្សាវរីយ៍នៃសោកនាដកម្ម ចារឹកឈ្មោះជនរងគ្រោះដល់ជីវិត ដែលចំណាយថវិកាកសាងដោយសាលា- រាជធានីភ្នំពេញ។ បូជនីយដ្ឋាននេះ សម្រាប់ទុកឱ្យក្រុមគ្រួសារជនរងគ្រោះ ទៅរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលដល់អ្នកស្លាប់ ជាកន្លែងដែលអ្នកនៅរស់ យកទឹកភ្នែកទៅស្រោចរំព្ញកវិញ្ញាណក្ខន្ធសព។

ថ្ងៃនេះ ព្រះរាជពិធីបុណ្យអុំទូក បានចូលមកដល់ទៀតហើយ បន្ទាប់ពីរអាក់រអួលអាក់ខានមិនបានធ្វើជាហូរហែ ដោយ មូលហេតុផ្សេងៗ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្ត គួរ “កុំភ្លេច! សោកនាដកម្មស្ពានពេជ្រ” ដោយចេះប្រុងប្រយ័ត្ន ឱ្យដល់កម្រិត។ កន្លែងណាចង្អៀតខ្លាំង គួរកុំទៅប្រជ្រៀតគ្នា ជាហេតុនាំឱ្យហប់ខ្យល់ ហើយបើមានការរុញច្រានគ្នាទៀតនោះ ផលវិបាកនឹងកើតឡើងជាយថាហេតុ។ អាជ្ញាធរមានសមត្ថកិច្ច ដែលដាក់កម្លាំងបណ្តាក់គ្នាដូចខ្យងនោះ ក៏មិនត្រូវធូររលុង បើកឱ្យយានជំនិះចូល ព្រោះតែលុយកាក់បន្តិចបន្តួចនោះទេ ដែលបទពិសោធន៍កន្លងហួស គឺព្រោះតែរថយន្ត ម៉ូតូ ចូលបាននេះ ហើយនាំឱ្យស្ទះចរាចរណ៍ បង្កគ្រោះថ្នាក់ដល់មនុស្សកម្លាំងខ្សោយ ទៅជាខ្យល់គរដួលក៏មាន។

យើងទទួលស្គាល់ថា ទីណាមានមនុស្សកកកុញខ្នាប់ដូចស្រមោចបែបនេះ ចៀសមិនផុតពីគ្រោះថ្នាក់ខ្លះៗនោះទេ សូម្បីក្បួន ធម្មយាត្រាសាសនាអ៊ិស្លាម នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏មានមនុស្សជាន់គ្នាស្លាប់ដែរ។ ចំណែកនៅប្រទេសឥណ្ឌា ក្នុងពិធី បុណ្យសាសនាហិណ្ឌូម្តងៗ តែងតែមានមនុស្សផ្អើលជាន់គ្នាស្លាប់ ក្លាយជារឿងធម្មតាទៅហើយ។ សម្រាប់កម្ពុជា ត្រូវតែដោះ- ស្រាយយ៉ាងណាកុំឱ្យបញ្ហានេះក្លាយជារឿងធម្មតាដូចគេ គឺបើយើងចេះរក្សាសណ្តាប់ធ្នាប់បានល្អ វាគ្មានគ្រោះថ្នាក់អ្វីទេ។

អ្វីដែលបារម្ភមួយទៀត ក្នុងព្រះរាជពិធីបុណ្យអុំទូក គឺពេលបាញ់កាំជ្រួច លៃយ៉ាងណាកុំឱ្យភ្លាត់ស្ងៀតខុសបច្ចេកទេស ដូចប៉ុន្មានឆ្នាំមុន ខណៈដែលគ្រាប់កាំជ្រួចរត់ប្រផិតដី ទៅបុកចំដើមទ្រូងយុវជនម្នាក់ដែលកំពុងឈរមើល ឱ្យស្លាប់យ៉ាងអាណោច- អាធ័ម។ ករណីចោរលូកខ្វេះហោប៉ៅយកទូរស័ព្ទ ឬកាបូបលុយ ក៏ជារឿងរសើបមួយដែរ ដោយហេតុថា ចោរហារយ វាឆ្លៀត ឱកាសនេះ រកស៊ីបានកាក់កបណាស់។ ដោយឡែក កីឡាករអុំទូក ក៏គួរប្រុងប្រយ័ត្នឱ្យដល់កម្រិត ព្រោះទោះបីជាចេះហែលទឹក ស្ទាត់យ៉ាងណាក៏ដោយចុះ បើសិនជាមានឧប្បត្តិហេតុអ្វីកើតឡើង ដូចករណីកប៉ាល់ទេសចរណ៍វៀតណាម បើកបុកទូកងវត្ត ព្រែកថ្មី នោះ ជាហេតុធ្វើឱ្យអ្នកចេះហែលភ័យតក់ស្លុត លស់ព្រលឹងធ្លាក់ទឹក ហែលមិនរួច និងខ្លះលិចទឹកបាត់។

ដោយសារព្រះរាជពិធីបុណ្យអុំទូក អាក់ខានមិនបានធ្វើកាលពីឆ្នាំទៅ លុះត្រូវប្រារឰធ្វើនៅឆ្នាំនេះ សង្ឃឹមថា នឹងមានមនុស្ស យ៉ាងតិចក៏១លាននាក់ មកចូលរួមដែរ។ យុវវ័យសម័យនេះ ត្រូវការសប្បាយ មិនចង់ក្លាយជាទុក្ខនោះទេ ប៉ុន្តែ សេចក្តីទុក្ខ មើល មិនឃើញ ដូចករណីសោកនាដកម្មលើស្ពានពេជ្រ ជាដើម។ ទោះជាស្ពានមរណៈនោះ រលាយបាត់រូបទៅហើយក្តី ក៏យើងមិនត្រូវ ភ្លេច។ កាលពីសម័យសង្គមរាស្ត្រនិយម គ្រោះថ្នាក់ដែលកើតឡើងក្នុងឱកាសបុណ្យអុំទូក ភាគច្រើនមានមនុស្សខ្យល់គរ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ មិនដែលប្រទះហេតុការណ៍មនុស្សជាន់គ្នាស្លាប់រាប់រយនាក់យ៉ាងនេះឡើយ។ អាចថា សម័យនោះ មនុស្សទៅកម្សាន្តមិនច្រើនកកកុញដូចសម័យនេះទេ ឯយានជំនិះក៏មិនទាន់សម្បូរដូចពេលនេះដែរ ធ្វើឱ្យចរាចរណ៍ ស្រឡះល្អ គ្មានការកកស្ទះ។

ដូច្នេះយើងឃើញថា ចំណុចខ្សោយដែលនាំឱ្យមានសោកនាដកម្ម គឺមកពីការធ្វេសប្រហែសនេះឯង លុះមានបញ្ហា គេទម្លាក់ កំហុសតែលើអាជ្ញាធរមានសមត្ថកិច្ច។ ទោះជាមានការដាក់ពង្រាយកងកម្លាំងនគរបាល កងរាជអាវុធហត្ថរាប់ពាន់នាក់ តាម ដងផ្លូវនានាយ៉ាងណា បើមានសមត្ថកិច្ចតែពីរបីនាក់ មិនគោរពវិន័យបទបញ្ជាថ្នាក់លើ បើកផ្លូវឱ្យរថយន្ត ម៉ូតូបើកចូលជាថ្នូរ នឹងលុយកាក់បន្តិចបន្តួចនោះ អាចធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ ដែលកកស្ទះចរាចរណ៍។ បើកកស្ទះពេលថ្ងៃ មិនសូវ អីទេ ប៉ុន្តែ បើជាប់គាំងរកច្រកចេញមិនរួចនៅពេលយប់ តើអ្នកណាអាចថាបានប្រមាណត្រូវពីផលប៉ះពាល់? តាមការកត់សម្គាល់ កន្លងមក ចំណុចស្ទះខ្លាំងបំផុត នៅម្តុំព្រះអង្គដងកើ ដោយសារចំណុចនេះ ផ្លូវចង្អៀត ដែលហ្វូងមនុស្សត្រូវឆ្លង កាត់បញ្ច្រាស ទិសគ្នា។ មុខឆាកប្រគំតន្ត្រីរបស់បណ្តាស្ថានីយទូរទស្សន៍នានា ក៏ជាកន្លែងកកស្ទះមិនធម្មតាដែរ គួរតែសមត្ថកិច្ច រៀបចំសណ្តាប់ ធ្នាប់ឱ្យបានល្អផង។

សរុបទៅ “កុំភ្លេច! សោកនាដកម្មស្ពានពេជ្រ” គ្រាន់តែជាសារមួយជួយពញ្ញាក់ស្មារតីបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកតែប៉ុណ្ណោះ។ ទោះយ៉ាងណា គឺមានតែ “ខ្លួនទីពឹងខ្លួន” ឬ “ប្រហែសបាត់ ប្រយ័ត្នគង់” ទើបអាចយក ឈ្នះបានឧបសគ្គគ្រប់ជំពូក។ មានន័យថា ម្នាក់ៗត្រូវចេះប្រយ័ត្ន កុំទៅប្រជ្រៀតគ្នានាំឱ្យហប់ខ្យល់ កុំទៅជិតកន្លែងបាញ់កាំជ្រួច កុំពាក់មាសពេជ្រសម្ញែងចោរ កុំពឹងផ្អែកលើសមត្ថកិច្ចពេក ត្រូវចេះប្រយ័ត្នខ្លួនឯង ទើបធានាថា ការចេញកម្សាន្តនឹងមាន សុវត្ថិភាព នាំមកនូវក្តីសប្បាយរីករាយ ភ្លេចទុក្ខកង្វល់គ្រប់ជំពូក៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES