Wednesday, April 24, 2024
Homeព័ត៌មានជាតិរដ្ឋា​​ភិបាល​​កម្ពុជា ចេញ​​សា​​រាចរ​​ណែ​នាំ ស្តី​ពី​ការ​ចាត់​តាំង​ទិវា​ជន​ពិការ ឆ្នាំ​២០១៦

រដ្ឋា​​ភិបាល​​កម្ពុជា ចេញ​​សា​​រាចរ​​ណែ​នាំ ស្តី​ពី​ការ​ចាត់​តាំង​ទិវា​ជន​ពិការ ឆ្នាំ​២០១៦

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញសារាចរ ណែនាំស្តីពីការចាត់តាំងខួបលើកទី៤៣ ទិវា ជនពិការអន្តរជាតិ និងខួបលើកទី១៨ ទិវាជនពិការកម្ពុជា ក្រោមប្រធានបទ “ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បី សង្គមមួយគ្មានពិការភាព” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។

សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០៦ ស.រ.ណ.ន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា មានខ្លឹមសារទាំងស្រុងថា “ជារៀងរាល់ ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារឰទិវាជាតិ ជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ នៅ ថ្ងៃទី០៣ ខែធ្នូ ដើម្បីរំលឹកដល់ការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជន- ពិការ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល លើវិស័យពិការភាព ជាពិសេស សុខុមាលភាពបងប្អូនជនពិការកម្ពុជា ស្រប តាមអនុសញ្ញាស្តីពីសិទ្ធិជនពិការ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក យុទ្ធសាស្ត្រ អ៊ីនឈាន់ “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ក៏ដូច ជាផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០១៤- ២០១៨។

ទិវាជនពិកិរាអន្តរជាតិ ត្រូវបានប្រារឰឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុង សង្គមរបស់ជនពិការ ប្រមាណ១ពាន់លាននាក់ ស្មើនឹងចំនួន១៥ភាគរយ នៃប្រជាជនសរុប នៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយ សម្បទា កាយវិញ្ញាណ និងសតិបញ្ញា ដែល តែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិត តាំងពីឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប សំដៅធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ ពួកគេ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនពិការ ព្រមទាំងការធ្វើសមាហរណកម្មជនពិការទៅក្នុង គ្រប់សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងកីឡា។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ប្រារឰ ទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុង នោះរួមមានជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ សល់ពី សង្គ្រាម។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត ដែល នាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា ជំងឺ និងមូលហេតុផ្សេងៗទៀត។

ដើម្បីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ឆ្នាំ២០១៦ នេះ រាជរដ្ឋាភិបាល សូមធ្វើការ ណែនាំចាត់តាំងដូចតទៅ ៖

១-ទិវាជនពិការកម្ពុជាលើកទី១៨ និង ទិវាជនពិការអន្តរជាតិលើកទី៣៤ ត្រូវប្រារឰ ក្រោមប្រធានបទ “ផ្តល់អាទិភាពនិងសិទ្ធិអំណាច ដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយ គ្មានពិការភាព”។

២-ក្រសួងព័ត៌មាន ត្រូវសហការជាមួយ ក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំប្រព័ន្ធ ឃោសនារដ្ឋ និងឯកជន ឱ្យធ្វើការផ្សព្វផ្សាយ ដល់សង្គមជាតិទាំងមូល ឱ្យបានយល់ជ្រួតជ្រាប អំពីប្រវត្តិនៃទិវាជនពិការកម្ពុជា និងទិវាជន- ពិការអន្តរជាតិ៣ធ្នូ។

៣-គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមីទ្ទិញពិធីជួបសំណេះសំណាល ជាមួយជនពិការ កម្មវិធីកម្សាន្តសប្បាយរបស់ ជនពិការ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗ ខ្លួន។

៤-ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង សុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូល និធិជនពិការ គណៈកម្មការជាតិរៀបចំបុណ្យ ជាតិនិងអន្តរជាតិ សាលារាជធានីភ្នំពេញ និង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំពិធីមីទ្ទិញ ថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តសប្បាយ ផ្សេងៗសម្រាប់ជនពិការ នៅរាជធានីភ្នំពេញ។

៥-គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវាជនពិការ កម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ដែលមានខ្លឹមសារដូចខាងក្រោម ៖

-ជយោ ! ព្រះរាជាណាចក្រកម្ពុជា

-ផ្តល់អាទិភាពនិងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មាន ពិការភាព

-ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក ដើម្បីឃើញពីធាតុពិតរបស់ជនពិការ

-កាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាម រយៈការផ្តល់ឱកាសការងារស្មើគ្នា

-រួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព សម្រាប់អនាគតយើង

-កែសម្រួល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបរិស្ថានគ្មានពិការភាព

-ជនពិការត្រូវការផ្តល់តម្លៃ ជាងការ អាណិត

ទទួលបានសារាចរណែនាំ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីរាជធានី ខេត្ត ត្រូវរៀបចំចាត់តាំងអនុវត្តក្នុងស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់”។

ដោយឡែកក្នុងឱកាសទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤នេះដែរ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត មួយដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

-សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ

-សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី

-បងប្អូន និងក្មួយៗជាជនពិការ ជនរួមជាតិ ជាទីស្នេហា!

ក្នុងឱកាសដ៏មហោឡារិក នៃទិវាជនពិការ កម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មជនជនពិការ សូមសម្តែងនូវការអបអរ សាទរចំពោះការប្រារឰទិវាដ៏មានសារសំខាន់ នេះ។ ការប្រារឰទិវានេះ គឺជាការបង្ហាញពី ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុង ការលើកកម្ពស់សិទ្ធិ សេរីភាព និងសុខុមាលភាពជនពិការ ហើយជាការអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមជួយផ្តល់ការគាំទ្រ ដោយគ្មានការរើសអើងចំពោះជនពិការ ដែល ជាធនធានមិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ឆ្នាំ២០១៦នេះ ទិវាជនពិការកម្ពុជា និង ទិវាជនពិការអន្តរជាតិ ត្រូវប្រារឰក្រោមប្រធានបទ “ផ្តល់អាទិភាពនិងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការ ភាព” ក្នុងគោលបំណងដើម្បីអបអរសាទរភាព ជោគជ័យនៃវិស័យពិការភាពនៅកម្ពុជា ហើយ បន្តបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការ លើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការ ធានាដល់ការធ្វើបរិយាប័ន្ន និងចលនាការនៃ វិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ នៃយុទ្ធសាស្ត្រអ៊ីនឈាន់ “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ក៏ដូចជាផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបាន នូវសមិទ្ធផលជាច្រើនក្នុងវិស័យពិការភាព សំដៅ ជួយដល់ជនពិការនិងក្រុមគ្រួសារ ឱ្យទទួល បានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើ គ្នា ការចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំង ការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជា បេក្ខជនឱ្យគេបោះឆ្នោត ការទទួលបានការគោរព សិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់ បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋាន គតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពី វិស័យពិកិរាភាពទៅគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនពិការគ្រប់រូបនៅកម្ពុជា។

ទន្ទឹមនឹងនេះ សុខុមាលភាពរបស់ជនពិការ ក៏ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ស្រប តាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ។ ជនពិការ ត្រូវបានផ្តល់ អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារ នៅក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤៣ស្ថាប័ន ដោយគិតក្នុងឆ្នាំ២០១៦ គឺមានជនពិការចូល បម្រើការងារសរុបចំនួន ២៥៧៦នាក់ ក្នុងនោះ ពិការកម្រិតធ្ងន់ មានចំនួន៩៥៣នាក់ ដែលក្នុង ម្នាក់ គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប ៣៥៣០នាក់ ស្មើនឹង១,៧២ភាគរយ បច្ចុប្បន្ន ក្រសួង-ស្ថាប័ននានា បាននឹងកំពុងជ្រើសរើស ឱ្យគ្រប់តាមអត្រាកំណត់ចំនួន២ភាគរយ នៅ ក្នុងឆ្នាំ២០១៧។

ជនពិការក្រីក្រនៅតាមសហគមន៍ បាននិងកំពុងទទួលនូវផលប្រយោជន៍តាមរយៈការ អនុវត្តការផ្តល់របបគោលនយោបាយ ដើម្បី ចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ និងគោល នយោបាយជាតិនានា ទាក់ទិននឹងការកាត់បន្ថយ ភាពក្រីក្រ។ ជាក់ស្តែងរាជរដ្ឋាភិបាល បានផ្តល់ កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅឋាន ជូនជនពិការតាកែនកោះស្លា តំបន់អភិវឌ្ឍជនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និង នៅភ្នំឆត្រ ខេត្តបន្ទាយមានជ័យ។ យើងក៏បាន ផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងបានផ្តល់ ការអប់រំ ព្រមទាំងការព្យាបាលជនពិការក្រីក្រ ដោយឥតគិតថ្លៃ។ ជនពិការចំនួន ២១៥៥៤ នាក់ បានទទួលការផ្តល់សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទា និងជនពិការចំនួន ១៩២ នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និង មុខរបរ ក្នុងឆ្នាំ២០១៦។ ជនពិការក្រីក្រនៅ តាមសហគមន៍ បាននិងកំពុងទទួលប្រយោជន៍ ជាច្រើនដូចជាការពិនិត្យ ព្យាបាល និងការថែទាំ សុខភាព ការទទួលសេវាស្តារលទ្ធភាពពលកម្ម ថ្លៃអាហារហូបចុក សោហ៊ុយធ្វើដំណើរ ដោយ បានអនុវត្តសាកល្បងនៅខេត្តប៉ៃលិន ខេត្ត ត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បី ចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ និង គោលនយោបាយជាតិនានាដែលទាក់ទងនឹង ការកាត់បន្ថយភាពក្រីក្រ។ យើងក៏បានរៀបចំ បង្កើតឱ្យមានអក្សរស្ទាប និងភាសាសញ្ញា សម្រាប់ ជនពិការភ្នែក និងមនុស្សគថ្លង់ ដោយបានដាក់ បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ និង ព័ត៌មានវិទ្យា ព្រមទាំងបានបកប្រែជាភាសា សញ្ញានៅតាមស្ថានីយទូរទស្សន៍នានា ដើម្បី ផ្តល់ឱកាសឱ្យជនពិការទទួលបានព័ត៌មានយ៉ាង ទូលំទូលាយ។

ជាមួយគ្នានេះ កុមារពិការក៏ទទួលបាន ឱកាសសម្រាប់ការអប់រំនៅតាមសាលារៀន សាធារណៈ ដោយមិនមានការរើសអើង។ អគារ សិក្សាមួយចំនួន បានរៀបចំឱ្យមានជម្រាល សម្រាប់សិស្សពិការ មជ្ឈមណ្ឌលនិងសាលា សម្រាប់កុមារពិការភ្នែក និងគថ្លង់ ត្រូវបាន អភិវឌ្ឍដើម្បីឱ្យកុមារពិការភ្នែក និងគថ្លង់ មាន ឱកាសសិក្សាអប់រំរហូតដល់កម្រិតឧត្តមសិក្សា។ យុវជនពិការក៏ត្រូវបានលើកទឹកចិត្តឱ្យទៅប្រកួតប្រជែងជាសាកល និងមានគោលការណ៍ផ្តល់ ប្រាក់រង្វាន់លើកទឹកចិត្តចំពោះជ័យលាភីជនពិការ។ បច្ចុប្បន្ននេះ ជនពិការមួយចំនួន បាន ក្លាយជាបុគ្គលិកឆ្នើម ប្រកបដោយសមត្ថភាព ហើយគ្រូស្ម័គ្រចិត្តបង្រៀនជនពិការ និងជនពិការ ក៏ត្រូវបានលើកទឹកចិត្តផ្តល់អាទិភាពឱ្យ ចូលបម្រើការងារនៅស្ថាប័នរដ្ឋ។

ដោយឡែក កាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ជាថវិកាដ៏ថ្លៃថ្លា និងសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ដើម្បីទ្រទ្រង់ សកម្មភាពរបស់សមាគមអង្គការជនពិការនានា តួយ៉ាងដូចជាការជួយឧបត្ថម្ភកសាងអគារស្នាក់នៅសម្រាប់សមាគមសំនៀងតន្ត្រីជនពិការ និង បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដើម្បីជួយដល់ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនអនាថា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយ រងគ្រោះផ្សេងៗទៀត ជាពិសេសជនពិការក្រីក្រ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូម កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការទាំងអស់ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួង ស្ថាប័ននានា អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមូលនិធិជនពិការ ជា ពិសេសបងប្អូនជនពិការដែលបានចូលរួមចំណែក យ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូល ជនពិការក្នុងការអភវិឌ្ឍ។

ក្នុងស្មារតីនេះ ដើម្បីរួមចំណែកគាំទ្រទិវា ជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការ អន្តរជាតិលើកទី៣៤ ឆ្នាំ២០១៦ នេះ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចតទៅ ៖

ទី១-គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំ បង្កលក្ខណៈងាយស្រួលចេញចូលនៅកន្លែង សាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទ ដូច ជា ៖ ការរៀបចំចំណតយានយន្តពិសេសសម្រាប់ ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃតាមទ្វារបន្ទប់ទឹក ការដាក់ស្លាកសញ្ញា នានា នៅតាមក្រសួងស្ថាប័ន មន្ទីរពេទ្យ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែង លេង កីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយ ដឹកជញ្ជូន។

ទី២-គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ អាទិភាពដាក់បញ្ចូលការងារពិការភាពទៅក្នុង ផែនការសកម្មភាពរបស់ខ្លួន ក្នុងទិសដៅសម្រេច ឱ្យខាងតែបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ មុំទី៣ ការងារអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិ  ស្តីពីពិការភាព ២០១៤-២០១៨។

ទី៣-ត្រូវបន្តជំរុញនិងយកចិត្តទុកដាក់ គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើង ជីវភាពរស់នៅរបស់បងប្អូនជនពិការឱ្យបាន សមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ និងត្រូវមាន វិធានការចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្តពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការ សង្គមស៊ីវិលនានាឱ្យចូលរួមឧបត្ថម្ភជនពិការ ព្រមតាំងត្រូវលើកទឹកចិត្តដល់ជនដែលមានពិការ ភាពដែលប្រកបមុខរបរ អាជីវកម្ម សិប្បកម្មជា លក្ខណៈឯកត្តជន ឬគ្រួសារ ឬសមូហភាពរបស់ ជនពិការ តាមរយៈការកាត់បន្ថយពន្ធដារ និងការ ផ្តល់អាទិភាពផ្សេងៗ ស្របតាមច្បាប់ស្តីពីកិច្ច ការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ទី៤-គ្រប់ក្រសួងស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនពិការដែលមានលក្ខណសម្បត្តិ និង សមត្ថភាពបំពេញមុខងារ តួនាទី ទទួលខុសត្រូវ ក្នុងមុខតំណែង ឱ្យមានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារ ជាមន្ត្រីរាជការ កម្មករនិយោជិត កូនជាង ឬ កម្មសិក្សាការីជាដើម។

ទី៥-ត្រូវបន្តលើកទឹកចិត្តឱ្យមានការចូល រួមពីផ្នែកឯកជន រោងចក្រ សហកគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ក្នុងការជ្រើសរើសជនពិការ ដោយការភ្ញាក់រលឹកអនុវត្ត កាតព្វកិច្ចដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ទី៦-ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តដឹកនាំចាត់ចែងអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងជំរុញការអនុវត្តលិខិតបទដ្ឋាន អន្តរជាតិពាក់ព័ន្ធពិការភាព ជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ឱ្យដំណើរ ការទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងត្រូវធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ។

ទី៧-គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់ រដ្ឋ និងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារសារព័ត៌-មាន សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាល- ភាពជនពិការនៅកម្ពុជា ជាពិសេស ត្រូវមានការ បកប្រែជាភាសាសញ្ញា និងអក្សររត់នៅតាម បណ្តាស្ថានីយទូរទស្សន៍ ដើម្បីសម្រួលដល់ជន- ពិការក្នុងការទទួលបានព័ត៌មានផ្សេងៗ។

ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរសម្តេចព្រះសង្ឃរាជទាំងពីរ គណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូន ក្មួយៗជនពិការ និងជនរួមជាតិទាំង អស់ សូមប្រកបបាននូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES