Friday, April 26, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្រី្ត បញ្ជា​ឲ្យ​ចាប់​មន្រ្តី​អាជ្ញាធរ​អប្សរា កាប់​ដើម​គ្រញូង

នាយក​រដ្ឋ​មន្រី្ត បញ្ជា​ឲ្យ​ចាប់​មន្រ្តី​អាជ្ញាធរ​អប្សរា កាប់​ដើម​គ្រញូង

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជា ឱ្យអាជ្ញាធរខេត្តសៀមរាប ចាប់ខ្លួនមន្ត្រីអាជ្ញាធរ អប្សរា និងអ្នកពាក់ព័ន្ធនឹងការកាប់ដើមគ្រញូង នៅតំបន់រមណីយដ្ឋានយកទៅផ្តន្ទាទោសតាម ច្បាប់។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យដឹកឈើគ្រញូងដែលត្រូវបានកាប់ នេះ យកទៅប្រគេនព្រះសង្ឃ នៅវត្តដំរីសែនជ័យ ដើម្បីឆ្លាក់ជាព្រះពុទ្ធរូប សម្រាប់ធ្វើសក្ការបូជា។

tree2

ករីណកាប់ដើមគ្រញូងចំណាស់ អាយុជិត ២០០ឆ្នាំ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បាន បង្កការភ្ញាក់ផ្អើល និងតាមដានពីមជ្ឈដ្ឋានសង្គម  អស់ពេលជាច្រើនថ្ងៃមកហើយ នៅមិនទាន់ បានស្ងប់ស្ងាត់នៅឡើយ គឺមជ្ឈដ្ឋានទាំងនោះ ចង់ឱ្យមានការស៊ើបអង្កេតរឿងនេះឱ្យច្បាស់  រហូតដល់មានអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យចាប់អ្នកពាក់ព័ន្ធនឹង ការកាប់បំផ្លាញគ្រញូងនេះ។

តាមការឱ្យដឹងពីសាលាខេត្តសៀមរាប ក្រោយពីមានការចេញបញ្ជាពីសម្តេចនាយក- រដ្ឋមន្ត្រីដោយផ្ទាល់នោះ ចូលមកដល់រសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ អាជ្ញាធរខេត្ត បានឃាត់ខ្លួនមន្ត្រីអាជ្ញាធរអប្សរា។

tree1

នៅក្នុងហ្វេសប៊ុករបស់លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប (Khim Bunsong Siem Reap Governor) បានសរសេរបញ្ជាក់ ពីបញ្ហានេះថា “សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា ស្តីពីករណី លួចកាប់ដើមគ្រញូងក្នុងតំបន់អង្គរ យោងតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជ៉ា ខ្ញុំបានបញ្ជាឱ្យ កម្លាំងសមត្ថ កិច្ច សហការជាមួយព្រះរាជអាជ្ញា ឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើស មានលោកឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកព្រៃឈើ នៃអាជ្ញាធរអប្សរា និងលោកចេវ ផល ប្រធាន ការិយាល័យគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរអប្សរា ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ ចំពោះ ឈើគ្រញូង នឹងដឹកទៅវត្តឆ្លាក់ធ្វើព្រះពុទ្ធរូប ឬដឹកទៅដាក់កន្លែងណាដែលជាសំណូមពរប្រជា- ពលរដ្ឋ ដើម្បីទុកជាសក្ការបូជា”។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ គឺលោក ឈរ ថាណាត និងលោកចេវ ផល កំពុងត្រូវ បានសមត្ថកិច្ចធ្វើការសួរនាំ។

tree

លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ជនដែលកាប់ដើម គ្រញូងអាយុជិត២០០ឆ្នាំនេះ ជាជនបំផ្លាញបេតិក ភណ្ឌ ជាតិ ដោយហេតុថា អ្វីក៏ដោយដែលមាន អាយុកាលជាង១០០ឆ្នាំ ត្រូវបានចាត់ទុកជាបេតិក- ភណ្ឌជាតិ។ ដូច្នេះត្រូវតែផ្តន្ទាទោសតាមច្បាប់។

លោកអភិបាលខេត្តសៀមរាប ក៏បានឱ្យដឹង ថា ឥឡូវនេះ ឈើគ្រញូងដែលត្រូវបានកាប់- បំផ្លាញនោះត្រូវបានដឹកទៅប្រគេនព្រះសង្ឃនៅ វត្តដំរីសែនជ័យ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់ គោកចក ក្រុងសៀមរាប ដើម្បីរក្សាទុកឆ្លាក់ជា ព្រះពុទ្ធប្បដិមាសម្រាប់ឱ្យពលរដ្ឋគោរពបូជា ។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០១៦ មានមន្ត្រីកងរាជអាវុធហត្ថ និង ទាហានប៉ារ៉ាជាច្រើននាក់ បានឈរការពារឱ្យ មន្ត្រីរដ្ឋបាលព្រៃឈើដឹកដើមគ្រញូង ដែលមាន មុខកាត់ជាង១០០ និងមានអាយុជិត២០០ឆ្នាំ ដែលជាដើមឈើជំនឿរបស់អ្នកភូមិ ស្ថិតនៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ២ គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត។ ដើមគ្រញូងដ៏ ធំនេះ ត្រូវបានលួចកាប់រំលំ ដួលដល់ដី កាល ពីថ្ងៃទី០៥ វិច្ឆិកា។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងភូមិ នគរក្រៅ បានខឹងសម្បាយ៉ាងខ្លាំង ទាក់ទងនឹង ការកាប់ដើមគ្រញូងនេះ។ បន្ទាប់ពីកាប់ដួលរំលំរួច ហើយ ពលរដ្ឋមិនបានសុខចិត្តជាមួយនឹងការ សម្រេចរបស់អាជ្ញាធរដែលដឹកដើមគ្រញូងនេះ ចេញពីទីតាំងទៅតម្កល់នៅផ្នែករដ្ឋបាលបន្ទាយស្រី នោះទេ ពួកគាត់បានទាមទារថា ត្រូវតែយក ដើមគ្រញូងនេះទុកនៅវត្ត ហើយឆ្លាក់ធ្វើជាព្រះ  ដើម្បីទុកគោរពបូជា។ ក៏ប៉ុន្តែឈើគ្រញូងដែល ត្រូវបានអារកាត់ជាកំណាត់នោះ ត្រូវបានមន្ទីរ- រដ្ឋបាលព្រៃឈើ យកទៅផ្ញើនៅក្នុងរដ្ឋបាលព្រៃ ឈើ បន្ទាយស្រី កាលពីថ្ងៃទី០៦ វិច្ឆិកា ។

មកដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលមានការភ្ញាក់ផ្អើលជុំវិញការកាប់ បំផ្លាញដើមគ្រញូងនេះ អគ្គនាយករង ទទួល បន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាព វប្បធម៌ និងបរិស្ថាននៃអាជ្ញាធរអប្សារា លោក ឈរ ថាណាត បានធ្វើលិខិតសុំទោសទៅអគ្គ- នាយកអាជ្ញាធរអប្សរា ដោយបញ្ជាក់ថា លោក មានការសោកស្តាយ ដែលបានបញ្ជាឱ្យបុគ្គលិក ក្នុងនាយកដ្ឋានកាប់ផ្តួលដើមឈើនេះ ដោយ មិនបានពិគ្រោះយោបល់ស្នើសុំការអនុញ្ញាតពី លោកអគ្គនាយកអាជ្ញាធរអប្សរា។ រាល់ផល- វិបាកការចោទប្រកាន់ និងការរិះគន់នានា មក លើអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរ អប្សរា ដែលកើតចេញពីការងារនេះ គឺជាកំហុស ផ្ទាល់ខ្លួនរបស់លោក មិនមែនជាការទទួលខុស- ត្រូវរបស់អាជ្ញាធរអប្សរា។ ដូច្នេះលោកសុំទទួល ស្គាល់កំហុស និងសុំការអភ័យទោសពីលោកអគ្គ- នាយកអាជ្ញាធរអប្សរា ហើយបានសន្យាថា កំហុសឆ្គងបែបនេះ នឹងមិនកើតមានក្នុងពេល អនាគតទៀតនោះទេ។

ទោះយ៉ាងណា ក្រោយពេលធ្វើលិខិតសុំ ទោស ទៅអគ្គនាយកអជ្ញាធរអប្សរា បាន១ថ្ងៃ លោកឈរ ថាណាត ត្រូវបានអាជ្ញាធរខេត្ត សៀមរាប ធ្វើការឃាត់ខ្លួន តាមបញ្ជាសម្តេច នាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា នៅពេលទាក់ទងសុំមតិយោ- បល់ឆ្លើយតបនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦  អំពីបញ្ហានេះ មិនអាចធ្វើអត្ថាធិប្បាយបានទេ ដោយបញ្ជាក់ថា អត់មានព័ត៌មានអីថ្មីឡើយ។

លោកស្រីចៅ ស៊ុនកិរិយា មានប្រសាសន៍ “ចាស! អត់មានព័ត៌មានអីថ្មីទេ ព្រោះរដ្ឋាភិបាល គេឈប់ទាំងអស់ ដល់ថ្ងៃហ្នឹង អត់មានព័ត៌មាន អីថ្មីទេ”។

ដោយឡែក ស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលបានចូលរួមឃ្លាំមើលការកាប់បំផ្លាញ ដើមគ្រញូងនេះ តាំងពីថ្ងៃដំបូងមកនោះ បាន សរសេរនៅក្នុងហ្វេសប៊ុករបស់ព្រះអង្គថា “កំណាត់ ឈើគ្រញូងទាំងអស់នេះ នឹងត្រូវវិលត្រឡប់ មកវត្តដំរីសែនជ័យវិញ ក្នុងពេលឆាប់នេះឯង។ អគ្គនាយករងអាជ្ញាធរអប្សារាម្នាក់ ឈ្មោះឈរ ថាណាត និងមន្ត្រីម្នាក់ ឈ្មោះចេវ ផល ត្រូវបាន ចាប់ខ្លួនហើយពេលនេះ។

សូមពុទ្ធបរិស័ទចំណុះជើងវត្តដំរីសែនជ័យ ត្រៀមខ្លួនទទួល និងបន្តរក្សាទុកជាទ្រព្យសម្បត្តិ របស់វត្ត។ កុំទុកក្រៅវត្ត ក្រែងវាអន្តរាយទៀត”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES