Thursday, March 28, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា បន្ទោស​អ្នក​ដឹក​នាំ​ខ្មែរ ខ្លះ ដើម្បី​រក្សា​អំណាច ភ្លេច​តម្លៃឯក​រាជ្យ​ជាតិ

លោក​កឹម សុខា បន្ទោស​អ្នក​ដឹក​នាំ​ខ្មែរ ខ្លះ ដើម្បី​រក្សា​អំណាច ភ្លេច​តម្លៃឯក​រាជ្យ​ជាតិ

ភ្នំពេញ  ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានបន្ទោសមេដឹកនាំខ្មែរ ខ្លះថា ដើម្បីយកឈ្នះខ្មែរគ្នាឯង និងរក្សាអំណាច ភ្លេចតម្លៃឯករាជ្យ ដែលធ្វើឱ្យមានគ្រោះថ្នាក់ ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ក្នុងឱកាសខួបលើកទី៦៣ នៃទិវាបុណ្យ ឯករាជ្យជាតិ ០៩ វិច្ឆិកា លោកកឹម សុខា ក្នុង នាមជាសមាជិកសភាគណបក្សសង្គ្រោះជាតិ បើទោះបីបន្តស្នាក់នៅក្នុងទីស្នាក់ការកណ្តាល គណបក្សមិនបានទៅចូលរួមពិធីនេះនៅវិមាន ឯករាជ្យ ជាមួយតំណាងរាស្ត្រដទៃទៀតក៏ដោយ ក៏លោក បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ផ្ញើសារទាក់ទងនឹងខ្លឹមសារទិវានេះ ដោយលោក បានលើកឡើងថា ឯកភាពជាតិ គឺជាមូលដ្ឋាន គ្រឹះនៃឯករាជ្យជាតិ

king1

លោកកឹម សុខា បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថា ថ្ងៃនេះខ្ញុំសូមចូលរួមអបអរសាទរ ទិវាបុណ្យខួបឯករាជ្យជាតិខ្មែរ លើកទី៦៣ (០៩ វិច្ឆិកា ១៩៥៣០៩ វិច្ឆិកា ២០១៦)

ក្នុងឱកាសនេះដែរ ខ្ញុំសូមគោរពដល់វិញ្ញាណក្ខន្ធវីរបុរសខ្មែរ អ្នកស្នេហាជាតិទាំងអស់ ដែល បានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ ជាពិសេសក្នុងការទាមទារនូវឯករាជ្យជាតិខ្មែរ យើងកន្លងមក។

ខ្ញុំយល់ឃើញថា ឯករាជ្យជាតិ គឺជាគុណតម្លៃដ៏ឧត្តុង្គឧត្តមបំផុត សម្រាប់ជាតិសាសន៍ នីមួយៗ។ ក៏ប៉ុន្តែជាអកុសល តាមប្រវត្តិសាស្ត្រ របស់ខ្មែរយើងកន្លងមក ពេលខ្លះ ដោយសារតែ មហិច្ឆតារបស់អ្នកនយោបាយ អ្នកដឹកនាំខ្មែរ ជំនាន់ខ្លះ ដើម្បីយកឈ្នះខ្មែរគ្នាឯង ដើម្បីអំណាច ផ្ទាល់ខ្លួន ឬក្រុម ឬបក្សខ្លួន សុខចិត្តទទួលយក ឬជ្រកក្រោមអំណាចត្រួតត្រា ឬអាណានិគម របស់បរទេស ទោះបីជាមានគ្រោះថ្នាក់ដល់ ប្រទេសជាតិ និងប្រជាពលរដ្ឋខ្លួនក៏ដោយ។ ពេល ខ្លះ គេគ្រាន់តែរើបម្រះចេញពីនឹមត្រួតត្រានៃ ប្រទេសណាមួយ ហើយទៅជ្រកកោនក្រោម អំណាចនយោបាយ អំណាចសេដ្ឋកិច្ច នៃប្រទេស មួយទៀត ឱ្យតែគេអាចរក្សាអំណាចរបស់ពួក គេបាន ដោយភ្លេចអំពីតម្លៃនៃឯករាជ្យជាតិ ពិតប្រាកដ

king

ជារួម ខ្ញុំយល់ឃើញថា ឯករាជ្យជាតិពិត ប្រាកដ អាចកើតមានបានឋិតថេរ លុះត្រាតែ ខ្មែរមានឯកភាពជាតិ។ឯកភាពជាតិ គឺជាមូលដ្ឋានគ្រឹះនៃឯករាជ្យជាតិ។ ឯកភាពជាតិ បាន មកដោយសារការផ្សះផ្សាជាតិ ការបង្រួបបង្រួម ជាតិ ដោយឈរលើស្មារតីយោគយល់គ្នា តម្កល់ ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋធំជាងផលប្រយោជន៍ខ្លួន ឬបក្សពួកខ្លួន និងស្របតាម មាគ៌ានៃលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិគ្នា ទៅវិញទៅមក

ស្របតាមការលើកឡើងរបស់លោកកឹម សុខា ខាងលើនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ  លោកយឹម សុវណ្ណ បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃដដែលនោះថា តម្លៃឯកភាពជាតិ ពិត ជាមានតម្លៃណាស់ សម្រាប់ប្រទេសជាតិ ដូច្នេះ អ្នកនយោបាយត្រូវតែចូលរួមអនុវត្តទាំងអស់គ្នា។

លោកយឹម សុវណ្ណ បានមានប្រសាសន៍ថាបាទ! អត់មានកាធ្វើអត្ថាធិប្បាយអីលើសពីអ្វី ដែលឯកឧត្តមប្រធានស្តីទី បានលើកឡើងនៅក្នុង គេហទំព័រលោកទេ។ ឯកភាពជាតិហ្នឹងវាសំខាន់  វានាំមកសន្តិភាព ដែលយុត្តិធម៌ វានាំមកឱ្យ មានការរីកចម្រើនទាំងសេដ្ឋកិច្ច ទាំងនយោបាយ នាំមកនូវសុភមង្គលសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ដូច្នេះដោយសារតែការឯកភាពជាតិនេះ គឺរាល់ដំណោះស្រាយនយោបាយ ត្រូវដោះស្រាយ ដោយមានការជំរុញការជជែក គឺគ្រប់គ្រាន់សម្រាប់ ឱ្យអ្នកនយោបាយយកទៅពិចារណា

លោកយឹម សុវណ្ណ មានប្រសាសន៍បន្តថាដើម្បីឱ្យប្រទេសជាតិយើងនៅគង់វង្ស យើង ត្រូវតែមានការឯកភាពជាតិ ហើយការឯកភាព ជាតិ ការបង្រួបបង្រួមជាតិនេះ គឺសំខាន់ សម្រាប់ ការពារទឹកដីរបស់យើង ពីព្រោះបើយើងមើល ប្រវត្តិសាស្ត្រ កន្លងមកហ្នឹង ឃើញថា ដោយសារ តែការបាត់បង់ឯកភាពជាតិ អត់មានការបង្រួបបង្រួមជាតិ ប្រទេសក្រ សេដ្ឋកិច្ចទន់ខ្សោយហ្នឹង ហើយ ដែលធ្វើឱ្យប្រទេសជាតិយើង ទឹកដីរបស់ យើងកាន់តែរួញតូចៗទៅ

ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោកសុខ ឥសាន បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានឱ្យតម្លៃឯករាជ្យជាតិ តាំងពីដើមមក ព្រោះជាការត្រឹមត្រូវ ហើយឯកភាពជាតិ ពិតជាមូលដ្ឋានគ្រឹះនៃឯករាជ្យជាតិ។ ប៉ុន្តែលោកក៏ចាត់ទុកថា លោកកឹម សុខា ទៅ វិញទេ ដែលមិនឱ្យតម្លៃឯករាជ្យជាតិ សុខចិត្ត សម្ងំនៅក្នុងទីស្នាក់ការកណ្តាលគណបក្ស មិនបាន អញ្ជើញចូលរួមក្នុងការប្រារឰទិវាឯករាជ្យជាតិនេះ  ក្នុងនាមជាតំណាងរាស្ត្រ ឬជាសមាជិករដ្ឋសភា។

លោកសុខ ឥសាន មានប្រសាសន៍ប្រាប់នគរធំនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ថា បាទ! ថ្ងៃនេះ ជាថ្ងៃខួប៦៣ នៃថ្ងៃឯករាជ្យ ជាតិ ដែលជាលទ្ធផលនៃស្នាព្រះហស្តរបស់សម្តេច បរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ ដែលព្រះអង្គ បានធ្វើបូជនីយកិច្ចដើម្បីទាមទារឯករាជ្យ ចាប់ តាំងពីឆ្នាំ១៩៤៧ រហូតដល់ឆ្នាំ១៩៥៣ បាន សម្រេចលទ្ធផល។ អ៊ីចឹងទេបានជាប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ដូចជាបងប្អូននៅខាងក្រៅប្រទេស ហ្នឹង ក៏លើកតម្កើងព្រះកិត្តិនាមរបស់ ព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយមន្ត្រីរាជការ ក៏ដូចជារាជរដ្ឋាភិបាល តែងតែតម្កល់ ទុកព្រះរាជបូជនីយកិច្ចនេះថា ជាសមិទ្ធផលដ៏ ធំធេង  ដែលជាការចងចាំរបស់ប្រជាជនកម្ពុជា ជាអមតៈ មិនអាចថ្ងៃណាបំភ្លេចបានទេ។ អ៊ីចឹង ទេ បានពីព្រឹកមិញ ក្នុងពិធីបុណ្យខួបទី៦៣ នេះ យើងឃើញវត្តមានសម្តេចចក្រីហេង សំរិន សម្តេចតេជោហ៊ុន សែន ក៏ដូចជាឥស្សរជន ជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ជាច្រើន បានអញ្ជើញចូលរួម ហើយក្នុងនោះ ក៏ មានវត្តមានឯកឧត្តមមួយចំនួន លោកជំទាវ មួយចំនួន របស់គណបក្សសង្គ្រោះជាតិ។ អ៊ីចឹង ទេ ខ្ញុំយល់ថា ការដែលបង្ហាញវត្តមានដ៏ថ្លៃថ្លា របស់ថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជន គឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា ផ្តល់តម្លៃជូនថ្ងៃបុណ្យឯករាជ្យជាតិនេះ ហើយនេះក៏ជាការដើរតាមនូវ ព្រះរាជតម្រិះរបស់ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះបរមរតនកោដ្ឋ សម្តេចព្រះបាទ នរោត្តម សីហនុ នេះឯង។ ហើយចំពោះ អ្នក ដែលថាឱ្យគេនោះ គឺថាអត់បានមានវត្តមាន អ៊ីចឹង ទេ យើងទុកឱ្យប្រជាពលរដ្ឋជាវិនិច្ឆ័យចុះថា តើអ្នកបានតែសម្តី ហើយអ្នកស្នេហាជាតិ អ្នក ដែលស្រលាញ់បុណ្យឯករាជ្យជាតិ ឬមួយក៏មិន ស្រលាញ់ អាហ្នឹងប្រជាពលរដ្ឋវាយតម្លៃបាន ហើយ ព្រោះយើងឃើញហើយ ឯកឧត្តមកឹម សុខា គាត់ថាគ្មានបញ្ហាអីទេ តែគាត់មិនចេញពីស្នាក់ការគាត់ហ្នឹង ដើម្បីគាត់ធ្វើពហិការនយោបាយ។ អ៊ីចឹងគ្មានហេតុផលណាមួយដែលថា ខ្លាចអំពី សុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ទេ បើគាត់មិនមក  បានសេចក្តីថាគាត់មិនតម្កល់ថ្ងៃបុណ្យឯករាជ្យ ជាតិហ្នឹងថាជាថ្ងៃដ៏មានសារសំខាន់ សម្រាប់ ប្រទេសជាតិនោះទេ

លោកសុខ ឥសាន មានប្រសាសន៍បន្តថាតម្លៃឯករាជ្យជាតិ អត់មានភ្លេចទេ ព្រោះថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល លោកមានវត្តមានគ្រប់ពេលនៅពេលមាន បុណ្យឯករាជ្យជាតិ នឹងលើកលែងតែជនមួយ ចំនួន ដែលអត់មានវត្តមានហ្នឹង ហើយថាគាត់ ស្នេហាជាតិ ស្នេហាឯករាជ្យម៉េចកើត អ្នកដែល មានវត្តមាន មានមុខហ្នឹងទេដែលផ្តល់កិត្តយសផ្តល់ តម្លៃឱ្យថ្ងៃបុណ្យឯករាជ្យជាតិ អ្នកដែលអវត្តមាន ទេ ដែលមិនបានផ្តល់តម្លៃឱ្យថ្ងៃបុណ្យឯករាជ្យ ជាតិនេះឯង។ អានេះជាភ័ស្តុតាងច្បាស់ហើយ ដូច្នេះមិនអាចប្រកែកបានទេ ហើយកុំលាបពណ៌ អ្នកដទៃ ខ្លួនឯងអត់មានមុខ ខ្លួនឯងទៅលាបពណ៌ អ្នកមានមុខ អាហ្នឹងម៉េចកើត! ឯកភាព ជាតិ ជាមូលដ្ឋានគ្រឹះនៃឯករាជ្យជាតិ ត្រូវហើយ អាហ្នឹង ជាព្រះរាជតម្រិះរបស់ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ គឺថា រាល់ថ្ងៃនេះ គណបក្ស ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល ដែលដឹកនាំ អំណាច លោកតែតែងដើរតាមព្រះរាជតម្រិះ ព្រះករុណា ហ្នឹងឯង។ សម្រាប់គណបក្សប្រជាជន កម្ពុជា ឯករាជ្យជាតិ ពិតជាមានតម្លៃជាអាយុ   ជីវិតរបស់ជាតិ ហើយវាបង្ហាញឃើញនូវភាព ឯករាជ្យរបស់ព្រះរាជាណចក្រកម្ពុជា ក៏ដូចជា អធិបតេយ្យភាពជាតិរបស់កម្ពុជា ដែរ

គួរបញ្ជាក់ថា ពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៣ ត្រូវបានប្រារឰធ្វើឡើងយ៉ាង ឱឡារិក នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមដង្ហែ ព្រះរាជដំណើរ ដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចហេង សំរិន ប្រធានរដ្ឋសភា ឥស្សរជន សមាជិករដ្ឋសភា មកពីគណបក្សមានអាសនៈក្នុងរដ្ឋសភា អង្គទូតបរទេសនានា មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើនកុះករ។

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុក សម្តេច ថា ខ្ញុំព្រះករុណាខ្ញុំ សូមអបអរសាទរ ខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣០៩ វិច្ឆិកា ២០១៦) ដែលបានប្រារឰ ធ្វើនៅវិមានឯករាជ្យមុននេះបន្តិច។

បើគ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតាអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ពីអាណានិគមបារាំងបានទេ កម្ពុជានឹង គ្មានឯករាជ្យឡើយ។ ប្រជារាស្ត្រទូទាំងប្រទេស សូមចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រ ដែលព្រះមហាក្សត្រ កម្ពុជាបានលះបង់ ដើម្បីប្រទេសជាតិយើងទាំងមូល។

ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេន និងជូនពរដល់ ព្រះសង្ឃ និងបងប្អូនជនរួមជាតិទូទាំងប្រទេស ទទួលនូវពុទ្ធពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈនៅក្នុងថ្ងៃប្រវត្តិសាស្ត្រដ៏វិសេសវិសាល នេះ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES