Friday, April 19, 2024
Homeព័ត៌មានជាតិព្រះ​​មហា​​ក្សត្រ នឹង​​យាង​​ជា​​ព្រះ​​រាជា​​ធិបតី ក្នុង​​ព្រះ​​រាជ​​ពិធី​​បុណ្យ​​អុំទូក ឆ្នាំ​​២០១៦

ព្រះ​​មហា​​ក្សត្រ នឹង​​យាង​​ជា​​ព្រះ​​រាជា​​ធិបតី ក្នុង​​ព្រះ​​រាជ​​ពិធី​​បុណ្យ​​អុំទូក ឆ្នាំ​​២០១៦

ភ្នំពេញ  ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាង ជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៣១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។

លោកកឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោក កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ជាដំណឹងគួរជ្រាប ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦ នេះ មានទូក ចំនួន២៥៦ មកចូលរួមប្រណាំង ដោយមាន ចំណុះទូកសរុបចំនួនជាង១៦០០០នាក់ ដោយ មិនរាប់បញ្ចូលគណៈកម្មការ និងគ្រួសារកីឡាករ កីឡាការិនីទេ។ ឯទីកន្លែងចំណតទូក និងកាណូត នៅពេលសម្រាក គឺស្ថិតនៅប៉ែកខាងជើង ស្ពានមិត្តភាពកម្ពុជាចិន (ជ្រោយចង្វា) ប្រមាណ ១០០ម៉ែត្រ ឯកន្លែងប្រមូលផ្តុំ និងផ្គូទូកក្នុង ពេលប្រកួត មានទីតាំងស្ថិតនៅប៉ែកខាងត្បូង ត្រើយខាងកើតស្ពានមិត្តភាពកម្ពុជាជប៉ុន (ស្ថានីយបូមទឹក)។ លានទឹកប្រណាំងទូក មាន បណ្តោយ១៧០០ម៉ែត្រ ក្នុងទន្លេសាប មុខព្រះបរមរាជវាំង ហើយការប្រកួត មាន២ជើង ដោយ ផ្លាស់ប្តូរខ្សែទឹក ក្នុងក្រៅ ម្តងម្នាក់។ កម្ពស់ ទឹកទន្លេសាប បានព្យាករនៅថ្ងៃប្រកួត នាថ្ងៃទី១៣,១៤ និងថ្ងៃទី១៥ វិច្ឆិកា ទឹកទន្លេសាប ចំណុចមុខព្រះបរមរាជវាំង មានកម្ពស់ ៦,២០ម៉ែត្រ។ ការស្នាក់នៅរបស់កីឡាករកីឡាការិនី និងក្រុមអ្នកដឹកនាំ គឺស្នាក់អាស្រ័យនៅ ក្នុងមណ្ឌលចំនួន៥ តាំងនៅលើដីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប នៅជាប់រង្វង់មូលព្រហ្មមុខ៤ ខាងកើតស្ពានជ្រោយចង្វា

king1

លោកកឹម គុណវឌ្ឍន៍ បានសរសេរបន្តថាមានការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ និង ការសម្តែងសិល្បៈរបស់ក្រសួងវប្បធម៌ នៅ ទីតាំងនានា មាននៅ ៖ កោះពេជ្រ នៅសួន មុខវត្តបុទុមវតី នៅរមណីយដ្ឋានវត្តភ្នំ នៅ លានប្រជាធិបតេយ្យ និងនៅលាននៃមជ្ឈមណ្ឌល ជាកន្លែងស្នាក់នៅរបស់ចំណុះទូក។ ទូរទស្សន៍ ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ធ្វើការផ្សាយផ្ទាល់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ២០១៦នេះ ក្រោមព្រះរាជាធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមលោកអ្នក ជ្រាប និងសូមជួយបន្តផ្សាយ ដើម្បីបានដឹង ដល់គ្រប់សមាសភាពដែលនឹងចូលរួមបម្រើការ និងចូលរួមក្នុងការប្រណាំង ទូកង ទូកមួង ក្នុង ឆ្នាំ២០១៦នេះ

ទាក់ទងទៅនឹងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៦ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីជូនដំណឹង មួយ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ជាក់អំពីថ្ងៃឈប់សម្រាកការងាររបស់កម្មករ និយោជិកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សេចក្តីជូនដំណឹងលេខ៣២២ ក./..ណ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានខ្លឹមសារទាំងស្រុងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ បានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងលេខ ៤១៦ កប/ប្រ.ក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្តីពីការឈប់ បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០១៦ សូមអស់លោកលោកស្រី អនុញ្ញាតឱ្យកម្មករ និយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយ មានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣១៤១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ជំនួសថ្ងៃអាទិត្យ ទី១៣។

ក្រសួងសូមបញ្ជាក់ថា ក្នុងករណីចាំបាច់ បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាច បញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឱ្យមានពេលវេលា និងថ្ងៃ ឈប់សម្រាកបុណ្យបានសមស្រប។

កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់ ក្នុងព្រះរាជពិធីនេះ មានសិទ្ធិទទួលបាននូវប្រាក់ បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមជឿជាក់ថា អស់លោក លោកស្រី ដែលជាម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន ទាំងអស់ ប្រាកដជាអនុវត្តតាមសេចក្តីជូនដំណឹងនេះ បានល្អត្រឹមត្រូវជាពុំខាន

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវ បានផ្អាកធ្វើអស់៣៤លើកមកហើយ ដោយសារ ការកាន់ទុក្ខចំពោះការយាងសោយព្រះទិវង្គត របស់ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (ឆ្នាំ២០១២) និងឆ្នាំបន្តបន្ទាប់មកទៀត ដោយសារគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ទឹកទន្លេ រាក់ពេកជាដើម។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៦ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា ព្រះរាជពិធីបុណ្យ អុំទូក នៅរាជធានីភ្នំពេញ ត្រូវតែរៀបចំធ្វើ មិនឱ្យខកខានដូចឆ្នាំមុនៗទៀតទេ។

គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ជាពិធីបុណ្យ ប្រពៃណី ដែលកម្ពុជាតែងប្រារឰធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៤១៥កើត និង១រោជ ខែកត្តិក។ ព្រះរាជពិធីនេះ មានរយៈពេល៣ ថ្ងៃ រួមមានពិធីធំៗ ទាំង៣ គឺពិធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ព្រះរាជពិធីនេះ តែងត្រូវបានប្រារឰជាធម្មតា នៅទន្លេចតុមុខមុខព្រះបរមរាជវាំងរាជធានីភ្នំពេញ។

ព្រះរាជពិធីបុណ្យអុំទូកនេះ ត្រូវបានប្រារឰ ឡើង ដើម្បីបង្ហាញ ពីភាពដឹងគុណ និងកតញ្ញូតាធម៌ដល់ព្រះគង្គា ដែលបានផ្តល់ឱ្យមនុស្ស និងសត្វមានជីវិត ព្រមទាំងផ្តល់ប្រយោជន៍ដល់ កសិកម្មជាដើម។ ជាមួយនេះ ក៏ជាការគោរព ដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សាបាន នូវបូរណភាពទឹកដី រំលឹកដល់ការប្រើប្រាស់ កងទ័ពជើងទឹកបង្ក្រាបដល់ការឈ្លានពានរបស់ បច្ចាមិត្ត និងដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃការរៀបចំក្បួនសមយុទ្ធកងទ័ពជើងទឹក ដ៏អង់អាចក្លាហានរបស់កម្ពុជា កាលពីសម័យ នោះ។

យោងតាមឯកសារ ល្បែងប្រណាំងទូក របស់ក្រុមជំនុំទំនៀមទម្លាប់ និពន្ធដោយលោក ថាច់ ប៉ែន ហៅប៉ាង អាចារ្យ នៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំង កម្ពុជាក្រោម បានបញ្ជាក់ ឱ្យដឹងថា ព្រះបាទជយវរ្ម័នទី៧ស្តេច ចេញធ្វើ សង្គ្រាមជើងទឹក បង្ក្រាបជាតិបរទេស ចាម ដោយ កងទ័ពប្រើទូក ធ្វើចម្បាំង ដើម្បីរំដោះក្រុង កម្ពុជា ឱ្យរួចផុតពីកណ្តាប់ដៃ ខ្មាំង សត្រូវ ពី គ.ស១១៧៧ ដល់១១៨១។ រឿងចម្បាំងទាំង នោះ ត្រូវបានបុព្វបុរសខ្មែរ ឆ្លាក់ទុកលើជញ្ជាំង ប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដែល មានរូបព្រះឆាយាល័ក្ខណ៍ព្រះបាទជយវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង ទ្រង់ កាន់ធ្នូ ដំបង អមដោយកងទ័ពយ៉ាងច្រើនមហិមា។ រីឯនៅ សម័យលង្វែក ព្រះអង្គច័ន្ទ ទី១ ទ្រង់តាំងពញាតាត ជាស្តេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ឱ្យរៀបចំកងទ័ពជើងទឹក ចែកចេញជា បីក្រុម ក្នុងនោះក្រុមទី១ ជាទ័ពស្រួច ហាត់ ច្បាំងដោយទូកអុំ មានទំនងដូចទូកងខ្មែរសព្វ ថ្ងៃ។ ក្រុមទី២ ជាទ័ពជំនួយ ហាត់ច្បាំងដោយ ទូកចែវពីរជួរ មានទំនងដូចទូកចែវប្រណាំង សព្វថ្ងៃ និងក្រុមទី៣ ទ័ពបាសាក់ ជាទូកធំ មានដំបូលមួយកាត់ មានក្តោង ដូចទូកប៉ុកចាយ តែរាងស្តួចវែង សម្រាប់ផ្ទុកស្បៀងកងទ័ព។

ចំណែកពិធីអកអំបុក គឺធ្វើឡើងនៅរាត្រី ពេញបូណ៌មី ថ្ងៃ១៥កើត ខែកត្តិក រៀងរាល់ ឆ្នាំ។ ខ្មែរយើងយកនំចំណី មានអំបុក ចេកជា ដើម មកបូជាព្រះចន្ទ ហៅថា ពិធីបុណ្យសំពះព្រះខែ និងអកអំបុកនេះឯង។ នៅក្នុងពិធីសំពះ ព្រះខែនេះ គឺមានសម្រក់ទៀនលើស្លឹក ចេក ស្រស់ ដើម្បីផ្សងមើលទឹកភ្លៀងក្នុងឆ្នាំបន្ទាប់។ បន្ទាប់មកក៏នាំគ្នាអកអំបុក ដែលធ្វើក្នុងវេលា យប់នៃខែកត្តិកនោះ។ ពេលសំពះព្រះខែ និង អកអំបុកនេះដែរ ពួកអ្នកស្រុកតែងតែបួងសួង សូមសុខសួស្តី តាមប្រពៃណីបុរាណព្រេងព្រឹទ្ធ។ ពិធីនេះធ្វើឡើងដើម្បីថ្វាយសក្ការៈបូជាចំពោះ ទន្សាយព្រះពោធិសត្វ ដែលរូបរបស់ព្រះអង្គ ផ្តិត ជាប់នឹងព្រះខែ ដើម្បីបំភ្លឺសត្វលោក ក៏ដូចជា ឧទ្ទិសថ្វាយព្រះពោធិសត្វ នូវផលានុផលដែល ជាចំណីរបស់ព្រះអង្គក្នុងវេលាយប់ពេញបូណ៌មី នៃខែកត្តិក ជាពេលព្រះខែពេញវង់លេចរូបរាង ច្បាស់។

រីឯប្រវត្តិនៃពិធីសំពះព្រះខែ តាមតំណាល និទានថា ព្រះបរមពោធិសត្វ ក្នុងកាលដែល ព្រះអង្គយោនយកកំណើតជាសត្វទន្សាយ ព្រះអង្គបានអធិដ្ឋានរក្សាសីល និងបំពេញបារមី ដើម្បីបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់បាន កាឡាខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ មកសុំមំសៈ (សាច់) ទន្សាយ ដើម្បីបរិភោគជាអាហារ។ ទន្សាយព្រះពោធិសត្វ បានឱ្យព្រាហ្មណ៍នោះ បង្កាត់ភ្លើងឱ្យឆេះសន្ធោសន្ធៅ រួចបានរលាស់ ខ្លួន៣ដង ដើម្បីឱ្យសត្វល្អិត ដែលនៅជាប់នឹង រោមជ្រុះអស់ ហើយក៏លោតចូលទៅក្នុងភ្លើង ប៉ុន្តែភ្លើងនោះប្រែទៅជាពុំឆេះសន្ធោសន្ធៅទៅ វិញ។ ទតឃើញដូច្នេះ ព្រាហ្មណ៍ ដែលជាព្រះឥន្ទ ក៏បាននាំយកសត្វទន្សាយជាពោធិសត្វនោះ ហោះ ឡើងទៅកាន់មណ្ឌលព្រះចន្ទ និងបានអធិដ្ឋាន ឱ្យរូបទន្សាយនោះ នៅជាប់នឹងព្រះចន្ទ ជារៀង រហូត ដើម្បីបានផ្តិតរូប ព្រះឆាយាល័ក្ខណ៍របស់ ទន្សាយព្រះពោធិសត្វ បំភ្លឺសត្វលោក។

ទាក់ទងទៅនឹងអត្ថន័យ និងខ្លឹមសារនៃ ពិធីបណ្តែតប្រទីបតាមឯកសារថា ជាការបង្ហាញ ពីការគោរពដឹងគុណដល់ព្រះចង្កូមកែវ ដែល ប្រតិស្ឋាន នៅពិភពនាគ ព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គដែលបានប្រតិស្ឋាននៅស្ទឹងនម្មទា និងទីកន្លែងផ្សេងទៀត។ ក្រៅពីនេះ ក៏ជាការដឹងគុណដល់ព្រះគង្គា (ទឹក) និងព្រះធរណី (ដី) ដែលបានផ្តល់នូវជីវភាពរុងរឿង ដល់ពលរដ្ឋកម្ពុជា។ ពិធីនេះ ក៏ជាការដឹងគុណ ដល់ទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ នូវប្រយោជន៍យ៉ាងសំខាន់សម្រាប់បម្រើវិស័យ កសិកម្ម”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES