Friday, April 26, 2024
Homeព័ត៌មានជាតិកៅអី​លោក​ប៉ែន សុវណ្ណ បក្ស​ប្រឆាំង ដាក់​អ្នក​អង្គុយ​ជំនួស

កៅអី​លោក​ប៉ែន សុវណ្ណ បក្ស​ប្រឆាំង ដាក់​អ្នក​អង្គុយ​ជំនួស

ភ្នំពេញ ៖ ក្រោយពេលលោកប៉ែន សុវណ្ណ ទទួលមរណភាព កៅអីតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺរបស់លោកសុវណ្ណ ត្រូវបានគណបក្សសង្គ្រោះជាតិ ដាក់អ្នកជំនួសហើយ។

យោងតាមរដ្ឋធម្មនញ្ញៃនព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈអ្នកតំណាងរាស្ត្រ នៅ ពេលដែលសមាជិកសភា ឬតំណាងរាស្ត្រនៃ គណបក្សណាមួយ ដែលមានអាសនៈនៅក្នុង រដ្ឋសភា លាឈប់ ឬទទួលមរណៈ តែងតែដាក់ បេក្ខជនថ្មីមកជំនួស។ ក្នុងនោះជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០១៦ នេះ មានតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា យ៉ាងតិច២រូប បាន ទទួលមរណភាព ហើយត្រូវបានរដ្ឋសភា បើក សម័យប្រជុំពេញអង្គបញ្ចូលសមាជិកថ្មី តាមការ ដាក់ស្នើពីខាងគណបក្ស។

ដោយឡែក សម្រាប់លោកប៉ែន សុវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្កកំពង់ស្ពឺ ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំនោះ បើតាមអ្នក នាំពាក្យគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា គណបក្សបានកំណត់បេក្ខភាពថ្មី ដើម្បីដាក់ ជំនួសលោកប៉ែន សុវណ្ណ រួចហើយ បើទោះបី មិនទាន់បានប្រកាសជាផ្លូវការក៏ដោយ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា សមាសភាពបេក្ខភាពតំណាងរាស្ត្រថ្មី ដែល ត្រូវដាក់ជំនួសលោកប៉ែន សុវណ្ណ នោះ គឺលោក សួន រីដា បេក្ខភាពតំណាងមិនជាប់ឆ្នោត មណ្ឌល កំពង់ស្ពឺ ជាអតីតអនុប្រធានក្រុមការងារគណ- បក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ និងបច្ចុប្បន្ន ត្រូវបានគណបក្ស បញ្ជូនឱ្យមកធ្វើជាអនុប្រធាន ក្រុមការងារគណបក្សសង្គ្រោះជាតិ នៅរាជធានី- ភ្នំពេញ វិញ។

គួររំលឹកថា នៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៥ កាលពីឆ្នាំ២០១៣ សម្រាប់បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិមណ្ឌល ខេត្តកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ មាន ចំនួន៦នាក់ តាមចំនួនអាសនៈ។ ក្នុងនោះ រួម មាន ១-លោកប៉ែន សុវណ្ណ ២-លោកនុត រំដួល លោកសុខ អ៊ុំស៊ា ៤-លោកសួន រីដា ៥-លោក ប៉ុក ស៊ីណាវុធ និង៦-លោកនៅ សារ៉ាត់។

ក្នុងចំណោមបេក្ខជនពេញសិទ្ធិទាំង៦នាក់ នោះ ជាលទ្ធផលនៃការបោះឆ្នោត បានជាប់ តែ៣រូបប៉ុណ្ណោះ តាមលំដាប់លេខរៀងអាសនៈ ចំនួន៣ ៖

គឺ១-មានលោកប៉ែន សុវណ្ណ ដែលទើប ទទួលមរណភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។

២-លោកនុត រំដួល បច្ចុប្បន្នជាប្រធាន ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ និងជាសមាជិក គណៈកម្មការទី១០ នៃរដ្ឋសភា។

៣-លោកសុខ អ៊ុំស៊ា បច្ចុប្បន្នជាសមាជិក គណៈកម្មការទី៦ នៃរដ្ឋសភា។

ចំណែកលោកសួន រីដា និងបេក្ខជន២ រូបទៀត មិនបានជាប់ជាតំណាងរាស្ត្រទេ។ ប៉ុន្តែ ពេលនេះ បន្ទាប់ពីលោកប៉ែន សុវណ្ណ ដែលជា បេក្ខភាពលំដាប់លេខរៀងទី១ ទទួលមរណភាព លោកសួន រីដា ដែលស្ថិតនៅលេខរៀង ទី៤ នឹងឡើងជំនួសកៅអីលោកប៉ែន សុវណ្ណ។

លោកសួន រីដា មិនអាចទាក់ទងសុំមតិ យោបល់ជុំវិញការស្នើដាក់ជំនួសកៅអីតំណាងរាស្ត្រលោកប៉ែន សុវណ្ណ នោះបានទេ កាលពី ម្សិលមិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES