Friday, April 26, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន នឹង​អញ្ជើញ បើក​វេទិកា​ធុរ​កិច្ច​កម្ពុជា​-​ចិន

សម្តេច​ហ៊ុន សែន នឹង​អញ្ជើញ បើក​វេទិកា​ធុរ​កិច្ច​កម្ពុជា​-​ចិន

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមជាអធិបតី ដើម្បីថ្លែងសុន្ទរកថាបើក វេទិកាធុរកិច្ចកម្ពុជា-ចិន និងវេទិកាអភិវឌ្ឍ ហិរញ្ញវត្ថុ នៅសណ្ឋាគារហ្គារដិនស៊ីធី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី…..ខែ…..ឆ្នាំ២០១៦ ដែលក្នុងវេទិកានោះ នឹងមានការអញ្ជើញចូល រួមពីសំណាក់ពាណិជ្ជករឈានមុខ និងមន្ត្រីរដ្ឋា- ភិបាលកម្ពុជា និងចិន។

នេះជាវេទិកាដំបូងនៅប្រទេសកម្ពុជា ដែលរៀបចំរួមគ្នាដោយក្រុមហ៊ុនវិនិយោគ មីងសឹង (China Minsheng Investment  Group-CMIG) ជាក្រុមហ៊ុនវិនិយោគឯកជន ឈានមុខគេរបស់ប្រទេសចិន និងក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប (អិល.វ៉ាយ.ភី គ្រុប) របស់ កម្ពុជា។ វេទិកានេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីមានជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា  និងប្រធានក្រុមហ៊ុន CMIG លោកតុង វិនពាវ (Dong Wenbiao) នៅរាជធានីភ្នំពេញ កាល ពីខែកញ្ញា កន្លងទៅនេះ ។

ក្រោមពាក្យស្លោក “កម្ពុជា ៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាពតាមបណ្តោយខ្សែ ក្រវាត់មួយ វិថីមួយ” វេទិកានេះ បញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលប្រទេសចិន និងសហគ្រាសឯកជនចិន ដូចជាក្រុមហ៊ុន CMIG ជាដើម ក្នុងការជំរុញ ការកសាងកាលានុវត្តភាព សម្រាប់ការវិនិយោគរបស់ប្រទេសចិន នៅកម្ពុជា ដែលកំណើន សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ចាត់ទុកថា ជាកីឡាករអូឡាំពិក”។

វត្តមានរបស់ថ្នាក់ដឹកនាំធុរកិច្ច និងមន្ត្រី រដ្ឋាភិបាលជាច្រើនរូប ដែលមានសិទ្ធិសម្រេចចិត្ត មកពីប្រទេសចិន និងកម្ពុជា បញ្ជាក់ឱ្យ ឃើញថា វេទិកានេះគឺជាឱកាសពិតៗ សម្រាប់ បង្កើនកាលានុវត្តភាពធុរកិច្ច និងវិនិយោគ រវាង ប្រទេសទាំង២។

គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចផ្លូវរដ្ឋ របស់លោកស៊ី ជិនពីង ប្រធានាធិបតីចិន មក កាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា លោកបានបញ្ជាក់នៅក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា ប្រទេស ចិន បានត្រៀមខ្លួនចូលរួមពេញលេញនៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈ កិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ វិថីមួយ”។

វេទិកានេះ គឺជាសញ្ញាបន្ថែមមួយទៀត ដែលបង្ហាញពីទំនាក់ទំនងកាន់តែប្រសើរឡើង រវាងចិន និងកម្ពុជា ដែលកន្លងមក ឃើញមាន ការវិនិយោគចិន ជាច្រើនរួចមកហើយ នៅក្នុង គម្រោងនានា ដូចជាគម្រោងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ដែលជាគម្រោង មួយរបស់ក្រុមហ៊ុន Hongdou Group របស់ ចិន ជាភាគហ៊ុនិកមួយ ក្នុងក្រុមហ៊ុន CMIG ផងដែរ។

ក្រុមហ៊ុនចិនមួយទៀត ដែលមានទំនាក់ទំនងនឹងក្រុមហ៊ុន CMIG ផងដែរនោះ គឺ ធនាគារ Fundian ដែលកំពុងវិនិយោគយ៉ាង សកម្មនៅប្រទេសម្ពុជា ផងដែរ ដើម្បីពង្រីក បណ្តាញហិរញ្ញវត្ថុភូមិសាស្ត្ររបស់ខ្លួន នៅក្នុង តំបន់អាស៊ីអាគ្នេយ៍ មានដូចជា កម្ពុជា ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ។

វេទិកានេះ រំពឹងថា នឹងទាក់ទាញអ្នកចូល រួមរាប់រយនាក់ មកពីប្រទេសចិន ដោយក្នុង នោះ មានភ្ញៀវជាង៣០០នាក់ មកពីបណ្តាសហគ្រាសនានា ដែលជាភាគហ៊ុនិករបស់ក្រុមហ៊ុន CMIG ក៏ដូចជាតំណាងមកពីសមាគមសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ី (AFCA) សហព័ន្ធ ឧស្សាហកម្ម និងពាណិជ្ជកម្មចិនរួម (ACFIC) និងក្រុមហ៊ុនប្រឹក្សាចិន សម្រាប់លើកកម្ពស់ ពាណិជ្ជកម្មអន្តរជាតិ (CCPIT) ជាដើម ។

ប្រតិភូខាងកម្ពុជា អាចមានលោកសុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និង លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃ កម្ពុជា ព្រមទាំងពាណិជ្ជករឈានមុខ និង សមាគមនានា នៅក្នុងប្រទេសថែមទៀតផង។

កិច្ចពិភាក្សានៅក្នុងវេទិកានេះ នឹងផ្តោត លើប្រធានបទនានា ដូចជាកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មនិងហិរញ្ញវត្ថុ រវាង ចិន-កម្ពុជា ហើយនឹងពិនិត្យលើករណីសិក្សាស្តីពី ការវិនិយោគចិនមុនៗ នៅក្នុងប្រទេសកម្ពុជា ក្នុងបំណងលើកកម្ពស់ប្រសិទ្ធភាពនិងផលប្រយោជន៍ផ្សេងៗ។ ហើយវេទិកានេះ នឹងមាន ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ស្តីពី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និងចិន៕

(អត្ថបទក្រុមហ៊ុន)

RELATED ARTICLES