Friday, March 29, 2024
Homeព័ត៌មានជាតិយុទ្ធ​សាស្ត្រ​ចាស់​គំរឹល​៧ អ្នក​នយោ​បាយ គួរ​ឈប់​ប្រើ បើ​ចង់​ឈ្នះ​ឆ្នោត

យុទ្ធ​សាស្ត្រ​ចាស់​គំរឹល​៧ អ្នក​នយោ​បាយ គួរ​ឈប់​ប្រើ បើ​ចង់​ឈ្នះ​ឆ្នោត

ភ្នំពេញ ៖ ប្រធានអង្គការតម្លាភាពកម្ពុជា  លោកព្រាប កុល បានលើកឡើងថា សព្វថ្ងៃ នេះ ប្រជាពលរដ្ឋភាគច្រើន បានផ្លាស់ប្តូរផ្នត់ គំនិតថ្មី ឈប់ចាញ់បោកអ្នកនយោបាយប្រជាភិថុតទៀតហើយ។ ដូច្នេះបើអ្នកនយោបាយ ចង់ឈ្នះឆ្នោត ត្រូវឈប់ប្រើយុទ្ធសាស្ត្រចាស់ គំរឹល៧។

លោកព្រាប កុល បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “រយៈពេលប្រហែល៥ឆ្នាំកន្លង ទៅនេះ ប្រជាពលរដ្ឋភាគច្រើន ជាពិសេស យុវជន បានយល់ដឹងច្រើនអំពីឥទ្ធិពលនយោបាយ សិទ្ធិសេរីភាព គម្រោងអភិវឌ្ឃន៍ដែលផ្តល់ផលចំណេញប្រកបដោយសមធម៌ និងគម្រោងអភិវឌ្ឈន៍ដែលនាំបង្កផលប៉ះពាល់អវិជ្ជមាន និង ភាពចម្រោងចម្រាស៘ គួររំព្ញកដែរថា នៅមុនឆ្នាំ២០១០ ប្រជាពលរដ្ឋភាគច្រើនធ្លាប់ ចាត់ទុកអំពើពុករលួយ ថារឿងធម្មតា និងជា វប្បធម៌មួយក្នងការធ្វើអាជីវកម្ម ឬកិច្ចការងារ (យោងតាមការសិក្សាស្រាវជ្រាវតាមបែបវិជ្ជាសាស្ត្រ)។ ប៉ុន្តែចាប់ពីឆ្នាំ២០១៣ មកដល់ពេល នេះ ប្រជាពលរដ្ឋឈប់ចាត់អំពើពុករលួយថា ជារឿងធម្មតាទៀតហើយ។ ពលរដ្ឋ ៧០% ចាត់ទុកអំពើពុករលួយថា ជាបញ្ហាចម្បងរបស់ ជាតិ ក្នុងនោះយុវជន ៩៩% បានចាត់ទុកអំពើពុករលួយថា ជាឧបស័គ្គចម្បងជាងគេ ដែល រារាំងដល់ការអភិវឌ្ឍជាតិ។ បរិបទថ្មីនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានប្តូរផ្នត់គំនិត ហើយ ឈប់ចាញ់បោកអ្នកនយោបាយងាយៗ ទៀតហើយ។ ដូច្នេះបើអ្នកនយោបាយចង់បាន សន្លឹកឆ្នោតពីប្រជាពលរដ្ឋ គឺត្រូវតែផ្លាស់ប្តូរ ផ្នត់គំនិតរបស់ខ្លួនដែរ។ បើអាចឈប់បាន ឈប់ ទៅ គឺឈប់ប្រើយុទ្ធសាស្ត្រចាស់គំរឹល ដូចជា ៖

១-ទិញសន្លឹកឆ្នោតក្រោមរូបភាពចែក- អំណោយ

២-ដាក់សម្ពាធ ដោយការគំរាមកំហែង ឬបំភិតបំភ័យ

៣-លាតត្រដាងចំណុចខ្សោយ ឬរឿង អាស្រូវគូប្រជែង រិះគន់ មួលបង្កាច់ ឬលាបពណ៌ គូប្រកួត ឱ្យខួចឈ្មោះ និងខូចប្រជាប្រិយភាព

៤-សម្ងំចាំទទួលផលចំណេញពីភាពខុសឆ្គងរបស់គូបដិបក្ស

៥-ដេកស៊ីឥទ្ធិពលនៃកេរ្តិ៍ឈ្មោះ ឬគុណសម្បត្តិបុព្វបុរស និងអតីតភាព

៦-ការប្រើមនោគមន៍វិជ្ជា ដោយប្រើប្រាជ្ញា (IQ)ដើម្បីរំញោចអារម្មណ៍ និងទាក់ យកមនោសញ្ចោតនា

៧-នយោបាយប្រជាភិថុតិ៘

ត្រូវជំនួសមកវិញ នូវការបង្កើតគោលនយោបាយ ជាក់ស្តែងដែលអាចអនុវត្តបាន ហើយធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល ឈរលើគោលការណ៍សុចរិតភាព សមធម៌ និង យុត្តិធម៌សង្គម”។

អ្នកវិភាគសង្គម និងនយោបាយ លោក- បណ្ឌិតមាស នី បានសម្តែងការយល់ស្របចំពោះ ការលើកឡើងរបស់លោកព្រាប កុល ដោយ លោកបញ្ជាក់ថា អ្នកនយោបាយគួរតែឈប់ ផ្តល់ភាពភ័យខ្លាចឱ្យគ្នាទៅវិញទៅមក ហើយ គិតប្រយោជន៍ជាតិជាធំ។

លោកមាស នី មានប្រសាសន៍ថា “ខ្ញុំគិត ថា ចំណុចដែលលោកព្រាប កុល លើកឡើង នេះ វាជាចំណុចមួយដែលខ្មែរភាគច្រើន ក៏គេ ឃើញបញ្ហាហ្នឹង ពេលខ្លះខ្ញុំគិតថា មកដល់ពេល នេះ យុទ្ធសាស្ត្រហ្នឹងវាលែងមានប្រសិទ្ធភាព ដូចមុនហើយៗមិនត្រឹមតែប៉ុណ្ណឹងទេ វាហាក់ដូចជាធ្វើឱ្យពលរដ្ឋគាត់មើលឃើញច្បាស់អ៊ីចឹង ទៅ វាអត់មានបានចំណេញទៅគណបក្សនយោបាយដែលកំពុងធ្វើ វាគ្រាន់តែធ្វើឱ្យរឿងហ្នឹង វាកាន់តែអាក្រក់ឈ្មោះទៅៗ ហើយមានកន្លែង ខ្លះ ការបាត់បង់ប្រជាប្រិយភាព គឺដោយសារ តែការប្រើវិធីហួសសម័យហ្នឹងដែរ”។

លោកមាស នី មានប្រសាសន៍បន្តថា  “រឿងសំខាន់ដែលវាកើតរឿងអស់ហ្នឹងឡើង មកពីអ្នកនយោបាយមិនទុកចិត្តគ្នា ហើយជួនកាលអាភ័យខ្លាចរៀងខ្លួន។ រាល់ថ្ងៃ ខ្ញុំមើលថា បក្សសង្គ្រោះជាតិ ហាក់ដូចមានការភ័យខ្លាច ប៉ុន្តែ បើយើងមើលអ្នកដឹកនាំគណបក្សកាន់អំណាច ការភ័យខ្លាចហ្នឹងក៏មានសន្ទុះដូចគ្នាដែរ ដោយសារតែការផ្លាស់ប្តូរនៃការយល់ដឹងរបស់មនុស្ស ដល់អ៊ីចឹងទៅ ខ្ញុំជឿថា គណបក្សកាន់អំណាច ក៏មានអារម្មណ៍ថា អ្វីដែលគាត់ធ្លាប់ធ្វើពីមុនមក ឥឡូវនេះ វាលែងមានប្រសិទ្ធភាពដូចពីដើម ហើយ ដូចជាគាត់ទទួលស្គាល់ហើយថា ក្នុង រយៈពេលកន្លងមក ជួនកាលចែកអំណោយឱ្យ មនុស្ស៥០០នាក់ ប៉ុន្តែបានសន្លឹកឆ្នោតតែ៥០  ៦០ ឬ១០០អ៊ីចឹងទៅ អា៤០០ទៀត បោះឱ្យ គណបក្សផ្សេង។ អ៊ីចឹងអីវ៉ាន់ក៏អស់ អាប្រជា- ប្រិយក៏មិនបាន សន្លឹកឆ្នោតហ្នឹងក៏បាត់ទៀត។ អ៊ីចឹងជារឿងទី១ គឺការបង្កើតនូវបរិកាសមួយ ដែលទុកឱ្យមានការផ្តល់ការភ័យខ្លាចឱ្យគ្នាទៅ វិញទៅមក ធ្វើម៉េចឱ្យពហុបក្សក្រោមរដ្ឋធម្មនុញ្ញ ហ្នឹងនាំគ្នារស់នៅដោយភាពកក់ក្តៅ នៅក្រោម អ្វីដែលជាការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយ កុំផ្តល់ឱ្យឱ្យមានការភ័យខ្លាចឱ្យគ្នាទៅវិញទៅ មក បើអ្នកមួយធ្លាក់ពីអំណាច បានន័យថា អ្នកមួយទៀត ក៏ផ្តល់សុវត្ថិភាពឱ្យអ្នកហ្នឹងដែរ ទៅ ព្រោះខ្មែរយើងមកដល់ពេលនេះ មិនមែន ជាឱកាសដែលខ្មែរត្រូវសងសឹកគ្នាទេ ជាឱកាស ខ្មែរត្រូវរួបរួមគ្នា។ ដរាបណាយើងនៅព្យាយាម  សងសឹកគ្នាដូចរាល់ថ្ងៃ សេដ្ឋកិច្ចក៏ឡើងមិនរួច ហើយប្រទេសជិតខាងគេនឹងបន្តញាំញីជាប់ រហូត”។

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជា សមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះ- ជាតិ លោកលិម គិមយ៉ា លើកឡើងថា គណ- បក្សសង្គ្រោះជាតិ គ្មានគំនិតអាក្រក់ណាមួយ ដើម្បីទាញសន្លឹកឆ្នោតនោះទេ គឺមានតែដើរ ពន្យល់ប្រជាពលរដ្ឋឱ្យស្គាល់ការពិតក្នុងការ ដឹកនាំ។ ប៉ុន្តែលោកគាំទ្រចំពោះគំនិតរបស់ លោកព្រាប កុល គឺឱ្យបោះបង់ចោលគំនិតចាស់គំរឹលគ្មានសីលធម៌ ហើយបើសិនជាអ្នកដឹកនាំ បក្សខ្លះមានភាពមិនប្រកតី លោកនឹងតស៊ូមតិ ដើម្បីទាញឱ្យដើរតាមផ្លូវត្រូវមកវិញ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ ថា “ការដែលគាត់លើកឡើង ហៅថា ល្បិច ទៅចុះ អ្នកនយោបាយខ្លះដែលគេប្រើចំពោះ ប្រជាពលរដ្ឋ ដើម្បីជោគជ័យក្នុងការដឹកនាំ ប្រទេស គឺគ្មានសីលធម៌ទេ។ កាលណាអ្នក- នយោបាយគ្មានសីលធម៌ គឺអ្នកនយោបាយមិន បានបម្រើផលប្រយោជន៍ជាតិ និងបម្រើផល- ប្រយោជន៍ប្រជាពលរដ្ឋ។ ម៉្លោះហើយ ខ្ញុំអត់ មានគាំទ្រទេអ្នកដែលអ្នកនយោបាយខ្លះដែល មានគំនិតយ៉ាងដូច្នេះ។ ខ្ញុំគាំទ្រំគំនិតគាត់ឱ្យ បោះបង់ចោលគំនិតចាស់គំរឹលគ្មានសីលធម៌។  តាមខ្ញុំធ្វើការនៅហ្នឹង ហើយខ្ញុំសង្កេតឃើញ នៅហ្នឹង គណបក្សសង្គ្រោះជាតិ គ្មានគំនិត អាក្រក់ណាមួយ ដើម្បីទាញសន្លឹកឆ្នោតនោះ ទេ គឺគំនិតយ៉ាងដូចម៉្តេច? ដើរពន្យល់ប្រជាពលរដ្ឋឱ្យស្គាល់ការពិតក្នុងការដឹកនាំ ហើយ ផ្តល់សេចក្តីសង្ឃឹមទៅប្រជាពលរដ្ឋ នៅពេល ណាគណបក្សសង្គ្រោះជាតិ កាន់អំណាច ឬ ដឹកនាំនយោបាយយ៉ាងដូចម្តេច ដើម្បីឱ្យប្រជាពលរដ្ឋបានសុខ និងស្តារប្រទេសបានមកវិញ។ ប៉ុន្តែបើសិនជាអ្នកដឹកនាំបក្សយើងខ្លះ មានភាព មិនប្រកតី ខ្ញុំនឹងតស៊ូមតិ ដើម្បីទាញមកវិញ ឱ្យដើរតាមផ្លូវត្រូវមកវិញ។ ខ្ញុំជឿថា បក្សយើង នឹងមានជោគជ័យនៅឆ្នាំ២០១៧ និង២០១៨ ពីព្រោះប្រជាពលរដ្ឋយើងឃើញនិងធុញទ្រាន់ នឹងល្បិចដ៏ខ្មៅអាក្រក់នេះ ហើយប្រជាពលរដ្ឋ យើងក៏យលដឹងដែរនូវល្បិចដ៏អាក្រក់នេះ។ ម៉្លោះហើយ គេអត់គាំទ្រទេ បក្សណាមួយដែល ប្រកាន់ឥរិយាបថរបៀបនេះ។ ខ្ញុំសុំសំណូមពរ អំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងគាំទ្រអ្នក- ណាមួយ មុននឹងជឿអ្នកណាមួយ សុំពិនិត្យមើល តើសកម្មភាពគេធ្វើអ្វីខ្លះ? កុំជឿតែតាមសម្តី កុំ ជឿទៅតាមការភូតកុហក ព្រោះអ្នកនយោបាយ ខ្មែរភាគច្រើន តែងតែភូតកុហកអ៊ីចេះ ភូតកុហក អ៊ីចុះ។ ហេតុដូច្នេះហើយ សុំអំពាវនាវឱ្យប្រជា- ពលរដ្ឋយើងមេត្តាមើលសកម្មភាព ហើយនិង ការសមសួននៃកិច្ចសន្យារបស់គេ”។

ទោះបីយ៉ាងណា សម្រាប់តំណាងរាស្ត្រ មណ្ឌលខេត្តព្រៃវែង និងជាអ្នកនាំពាក្យគណ- បក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បាន ថ្លែងថា ការលើកឡើងទាំងនោះ ជាសិទ្ធិបញ្ចោញ មតិ តែត្រង់ថាខុសឬត្រូវ វានៅលើភាពជាក់- ស្តែង។

លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំ ថា មានមតិអីមានមតិទៅ អាហ្នឹងជាសិទ្ធិបញ្ចោញ មតិរបស់គាត់ អ៊ីចឹងគាត់មានសិទ្ធិពេញលេញក្នុង ការបញ្ចោញមតិយោបល់ ដែលត្រង់បញ្ចោញ មតិយោបល់ត្រូវមិនត្រូវយ៉ាងណា វាអាស្រ័យ ទៅលើការជាក់ស្តែង ទី១ ហើយទី២ វាអាស្រ័យ ទៅលើមហាជន គេជឿគាត់ឬអត់? តែប៉ុណ្ណឹង ទេ។ វាត្រូវចំណុចខ្លះដែរ វាមិនត្រូវទាំងអស់ ទេ។ និយាយរួម គណបក្សប្រជាជនកម្ពុជា មិន ដែលមានចេតនាទុច្ចរិតណាមួយ ដូចដែលគាត់ ថាទេ ចែកអំណោយ ជាការផ្សារភ្ជាប់មនោ-សញ្ចោតនា រវាងគណបក្សថ្នាក់ដឹកនាំរាជរដ្ឋា- ភិបាល ជូនប្រជាជន ពេលដែលឃឃើញប្រជាជន មហាជននោះ មានការខ្វះខាត មានការលំបាក។ អ៊ីចឹងយើងមានមនោសញ្ចោតនា យើងយក របស់របរ ទៅជូនគាត់។ ឧបមាថា ខ្វះសាលា រៀន យើងធ្វើសាលារៀនជូន ខ្វះអណ្តូងទឹក យើងធ្វើអណ្តូងទឹកជូន ខ្វះសម្លៀកបំពាក់ ក្រមា កន្សែង ខោអាវ ឬមួយក៏របស់របរហូបចុកអី ដែលគាត់មានការខ្វះខាតហ្នឹង យើងក៏មិននៅ ស្ងៀមផងដែរ គឺយើងតែងតែយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាដែលបងប្អូនប្រជាពលរដ្ឋ ខ្វះខាត ហើយយើងក៏មិនបានដាក់លក្ខខណ្ឌ ធៅ បងឯងយកប៊ីចេងខ្ញុំ១កញ្ចប់ទៅ បងឯងត្រូវ បោះឆ្នោតឱ្យ ខ្ញុំអត់ទេ! បើសិនណាយើងនិយាយ អ៊ីចឹង បានសេចក្តីថា យើងយកប៊ីចេងទៅដូរ សន្លឹកឆ្នោត ដូចគាត់ (លោកព្រាប កុល) ថា អ៊ីចឹង ប៉ុន្តែយើងមិនដែលថាអីទេ យករបស់របរ ទៅចែក អាហ្នឹងជាការនិយាយពីសប្បុរសធម៌ របស់យើង ដែលមានមនោសញ្ចោតនាគោរព រួមសុខរួមទុក្ខជាមួយមហាជន ប្រជាជន។ ចំពោះ គណបក្សប្រជាជនអ៊ីចឹង ក៏ប៉ុន្តែអ្នកក្រៅគេ មើលមក គឺដូចតែគាត់ថាដែរ ដែលយើងយក អំណោយទៅចែក ស្រាប់តែគេថា យើងយកទៅ ទិញសន្លឹកឆ្នោត។ អាហ្នឹងជាការយល់ឃើញរបស់ គេទេ វាអាស្រ័យសំខាន់ទៅលើមហាជន ប្រជាជន ដែលទទួលបានអំណោយរបស់យើង ហើយលោកយល់យ៉ាងម៉េចជារឿងរបស់លោក ទេ”។

លោកសុខ ឥសាន មានប្រសាសន៍បន្ត ថា “យើងមិនដែលគំរាមកំហែងអ្នកណាទេ បើសិនណាជាយាយី រឹតត្បិតគាត់ លុះត្រាតែ គាត់អត់ខុស ហើយយើងទៅចោទប្រកាន់គាត់  តែឥឡូវគាត់ខុស អាហ្នឹងជាការទទួលខុសត្រូវ របស់គាត់ ចំពោះមុខច្បាប់ទេ។ យើងមាន ប្រកាន់នូវវប្បធម៌រួមសុខរួមទុក្ខជាមួយមហាជន ប្រជាជន ពីព្រោះយើងជាគណបក្សដឹកនាំប្រទេស។ អ៊ីចឹងអ្វីក៏ដោយ យើងផ្តោតសំខាន់ទៅលើសុខ ទុក្ខរបស់ប្រជាជន ពេលប្រជាជនមានទុក្ខលំបាក យើងក្នុងនាមជាគណបក្ស ក៏ដូចជារាជរដ្ឋាភិបាល របស់គណបក្សហ្នឹង តែងតែយកចិត្តទុកដាក់ ស្រាយជូនមហាជន ប្រជាជនហ្នឹងឯង ចង់អ្នកណាថាអី ជារឿងគាត់។ យើងអត់មានផ្លាស់ប្តូរ អីទេ ពីព្រោះគណបក្សប្រជាជន ជាគណបក្ស ឈ្នះឆ្នោត អ៊ីចឹងទេ កម្មវិធីនយោបាយ សតិ អារម្មណ៍ មនោសញ្ចោតនា មនសិការរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើតាមស្មារតីភ្ញាក់រលឹក របស់ខ្លួនក្នុងមនោសញ្ចោតនាផ្សារភ្ជាប់សុខទុក្ខ ជាមួយប្រជាជនហ្នឹងឯង។ អ៊ីចឹងយើងធ្វើនេះ ដើម្បីឈ្នះឆ្នោតហ្នឹងហើយ បើយើងថា មិនឈ្នះ យើងមិនបាច់ប្រកួតប្រជែងធ្វើអី? ព្រោះគណបក្សខ្លះអត់លទ្ធភាពផង ដឹងតែចាញ់ហើយ ក៏ ប៉ុន្តែនៅតែខំដែរនោះ។ អាហ្នឹង យើងសង្ឃឹម ព្រោះយើងពឹងផ្អែកទៅលើស្នាដៃគុណសម្បត្តិ របស់យើង ដែលបានបំពេញបំណងប្រាថ្នារបស់ ប្រជាជន ធ្វើជាហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការ ដោះស្រាយការលំបាករបស់ប្រជាជន។ អាហ្នឹង គឺថាចង់មិនចង់ យើងដឹងហើយ ប្រជាជនយើង ជាពុទ្ធសាសនិកជន អ៊ីចឹងទេ គឺថាលោកមិន ភ្លេចទេ ផឹកទឹក លោកនឹកឃើញដល់ប្រភពទឹក ហូបផ្លែឈើ លោកនឹកដល់ប្រភពអ្នកដាំដើម ឈើ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES